ពីរនាក់ប្តីប្រពន្ធ និងសត្វលា៖ អានរួចធានាលែងឈឺក្បាលរឿងអ្នកដទៃនិយាយដើមហើយ!
Connect with us

បែបផែនជីវិត

ពីរនាក់ប្តីប្រពន្ធ និងសត្វលា៖ អានរួចធានាលែងឈឺក្បាលរឿងអ្នកដទៃនិយាយដើមហើយ!

រស់នៅក្នុងសង្គមមួយដែលមានអ្នកដទៃគ្រប់គ្នារស់នៅជាសង្គមតែមួយ ការច្រណែន មើលងាយ រឺនិយាយប្រទិចពីអ្នកអ្នកនៅជុំវិញខ្លួនគឺជារឿងពិបាកនឹងជៀសផុតណាស់។ ប៉ុន្តែដោយសារតែពាក្យសម្តីរបស់អ្នកដទៃទាំងអស់នោះហើយធ្វើអោយមនុស្សមួយចំនួនមានភាពភ័យខ្លាច មិនហ៊ាននឹងធ្វើអ្វីមួយ ព្រោះខ្លាចទទួលរងការរិះគុណពីអ្នកដទៃ។

ប្រសិនជារឿងនេះកើតមានឡើងលើអ្នកមែននោះ សូមអានរឿងនេះអោយចប់ អ្នកនឹងផ្លាស់ប្តូរចិត្តគំនិតរបស់អ្នកជាមិនខាន។ ខាងក្រោមនេះគឺជារឿង “ពីរនាក់ប្តីប្រពន្ធ និងសត្វលា”

“ថ្ងៃមួយប្តីប្រពន្ធពីរនាក់បានធ្វើដំណើរដោយថ្មើរជើងទៅទិញសត្វលានៅឯភូមិឆ្ងាយមួយ។ បន្ទាប់ពីទិញរួច ពួកគេក៏បណ្តើរលាមួយក្បាលនោះមកផ្ទះរបស់ខ្លួនវិញ។ តាមផ្លូវ មានអ្នកភូមិម្នាក់បានសើចចម្អកអោយពីរនាក់ប្តីប្រពន្ធនោះថា ពួកគេពិតជាល្ងង់ណាស់ដែលមានសត្វលាសម្រាប់ជិះហើយ បែរជាដើរទាំងពីរអ្នកទៅវិញ។

លឺដូចនោះ បុរសជាប្តីបានសម្រេចចិត្តអោយប្រពន្ធរបស់ខ្លួនឡើងជិះលើសត្វលានោះ ហើយបន្តដំណើរទៅមុខ។ មិនបានប៉ុន្មានមានការរិញគុណជាថ្មីម្តងទៀតពីមកថា មនុស្សប្រុសជាមេគ្រួសារគួរអោយគោរព ម៉េចក៏ស្រ្តីជាប្រពន្ធនេះមើលងាយប្តី អោយប្តីរបស់ខ្លួនដើរ ខណះដែលខ្លួនសោយសុខជិះលើខ្នងលាទៅវិញ?

ភ្លាមនោះ ស្ត្រីនោះគិតថាដូចជាត្រូវដែរ ក៏សម្រេចចិត្តអោយប្តីរបស់ខ្លួនជិះហើយខ្លួនដើរវិញម្តង។ ជាថ្មីម្តងទៀត មានមនុស្សម្នាក់និយាយទៀតថា បុរសជាប្តីដែលអង្គុយលើខ្នងលានោះពិតជាមានចិត្តដាច់ មិនចេះប្រពន្ធ មិនគោរពមនុស្សស្រីសោះ សុខចិត្តអោយប្រពន្ធដែលមានកម្លាំងទន់ខ្សោយដើរទទ្រុកតាមសត្វលាទៅវិញ។

ដោយធុយទ្រាន់នឹងពាក្យទាំងនោះ ពីរនាក់ប្តីប្រពន្ធក៏សម្រេចចិត្តឡើងទៅជិះលើសត្វលាទាំងពីរអ្នក។ ប៉ុន្តែការធ្វើបែបនេះមិនបានធ្វើអោយពួកគេគេចផុតពីការរិះគុនឡើយ។ ចូលទៅដល់ភូមិថ្មី មានការជេរប្រទិចថាពីរនាក់ប្តីប្រពន្ធនេះចិត្តខ្មៅណាស់ ធ្វើបាបសត្វលាដែលមិនចេះនិយាយតបត អោយដឹកមនុស្សពីរនាក់ដើរពេញភូមិ។ លើកនេះពួកគេលែងខ្វល់ រួចបន្តដំណើររហូតដល់ផ្ទះខ្លួន។”

ថ្វីត្បិតនេះជារឿងប្រឌិតនិទានចេញមក ប៉ុន្តែវាបានសបង្ហាញយ៉ាងច្បាស់ពីស្ថានភាពប្រចាំថ្ងៃ ដែលមិនថាអ្នកធ្វើអ្វីនោះឡើយ នៅតែមានគេទើស រឺមិនពេញចិត្តនឹងអ្នកជានិច្ច។ ប៉ុន្តែបើទោះបីជាបែបនេះមែន ពេលខ្លះអ្នកមិនគួរយកចិត្តទុកដាក់នាំអោយឈឺក្បាលឥតអំពើរនោះទេ ពោលគឺអ្នកគួរយកចិត្តទុកដាក់លើអ្វីដែលអ្នកកំពុងធ្វើ ហើយសម្រេចវាអោយបានជោគជ័យទៅល្អជាង៕

អត្ថបទល្អផ្សេងទៀត៖ តើមនុស្សខ្លាចអ្វីជាងគេ? ខ្លាចខ្មោច? ខ្លាចគ្រោះធម្មជាតិ? អ្នកនឹងភ្លឺភ្នែកពេលអានអត្ថបទនេះ!

ភាពភ័យខ្លាច គឺជាកំលាំងមួយយ៉ាងសំខាន់របស់មនុស្ស។ មនុស្សជាច្រើន មានអារម្មណ៍ភ័យខ្លាចសឹងតែគ្រប់រឿង។ ការសិក្សាថ្មីៗនេះទៅលើជនជាតិអាមេរិចកាំង បានបញ្ជាក់ថា ភាពភ័យខ្លាច ត្រូវបានគេចាត់ទុកថាទី១ ដែលរួមមានអំពើពុករលួយ និងភេរវកម្មសៃប័រផងដែរ។ ប៉ុន្តែ បើក្រឡេកមកមើលទិន្នន័យវិញបានឲ្យដឹងថា ភាពភ័យខ្លាចទាំងអស់នេះ រួមបញ្ចូលគ្នា យោងទៅតាម Elizabeth Palermo។

អ្នកស្រាវជ្រាវនៅសាកលវិទ្យល័យChapman បានសួរទៅកាន់អ្នកចូលរួមចំនួន១៥០០នាក់អំពីភាពភ័យខ្លាចរបស់ពួកគេ។ គេបានរកឃើញថា អ្នកដែលជឿលើព្រលឹង លើខ្មោច និងជំនឿអរូបីជាច្រើន ជាអ្នកដែលខ្លាចខ្លាំងលើរបស់ទាំងអស់។ ភាពភ័យខ្លាចខ្លាំងជាងគេដែលទាក់ទងនឹងជំនឿអច្ឆរិយ គឺជាឧក្រិដ្ឋកម្ម និងគ្រោះធម្មជាតិ នេះបើតាមការសិក្សារបស់លោក Christopher Bader។

យើងមិនទាន់ដឹងច្បាស់ទេថា តើមានកត្តាអ្វីខ្លះទៀត ដែលធ្វើឲ្យមនុស្សមានភាពភ័យខ្លាចខ្លាំង។​ អ្នកសិក្សា ផ្តល់សម្មតិកម្មថា កំរិតនៃការអប់រំ អាចជាមូលហេតុមួយផងដែរ។ នេះមានន័យថា មនុស្ស ដែលមានកំរិតអប់រំទាប ច្រើនតែមានភាពភ័យខ្លាចខ្លាំងជាងអ្នកដែលមានការអប់រំខ្ពស់ ដោយសារតែពួកគេខ្វះចំណេះដឹង ឬជំនាញ ដើម្បីវាយតម្លៃ ឬវិភាគពីអ្វីមួយ ដែលអាចគំរាមកំហែង។ បេក្ខជនម្នាក់ទៀត ត្រូវបានគេពិសោធលើពាក្យចចាមអារ៉ាម ដែលមានបង្កប់ភាពភ័យខ្លាច ឬគ្រោះថ្នាក់ផ្សេងៗ។ ប៉ុន្តែ កត្តាទាំងពីរនេះ នឹងត្រូវស្រាវជ្រាវបន្តទៀត។

ទោះជាមានតែ៤១.៤%នៃអ្នកដែលចូលរួមក្នុងការស្រាវជ្រាវនេះ ជឿទៅលើខ្មោច និងព្រលឹងក៏ដោយ តែមានតែ៩.៧%ប៉ុណ្ណោះ ដែលខ្លាចខ្មោច។ ជារួម អ្នកទាំងនោះ ច្រើនតែខ្លាចអំពើពុករលួយ របស់មន្រ្តីរដ្ឋាភិបាល សង្រ្គាមជីវសាស្រ្ត និងការវាយប្រហារភេរវកម្ម ជាខ្មោចទៅទៀត។

ហើយភាពភ័យខ្លាចតិចតួចមួយ មិនអាក្រក់ទេ។ អ្នកស្រាវជ្រាវផ្នែកភាពភ័យខ្លាច បានរកឃើញថា ទោះជាមនុស្សមួយចំនួនត្រូវបានគ្របដណ្តប់ដោយភាពភ័យខ្លាចក៏ដោយ សារជាតិដែលបញ្ចេញក្នុងខ្លួនមនុស្ស នៅពេលដែលមនុស្សមានភាពភ័យខ្លាចក៏ធ្វើឲ្យមនុស្សរីករាយដែរ។ ប្រហែលជាភាពភ័យខ្លាច មិនគួរឲ្យខ្លាចដូចដែលយើងគិតទេ៕

អត្ថបទល្អផ្សេងទៀត៖ ប្រិយមិត្តជឿឬទេ? នេះជា រឿង ៤ យ៉ាងដែលមនុស្សភ័យខ្លាចបំផុតក្នុងជីវិត!

មនុស្សគ្រប់គ្នា តែងតែមានការភ័យខ្លាចជារៀងរាល់ថ្ងៃ ប្រសិនបើមិនអាចគ្រប់លើអារម្មណ៍របស់ខ្លួនឯងបានទេនោះ។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញចំណុចខ្សោយរបស់មនុស្សទាំង ៤ចំណុច នោះមកបរិយាយដូចតទៅនេះ៖

១. ភ័យខ្លាចភាពទីទាល់ក្រ

ភាពក្រីក្រ អ្នកណាៗក៏ខ្លាច និងមិនចង់ជួបវាដែរ ព្រោះតែវាមកម្តងៗធ្វើឱ្យមនុស្សសឹងតែដាច់ខ្យល់ ដាច់បាយ ជាពិសេសពេលដែលគ្មានលុយកាក់ នៅបន្ថែមជំងឺដល់គ្រួសារទៀត នោះកាន់តែវីវរបំផុតហើយ។ ដូច្នេះត្រូវតែត្រៀមលក្ខណៈខ្លះៗ ដើម្បីទប់ទាល់នឹងស្ថាការណ៍អាក្រក់នោះមកដល់ យើងត្រូវតែមានលុយកាក់សម្រាប់ទុកដោះស្រាយ។

២. ភ័យខ្លាចការលំបាក 

ចំពោះការលំបាក គ្មាននរណាម្នាក់ចង់ជួបទេ មិនថានៅក្នុងកាលៈទេសៈណាក៏ដោយ ព្រោះថាសាធាតុមនុស្សចង់តែស្រណុកស្រួល ចង់ហូបចុកឆ្ងាញ់ មានផ្ទះធំស្កឹមស្កៃ និងមានទ្រព្យសម្បត្តិជាច្រើន ។ល។ ប៉ុន្តែមានមនុស្សមួយចំនួន បានយល់ថាការលំបាកបង្រៀនមនុស្សឱ្យចេះតស៊ូ និងរឹងមាំ។ ដូច្នេះបើសិនជួបការលំបាក ត្រូវតែចាត់ទុកវាថាជាមេរៀនជីវិតទៅចុះ!

៣. ភ័យខ្លាចការបាត់បង់

មនុស្សម្នាភាគច្រើន តែងចង់ឱបក្រសោបនូវអ្វីដែលជាទីពេញចិត្តរបស់ខ្លួន មិនថាជាទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ កិត្តិយស និងបុណ្យស័ក្តិជាដើម។ អ្វីៗទាំងអស់នេះ កើតឡើងបានមកពីចិត្តរបស់មនុស្សយើងលោភលន់ បើសិនធ្វើតាមសង្ឃដីការរបស់ព្រះពុទ្ធអង្គម្ចាស់ កម្ចាត់ភាពលោភលន់ចេញពីចិត្ត នោះគ្មានអ្វីត្រូវភ័យខ្លាចបាត់បង់ទៀតទេ មនុស្សកើតមកយ៉ាងណា គឺទៅវិញយ៉ាងនោះដូចគ្នាទេ ដូច្នោះហើយកុំលោភលន់ពេក។

៤. ភ័យខ្លាចសេចក្តីស្លាប់ (មរណៈ) 

ចំពោះសេចក្តីស្លាប់នេះវិញ មិនជាខ្ញុំ ឬជាអ្នកទេ គឺសុទ្ធតែមានការភ័យខ្លាចទាំងអស់ តែក៏គ្មានអ្នកណាម្នាក់អាចនឹងគេចរួច ឬដោះស្រាយបានឱ្យជីវិតរស់នៅជាអមតបានឡើយ មិនយូរមិនឆាប់នឹងមកដល់មិនខាន គ្រាន់តែមានអ្នកមុន និងអ្នកក្រោយប៉ុណ្ណោះ។ ដូច្នេះត្រូវគិតល្អ សាងល្អ ធ្វើអ្វីដែលល្អៗសម្រាប់ជីវិតនៅសល់ កុំចងពៀរ ធ្វើបាបអ្នកដទៃ ព្រោះថាអំពើអាក្រក់នឹងធ្វើឱ្យកេរ្តិ៍របស់យើងស្អុយជាងខ្មោចស្លាប់ទៅទៀត។ មានតែការកសាងល្អ ធ្វើអំពើសុច្ចរិតត្រឹមត្រូវ និងជួយដល់អ្នកដទៃទេ ដែលអាចបំពេញរសជាតិជីវិត និងធ្វើឱ្យមនុស្សម្នាគេចងចាំយើងគ្មានថ្ងៃបំភ្លេចបាន។

ប្រសិនបើការស្លាប់មិនអាចគេចបានទេ ហេតុអ្វីចាំបាច់ត្រូវគេចទៀត? ដូច្នេះយើងមិនបាច់ខំប្រឹងគេចទេ ហើយក៏ឈប់ភ័យខ្លាចទៀតទៅ បើវាមកដល់ពេលណា គឺពេលនោះចុះ! សំខាន់ពេលនេះ យើងពេញចិត្តនឹងជីវិតរបស់ខ្លួនយើងដែលកំពុងរស់នៅ មានសេចក្តីសុខ និងមានសុភមង្គល៕

មតិយោបល់

ពេញនិយម