មានឆ្ងល់ទេថា ហេតុអ្វីបានជា World Cup ឆ្នាំ២០២២ នឹងធ្វើនៅខែវិច្ឆិកា និងខែធ្នូទៅវិញ???
Connect with us

គួរដឹង

មានឆ្ងល់ទេថា ហេតុអ្វីបានជា World Cup ឆ្នាំ២០២២ នឹងធ្វើនៅខែវិច្ឆិកា និងខែធ្នូទៅវិញ???

ក្រោយពីការប្រកួត World Cup លើកទី​២១បានបញ្ចប់ នៅថ្ងៃទី​១៥ ខែកក្កដាកន្លងទៅ ប្រទេសបារាំងបានក្លាយជាម្ចាស់ពានរង្វាន់​​ World Cup ដែលនេះជាពានរង្វាន់លើកទី២ហើយរបស់ប្រទេសបារាំង។​​ ចំពោះអ្នកគាំទ្រព្រឹត្តិការណ៍បាល់ទាត់មួយនេះ នឹងត្រូវរង់ចាំរយៈពេល៤ឆ្នាំទៀតដើម្បីទស្សនា។ ប៉ុន្តែការរង់ចាំលើកនេះនឹងត្រូវយូរជាងធម្មតា ព្រោះតែ World Cup ឆ្នាំ២០២២ គ្រោងនឹងធ្វើនៅប្រទេសកាតា (Qatar) ក្នុងខែវិច្ឆិកានិងធ្នូ​ឯណោះ។ នេះជាលើកដំបូងហើយ ដែលការប្រកួត World Cup ត្រូវបានធ្វើឡើងខុសពីខែឧសភា មិថុនា ឬកក្កដា។

មូលហេតុដែលគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ World Cup បានសម្រេចចិត្តលើកការប្រកួតទៅខែវិច្ឆិកានិងឆ្នូ គឺមកពីអាកាសធាតុនៅប្រទេសកាតា (Qatar) នោះឯង។ ប្រទេសកាតាស្ថិតនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលមានអាកាសធាតុក្តៅខ្លាំង។ សីតុណ្ហភាពជាមធ្យមនៅរដូវត្រជាក់ គឺត្រឹមតែ២៣អង្សាតែប៉ុណ្ណោះ ហើយសីតុណ្ហភាពជាមធ្យមនៅរដូវក្តៅអាចខ្ពស់ដល់៤២អង្សាឯណោះ។ តាមការប៉ាន់ស្មាន បើទោះបីជាការប្រកួត World Cup នៅខែវិច្ឆិកានិងធ្នូក៏ដោយ សីតុណ្ហភាពនៅពេលនោះក៏នៅចន្លោះ ២៤ ទៅ ២៩អង្សាដែរ។ ដូច្នេះហើយបានជាកីឡាដ្ឋានទាំងអស់ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ ដើម្បីជួយអ្នកលេងនិងអ្នកគាំទ្រទប់ទល់នឹងកំដៅ។

គួរបញ្ចាក់ផងដែរថា ប្រទេសកាតា (Qatar) នឹងក្លាយជាប្រទេសអារ៉ាប់ដំបូងគេ ហើយនិងប្រទេសម៉ូស្លីម​ដំបូងដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ World Cup ។ ការប្រកួតនេះក៏នឹងក្លាយជាព្រឹត្តិការណ៍ World Cup លើកទីពីរ ដែលនឹងប្រព្រឹត្តទៅនៅទ្វីបអាស៊ីក្រោយពីការប្រកួតឆ្នាំ២០០២ ដែលបានសហការរៀបចំដោយប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។

ដោយសារតែក្រុមម្ចាស់ផ្ទះនឹងត្រូវបានចូលលេងក្នុងផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ធ្វើឲ្យក្រុម Qatar បានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងរបស់ពួកគេ។ នេះជាលើកដំបូងហើយដែលម្ចាស់ផ្ទះមិនធ្លាប់បានលេងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ពីមុនៗមក។ អ្វីដែលពិសេសមួយទៀតនោះ គឺថ្ងៃបិទការប្រកួត។ នៅថ្ងែទី១៨ ខែធ្នូ ឆ្នាំ២០២២ មិនត្រឹមតែជាថ្ងៃបិទការប្រកួត World Cup  ប៉ុណ្ណោះទេ តែក៏ជាថ្ងៃខួបលើកទី១៤៤នៃការបង្រួបបង្រួមជាតិរបស់ប្រទេសកាតាផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ ជិតដល់វគ្គបញ្ចប់ហើយ! តើមានដឹងថាហេតុអ្វីបានជា World Cup ធ្វើ៤ឆ្នាំម្តង?

កីឡា​ ដែលទទួលបានការចាប់អារម្មណ៍បំផុតក្នុងពិភពលោក បាននាំមនុស្សមកពីជុំវិញពិភពលោក មកពីជាតិសាសន៍ផ្សេងៗគ្នា មានវប្បធម៌ផ្សេងគ្នា និងតំបន់ផ្សេងគ្នា។ ឥទ្ធិពលរបស់World Cup ត្រូវបានគេស្គាល់ថា ជាវិធីសាស្រ្តដើម្បីបញ្ចប់សង្គ្រាមផ្ទៃក្នុង ដោយផ្តល់នូវក្តីសង្ឃឹមសម្រាប់ជាតិ។ ដូច្នេះ ហេតុអ្វី បានជាWorld Cup ត្រូវបានគេធ្វើឡើង៤ឆ្នាំម្តង? វាគឺជាកីឡា ដែលត្រូវបានគេមើលច្រើនជាងគេលើពិភពលោក ហើយកីឡានេះ ប្រហែលជាគេចង់មើលរាល់ឆ្នាំ។ 

មូលហេតុដំបូង និងចំបង ដែលគេធ្វើ World Cup ក្នុងរយៈពេល៤ឆ្នាំ គឺដោយសារតែ ចំនួនដ៏ច្រើននៃការប្រកួត។ ក្នុងឆ្នាំ ២០១៤ មានប្រទេសចំនួន២០៤ បានចូលរួមប្រកួត ដែលធ្វើឲ្យត្រូវមានការប្រកួតជាច្រើនសំរាប់វគ្គជំរុះ។ យោងទៅតាមប្រតិទិនរបស់ World Cup មានការសំរាកជាលក្ខណៈអន្តរជាតិជាច្រើន។ សំរាប់កីឡាករ និងក្រុមកីឡា ត្រូវការការសំរាកក្នុងរដូវក្តៅ។ ប្រសិនបើការប្រកួតទាំងនោះ ធ្វើឡើងក្នុងរដូវក្តៅ កីឡាករមានឳកាសក្នុងការរងរបួស និងហត់នឿយខ្លាំង។ 

បើក្រឡេកទៅមើលប្រវត្តិសាស្រ្តវិញ នៅពេលដែល World Cup ចាប់ផ្តើមក្នុងឆ្នាំ ១៩៣០ កីឡាករដែលមកពីគ្រប់ប្រទេស ពិបាកក្នុងការធ្វើដំណើរទៅកាន់ទិសដីផ្សេងៗគ្នា។ ដោយហេតុនេះ ក្នុងឆ្នាំ នោះ មានត្រូវតែ១៣ ប្រទេសទេ ដែលចូលរួមក្នុងការប្រកួត World Cup ក្នុងឆ្នាំ ១៩៣០ ដែលមាន៧ប្រទេស មកពីទ្វីបអាមេរិចខាងត្បូង ៤ប្រទេសមកពីទ្វីបអឺរ៉ុប និងពីរប្រទេសមកពី អាមេរិចខាងជើង។ ប្រទេសអឺរ៉ុបជាច្រើនមិនចូលរួមដោយសារតែពិបាកក្នុងការធ្វើដំណើរទៅទ្វីបអាមេរិចខាងត្បូង។ ដូច្នេះ ធ្វើកម្មវិធី World Cup រយៈពេល៤ឆ្នាំម្តង អាចជួយកាត់បន្ថយការលំបាករបស់កីឡាករ តាមរយៈការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ជាជាងផ្លូវអាកាសដូចដែលកីឡាករអាចធ្វើដំណើរដូចសព្វថ្ងៃ។ 

ការពិតទៅ បើយោងទៅតាមភូមិសាស្រ្តនយោបាយ និងបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយសង្រ្គាមលោកលើកទី២ World Cup មិនបានធ្វើឡើង៤ឆ្នាំម្តងទៀតទាត់ទេ ក្នុងកំឡុងឆ្នាំ ១៩៣០ ដល់ឆ្នាំ ១៩៥០។ 

នៅពេលដែលយើងនិយាយពីហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ដើម្បីធ្វើWorld Cup ឡើង វាអាចជាបញ្ហាមួយសម្រាប់ប្រទេស ម្ចាស់ផ្ទះផងដែរ ប្រសិនបើប្រទេសនោះ មិនមានហេដ្ឋារចនាសម្ព័ន្ធល្អ។ បើយោងតាម Billboard ប្រេស៊ីល បានចំណាយប្រាក់ចំនួន៤ពាន់លានដូល្លា ដើម្បីកែលំអឡើងវិញនូវពហុកីឡាដ្ឋានចំនួន១២ របស់ខ្លួន។ ហើយបើប្រៀបធៀបទៅនឹងការចំណាយរបស់រូស្ស៊ីវិញ គឺច្រើនជាងប្រេស៊ីល៣ដង សម្រាប់ការប្រកួតWorld Cup ឆ្នាំ ២០១៨នេះ ដែលគិតជាទឹកប្រាក់មានចំនួន១២ពាន់លាន់ដូល្លា។ លើសពីនេះទៅទៀត ការរៀបចំពហុកីឡាដ្ឋាន ក៏ត្រូវគិតគូពីចំនួនមនុស្ស ដែលនឹងមកមើលផងដែរ។ និយាយទៅ ការរៀបចំWorld Cup អាចចំណាយពេលលើសពី៥ឆ្នាំ ដើម្បីធានាថា អ្វីៗប្រកបទៅដោយរលូន។ 

ការធ្វើឡើងក្នុងរយៈពេល៤ឆ្នាំម្តង ពិតជាជម្រើសដ៏ល្អសម្រាប់អ្នកគាំទ្រដែលចង់មកហូគាំទ្រ។ ការធ្វើឡើងក្នុងរយៈពេល៤ឆ្នាំម្តងក៏ធ្វើឲ្យWorld Cup កាន់តែវិវឌ្ឍដែរ។ លោក James Rodriguez បានក្លាយជាតារា ដែលល្បីក្នុងឆ្នាំ ២០១៤ នៃរដូវកាល World Cup នៅប្រទេស ប្រេស៊ីល ហើយក៏បានក្លាយជាកីឡាករក្នុងក្រុង Real Madrid ផងដែរ។ 

កាន់និងថើបពានWorld Cup គឺជាក្តីសុបិន្តរបស់កីឡាករបាល់ទាត់ទាំងអស់។ លើសពីសំនួរដែលសួរថាហេតុអ្វីបានជាWorld Cup ត្រូវបានគេធ្វើឡើង ៤ឆ្នាំម្តង យើងគួរតែរីករាយជាមួយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ៕ 

មតិយោបល់

ពេញនិយម