ចឹងតើបានជា McDonald's មិនព្រមចូលទីផ្សារកម្ពុជាសោះ! គឺដោយសារ ៣ ហេតុផលនេះ!
Connect with us

គួរដឹង

ចឹងតើបានជា McDonald’s មិនព្រមចូលទីផ្សារកម្ពុជាសោះ! គឺដោយសារ ៣ ហេតុផលនេះ!

McDonald’s ចាប់ផ្ដើមលក់សិទ្ធិអាជីវកម្មរបស់ខ្លួន Franchise តាំងពីឆ្នាំ១៩៥៥មកម៉្លេះ រហូតមកដល់បច្ចុប្បន្នកំពុងបើកដំណើរចំនួនជាង១២០ប្រទេស និងមានសាខាប្រមាណជាង៣៣,០០០ហាងទូទាំងសកលលោក។

វាជាយីហោហាងប៊ឺហ្គឺដ៏ល្បីឈ្មោះបំផុតមួយនៅលើពិភពលោក ហើយក៏ត្រូវបានចាត់ទុកជាយីហោលក្ខណៈអន្តរជាតិមួយដែលពិបាកក្នុងការចរចាសុំទិញសិទ្ធិលក់បន្តបំផុត ព្រោះម៉ាកដ៏ល្បីមួយនេះមានលក្ខខណ្ឌតម្រូវជាច្រើន និងតឹងរឹងចំពោះសហគ្រិននិងប្រទេសដែលចង់ទិញសិទ្ធលក់បន្ត ត្រូវតែគោរពនិងប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននិងគ្រប់លក្ខខណ្ឌ មិនមែនមើលឃើញលុយតែមួយមុខនោះឡើយ។

មានសហគ្រិននិងពាណិជ្ជករធំៗជាច្រើនរូប ដែលធ្លាប់បានទាក់ទងខាងក្រុមហ៊ុន McDonald’s ដើម្បីទិញសិទ្ធិបន្ត មកប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរាល់សំណើរទាំងនោះត្រូវបានគេបដិសេធ ដោយគេលើកឡើងហេតុផល៣ធំៗថាកម្ពុជានៅមិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយ៖

ហេតុផលទី១៖ចំនួនមនុស្សរស់នៅទីក្រុងមានតិចតួច

ប្រជាជនកម្ពុជានៅមានតិចតួចនៅឡើយ ជាពិសេសគឺចំនួនប្រជាជនដែលរស់នៅរាជធានីធំបំផុតគឺភ្នំពេញ មានតែប្រហែលជាង២លាននាក់ប៉ុណ្ណោះ ខណៈនៅទីក្រុងបាំងកកនិងហូជីមិញដែលនៅជិតខាងកម្ពុជា មានមនុស្សរស់នៅជិត១០លាននាក់នៃទីក្រុងនីមួយៗ ហើយចំណូលក៏មានកម្រិតខ្ពស់ផងដែរ។

ហេតុផលទី២៖ ចំណូលប្រជាជនកម្ពុជានៅមានកម្រិតទាប

មានពាណិជ្ជករខ្មែរមួយចំនួន បានជិះយន្តហោះទៅដល់សហរដ្ឋអាមេរិកដើម្បីស្នើសុំសិទ្ធិលក់បន្តនៅកម្ពុជា ប៉ុន្តែក្រុមហ៊ុនមេធំបំផុតនៅទីនោះបានស្នើសុំឲ្យទៅសុំសិទ្ធិសម្រេចពីស្នាក់ការផ្តាច់មុខបន្តក្នុងតំបន់អាស៊ាន ដែលមានទីតាំងនៅទីក្រុងបាំងកក ប្រទេសថៃ។ ផ្ទុយមកវិញ McDonald’s សម្រេចមិនទាន់លក់សិទ្ធិសម្រាប់ប្រទេសកម្ពុជានៅឡើយនោះទេ ដោយបានលើកឡើងហេតុផលទីផ្សារកម្ពុជានៅតូចចង្អៀត ព្រោះកម្រិតចំណូលជាមធ្យមរបស់ពលរដ្ឋនៅទាប។

ហេតុផលទី៣៖ ស្ថានភាពនយោបាយនៅមានភាពស្រពិចស្រពិល


ហេតុផលចុងក្រោយដែលខាងយីហោ McDonald’s បានលើកឡើងថាជាបញ្ហាក្នុងការសម្រេចចិត្តសំខាន់មួយរបស់ខ្លួននោះគឺ នយោបាយនៅកម្ពុជាហាក់នៅមានភាពស្រពិចស្រពិលនៅឡើយ ដែលត្រូវការពេលវេលាបន្ថែមទៀត ក្នុងការសម្រេចចិត្តអនុញាតិ្តឲ្យមានវត្តមានយីហោរបស់ខ្លួន៕​ (business cambodia)

មតិយោបល់

ពេញនិយម