អត្ថបទគួរអាន! បើជាប់ខ្លួនក្នុងរូងភ្នំ ត្រូវធ្វើយ៉ាងណាទើបមានឱកាសរស់ខ្ពស់?
Connect with us

គួរដឹង

អត្ថបទគួរអាន! បើជាប់ខ្លួនក្នុងរូងភ្នំ ត្រូវធ្វើយ៉ាងណាទើបមានឱកាសរស់ខ្ពស់?

អ្នកជំនាញខាងធ្វើដំណើរ និង សង្គ្រោះក្នុងរូងភ្នំបីរូប គឺលោក Anmar Mirza (អាមេរិក), លោក Andy Eavis (អង់គ្លេស) និង លោក Bill Whitehouse (អង់គ្លេស) បានផ្តល់ដំបូន្មានដែលយើងសូមសង្ខេបដូចខាងក្រោម៖

១. ចៀសចេញពីកន្លែងដែលអាចមានថ្មធ្លាក់ពីលើពិតាន។

២. រកទីខ្ពស់បំផុតក្នុងរូងភ្នំ ការពារការជន់លិចដោយភ្លៀងធំភ្លាមៗ។ ទីតាំងដែលមានភក់ ស្លឹកឈើ ជញ្ជាំងដុះស្លែ មានន័យថាទីនោះឧស្សាហ៍លិចទឹកពេលភ្លៀងម្តងៗ។

៣. ពិនិត្យមើលគ្រឿងហូបចុកដែលនៅសល់។ អ្នកត្រូវកម្រិតអាហារ ទឹក និង សូម្បីពន្លឺ (ពិល ឬ ភ្លើងផ្សេងៗ)។ លៃបានកាន់តែយូរ កាន់តែរស់បានច្រើនថ្ងៃ។

៤. ពូតសម្លៀកបំពាក់ឱ្យស្ងួត និង នៅផ្តុំគ្នាដើម្បីរក្សាកម្តៅក្នុងខ្លួន។

៥. រក្សាជាតិទឹកក្នុងខ្លួន ធ្វើយ៉ាងណាកុំឱ្យខ្សោះ តែត្រូវប្រយ័ត្នចំពោះទឹកកខ្វក់ក្នុងរូង។ បើកើតជំងឺរាគ និង ក្អួតចង្អោរ រាងកាយនឹងខ្សោះជាតិទឹកកាន់តែខ្លាំង។ ដូច្នេះរកទឹកដែលល្មមផឹកបាន បើទឹកស្រក់តក់ៗរឹតតែល្អ។

៦. អុកស៊ីសែនមិនសូវជាបញ្ហាធំ ព្រោះរូងភ្នំភាគច្រើនមានខ្យល់ចេញចូល។ តែបើមនុស្សច្រើនជាប់នៅកន្លែងតូច កម្រិតឧស្ម័នកាបូនិកអាចនឹងកើនឡើង។

៧. បើមានពិល ឬ ពន្លឺអ្វីផ្សេង ត្រូវប្រើដោយសន្សំសំចៃបំផុតក្នុងករណីរូងភ្នំងងឹតស្លុប។

៨. រក្សាសតិអារម្មណ៍ឱ្យនឹងនរ ទោះជាវាពិបាកបន្តិចក៏ដោយ។ ភាពស្លន់ស្លោរចង់រកច្រកចេញដូចជា មុជទៅព្រាវៗជាដើម អាចបង្កហានិភ័យកាន់តែខ្ពស់។ បើមានគ្នាច្រើន ត្រូវចេះសហការ និងជួយគ្នា។

៩. រង់ចាំការជួយសង្គ្រោះ។ ចំណុចចុងក្រោយនេះគឺពឹងលើសំណាងទាំងស្រុង ព្រោះបើអ្នកមិនបានប្រាប់អ្នកណាមុនមករូងភ្នំ ឬ គ្មានអ្នកណាដឹងថាអ្នកកំពុងជាប់ខ្លួនទេ គឺមានតែត្រៀមចិត្តទុកមុន។  

សរុបសេចក្តីមក បើអ្នកត្រៀមចេញដំណើរទៅរូងភ្នំ អ្នកត្រូវដឹងព័ត៌មានឱ្យច្បាស់ ត្រៀមឧបករណ៍ ឬ សម្ភារ សម្រាប់ទៅរូងភ្នំ និងទៅជាមួយអ្នកដែលស្គាល់ពីរូងភ្នំនោះច្បាស់។ សូមរំលឹកម្តងទៀត គួរប្រាប់អ្នកណាម្នាក់ មុននឹងទៅរូងភ្នំណាមួយ។ ដំណឹងនៃការបាត់ខ្លួននៅរូងភ្នំណាមួយកាន់តែឆាប់ ឱកាសជួយសង្គ្រោះអ្នកឱ្យរួចរស់ជីវិតក៏កាន់តែខ្ពស់៕

មតិយោបល់

ពេញនិយម