មិនគួររំលង! ការទូន្មានរបស់សម្ដេច​ ជួន ណាត អំពីទម្លាប់ដែលគួរធ្វើ និងមិនគួរធ្វើប្រចាំថ្ងៃ!
Connect with us

បែបផែនជីវិត

មិនគួររំលង! ការទូន្មានរបស់សម្ដេច​ ជួន ណាត អំពីទម្លាប់ដែលគួរធ្វើ និងមិនគួរធ្វើប្រចាំថ្ងៃ!

ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយវាចាចិត្ត​គ្រប់​ពេល​វេលា​យូរ​ៗ​ទៅ អាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា “ចរិត​ប្រក្រតី”។ ដូច​យ៉ាង​សម្ដី​គ្រោតគ្រាត ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម ហៅ​ថា “ចរិត​គ្រោតគ្រាត”។ ការ​និយាយ​កុហក​លេង​ ចំពោះ​មិត្ត​សម្លាញ់យូរ​ៗ​ទៅ​ក៏​អាច​ធ្លាប់​មាត់​ជា​ទំនៀម នេះ​ហៅ​ថា “ចរិត​កុហក”

ការ​ជក់​បារី ដើម​ដំបូង​ឃើញ​គេ​ជក់ ក៏​ជក់​លេង​តាម​គេ យូរ​ៗ​ទៅ​ក៏​អាច​ជាប់​ជា​ទំនៀម​ជក់​បារី “ញៀនជក់បារី”។ ការ​ដេក​ថ្ងៃ ដើម​ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ ក៏​ដេក​តាម​គេ លុះ​ដេក​ថ្ងៃ​យូរ​ៗ​ទៅ​ក៏​អាច​ក្លាយ​ជា​ទំនៀម នេះ​ហៅ​ថា “ចរិត​ដេក​ថ្ងៃ”។

ការ​ប្រព្រឹត្តិ​ទាល់​តែ​ជាប់​ប្រយោគ ជាទម្លាប់ ដែល​អាច​លះបង់​ចេញ​បាន​ដោយ​កម្រ។ ដូច្នេះ​ហៅ​ថា “ចរិត​ប្រក្រតី” សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ក៏​មាន​ចរិត​ប្រក្រតី​ដែរ ប៉ុន្តែ​ចរិត​របស់​សម្ដេច​ជា​ចរិត​ធូរ​ស្រាល ពុំ​មែន​នាំ​ឲ្យ​ខូចខាត​ពេល​វេលា ខូចខាត​ប្រយោជន៍​នោះ​ឡើយ។

មនុស្ស​ខ្លះ​មាន​ចរិត​ប្រក្រតី​ជាប់ជោក​ធ្ងន់​ណាស់ ដូច​យ៉ាង​ចរិតប្រក្រតី​ផឹក​ស្រា​ទាល់​តែ​កឹកជាប់ ដែល​អាច​លះបង់​ចេញ​មិន​បាន។ ចរិត​ប្រក្រតី​បែប​នេះ ឈ្មោះ​ថា​ជា​ចរិត​នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត​ខ្លួន​ឯងទាំង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។

ការ​ជក់​អាភៀន ក៏​អាច​នាំ​ឲ្យ​ជាប់​ញៀនដែរ ដែលលះ​ចេញ​បាន​ដោយ​កម្រ​ណាស់។ ការ​ញៀន​អាភៀន​នេះ ហៅ​ថា “ចរិត​ប្រក្រតី​ជក់​អាភៀន”។ មនុស្ស​អ្នក​មាន​ចរិត​បែប​នេះ នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត ទាំង​ទ្រព្យ​សម្បត្តិ ជាង​ចរិត​អ្នក​ផឹក​សុរា​ច្រើន​ណាស់​ទៅ​ទៀត។

ដូច្នេះសម្រាប់អ្នកដែលកាន់ទម្លាប់មិនល្អផ្សេងៗ ឬកំពុងតែប្រព្រឹត្តិក្តី មេត្តាលះបង់ចេញឲ្យអស់ កាន់ចាប់យកអ្វីដែលជាទំនៀមល្អក្នុងជីវិត និងធ្វើឲ្យជាប់ជាប្រចាំឲ្យក្លាយជា “ចរិតប្រក្រតី” របស់ខ្លួនតែម្តងទៅ។ ជៀសវាងទម្លាប់មិនល្អអាចមានឱកាសចូលក្នុងខ្លួន ដូចជាទម្លាប់ខ្ជិល ដេកច្រើន ញៀនស្រា ឬអាភៀន ។ល។ ដែលនាំឲ្យបំផ្លាញជីវិតរបស់មនុស្សយើង និងអនាគតថែមទៀត។

ខាងក្រោម គឺចរិត​ប្រក្រតី​នៃ​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត តែប្រព្រឹត្តិជាប់លាប់រៀងរាល់ថ្ងៃ៖

១. ព្រះអង្គ​សោយ​ស្លា​ម្លូ ជា​ញឹក​ញយ​ណាស់​ក្នុង​ថ្ងៃ​នីមួយ​ៗ មិន​សោយ​បារីទេ។ ប៉ុន្តែ​ លោក​អ្នក​ធ្លាប់​ដឹង ​ឃើញ​និយាយ​ថា សម្ដេច​ព្រះសង្ឃរាជ កាល​ពី​ព្រះជន្ម​រវាង ​២០​ វស្សា រហូត​ដល់​ព្រះជន្ម​ជាង ​៣០​ វស្សា ឃើញ​សម្ដេច​សោយ​បារី​ដែរ ប៉ុន្តែ​សោយ​រង្វើល​ៗ​មិន​ញឹកញាប់​ទេ លុះ​ដល់​មក​ព្រះជន្ម​រជាង​ ៤០ វស្សា ទើប​សម្ដេច​សោយ​ស្លា​ម្លូ​កាន់​តែ​ញឹកញាយ​ឡើង​ដរាប​មក។

២. សម្ដេចសង្ឃរាជ ជួន ណាត កាល​បើ​មាន​រោគ​ផ្ដាសាយ ដែល​នាំ​ឲ្យ​តឹង​ច្រមុះ និង​ក្អក​ដោយ​រោគ​ផ្ដាសាយ​នោះ ច្រើន​តែ​ឃើញ​សម្ដេច​សោយ​ថ្នាំ​ចិន​ញាត់​ខ្សៀ ហើយ​សម្ដេច​មាន​បន្ទូល​ថា រោគ​ផ្ដាសាយ​នេះ​បាន​តែ​ជក់​ថ្នាំ​ចិន ទើប​ឆាប់​ជា​សះ​ស្បើយ។

៣. សម្ដេច​សង្ឃ ជួន ណាត មាន​ចរិត​ប្រក្រតី ក្នុង​ការ​សោយ​ក្រយាហារ ច្រើន​តែ​សព្វ​ព្រះទ័យ​នឹង​សម្ល​ស្រឡក់ ប្រហើរ និង​កកូរ ពុំ​សូវ​សោយ​សាច់​ឈាម​ទេ។ សម្រាប់ម្ហូប​ ៣​មុខ ​ខាង​លើ​នេះ ច្រើន​តែ​ឲ្យ​គេ​ស្ល​នឹង​ត្រី​ឆ្អើរ បើ​ពុំ​មាន​ម្ហូប​នេះ​ទេ ច្រើន​សព្វ​ព្រះទ័យ​ម្ហូប​ក្រៀមក្រោះ មាន​បុក​ត្រី​ឆ្អើរ ម្ជូរ​ក្រសាំង ឬ​ផ្លែ​ម្កាក់​ជា​ដើម។ សម្ដេចសង្ឃរាជ ពុំ​សូវ​សោយ​បង្អែម​ច្រើន​ទេ សោយ​តែ​បន្ដិចបន្តួច មិន​សូវ​សោយ​កាហ្វេ ទឹក​ក្រូច ទឹក​ម៉ាណាត់​ញឹកញាយ​ទេ សោយ​តែ​ទឹក​តែ និង​ស្ករ​ស។

៤. សម្ដេច​សព្វ​ព្រះរាជ​ហឫទ័យ​នឹង​កូន​ឈើ​ផ្សេង​ៗ ដែល​មាន​មែក​ច្រើន ដូច​យ៉ាង​ដើម​ច្រកែង ទួយ រទាំង​ជា​ដើម យក​មក​ដាំ​ដាក់​ក្នុង​ផើង​ជា​ច្រើន ចំនួន​ជាង ​១០០ ​ផើង។

៥. ដើម​ឈើ​ឯ​ទៀត​ៗ ជា​ឈើ​ដំណាំ​ស្រុក​ក្ដី ឈើ​ក្នុង​ព្រៃ​ក្ដី សម្ដេច​សព្វ​ព្រះរាជ​ហឫទ័យ​ដាំ​ច្រើន​ណាស់ ដូច​ឈើ​ក្នុង​របង​ឈាបនដ្ឋាន​វត្ត​ឧណ្ណាលោម និង​ឈើ​វត្ត​ពោធិព្រឹក្ស ជាដើម៕ (មនោវិជ្ជា)

មតិយោបល់

ពេញនិយម