ដឹងទេថាការគេងឱ្យបានច្រើននៅពេលចុងសប្តាហ៏នឹងអាចធ្វើឱ្យអ្នកមានអាយុវែង!!!
Connect with us

គួរដឹង

ដឹងទេថាការគេងឱ្យបានច្រើននៅពេលចុងសប្តាហ៏នឹងអាចធ្វើឱ្យអ្នកមានអាយុវែង!!!

ធ្វើការចាប់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ តាំងពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច ហើយក៏ត្រូវធ្វើការងារផ្សេងៗទៀតដូចជាការងារផ្ទះ ត្រូវមើលក្មេងៗ និងត្រូវធ្វើការងារផ្ទាល់ខ្លួនដូចជាការរៀនផ្សេងៗទៀត ឃើញថាមនុស្សយើងម្នាក់ៗមិនសូវមានពេលសម្រាកប៉ុន្មានទេ។ ដូច្នេះ អ្វីដែលយើងរំពឹងទុកនោះគឺមានតែពេលវេលាចុងសប្តាហ៏ប៉ុណ្ណោះ ជាពេលវេលាដែលយើងអាចគេងបន្ថែមបានច្រើនជាងរាល់ដង។ យើងដឹងហើយថាការគេងពិតជាជួយយើងឱ្យរស់នៅបានយូរ និងប្រកបដោយផសសុខភាពល្អទៀតផង ប៉ុន្តែឥឡូវនេះ ការសិក្សាបានផ្ដល់យោបល់ថា ការគេងឱ្យបានច្រើននៅពេលចុងសប្តាហ៏ អាចជួយឱ្យយើងរស់នៅបានយូរនិងមានអាយុវែង។

លោក Torbojorn Akerstedt សាស្រ្តាចារ្យនិងជានាយកនៃវិទ្យាស្ថានស្រាវជ្រាវភាពតានតឹងនៅសាកលវិទ្យាល័យ Stockholm និងជាអ្នកនិពន្ធនៃការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី Sleep Research បានប្រាប់ CNN ថាគាត់មានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលអ្នកស្រាវជ្រាវរកឃើញនៅពេលពួកគេផ្តោតលើរឿង ប្លុកនៃពេលវេលា។ អ្នកស្រាវជ្រាវបានកំណត់ឱ្យពិនិត្យមើលថាតើមានអ្វីកើតឡើងនៅពេលដែលមនុស្សយកថ្ងៃសម្រាកនិងសំរេចចិត្តគេងឱ្យច្រើននៅពេលថ្ងៃឈប់សម្រាកនោះ។

ដើម្បីធ្វើការស្រាវជ្រាវ អ្នកស្រាវជ្រាវបានមើលទៅលើមនុស្សជិត 44.000 នាក់ នៅក្នុងប្រទេសស៊ុយអ៊ែត ហើយបានសួរពួកគេអំពីទម្លាប់នៃការគេងរបស់ពួកគេនិងបានតាមដានជាមួយពួកគេរយៈពេល 13 ឆ្នាំក្រោយ។ ពួកគេបានរកឃើញថាមនុស្សដែលគេងប្រហែល 5 ម៉ោងក្នុងមួយយប់ ដែលរាប់បញ្ចូលទាំងចុងសប្តាហ៍ បានបង្កើនអត្រាមរណភាពរបស់ពួកគេ បើប្រៀបធៀបទៅនឹងអ្នកដែលគេងបានប្រាំពីរម៉ោងជាប្រចាំ។ លើសពីនេះទៀតពួកគេបានរកឃើញថាអ្នកចូលរួមដែលបានដេកច្រើនខ្លាំងពេកក៏មានអត្រាស្លាប់កើនឡើងដែរ។

ឥឡូវនេះនៅពេលដែលក្រុមអ្នកស្រាវជ្រាវបានមើលលើអ្នកដែលគេងតិចក្នុងថ្ងៃធម្មតា (ច័ន្ទដល់សុក្រ) និងគេងច្រើនទៀត នៅឯចុងសប្តាហ៍ ឃើញថាពួកគេបានរកឃើញថាអត្រាមរណៈគឺតិច ស្ទើរតែដូចអ្នកដែលគេងបាន 7 ម៉ោងជាទៀងទាត់។ នេះគឺអាចជាការពិតភាគច្រើនសំរាប់អ្នកដែលមានអាយុក្រោម 65 ឆ្នាំ។ ការគេងគឺជាអ្វីដែលអ្នកត្រូវការជាចាំបាច់ដើម្បីបំពេញឱ្យបានទៀងទាត់ប្រសិនបើអ្នកមិនចង់ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។ វាជាផ្នែកសំខាន់នៃជីវវិទ្យារបស់យើង ដូចជាការដកដង្ហើមជាដើម ដែលវាជាតម្រូវការមួយមិនងាចខ្វះបាន។

កាលពីមុនត្រូវបានគេអះអាងថា បើសិនជាអ្នកគេងមិនគ្រប់គ្រាន់រៀងរាល់យប់នោះទេ ជាពិសេសនៅថ្ងៃច័ន្ទដល់សុក្រ អ្នកមិនអាចគេងសងវិញនៅថ្ងៃចុងសប្តាហ៏បានឡើយ។ បើអ្នកគេងតិចនៅពេលនេះ អ្នកនឹងបាត់បង់ថាមពលនៅពេលនេះ វាអាចដោះដូរជាមួយការគេងសងនៅពេលក្រោយបានឡើយ។ ប៉ុន្តែការសិក្សាថ្មីៗនេះអាចផ្លាស់ប្តូរការគិតបែបនោះបាន ដោយអ្នកនិពន្ធនៅក្នុងការសិក្សានេះបានពន្យល់ថាលទ្ធផលបានបញ្ជាក់ថាការគេងរយៈពេលខ្លីក្នុងថ្ងៃធម្មតា (ច័ន្ទដល់សុក្រ) មិនមែនជាកត្តាហានិភ័យនៃការស្លាប់ទេ ប្រសិនបើអ្នកបញ្ចូលវាជាមួយនឹងរយៈពេលមធ្យមឬវែងនៃការគេងសងនៅឯចុងសប្តាហ៍នោះ៕
ប្រភព៖ Providr

អត្ថបទល្អផ្សេងទៀត៖ វិធីបញ្ឃប់បញ្ហាងងុយគេងនៅកន្លែងធ្វើការដោយមិនចាំបាច់ពិសារកាហ្វេ!

បញ្ហាងងុយគេងនៅពេលកំពុងរៀន រឺធ្វើការងារអ្វីមួយ គឺជារឿងសាមញ្ញបំផុតសម្រាប់មនុស្សរាល់គ្នា ប៉ុន្តែវាក៏ជារឿងដែលគួរអោយធុញដែរ ព្រោះអ្នកប្រាកដជាមិនអាចផ្តោតអារម្មណ៍បំពេញការងាររបស់អ្នកបានឡើយ ដោយសារតែភ្នែកអ្នកចេះតែចង់បិត។ អញ្ចឹងហើយទើបបានជាមនុស្សមួយចំនួនធំតែងតែទទួលទានភេសជ្ជះនានាដែលមានជាតិកាហ្វេអ៊ីនដើម្បីជួយអោយពួកគេស្វាងពីបញ្ហាងងុយគេងនោះ។

ថ្វីត្បិតតែអាចជួយដោះស្រាយបញ្ហាបានក៏ពិតមែន កាហ្វេអ៊ីនមានគុណវិបត្តិមួយគឺវាអាចធ្វើអោយអ្នកទទួលទានមានអាការះញៀនមិនអាចអត់វាបានទៅថ្ងៃក្រោយ បើកាលណាទទួលទានជាទៀងទាត់។

ក្រៅពីការទទួលទានភេសជ្ជះដែលមានជាតិកាហ្វេអ៊ីនដូចជាតែ រឺកាហ្វេជាដើម អ្នកអាចបំបាត់បញ្ហាងងុយគេងបានដោយធម្មជាតិតាមវិធីមួយចំនួនខាងក្រោមដូចជា៖

១. ងើបឈរពត់ខ្លួន

ប្រសិនជាអ្នកកំពុងតែអស់កម្លាំងងងុយគេង វិធីដំបូងគេបង្អស់ទាំងអស់ដែលអ្នកត្រូវធ្វើគឺងើបឈរពត់ខ្លួនចុះឡើងៗមួយសន្ទុះ។ ការធ្វើបែបនេះគឺដូចជាជួយដាស់អារម្មណ៍អ្នកអោយមានស្វាងជាងមុន។

២. ដើរចុះឡើងៗ

វិធីមួយទៀតបន្ទាប់ពីងើបឈរពត់ខ្លួនហើយនៅតែមិនបានជោគជ័យ អ្នកគួរតែចេញមកក្រៅបន្តិចដើម្បីដើរចុះដើរឡើងមួយសន្ទុះ អោយខ្លួនប្រាណរាងមានដំណើរការបន្តិច កុំអោយវាសម្រាកពេក ព្រោះវាជាហេតុដែលធ្វើអោយអ្នកងងុយគេង។

៣. សម្រាកភ្នែករបស់អ្នក

ជួនកាលអ្នកងងុយគេងក៏ដោយសារតែភ្នែកអ្នកសម្លឹងមើលអ្វីមួយយូរពេកដែរ ដូច្នេះហើយអ្នកគួរតែឧស្សាហ៍សម្រាកភ្នែករបស់អ្នក កុំអោយវាឆាប់អស់កម្លាំង រឺធ្វើការច្រើនពេក។

៤. ទទួលទានអាហារដែលប៉ូវកម្លាំង

អ្នកមានអារម្មណ៍ងងុយគេងអាចបណ្តាលមកពីខ្លួនប្រាណអស់កម្លាំង ដូច្នេះដោយអ្នកគួរតែព្យាយាមពិសារអាហារណាដែរសម្បូរទៅដោយជីវជាតិបំប៉ន ដើម្បីអោយខ្លួនប្រាណអ្នកមានកម្លាំងច្រើនជាងមុន និងធុនជាមួយនឹងការងងុយគេង។

៥. និយាយជាមួយអ្នកជិតខាងដើម្បីដាស់ខួរក្បាល

ក្រៅពីវិធីសាស្ត្រខាងលើ អ្នកក៏អាចបញ្ឈប់ការងារមួយចំនួនរបស់អ្នក ហើយបែរមកនិយាយជាមួយមនុស្សណាម្នាក់ប៉ុន្មាននាទីសិនក៏បាន ព្រោះវានឹងជួយអោយអ្នកស្វាងជាមុនបានយ៉ាងល្អ។

៦. ផ្លាស់ប្តូរការងារដើម្បីផ្លាស់ប្តូរបរិយាកាស

អ្នកអាចសាកល្បងផ្លាស់ប្តូរការងារដែលអ្នកកំពុងធ្វើទៅធ្វើការងារផ្សេងសិន ព្រោះការប្តូរការងារនឹងអាចធ្វើអោយអ្នកផ្លាស់ប្តូរអារម្មណ៍ ហើយបង្កើតការផ្ចិតផ្ចង់ ដែលវាអាចកាត់បន្ថយការងងុយគេង។

៧. គេងសម្រាកមួយភ្លែតសិន

ប្រសិនជាអ្នកសាកល្បងចំនុចទាំងអស់ខាងលើហើយនៅតែមិនអាចដោះស្រាយបញ្ហាងងុយគេងនេះទៀត អ្នកគេងសម្រាកក្នុងរយះពេលខ្លីមួយ ពោលគឺខ្ទង់១៥ទៅ២០នាទី ព្រោះវានឹងដោះស្រាយបញ្ហាងងុយគេងដោយមានប្រសិទ្ធិភាព៕

មតិយោបល់

ពេញនិយម