យុទ្ធសាស្ត្រទទួលបានការងារភ្លាមៗ បន្ទាប់រៀនចប់!
Connect with us

គួរដឹង

យុទ្ធសាស្ត្រទទួលបានការងារភ្លាមៗ បន្ទាប់រៀនចប់!

ការស្វែងរកការងារដែលល្អ មានអនាគត ហើយមានប្រាក់ខែគួរអោយទទួលយកអាចជាបញ្ហាចម្បងដែលនិស្សិតទើបនឹងបញ្ចប់ការសិក្សាអាចនឹងប្រឈមមុខ ជាពិសេសប្រសិនជាពួកគេមិនធ្លាប់មានបទពិសោធន៍ធ្វើការងារពីមុនមក។

ទោះជាយ៉ាងណាក៏ដោយ អ្នកនៅតែអ្នកមានវិធីស្វែងរកការងារល្អបានដូចគ្នា ប្រសិនជាអ្នកអនុវត្តន៍តាមយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពទាំង៥ខាងក្រោមនេះ៖

១. ធ្វើការងារស័្មគ្រចិត្ត រឺហាត់ការ

ការធ្វើការងារស្ម័គ្រចិត្តពេលកំពុងសិក្សាអាចជាគុណសម្បត្តិមួយសម្រាប់អ្នកនៅពេលដែលអ្នកបញ្ចប់ការសិក្សា ព្រោះក្នុងនោះពួកវាអាចចាត់ទុកបទពិសោធន៍ខ្លះៗដែលអាចអោយអ្នកលើកឡើងនៅក្នុងប្រវត្តិរូបរបស់អ្នក។

ក្រៅពីនេះទៅទៀត ការធ្វើការងារហាត់ការក៏មានសារះប្រយោជន៍ច្រើនដែរ ព្រោះនៅពេលដែលអ្នកមានស្នាដៃល្អនៅពេលដែលកំពុងហាត់ការនោះ អ្នកអាចនឹងមានឳកាសច្រើនដើម្បីដាក់ពាក្យចូលធ្វើការនៅទីនោះតែម្តង។

២. បង្កើតបណ្តាញ (Network)

បណ្តាញ រឺ Network គឺជាកត្តាសំខាន់មួយ ដែលវាអាចជួយអោយអ្នកស្វែងរកការងារបានយ៉ាងងាយស្រួល ខណះដែលអ្នកក៏អាចទទួលបានការងារល្អផងដែរ។ ជាទូទៅ ការងារដែលល្អច្រើនតែបានចែកចាយតាមរយះបណ្តាញមិត្តភក្តិ រឺអ្នកស្គាល់គ្នា ព្រោះពួកគេត្រូវការស្វែងរកមនុស្សដែលអាចទុកចិត្តបាន។

៣. មានស្នាដៃល្អនៅក្នុងការសិក្សា

ការបង្កើតស្នាដៃល្អនៅពេលកំពុងសិក្សា គឺជាថ្នាលមួយដ៏សំខាន់នូវក្នុងការស្វែងរកការងារដែលត្រឹមត្រូវមួយ ព្រោះវាកាលណាតែអ្នកមានឈ្មោះល្អនៅក្នុងពេលដែលកំពុងសិក្សា កិត្តនាមនេះនឹងអាចសាយភាយទៅដល់ខាងក្រៅ ហើយនាំមកវិញនូវឳកាសការងារមកអោយអ្នក។

៤. ស្វែងរកការងារដែលបើកសម្រាប់និស្សិតទើបបញ្ចប់ការសិក្សា

ថ្វីបើការស្វែងរកការងារអាចជាបញ្ហាប្រឈមសម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍ក៏ពិតមែន ប៉ុន្តែអ្នកនៅតែអ្នករកបានដដែល ជាពិសេសគឺសម្រាប់ការងារណាដែលផ្តល់អទិភាពអោយសិស្សដែលទើបបញ្ចប់ការសិក្សា។ ជាទូទៅ អ្នកអាចស្វែងរកពត៌មានការងារប្រភេទនេះនៅក្នុងក្តារពត៌មាននៃមហាវិទ្យាល័យរបស់អ្នក។

៥. រៀនធ្វើការងារក្រៅម៉ោងបណ្តើរៗតិចៗទៅ

ការធ្វើការបណ្តើររៀនបណ្តើរគឺជាការលំបាកសម្រាប់និស្សិតមួយចំនួន ជាពិសេសប្រសិនជាពួកគេចង់មានការសិក្សាល្អ ប៉ុន្តែថ្វីត្បិតតែបែបនេះមែន អ្នកនៅតែអាចធ្វើការងារបន្ទាប់បន្សំផ្សេងៗប្រភេទជាការងារក្រៅម៉ោង។ វាមានអត្ថប្រយោជន៍ត្រង់ថាអ្នកអាចសន្សំបទពិសោធន៍បន្តិចម្តងៗ ហើយនៅពេលដែលអ្នករៀនចប់ គឺអ្នកអាចចូលធ្វើការពេញម៉ោងនៅទីនោះតែម្តង៕

អត្ថបទល្អផ្សេងទៀត៖ របស់ទាំង​ ៨ យ៉ាងដែលមានសារៈសំខាន់ជាងការងារអ្នកទៅទៀត

ការរកប្រាក់សម្រាប់ចិញ្ចឹមជីវិតគឺជារឿងចាំបាច់ ប៉ុន្ដែភាពចង់មានចង់បានរបស់មនុស្សមួយចំនួនគ្មានថ្ងៃស្កប់ស្កល់នោះទេ។ អ្នកមានកង់ចង់បានម៉ូតូ។ អ្នកមានម៉ូតូចង់បានឡាន។ អ្នកមានឡានសមរម្យមួយហើយចង់បានឡានទំនើបជាងនេះ។ ដោយសារតែបែបនេះហើយ មនុស្សមួយចំនួនប្រែជាងប់ងល់នឹងការងាររបស់ពួកគេ ដែលពួកគេខំតែងព្រឹក ទាំងថ្ងៃ ទាំងយប់ ទាំងចុងសប្ដាហ៍ ហើយសូម្បីតែថ្ងៃបុណ្យឈប់សម្រាកក៏មិនទំនេរដែរ។ ការដែលមនុស្សមួយចំនួនផ្ដោតលើការងាររបស់គេខ្លាំងពេកនេះធ្វើឲ្យពួកគេបាត់បង់នូវរបស់មួយចំនួន ដែលគួរតែជាអាទិភាពពិតប្រាកដរបស់ពួកគេ។ ខាងក្រោមនេះជារបស់ទាំង ៨ ដែលសំខាន់ជាងការងារទៅទៀត។

១. ចំណងគ្រួសារ៖ អ្នកមានសំណាងណាស់បើអ្នកមានគ្រួសារដ៏កក់ក្ដៅមួយដែលតែងតែគាំទ្រអ្នកគ្រប់កាលៈទេសៈ ដូច្នេះហើយ ចូរថែរក្សាសុភមង្គលមួយនេះឲ្យបានយូរអង្វែង។ អ្នកអាចចំណាយពេលខ្លះសម្រាប់ការទទួលទានអាហារជុំគ្នា រឺដំណើរកម្សាន្ដចុងសប្ដាហ៍។

២. សេចក្ដីស្នេហា៖ នៅពេលដែលអ្នករកប្រាក់ចំណូលបានគួរសមពីការងាររឺមុខរបរណាមួយដែលអ្នកអាចចិញ្ចឹមជីវិតខ្លួនឯងបាន អ្នកប្រហែលជាគិតថា អ្នកមិនត្រូវការនរណាម្នាក់មកបំពេញជីវិតរបស់អ្នកនោះទេ ប៉ុន្ដែអនាគតនៅវែងឆ្ងាយណាស់ ហើយជីវិតរបស់អ្នកអាចនឹងហាក់បីដូចជាខ្វះអ្វីម្យ៉ាង។

៣. ពេលវេលា៖ មនុស្សមួយចំនួនគិតពីការងារខ្លាំងពេក ដែលធ្វើឲ្យពួកគេភ្លេចថាអ្វីជាការគ្រប់គ្រងពេលវេលា។ តុល្យភាពជីវិតនិងការងារជារឿងសំខាន់ ហើយវាគួរតែជាអាទិភាពពិតប្រាកដរបស់អ្នក។ ដូច្នេះហើយ ចូរចំណាយពេលវេលារបស់អ្នកឲ្យបានឈ្លាសវៃ។

៤. សប្បុរសធម៌ ចំពោះអ្នកដែលមានលទ្ធភាព ការជួយអ្នកដទៃមិនថាតិចក្ដីច្រើនក្ដីសុទ្ធតែមានតម្លៃ។ អ្នកមិនត្រឹមតែមានអារម្មណ៍ល្អខ្លួនឯងនោះទេ អ្នកក៏បានចូលរួមកែប្រែជីវិតរបស់អ្នកដទៃផងដែរ។ អំពើសប្បុរសធម៌ទាំងនោះអាចជាការបរិច្ចាគលុយ ម្ហូបអាហារ រឺសម្លៀកបំពាក់ជាដើម ចំពោះមនុស្សដែលត្រូវការជំនួយជាចាំបាច់។

៥. មិត្តភាព៖ នរណាក៏រវល់ដែរ តែការដែលអ្នកចេះឆ្លៀតពេលសម្រាប់មិត្តភក្ដិទាំងនោះបង្ហាញថា អ្នកឲ្យតម្លៃខ្លាំងទៅលើមិត្តភាពមួយនេះ។ មិត្តល្អអាចពិបាកនឹងរកណាស់ក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះហើយចូរថែរក្សាវាឲ្យបានគង់វង្ស។

៦. ដំណើរកំសាន្ដ តើអ្វីទៅជាគោលបំណងនៃជីវិត ប្រសិនបើគ្មានភាពសប្បាយនិងរំភើបរីករាយ? ការខ្វល់ខ្វាយតែពីការងារអាចធ្វើឲ្យអ្នកតានតឹងអារម្មណ៍ ដូច្នេះហើយ ចូរចំណាយពេលខ្លះសម្រាប់លំហែកាយតាមរមណីយដ្ឋានរឺតំបន់ទេសចរណ៍ផ្សេងៗ។

៧. លំហាត់ប្រាណ៖ អ្នកប្រហែលជាគិតថា ការធ្វើលំហាត់ប្រាណគឺសម្រាប់តែអ្នកដែលចង់មានរាងស្អាតប៉ុណ្ណោះ ប៉ុន្ដែវាត្រូវបានរកឃើញថាអាចជួយព្យាបាលបញ្ហាផ្លូវចិត្តបាន។ អ្នកអាចធ្វើការសាកល្បងដោយខ្លួនឯងនៅពេលដែលអ្នកមានអារម្មណ៍តានតឹង ហើយអ្នកនឹងឃើញពីប្រសិទ្ធភាពរបស់វា។  

៨. របបអាហារសម្រាប់សុខភាពល្អ៖ អ្វីទៅជាគោលបំណងនៃការខិតខំរកប្រាក់ឲ្យបានច្រើន បើសិនជាសុខភាពមិនល្អ? ដូច្នេះហើយ ចូរកាត់បន្ថយអាហារសម្បូរជាតិខ្លាញ់រឺជាតិស្ករខ្ពស់ ជំនួសវិញដោយការបរិភោគបន្លែផ្លែឈើឲ្យបានច្រើន។ របបអាហារមិនត្រឹមតែជួយដល់សុខភាពនោះទេ វាក៏ធ្វើឲ្យការបំពេញការងាររបស់អ្នកល្អប្រសើរជាងមុនផងដែរ៕

មតិយោបល់

ពេញនិយម