នេះហើយមូលហេតុដែលប្រជាជនខ្មែរយើងយកសពទៅបូជាពេលដែលមានមនុស្សស្លាប់!
Connect with us

គួរដឹង

នេះហើយមូលហេតុដែលប្រជាជនខ្មែរយើងយកសពទៅបូជាពេលដែលមានមនុស្សស្លាប់!

ដើម្បី​ឈ្វេងយល់​ពី​ពិធី​នេះ គប្បី​ត្រូវ​ដឹងថា នា​ដើម​សតវត្សរ៍​ទី ១ នៃ​គ្រិស្តសករាជ ខ្មែរ​យើង​បាន​ទទួល​ឥទ្ធិពល​នៃ​វប្បធម៌​ក្លិង្គ​ដែលមាន​ព្រហ្មញ្ញសាសនា និង​ពុទ្ធសាសនា​ជា​មូលដ្ឋាន។ ដូច្នេះ​ក្នុង​បរិស្ថាន​វប្បធម៌​សំ​ស្ត្រឹត ជនជាតិ​ខ្មែរ​យើង​បាន​ផ្លាស់ប្ដូរ​ទម្រង់​វប្បធម៌​របស់​ខ្លួន​បន្តិច​ម្ដងៗ ពី​ពិធី​កប់​សព​ទៅ​ពិធី​បូជាសព ដូចដែល​បាន​កត់ត្រា​ទុក​ក្នុង​កំណត់ហេតុ​ចិន​នា​សម័យបុរាណ។​

តាម​កំណត់ហេតុ​ចិន បានឲ្យ​គេ​ដឹងថា ខ្មែរ​យើង​បូជាសព​ដោយ​មាន​វត្តមាន​របស់​ព្រះ​ភិក្ខុសង្ឃ មិន​ខុស​ពី​ប្រពៃណី​ដែល​ខ្មែរ​ប្រារព្ធ​នៅក្នុង​ពេល​បច្ចុប្បន្ន​ប៉ុន្មាន​ទេ។ ពេល​ឪពុក​ម្ដាយ​ទទួលមរណភាព កូនចៅ​អត់​បាយទឹក ៧ ថ្ងៃ។ ពួកគេ​កោរសក់​ដើម្បី​កាន់ទុក្ខ ហើយ​ទ្រហោយំ​ថែមទៀតផង។

ក្រុមគ្រួសារ​បាន​និមន្ត​ព្រះសង្ឃ​និង​ព្រះ​ភិក្ខុនី​មក​សូត្រធម៌ ហើយ​ហែ​ក្បួន​សព​ទៅ​កាន់​កន្លែង​បូជា ដោយ​មាន​ភ្លេង​ខ្មោច​លេង​កំដរ (ភ្លេងខ្លងខែក)។ សព​ត្រូវ​បូជា​ក្នុង​ប​ច្ឆាស​ង់​ដោយ​ឈើ​ក្រអូប។ ក្រោយ​ពី​បូជា​ព្រះ​ភ្លើង​រួច គេ​រើស​ធាតុ​ដាក់​ក្នុង​កោដ្ឋ​ធ្វើ​អំពី​ដី​ដុត​ដោយ​មាន​លាប​ពណ៌​ផ្សេងៗ​ ឬ​មាស បើសិន​អ្នក​ស្លាប់​នោះ​ជា​ព្រះ​រាជវង្សានុវ​ង្ស ឬ​ជា​ព្រះមហាក្សត្រ ។​

ឯកសារ​ខាងលើនេះ បាន​បញ្ជាក់​នូវ​ចំណាស់​នៃ​ទំនៀមទម្លាប់​ដុត​ខ្មោច​នា​សម័យ​នគរ​ភ្នំ ក៏ប៉ុន្តែ​បញ្ហា​ដែល​ចោទ​ឡើង​នៅទីនេះ គឺ​ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្មែរ​នា​សម័យ​នគរ​ភ្នំ​បូជាសព​ខុស​ពី​បុព្វការី​ជន​របស់​ខ្លួន ​ដែល​និយម​កប់​សព​ច្រើនជាង​បូជា​ទៅ​វិញ ។​

បណ្ឌិត​មី​សែ​ល ត្រា​ណេ ជា​អ្នកស្រាវជ្រាវ​លើ​ឯកសារ​ជាច្រើន​បាន​បញ្ជាក់ថា តាម​ទ្រឹស្ដី​អំពី​ព្រលឹង​ឬ​វិញ្ញាណ ជនជាតិ​ខ្មែរ​បុរាណ​ជឿថា ក្រោយ​ពី​ស្លាប់​វិញ្ញាណ​នឹង​ចាប់បដិសន្ធិ​ឡើង​វិញ។ ជំនឿ​នេះ​ សមស្រប​នឹង​លទ្ធិ​ព្រហ្មញ្ញសាសនា។

គេ​ជឿ​ថា វិញ្ញាណ​មនុស្ស​ឬ​អាត្ម័ន​ក្រោយ​ពី​មរណភាព​អាច​នឹង​ឡើង​ទៅ​ជួប​នឹង​វិញ្ញាណ​ នៃ​លោក​ទាំងមូល​ឬ​ព្រាហ្មណ៍ តាមរយៈ​ព្រះ​អគ្គី​ដែល​ដុត​កម្ដៅ​ជម្រះ​ធាតុ​ទាំង ៥ ដែល​មាន​ក្នុង​ខ្លួនប្រាណ​របស់​បុគ្គល​នី​មួយៗ។ អាស្រ័យ​ហេតុនេះ​ហើយ បាន​ជា​ខ្មែរ​ទាំង​ព្រាហ្មណ៍​ទាំង​ពុទ្ធ​សាសនា និយម​បូជាសព​នឹង​ព្រះ​ភ្លើង ។​

លោក​មី​សែ​ល ត្រា​ណេ បានបញ្ជាក់ថែមទៀត​ថា អ្វី​ដែល​ពោល​ខាងលើ​នេះ​មិនមែន​មានន័យថា ខ្មែរ​សម័យ​ក្លិង្គ​ចូល​ស្រុក​មិនចេះ​បូជាសព​នឹង​ភ្លើង​ទេ។ តាម​ការពិត ជនជាតិខ្មែរ​បាន​ប្រារព្ធ​ធ្វើ​រួចហើយ ប៉ុន្តែ​គ្រាន់តែ​មិនទាន់​មាន​លក្ខណៈ​ទូទៅទូលំទូលាយ។ គេ​ចូលចិត្ត​កប់​សព​ច្រើនជាងការបូជា​សព។​ តាមរយៈ​នៃ​ការវិវត្តន៍​នៃ​ប្រវត្តិសាស្ត្រ​បានឲ្យ​គេ​សន្និដ្ឋាន​ថា ការដុត​សាកសព​ទាក់ទិន​នឹង​ជំនឿ​លើ​ភ្លើង ដែល​មាន​លក្ខណៈ​ជា​សកល។

“ភ្លើង” ​ជា​ធាតុ​មួយ​ដែល​មាន​លក្ខណៈ​ពិសិដ្ឋ ដោយហេតុ​ថា​វា​ជា​ប្រភព​នៃ​ជីវិត។ តាម​គម្ពីរ​វេទ គឺ​ធាតុភ្លើង​នេះហើយ​ដែល​កម្ដៅ​លោក បង្កើត​លោក​ទ្រទ្រង់​លោក​ពី​ភាព​ឆៅ​ទៅ​ភាព​ឆ្អិន ពី​ល្ងង់​ទៅ​ភាពភ្លឺស្វាង ពី​អវិជ្ជា​ទៅ​អរិយ​ភាព ៘ ដូច្នេះហើយ​បានជា​ព្រាហ្មណ៍​គោរពបូជា​ភ្លើង​ដោយ​តាំង​ឈ្មោះថា “អ​គ្គី”

នៅពេល​ដែល​បុព្វបុរស​ខ្មែរ​ចាប់ផ្ដើម​កាន់​ព្រហ្មញ្ញសាសនា គេ​ឲ្យឈ្មោះ​ភ្លើង​ថា “ព្រះ​អគ្គី” ក៏ប៉ុន្តែ​សម័យមុន​ប្រវត្តិសាស្ត្រ​គេ​ហៅថា “ថ្ងៃ”។ ហើយ​កាល​ដែល​ខ្មែរ​ប្រើ​ពាក្យ​អាទិត្យ​ដែលជា​ភាសា​សំស្ត្រឹត​ជំនួស​ថ្ងៃ អាច​ធ្វើឲ្យ​គេ​មាន​ភាពងាយស្រួល​ក្នុង​ការស្វែងយល់​ពី​អត្ថន័យជា​រួម។​

​អ្នកប្រាជ្ញ​ខ្មែរ​សម័យបុរាណ​បាន​ឈ្វេងយល់ថា: ខ្លួនប្រាណ​របស់​បុគ្គល​មនុស្ស​ជា​ការផ្សំផ្គុំ​រវាង​ធាតុ​ទាំង ៥ ទឹក​, ដី​, ខ្យល់​, ភ្លើង​និង​វិញ្ញាណ ឬ​អាត្ម័ន ហើយ​ក្រោយពី​ស្លាប់ ធាតុ​ទាំង ៥ នេះ ត្រូវ​ត្រឡប់​ទៅកាន់​ប្រភពដើម​វិញ​សម្រាប់​ជីវិត​អមតៈ គឺ​ព្រាហ្មណ៍។ ព្រាហ្មណ៍ គឺ​ស្ថិតនៅ​ទី​ខ្ពស់បំផុត ដែល​ជា​ទី​ផុត​រំដោះទុក្ខ។ ដូច្នេះ​ដើម្បី​អាត្ម័ន​អាច​នឹង​ទៅកាន់​ទីអមតៈ គេ​ត្រូវ​បំពេញ​នូវ​ពិធី​បូជា​ភ្លើង​ដើម្បី​សម្អាត​សព​ស្មោគគ្រោក​ទៅកាន់​បរលោក ។​

​ការវិភាគ​ពាក្យ​ភ្លើង អាច​នាំមក​នូវ​សេចក្ដីបំភ្លឺ​ខ្លះ​ដែរ​ទាក់ទិន​នឹង​ជំនឿ​សាសនា​របស់ខ្មែរ។ ពាក្យ «​ភ្លើង» ​អាច​កើត​ចេញពី​ពាក្យ​ឡើង គឺ​អ្វី​ដែល​ត្រដែត​ឡើង​ពីក្រោម​ឡើង​ទៅលើ ពី​ឋាន​មួយ​ទៅ​ឋាន​មួយ។​ ​តាមរយៈ​អត្ថន័យ​នេះ យើង​អាច​សន្និដ្ឋានថា ភ្លើង​មិន​ត្រឹមតែ​នាំមក​នូវ​ថាមពលកម្លាំងព​លំ គឺ​នាំមក​នូវ​គ្រឿង​បូជាយញ្ញ ដូចជា​សព​ទៅ​កាន់​អាទិទេព ឬ​ព្រាហ្មណ៍​ថែមទៀត​ផង ក្រោយ​ពី​ដុត​សម្អាត​ភាពស្មោគគ្រោ​កឲ្យវិនាស​អស់។ ដូចនេះ ពិធី​បូជាសព​របស់​ជនជាតិ​ខ្មែរ​មាន​អត្ថន័យ​ស៊ីជម្រៅ ពុំ​មែន​ជា​ជំនឿ​អកុសលគ្មា​ន​ខ្លឹមសារ​ទេ ហេតុនេះហើយ​បានជា​ជនជាតិ​យើង​នៅតែ​ប្រារព្ធ​មិន​ដាច់​តាំងពី​បុរាណកាល​រហូត​ ដល់​សព្វថ្ងៃនេះ៕ (មនោវិជ្ជា)

មតិយោបល់

ពេញនិយម