ដឹងទេរបស់ប្រើប្រាស់ប្រចាំថ្ងៃទាំងនេះគួរតែប្តូរចេញនៅពេលណា???
Connect with us

គួរដឹង

ដឹងទេរបស់ប្រើប្រាស់ប្រចាំថ្ងៃទាំងនេះគួរតែប្តូរចេញនៅពេលណា???

ក្បួននៃការសម្អាតរបស់របរប្រចាំថ្ងៃដែលអ្នកប្រើរាល់ថ្ងៃមិនមែនគ្រាន់តែយកវាទៅបោះចោលក្នុងធុងសម្រាម ឬគ្រាន់តែបោសសម្អាតធម្មតានោះទេ។ ដឹងទេដើម្បីទទួលបាននូវអនាម័យដ៏មានផាសុខភាព ក៏ដូចជា ការរស់នៅដោយភាពសុខស្រួលឆ្ងាយពីមេរោគ និងជម្ងឺផ្សេងៗ អ្នកត្រូវតែធ្វើលើសពីគ្រាន់តែយកទៅចោល និង បោសសម្អាតធម្មតានោះទៀត។

ខាងក្រោមគឺជាការណែនាំមួយចំនួនអំពីរបស់ប្រើប្រាស់របស់អ្នក ដែលត្រូវដល់ថ្ងៃកំណត់ប្តូរចេញ។

១. ខ្នើយ


ពេលណាគួរប្តូរចេញ៖ ជាការពិតណាស់ ខ្នើយដែលអ្នកគេងរាល់ថ្ងៃ គឺគួរតែប្តូរចេញរាល់ឆ្នាំ នេះសំដៅលើការប្តូរចេញថ្មីតែម្តងមិនមែនគ្រាន់តែបោកសម្អាតនោះទេ។

ហេតុអ្វី៖ ព្រោះថាញើស និងជាតិខ្លាញ់ដែលចេញពីខ្លួនយើង និងសក់ក្បាលរបស់យើង នឹងកាន់ជាប់ខ្នើយដែលយើងគេងរាល់ថ្ងៃនោះ។ ជាតិខ្លាញ់ និងញើសដែលចេញពីខ្លួនយើងទៅនឹងក្លាយជាមេរោគ ដែលអាចធ្វើឱ្យអ្នកឈឺដោយមិនដឹងខ្លួន។ ដោយឡែកការដាក់ស្រោមខ្នើយក៏ជាវិធីការពារមួយដែរ ហើយការបោកសម្អាតប្រចាំសប្តាហ៏ ឬខែនោះ សុទ្ធតែជាសកម្មភាពចាំបាច់។

២. ពូក

ពេលណាគួរប្តូរចេញ៖ សម្រាប់ពូកដែលអ្នកគេងរាល់ថ្ងៃគឺត្រូវតែប្តូរចេញបន្ទាប់ពី ៥ ទៅ ១០ឆ្នាំ។

ហេតុអ្វី៖ ជាទូទៅ ពូកដែលល្អគឺអាចគេងបានយ៉ាងហោចណាស់ ៩ឆ្នាំ ប៉ុណ្ណោះ យ៉ាងណាមិញ បើសិនជាអ្នកមានអារម្មណ៏គេងមិនស្រួលអ្នកគួរតែគិតគូរប្តូរចេញក្នុងត្រឹមរយៈពេល ៥ ទៅ ៧ឆ្នាំបានហើយ។ ការសិក្សាមួយនៅសាកលវិទ្យាល័យនៃរដ្ឋ អូក្លាហូម៉ា បានរកឃើញថាមនុស្សភាគច្រើនដែលប្តូរពូកថ្មីក្រោយរយៈពេល 5 ឆ្នាំគេងបានល្អប្រសើរនិងមានការឈឺចាប់ខ្នងតិច ជាងអ្នកមិនប្តូរសោះ។

៣. ម៉ាស៊ីនត្រជាក់

ពេលណាគួរប្តូរចេញ៖ ចំពោះម៉ាស៊ីនត្រជាក់ អ្នកអាចប្រើប្រាស់បានរហូតដល់ម៉ាស៊ីនត្រជាក់នោះខូចឬចាស់ខ្លាំង។

ហេតុអ្វី៖ ជាមួយនឹងការមើលថែបានដិតដល់ចំពោះម៉ាស៊ីនត្រជាក់របស់អ្នក អ្នកនៅតែអាចដាក់ម៉ាស៊ីនត្រជាក់នោះប្រើប្រាស់បាន ដោយគ្រាន់តែអ្នកត្រូវឩស្សាហ៏ឆែកវា ដោយធ្វើការសម្អាតវារាល់ពេល ៦សប្តាហ៏ម្តង ព្រោះបើប្រើរាល់ថ្ងៃវាអាចនឹងងាយឆាប់កាន់ធូលីខ្លាំងណាស់។

៤. ថ្នាំវីតាមីន

រយៈពេលដែលអ្នកគួរប្តូរថ្នាំវីតាមីនចេញ ឬបោះវាចោលគឺស្ថិតក្នុងរយៈពេល ២ឆ្នាំ ដើម្បីរក្សាប្រសិទ្ធិភាពរបស់វា។ ហេតុអ្វី? ការធ្វើតេស្តមួយ បានរកឃើញថាប្រភេទអាហារបំប៉ន ឬថ្នាំវីតាមីន ភាគច្រើនល្អសម្រាប់រយៈពេលតែ 3 ឆ្នាំប៉ុណ្ណោះ ប្រសិនបើត្រូវបានរក្សាទុកនៅក្នុងទីកន្លែងត្រជាក់ហើយស្ងួត។ វេជ្ជបណ្ឌិត វីលៀម អូប៊ឺមេរី (William Obermeyer) ជាបណ្ឌិតរងផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន ConsumerLab.com ដោយសារតែផលិតផលនេះអាចត្រូវបានទុកនៅហាងចោល ឬស្តុកក្នុងឃ្លាំងសម្រាប់ពេលមួយឆ្នាំ។ បើសិនជាវាគ្មានថ្ងៃកំណត់នោះទេ អ្នកក៏កុំគួរប្រើប្រាស់វាទៀតដែរបន្ទាប់ពីរយៈពេល ២ ឆ្នាំ។

៥. បំពង់ពន្លត់អគី្គភ័យ

អ្នកអាចប្តូរបំពង់ពន្លត់អគ្គីភ័យនោះបន្ទាប់ពីរយៈពេល ១០ឆ្នាំ ព្រោះកាលណាដែលអ្នកទុកវាចោលយូរពេក វានឹងលែងមានប្រសិទ្ធិភាពជាមិនខាន។ ប៉ុន្តែបើសិនជាអ្នកប្រើបំពង់ដែលអ្នកអាចបំពេញថ្មីបាន អ្នកគួរតែបំពេញវាម្តងទៀត បន្ទាប់ពីរយៈពេល ៦ឆ្នាំម្តង។

៦. ច្រាសដុសធ្មេញ

រយៈពេលដែលអ្នកគួរប្តូរច្រាសដុសធ្មេញចេញម្តងនោះ គឺរយៈពេល ៣ ទៅ ៤ខែ យ៉ាងយូរ។ ដូចដែលយើងដឹងស្រាប់ហើយថាច្រាសដុសធ្មេញវាមានមេរោគច្រើនណាស់ដែលយើងមើលមិនឃើញ តួយ៉ាងវាក៏ឆាប់មានការសឹករិចរិលផងដែរ ដូច្នេះ ដើម្បីរក្សាអនាម័យមាត់ធ្មេញ អ្នកត្រូវឩស្សាហ៏ប្តូរចេញ។

៧. ជ្រុញ

មែនហើយ ជ្រុញដែលអ្នកប្រើសម្រាប់ធ្វើម្ហូបរាល់ថ្ងៃ គឺមិនអាចកំណត់បានទេ អ្នកអាចសម្រេចចិត្តបោះចោលវានៅពេលដែលវាមានសភាពចាស់ខ្លាំង។ មួយទៀតវាក៏អាចជាប្រភពមេរោគនៃការធ្វើម្ហូបអាហារផងដែរ ដូច្នេះ អ្នកអាចគិតគូរប្តូរវាចេញនៅពេលដែលអ្នកមានអារម្មណ៏ថាវាចាស់ និងមានមេរោគច្រើន។

៨. លេនភ្នែក (Contact Lens)

លេនភ្នែក ឬ Contact Lens នឹងមិនអាចប្រើប្រាស់បានទៀតទេក្រោយពីរយៈពេល ៣ខែ ទោះជាអ្នកចិញ្ចឹមវាក៏ដោយ។ ការចិញ្ចឹមលេនភ្នែក អាចបានត្រឹមតែ ៣ខែប៉ុណ្ណោះ យ៉ាងយូរ ព្រោះបើមិនដូច្នោះទេ វានឹងមានបញ្ហាដល់ភ្នែកអ្នកជាមិនខាន។

៩. ទឹកអាល់កុល

ចំពោះទឹកអាល់កុលវិញ អ្នកអាចប្រើបានទាល់តែអស់ លុះត្រាតែអ្នកមិនចំហរដបវាចោល ព្រោះកាលណាចំហរមាត់ដបវាចោលវានឹងហើរអស់លែងមានប្រសិទ្ធភាពជាជាតិអាល់កុលជាមិនខាន។ ដូច្នេះ ក្នុងការប្រើប្រាស់ទឹកអាល់កុល អ្នកត្រូវតែមានការប្រុងប្រយ័ត្ន៕

អត្ថបទល្អផ្សេងទៀត៖ វត្ថុប្រើប្រាស់ប្រចាំថ្ងៃទាំង៧​ ដែលនឹងធ្វើឲ្យអ្នកភ្ញាក់ភ្អើលនៅពេលបានដឹងមូលហេតុនៃដើមកំណើតរបស់វា

មានផលលិតផលជាច្រើនដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃដូចជា ចង្កឹះ គម្របនៅលើកែវការហ្វេ ច្រាសដុសធ្មេញ ឫវ៉ែនតាជាដើម ដែលមូលហេតុនៃដើមកំណើតរបស់វាមិនសូវមាននរណាបានដឹងសោះឡើយ។ ថ្ងៃនេះយើងនឹងបង្ហាញអស់លោកអ្នកឲ្យបានស្គាល់ពីមូលហេតុ និងផលប្រយោជន៍លម្អិតរបស់វាដូចតទៅ៖

១​. គម្របនៅលើកែវការហ្វេ

ជាធម្មតាមានការហ្វេជាច្រើនត្រូវបានកម្ម៉ងក្នុងមួយថ្ងៃៗ ហើយគ្រប់ការហ្វេទាំងអស់តែងតែត្រូវបានគ្របជិតដោយគម្របដើម្បីរក្សាសីតុណ្ហភាពរបស់វា ដើម្បីដឹងនូវប្រភេទរបស់ការហ្វេនៅខាងក្នុង គេតែងតែមើលបំពង់ពោងតូចៗរបស់គម្របនៅខាងលើ ដែលវានឹងបា្រប់ពីឈ្មោះរបស់ប្រភេទការហ្វេនៅខាងក្នុង។

២. ផ្នែកខាងចុងលើនៃចង្កឹះ

ប្រសិនបើអ្នកធ្លាប់ញុំាអាហារជប៉ុន ឫអាហារកូរ៉េ អ្នកប្រហែលជាធ្លាប់ឃើញនូវចង្កះបែបនេះ​ ហើយចោទនូវសំនួរថាតើគេធ្វើផ្នែកខាងចុងលើនៃចង្កឹះដើម្បីអ្វី? ជាការពិតណាស់  ​ផ្នែកខាងចុងលើនៃចង្កឹះដែលអ្នកធ្លាប់តែឃើញនោះត្រូវបានគេធ្វើឡើងដើម្បីបញ្ចាក់ថាវាជាចង្កឹះដែលមិនធ្លាប់មាននរណាបានប្រើប្រាស់វាពីមុនមក ហើយផ្នែកខាងចុងលើនេះក៏ត្រូវបានគេធ្វើឡើងដើម្បីជាទម្រនៃចង្កឹះនៅពេលប្រើប្រាស់ផងដែរ។

៣. ក្រលាឆ្នូតខៀវខ្ចីនៃច្រាសដុសធ្មេញ

ប្រសិនបើអ្នកសំគាល់ឃើញថាក្រលាឆ្នូតនៃច្រាសដុសធ្មេញរបស់អ្នក ខណៈពេលដែលប្រើបានមួយរយៈមានពណ៍ស្លេកជាងពណ៍ដែលទើបតែទិញដំបូង នោះមានន័យថាជាពេលដែលអ្នកគួរតែធ្វើការផ្លាស់ប្ដូរច្រាស់ដុសធ្មេញរបស់អ្នកហើយ ព្រោះវាជាកន្លែងដែលកំណត់ថាច្រាសដុសធ្មេញរបស់អ្នកហួសកំណត់នៅពេលណា។

៤. វ៉ែនតា

វ៉ែនតានៅក្នុងសម័យទំនើប​នា​ពេល​បច្ចុប្បន្នត្រូវបានគេប្រើប្រាស់ដើម្បីការពារភ្នែកពីកំដៅព្រះអាទិត្យ ឫក៏ជាស្ទាយមួយនៃភាពលូយឆាយ ប៉ុន្តែប្រហែលជាអ្នកមិនទាន់ដឹងនោះទេថានៅក្នុងសតវត្សទី១២ នៅក្នុងប្រទេសចិនការពាក់វ៉ែនតាពណ៍ខ្មៅគឺមិនមែនក្នុងគោលបំណងការពារភ្នែកពីកំដៅព្រះអាទិត្យនោះទេ ប៉ុន្តែត្រូវបានគេប្រើប្រាស់ដើម្បីកុំឲ្យអ្នកដ៏ទៃមើលឃើញនូវក្រសែភ្នែករបស់ខ្លួន។ កាលពីជំនាន់មុននៅក្នុងប្រទេសចិន ចៅក្រមនៅក្នុងតុលាការត្រូវបានគេដឹងថាក៏បានពាក់វ៉ែនតាបែបនេះដែរ ព្រោះការធ្វើដូចនេះគឺដើម្បីធានាថាគ្មាននរណាម្នាក់អាចមើលឃើញនូវក្រសែភ្នែក និងអារម្មណ៍របស់ចៅក្រមបានឡើយ។

៥. ប្រដាប់រុំពពុះ

បច្ចុប្បន្នប្រដាប់បែបនេះត្រូវបានគេប្រើប្រាស់ដើម្បីរុំ ក៏ដូចជាការពាររបស់របរដែលងាយនឹងបែក ក៏ប៉ុន្តែនៅក្នុងឆ្នាំ១៩៥៧ តាមពិតផលលិតផលនេះត្រូវបានគេបង្កើតឡើងនៅក្នុងគោលបំណងដើម្បីរុំនូវផលលិតផលថ្មី ដែលវាងាយស្រួលក្នុងការលាងសំអាតនៅពេលដោះវាចេញ។

៦. ខ្នើយគេង

ខ្នើយត្រូវបានគេផលលិតឡើងក្នុងគោលបំណងដើម្បីការពារស្វតល្អិតកុំឲ្យចូលក្នុងត្រចៀក ច្រមុះ និងមាត់របស់អ្នកនៅពេលកំពុងគេង។ នៅក្នុងអរិយធម៌ចិនបុរាណគេប្រើប្រាស់ខ្នើយគេងដែលរឹង ព្រោះគេមានជំនឿថាការគេងនៅលើខ្នើយដែលទន់នឹងធ្វើឲ្យអ្នកអស់កំលាំងជាងមុន ចំនែកឯវប្បធម៍នៃជនជាតិអាហ្វ្រិកវិញជឿថាការសំរាកនៅលើខ្នើយអាចឲ្យពួកគេជួបជាមួយបុព្វបុរសរបស់គេបាននៅក្នុងសុបិន្ដ រីឯនៅអ៊ឺរ៉ុប ចំពោះមនុស្សប្រុសការសំរាកនៅលើខ្នើយត្រូវបានគេស្គាល់ថាជានិមិត្តរូបនៃភាពទន់ខ្សោយ។

៧. ការពាក់អាវយឺត

ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ អាវយឺតត្រូវបានគេប្រើជាអាវក្នុង ប្រសិនជាអ្នកបង្ហាញខ្លួនរបស់អ្នកជាសាធារណៈក្នុងសំលៀកបំពាក់ជាអាវយឺត វាហាក់បីដូចជាការដើរអាក្រាតកាយដូច្នេះដែរ។ ទស្សនបែបនេះត្រូវបានផ្លាស់ប្ដូរនៅក្នុងឆ្នាំ១៩៥១ ដោយសារខ្សែភាពយន្តមួយមានចំណងជើងថា A Streetcar Named Desire​ ដែលមានតួរអង្អឈ្មោះ Marlon Brando ដែលលេចឡើងក្នុងភាពយន្តជាមួយនិងអាវយឺតពណ៌សស្ទើរតែគ្រប់ឆ៊ុត។ តាំងពីពេលនោះមកអាវយឺតក៏បានក្លាយទៅជាអាវក្រៅដែលគេអាចពាក់ធម្មតាវិញបាន៕

មតិយោបល់

ពេញនិយម