តើអ្នកដឹងថាហេតុអ្វីបានជាពិបាកនិយាយភាសាបរទេសឲ្យដូចជនជាតិដើមដែរទេ?
Connect with us

គួរដឹង

តើអ្នកដឹងថាហេតុអ្វីបានជាពិបាកនិយាយភាសាបរទេសឲ្យដូចជនជាតិដើមដែរទេ?

តង់នៃការនិយាយ ជាតំរុយមួយ ដែលអាចធ្វើឲ្យយើងដឹងថាតើបុគ្គលនោះមកពីណា។ យើងអាចដឹងពីប្រភពរបស់បុគ្គលនោះ ភាសាដែលពួកគេនិយាយ និង អ្នកដែលពួកគេចំណាយពេលនៅជាមួយ ដោយគ្រាន់តែស្តាប់តង់របស់ពួកគេ។ មិនថាអ្នកចូលចិត្ត ឬស្អប់តង់របស់អ្នកទេ ការមានតង់ល្អ គឺមិនអាចជៀសរួចទេក្នុងការនិយាយ។ យើងអាចទទួលបានតង់ល្អ បើសិនជាយើងរៀនពេលដែលនៅក្មេង ប៉ុន្តែបើសិនជាយើងរីកលូតលាស់ឡើង យើងនឹងពិបាកក្នុងការនិយាយឲ្យដូចតង់បរទេសណាស់ ដែលវាជាបញ្ហាមួយ។ តើអ្វីទៅ ដែលធ្វើឲ្យយើងពិបាកទទួលបានតង់ដូចជនជាតិដើមយ៉ាងនេះ?

១. តើតង់ជាអ្វី?

ដោយមានការរៀបរាប់ពី សមាគមការស្តាប់ភាសានិយាយរបស់អាមេរិច (American Speech Language Hearing Association) តង់គឺជាវិធីសាស្រ្ត មួយក្នុងការបញ្ចេញសំលេង ដោយក្រុមមនុស្ស និយាយភាសាដូចគ្នា។ តង់ថែមទាំងមាននៅក្នុងពិភពសត្វផងដែរ ដោយសត្វពពែ និង ព្រាប និយាយសំលេងខុសគ្នា បើពួកគេនៅកន្លែងខុសគ្នា។ ក្នុងកំរិតតំបន់ តង់របស់មនុស្សក៏មានលក្ខណៈខុសគ្នាដែរ ដូចជា អ្នកដែលរស់នៅញូវយ៉ក និយាយខុសពីអ្នកដែលមកពី មីស៊ីស៊ីពី (Mississippi) និង ទីក្រុងឡុងដ៍ (London)។

ផ្អែកតាម បណ្ឌិត គ្រីស្ទីណា ស្កេឡេទ័រ (Christina Schelletter) ដែលជាប្រធាននៃ ដេប៉ាតឺម៉ង់ភាសាអង់គ្លេស និង ទំនាក់ទំនង នៅសាកលវិទ្យាល័យ ហ័រហ្វ័តហ្សៀ (University of Hertfordshire) តង់បរទេស ចេញមកពីការរួមបញ្ចូលរវាងអ្នកនិយាយមិនមែនជនជាតិដើម ដែលព្យាយាមនិយាយឲ្យចេញ តង់ជនជាតិដើម ដោយសម្លេងគ្មានតុល្យភាព នៅក្នុងភាសាបរទេសនោះ ដែលជាហេតុនាំឲ្យមានការសង្កត់សំលេង ចង្វាក់ និង ការលើកដាក់សំលេង ស្តាប់ទៅខុសគ្នាផងដែរ។ លោក ស្កេឡេទ័រ បាននិយាយថា៖ “មានភាពខុសគ្នាជាច្រើនរវាងបុគ្គល ក្នុងការនិយាយចេញតង់ល្អ ប៉ុន្តែ ការនិយាយចេញតង់ល្អនេះ ក៏បណ្តាលមកពីអាយុ និង រយៈពេលនៃការរៀនភាសាផងដែរ”។​

២. ហេតុអ្វី ចង់បានតង់ល្អពិបាកយ៉ាងនេះ?

តង់ដែលយើងមានក្នុងភាសាដើម បានជាប់យ៉ាងដិតដាម ក្នុងខួរក្បាលរបស់យើង តាំងពីអាយុ៦ខែមកម្លេះ បើផ្អែកតាមទស្សនាវដ្តី ស្មីតសូនៀន (Smithsonian Magazine)។ ក្មេង ចាប់ផ្តើមគូសផែនទីនៃសំលេង ដែលគេបានលឺ ហើយ “ផែនទីនោះ នឹងកាន់តែដិតដាមក្នុងខួរក្បាល នៅពេលដែលសម្លេងនោះបានលឺច្រើនដង រហូតទាល់តែមិនអាចដកចេញបាន”។ នេះបើផ្អែកតាម លោក ភេត្រីកៀ ខូហល៍ (Patricia Kuhl) ដែលជានាយកនៃមជ្ឈមណ្ឌលសំរាប់ចិត្ត ខួរក្បាល និង ការសិក្សា នៃសាកលវិទ្យាល័យ វ៉ាស៊ីនតោន (Center for Mind, Brain, and Learning)។ ពេលខ្លះ យើងក៏បាត់បង់សមត្ថភាពក្នុងការធ្វើសំលេងខ្លះ ហើយក្រោយមកយើងនឹងបាត់បង់សមត្ថភាពក្នុងការស្តាប់វាថែមទៀតផង។ ជាសំណាងល្អ ខួរក្បាលរបស់មនុស្ស ជាបត់បែនបាន ហើយ ត្រចៀករបស់យើង អាចបង្វឹកដើម្បីចេញជាតង់ថ្មីមួយទៀតបាន ដូចទៅនឹងត្រចៀកទារកដែរ ដោយការអនុវត្ត និង ការផ្តោតអារម្មណ៍។

ទោះជាការនិយាយច្រើនយ៉ាងណា ភាពជោគជ័យក្នុងការនិយាយភាសាបរទេស ដោយតង់បរទេស ខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ស្កេឡេទ័រ និយាយថា សមត្ថភាព និង ការយល់ពីការសំដែងតន្ត្រី អាចជួយបាន។ ការរៀនភាសាបរទេស​ដោយចង់បានតង់បរទេស តំរូវឲ្យ “ស្តាប់សំលេង ការសង្កត់សម្លេង និង ការលើកដាក់សំលេង នៃភាសានោះ”។ នេះបើតាមអ្វីដែលគាត់បាននិយាយ។ នេះជាមូលហេតុដែលយើងអាចរៀននិយាយឲ្យបានស្ទាត់ ងាយជាងរៀនយកតង់នៃភាសាបរទេសនោះ។

ស្កេឡេទ័រ ក៏បានបញ្ជាក់ទៀតដែរថា សមត្ថភាពខាងតន្រ្តីនោះ អាចបង្ហាញថាហេតុអ្វីបានជាអ្នកខ្លះអាចបាត់បង់តង់ភាសាដើមរបស់ខ្លួន ជាងអ្នកដទៃ។ សំរាប់អ្នកដែលចង់បានតង់បរទេស អ្នកអាចចូលរៀនថ្នាក់បង្វឹកតង់។ ថ្នាក់ទាំងអស់នេះ ផ្តោតទៅលើ ការផ្លាស់ប្តូរការបញ្ចេញសំលេង និង ការសង្កត់សំលេង ចង្វាក់ និង ការលើកដាក់សំលេង នៃការនិយាយ ហើយ អាចជួយសិស្សប្រើពាក្យក្នុងការនិយាយបានល្អទៀតផង។

៣. គុណសម្បត្តិ និង គុណវបត្តិនៃតង់ថ្មី

តង់អាចជួយយើងឲ្យមានអារម្មណ៍ធូរស្រាលក្នុងការនិយាយទំនាក់ទំនងគ្នា។ ទោះជាអ្នកធ្វើតង់ក៏ដោយ វាក៏អាចជួយអ្នកឲ្យបញ្ចេញសម្លេងបានល្អចំពោះពាក្យដែលអ្នកនិយាយសម្លេងប្រហែលគ្នា។ និយាយជារួម អ្នកអាចត្រូវបានយល់យ៉ាងងាយ ដូច្នេះ ការទំនាក់ទំនងគ្នាមានភាពងាយស្រួល។

ប៉ុន្តែ តង់ជាផ្នែកមួយយ៉ាងសំខាន់ ដែលជាអត្តសញ្ញាណមនុស្ស។ យើងភាគច្រើននិយាយ ចេញតង់តាមតំបន់ដែលយើងរបស់នៅ ហើយយើងគិតថា បាត់បង់តង់របស់ជនជាតិដើមយើង ជាការបាត់បង់វប្បធម៌។ មិនមែនគ្រប់គ្នាយល់ស្របនឹងគំនិតនេះទេ។ នៅក្នុងការបោះពុម្ព នៃ ឯកសារមួយ ដែលមានឈ្មោះថា សង្គមវិទ្យានៃចំណេះដឹងផ្ទាល់ខ្លួន (Journal of the Sociology of Self-Knowledge) ដែលសរសេរដោយលោក ដូរា ចូហ្សីប (Dora Joseph) ដែលជាសិស្សនៅសាកលវិទ្យាល័យ ម៉ាសាឈូសិត (University of Massachusetts) បាននិយាយពីការដែលនាងបាត់បង់តង់ដើមរបស់ខ្លួន ដែលជាងតង់បារាំង មិនមែនការប៉ះពាល់អ្វីដែលជាអត្តសញ្ញាណរបស់នាងទេ។ នាងសរសេរថា៖ “ខ្ញុំគិតថាវប្បធម៌អាមេរិច បារាំង និង អង់គ្លេស បានធ្វើឲ្យខ្ញុំមានលក្ខណៈពិសេស ហើយខ្ញុំរីករាយផងដែរ”៕

អត្ថបទល្អផ្សេងទៀត៖ អញ្ចឹងតើបានជាក្មេងសម័យឥឡូវក្រចេះនិយាយ បើនិយាយបែរជាមិនដឹងភាសាស្អីទៅវិញ!

បញ្ហាដែលឪពុកម្តាយសម័យថ្មីនេះកំពុងតែជួបប្រទះភាគច្រើននោះគឺបញ្ហាដែលកូនតូចរបស់ពួកគេមិនអាចនិយាយសន្ទនាបាន បើទោះជាពួកគេដល់អាយុដែលគួរតែអាចនិយាយបានហើយនោះ។ ជាទូទៅក្មេងនឹងវិវត្តន៍សមត្ថភាពក្នុងការនិយាយបណ្តើរៗតាំងពីពេលពួកគេមានអាយុជាង១ខួបមកម្ល៉េះ។

ទោះជាយ៉ាងណាក៏ដោយ មានក្មេងមួយចំនួន បើទោះបីជាពួកគេដល់អាយុ ២ខួប ៣ខួប រឺដល់ទៅ ៤ខួបទៅហើយ ពួកគេអាចបានត្រឹមតែយល់ពីសម្តីអ្នកដទៃនិយាយទៅកាន់ខ្លួនតែប៉ុណ្ណោះ ពោលគឺពួកគេមិនអាចឆ្លើយតបមកវិញបាននោះឡើយ។ បញ្ហានេះហើយដែលធ្វើអោយឪពុកម្តាយជាច្រើនព្យាយាមស្វែងរកការពិគ្រោះជាមួយវិជ្ជបណ្ឌិតជំនាញដើម្បីរកមូលហេតុបង្កនៃបញ្ហានេះ។

បើនិយាយអោយស្រួលស្តាប់ទៅ ក្មេងដែលកម្រនឹងចេះនិយាយនោះគឺភាគច្រើនបំផុតបណ្តាលមកពីហេតុផលដែលក្មេងនោះមិនសូវបានទទួលការបង្រៀន ឬការនៅជិតពីឪពុកម្តាយរឺមនុស្សណាម្នាក់ប៉ុន្មានឡើយ។

ការប្រៀបធៀបក្មេងដែលឧស្សាហ៍ត្រូវគេទុកចោល ហើយនឹងក្មេងដែលមានមនុស្សនៅនិយាយលេងជាមួយនឹងខ្លួនរហូតនោះ បានបង្ហាញអោយឃើញថា ក្មេងដែលត្រូវគេទុកចោលនោះមានបញ្ហានិយាយច្រើនតែម្តង ព្រោះថាពួកគេមិនទម្លាប់ហាមាត់និយាយពាក្យទាំងអស់ ហើយគ្មាននរណាម្នាក់បង្រៀនពួកគេអោយនិយាយ ហេតុដូច្នេះហើយទើបពួកគេមិនអាចនិយាយបាន ថ្វីបើខ្លួនយល់គ្រប់ន័យក៏ដោយ។

ចំនែកឯនៅពេលដែលក្មេងនោះនិយាយ តែបែរជាមានបញ្ហាត្រង់ថាភាសាដែលពួកគេនិយាយគឺមិនដឹងមកពីណាវិញនោះ ភាគច្រើនក្មេងនោះត្រូវបានគេទុកចោលអោយមើលតុក្កតាផ្សេងៗច្រើនពេក។ សម័យនេះ ក្មេងៗស្ទើរតែគ្រប់គ្នាសុទ្ធតែហុំព័ទ្ធទៅដោយគ្រឿងអេឡិចត្រូនិចពេញខ្លួន ដោយក្នុងនោះដើម្បីយកពេលទំនេរធ្វើការងារផ្សេង ឪពុកម្តាយច្រើនបើកអោយកូនអង្គុយសម្លឹងតែតុក្កតា ដូច្នេះហើយក្មេងចេះនិយាយតែភាសាដូចតុក្កតា ពោលគឺមិនអាចស្តាប់បានឡើយ។

ដូច្នេះហើយដើម្បីការពារបញ្ហាទាំងនេះកើតឡើងដល់កូនតូចៗរបស់អ្នក អ្នកគួរតែឆ្លៀតពេលអោយបានច្រើនមកចំនាយជាមួយនឹងពួកគេ ហើយបង្ហាត់បង្រៀនពួកគេនៅក្នុងការនិយាយផង ដើម្បីអោយពួកគេអាចចាប់បាន និងចេះនិយាយអោយខ្លួនឯង ដើម្បីប្រយោជន៍ដល់កូនអ្នកនៅថ្ងៃក្រោយ៕

មតិយោបល់

ពេញនិយម