លោក លី ខ្វាន់យូ៖ ល្ងង់មិនមែនជាបញ្ហា អ្វីដែលជាបញ្ហាធំគឺយល់ច្រឡំថាខ្លួនឯងជាអ្នកចេះ
Connect with us

គួរដឹង

លោក លី ខ្វាន់យូ៖ ល្ងង់មិនមែនជាបញ្ហា អ្វីដែលជាបញ្ហាធំគឺយល់ច្រឡំថាខ្លួនឯងជាអ្នកចេះ

ការពិតទៅ ការរស់នៅក្នុងសង្គមនានាតែងតែជួបនឹងបញ្ហាមួយនេះ មិនថានៅកន្លែងសិក្សា ការងារ ឬកន្លែងដែលកំពុងតែរស់នៅឡើយ។ មនុស្សដែលមានអំនួតអួងថាខ្លួនឯងចេះអស់ ចេះគ្រប់យ៉ាង និយាយអ្វីក៏គេដឹងគ្រប់រឿង មនុស្សប្រភេទនេះហើយ ដែលពួកគេយល់ច្រឡំថាខ្លួនគេចេះអស់ហើយនោះ។

ចំពោះមនុស្សដែលមានចរិតលក្ខណៈចេះឱនលំទោន ចេះគួរសម និងចេះដាក់ខ្លួនគឺជាទីអាស្រ័យដោយចំណេះដឹង និងវិជ្ជាការច្បាស់លាស់ ដោយសារតែគេដឹងថាត្រូវធ្វើល្ងង់នៅពេលណា និងពេលណាត្រូវធ្វើជាមនុស្សឆ្លាត។

ជាក់ស្តែង ម៉ាស៊ូ ជាកូនសិស្សរបស់ ជូកឺលៀង និងជាអ្នកសិក្សាក្បួនសឹកអស់ច្រើនឆ្នាំ តែចុងបញ្ចប់បែរជាចាញ់មេទ័ពរងទៅវិញ ព្រោះមេទ័ពរងអាចដឹងអំពីបញ្ហាប្រឈមចំពោះមុខជាង ចំណែកឯគេជាមេទ័ពបញ្ជាការ បែរជាអាងតំណែង និងអំនួតក្អែងក្អាងមាន ជូកឺលៀង ជាគ្រូផង លែងស្តាប់អ្នកនៅពីក្រោយបណ្តាលឲ្យខូចការ និងបាត់បង់កងទ័ពរាប់មឺុននាក់។

ហេតុដូច្នេះ លោក លី ខ្វាន់យូ (បិតាស្ថាបនិកប្រទេសសិង្ហបុរី) ពោលខាងលើនេះគ្មានអ្វីខុសបន្តិចឡើយ ហើយជួននឹងពាក្យមួយទៀត «កុំដាស់មនុស្សដែលធ្វើដេកលក់» ទុកឲ្យវាដេកទៅចុះ! ព្រោះថាមនុស្សដេកពិតប្រាកដមែន ឲ្យតែឮសំឡេងអ្វីគឺគេងនឹងប្រញាប់ក្រោកឡើងដើម្បីរៀបចំការពារខ្លួន ចំណែកឯមនុស្សខ្ជិល ឬមានល្បិចធ្វើជាដេកលក់នេះ ទោះបីយកទឹកមកចាក់ពីលើក៏មិនព្រមក្រោកដែរ។

ហេតុអ្វីដូច្នេះ មនុស្សដែលយល់ច្រឡំថាខ្លួនឯងចេះ គ្មានអ្វីនឹងអាចកែប្រែបានឡើយ ក្រៅពីភ្ញាក់រឭកដោយខ្លួនឯងថា កំពុងតែល្ងង់ទេនោះ។ ចូរប្រៀបធៀបខ្លួនឯង ទៅនឹងកែវទឹក ១កែវ ដែលធំ កុំចិត្តចង្អៀតចង្អលដូចជាកូនពែង ព្រោះមិនអាចដាក់ទឹកបានច្រើនទេ បើអាចសូមប្រៀបធៀបខ្លួនឯងទៅនឹងអាងទឹកតែម្តងទៅ ព្រោះវាកាន់តែធំ និងអាចដាក់អ្វីៗជាច្រើនបានច្រើនគ្រប់បែបយ៉ាង៕ (មនោវិជ្ជា)

មតិយោបល់

ពេញនិយម