ពិតមែនឬ? មនុស្សដេកតិច គិតច្រើន ធ្វើការច្រើន រស់មិនបានយូរទេ!
Connect with us

គួរដឹង

ពិតមែនឬ? មនុស្សដេកតិច គិតច្រើន ធ្វើការច្រើន រស់មិនបានយូរទេ!

ជាធម្មតាកម្លាំងកំហែងរបស់មនុស្សយើងមានកម្រិត និងមានបរិមាណរបស់វា មិនដូចនឹងកម្លាំងម៉ាសុីនទេ ដែលអាចប្រើប្រាស់តាមចិត្តចង់ឡើយ។ តួយ៉ាងនៅក្នុងសុភាសិតសម័យសាមកុកដ៏ល្បីល្បាញមួយឃ្លា ដែលត្រូវគ្រប់សម័យកាល លោក សុឺម៉ាអុី ហៅ «ចុងតា» ពោលថា “មនុស្សដេកតិច គិតច្រើន ធ្វើការច្រើន រស់មិនបានយូរ”។

នៅក្នុងអត្ថន័យនេះ លោកចង់បង្ហាញប្រាប់ដល់យើងកុំប្រើកម្លាំងកាយនិងកម្លាំងចិត្តលើសកំណត់ពេក មិនថាក្នុងការគិត ឬការអនុវត្តទេ ត្រូវកំណត់ឲ្យបានច្បាស់រវាងកម្លាំងខ្លួនឯង និងពេលវេលា។

ប្រសិនបើយើងធ្វើដោយមិនបានកំណត់ឲ្យបានទេគឺអាចនឹងនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ខ្លួនឯង រហូតធ្វើឲ្យបាត់បង់ជីវិតបានថែមទៀត។ ម្យ៉ាងវិញទៀត បើសិនមនុស្សយើងមានសុខភាពមិនល្អទេ គឺមិនអាចសម្រេចកិច្ចការធំបានឡើយ។

ដូច្នេះការចេះថែរក្សាការពារកម្លាំងកាយចិត្ត និងសុខភាពបានល្អ គឺជាជំហានដំបូងដើម្បីទទួលបាននូវជោគជ័យក្នុងជីវិត ដែលមនុស្សគ្រប់គ្នាចាំបាច់ត្រូវតែធ្វើ មិនថាអ្នកតូចឬអ្នកធំ វណ្ណៈណាៗឡើយ។ ការរស់នៅល្អ មានអនាម័យ គឺជាដើមហេតុធ្វើឲ្យយើងរស់មានសុខភាព។

ប៉ុន្តែការដាក់សម្ពាធលើការគិត និងការងារធ្ងន់ធ្ងរពេក គឺអាចនាំឲ្យមនុស្សយើងរស់មិនបានយូរទេ ដោយសារតែហត់នឿយក្នុងការគិតពេក ហើយបើដេកមិនបានគ្រប់គ្រាន់ទេគឺអាចប្រឈមនឹងជំងឺដង្កាត់ផ្សេងៗជាច្រើន ជាពិសេសគឺ ធ្វើឲ្យសុខភាពរបស់ខ្លួនចុះខ្សោយជាលំដាប់ រហូតអាចនឹងបាត់បង់ជីវិតក៏មាន។ ដូច្នេះ បើសិនចង់ជោគជ័យក្នុងជីវិត និងអនាគត ត្រូវគិតគូរដល់សុខភាពផងដែរ៕ (មនោវិជ្ជា)

មតិយោបល់

Trending