ចេះវិធីទាំងនេះ អ្នកនឹងក្លាយជាអ្នកជំនាញរាល់ពេលធ្វើដំណើរតាមយន្តហោះ!!!
Connect with us

គួរដឹង

ចេះវិធីទាំងនេះ អ្នកនឹងក្លាយជាអ្នកជំនាញរាល់ពេលធ្វើដំណើរតាមយន្តហោះ!!!

ជាធម្មតា ការធ្វើដំណើរអាចជួបនឹងឧបសគ្គនិងការព្រួយបារម្ភមុនពេលអ្នកឈានទៅដល់គោលដៅចុងក្រោយរបស់អ្នក។ ដូចគ្នានេះដែរ ការធ្វើដំណើរតាមអាកាសក៏មានជួបបញ្ហាតាំងពីការរៀបចំសំភារៈរហូតដល់ការចេញដំណើរ។ សូម្បីតែនៅអាកាសយានដ្ឋាន ក៏អ្នកអាចនឹងជួបប្រទះនូវអ្វីដែលអ្នកមិនបានរពឹងទុក ហើយធ្វើឱ្យពេលវេលានៅលើយន្តហោះរបស់អ្នកមិនមានភាពសុខស្រួល។ ដើម្បីកាត់បន្ថយឧបសគ្គទាំងនោះ ខាងក្រោមនេះគឺជាតិកនិកទាំង១០ រាល់ពេលអ្នកធ្វើដំណើរតាមអាកាស។

១. ប្រើកូនកាបូបដើម្បីចំណេញកន្លែងក្នុងវ៉ាលី

ការប្រើកូនកាបូបធ្វើដំណើរអាចជួយកាត់បន្ថយទំហំនៃទ្រព្យសម្បត្តិដែលអ្នកនឹងយកទៅតាម ហើយជួយឱ្យការរៀបវ៉ាលីរបស់អ្នកបានត្រឹមត្រូវ។ មិនថាផលិតផលសម្រាប់ងូតទឹក គ្រឿងសម្អាង ឬក៏សំលៀកបំពាក់នោះទេ ការរៀបចំដោយដាក់ក្នុងកូនកាបូបបែបនេះអាចជួយអ្នកពីការចេះតែញាត់សម្ភារៈចូលក្នុងវ៉ាលី ហើយក៏ផ្តល់ឱ្យអ្នកនូវភាពងាយស្រួលពេលអ្នករើឥវ៉ាន់ចេញវិញ។

២. អ្នកអាចយកសារធាតុរាវចំនួន ៣oz (៨៨មីលីលីត្រ) រួមទាំងសុរា

មនុស្សភាគច្រើនតែងយល់ច្រឡំថាទឹកមិនត្រូវបានអនុញ្ញាតិឱ្យយកឡើងលើយន្តហោះ។ តាមពិត អ្នកអាចយកសារធាតុរាវចំនួនត្រឹម ៣oz (៨៨មីលីលីត្រ) ដែលរួមមានទឹក ទឹកផ្លែឈើ ជាតិអាល់កុលឬវត្ថុរាវផ្សេងទៀត។ អាហារទារកអាចត្រូវបានលើកលែងដែលអ្នកយកបានក្នុងបរិមាណច្រើន ប៉ុន្តែនៅពេលដែលអ្នកធ្វើដំណើរជាមួយកុមារតែប៉ុណ្ណោះ។ ទោះបីជាអាល់កុលត្រូវបានអនុញ្ញាតិឱ្យយកឡើងលើយន្តហោះបានក៏ដោយ តែវាត្រូវបានហាមឃាត់មិនឱ្យទទួលទានពេលហោះហើរទេ ព្រោះវាអាចនាំឱ្យមានគ្រោះថ្នាក់។

៣. ការហោះហើរពេលយប់អាចមានភាពងាយស្រួលច្រើន

ស្ថិតិបានបង្ហាញថា ការហោះហើរពេលយប់មានអ្នកដំណើរព្រមទាំងកុមារតិច។ ជាធម្មតា ទារកនិងកុមារតែងតែយំឬបង្កសំលេងរំខានដែលធ្វើឱ្យយើងពិបាកសម្រាកពេលកំពុងហោះហើរ។ នៅពេលយប់ ការហោះហើរក៏មានការពន្យារពេលតិចតួច ហើយការរង់ចាំរបស់អ្នកក៏មានរយៈពេលខ្លីដែរ។ កម្រិតខ្យល់កន្ត្រាក់ក៏ទាបដែរ ដោយសារខ្យល់អាកាសពេលយប់មានលក្ខណៈស្ងប់ហើយមិនមានពន្លឺព្រះអាទិត្យ។

៤. ពាក់សំលៀកបំពាក់ដែលអាចផ្តល់ភាពកក់ក្តៅ

មិនថាអ្នកទៅកន្លែងក្តៅឬត្រជាក់ក៏ដោយ វាជារឿងសំខាន់ក្នុងការស្លៀកពាក់ឱ្យមានផាសុខភាពនិងច្រើនជាន់។ ទោះបីជាបុគ្គលម្នាក់ៗមានចំនងចំនូលចិត្តខុសគ្នាក៏ដោយ អ្នកដំណើរភាគច្រើនតែងតែមានអារម្មណ៍ត្រជាក់ខ្លាំងពេលឡើងលើយន្តហោះ។ អ្នកគួរតែពាក់ស្បែកជើងដែលមានផាសុខភាពព្រោះជើងរបស់អ្នកអាចនឹងឈឺពេលដើរច្រើនក្នុងព្រលានយន្តហោះ ឬក៏អ្នកគួរដោះស្បែកជើងរបស់អ្នកចេញ។ វាជាការប្រសើរបំផុតក្នុងការរៀបចំផែនការខាងមុខ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលនៅក្នុងការហោះហើររបស់អ្នក។

៥. Wi-Fi ត្រូវបានដាក់ឱ្យប្រើគ្រប់ទីកន្លែងនៅក្នុងព្រលានយន្តហោះ

សព្វថ្ងៃនេះ មនុស្សភាគច្រើនតែងតែភ្ជាប់ប្រព័ន្ធ Wi-Fi ស្ទើរតែគ្រប់អាគារដែលពួកគេចេញចូល។ ដំណឹងល្អសម្រាប់អ្នកដំណើរតាមអាកាស ព្រលានយន្តហោះមានប្រព័ន្ធ Wi-Fi គ្រប់ទីកន្លែងដែលអ្នកអាចប្រើប្រាស់បាន។ វាអាចជួយអ្នកកុំឱ្យអផ្សុករាល់ពេលដែលអ្នករង់ចាំការមកដល់នៃជើងហោះហើររបស់អ្នក។

៦. ប្រើ GPS-Tracker ដើម្បីកំណត់ទីតាំងឥវ៉ាន់របស់អ្នក

នៅក្នុងសម័យទំនើបនេះ មានកម្មវិធីតាមដាន GPS ដែលអាចដាក់ភ្ជាប់ជាមួយឥវ៉ាន់របស់អ្នក រាល់ពេលអ្នកធ្វើដំណើរ។ ហើយក៏មានកាបូបមួយដែលភ្ជាប់ទៅនឹង GPS មានស្រាប់ ដែលអនុញ្ញាតឱ្យអ្នកតាមដានឥវ៉ាន់របស់អ្នក ប្រសិនបើវាត្រូវបានដាក់ខុសកន្លែងឬបាត់បង់។ កម្មវិធីតាមដានទាំងនេះអាចត្រូវបានភ្ជាប់ជាមួយកម្មវិធីក្នុងទូរស័ព្ទដៃរបស់អ្នក ដែលអនុញ្ញាតឱ្យអ្នកដឹងពីទីតាំងឥវ៉ាន់របស់អ្នក និងអាចយករបស់ទាំងអស់របស់អ្នកត្រឡប់មកវិញ។

៧. ពិនិត្យមើលកន្លែង “បាត់និងរកឃើញ” (Lost-and-Found) សម្រាប់កាសដោយឥតគិតថ្លៃ

សម្រាប់អ្នកដំណើរជាច្រើន កាសត្រចៀកមានសារៈសំខាន់ពីព្រោះពួកគេអាចទស្សនាកម្មវិធីកំសាន្តដែលពួកគេអាចជ្រើសរើសកំឡុងពេលធ្វើដំណើរ។ ក្នុងករណីដែលអ្នកភ្លេចយកកាសត្រចៀកដាក់តាមខ្លួន អ្នកអាចសុំពីកន្លែង Lost-and-Found ដោយឥតគិតថ្លៃ។ របស់ដែលបាត់នៅអាកាសយានដ្ឋានហើយមិនមានអ្នកមកយកវិញក្នុងរយៈពេលបីខែ គេអាចផ្តល់ឱ្យអ្នកនូវរបស់ក្នុងតម្លៃថោកឬដោយឥតគិតថ្លៃ តាមការសម្រេចចិត្តរបស់បុគ្គលិក។

៨. ប្រយ័ត្នកន្លែងដែលអ្នកញ៉ាំនៅអាកាសយានដ្ឋាន

ការធ្វើដំណើរអាចមានតម្លៃថ្លៃណាស់ ដូច្នេះអ្នកគួរតែព្យាយាមកាត់បន្ថយការចំណាយនៅព្រលានយន្តហោះ ។ អ្នកគួរពិនិត្យមើលកន្លែងបរិភោគអាហារប្រចាំតំបន់និងជុំវិញអាកាសយានដ្ឋាន ដែលមានតម្លៃថោកអាចទទួលយកបាន។ អ្នកអាចទទួលបានអាហារមួយពេលដែលមានតំលៃស្មើនឹងកាហ្វេមួយកែវនៅឯ Duty-Free ។ អ្នកក៏អាចយកអាហារដែលត្រូវបានអនុញ្ញាតឡើងទៅលើយន្តហោះជាមួយអ្នក ដែលវាជាជម្រើសដ៏អស្ចារ្យមួយទៀត។

៩. ពឹងអ្នកជំនួយការក្នុងអាកាសយានដ្ឋានសម្រាប់អ្នកដំណើរវ័យក្មេង ជនពិការ និងមនុស្សចាស់

អាស្រ័យទៅលើយន្តហោះដែលអ្នកបានជ្រើសរើស ជំនួយអាកាសយានិកតែងតែមានសម្រាប់អ្នក រាល់ពេលដែលអ្នកត្រូវការ។ មិនថាអ្នកជាអ្នកដំណើរវ័យក្មេង ដែលហោះហើរតែម្នាក់ឯងហើយត្រូវការការណែនាំ ឬក៏ជាមនុស្សចាស់ដែលត្រូវការជំនួយ អាកាសយានដ្ឋាននិងក្រុមហ៊ុនអាកាសចរណ៍នឹងខំប្រឹងដើម្បីធានាថាអ្នកនឹងទទួលបានបទពិសោធន៍ធ្វើដំណើរដែលអ្នកមិនអាចបំផ្លិចបាន។ សេវាកម្មពីបុគ្គលិកដូចជាជំនួយផ្នែកវេជ្ជសាស្ត្រ ការផ្តល់ចំណីអាហារ និងជំនួយផ្សេងៗទៀតអាចរកបានសម្រាប់អ្នក។

១០. Check-in ឥវ៉ាន់របស់អ្នកក្រោយគេ ដើម្បីទទួលបានវាមុនគេក្រោយការហោះហើររបស់អ្នក

បន្ទាប់ពីការធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោង អ្វីដែលយើងធ្វើចុងក្រោយគឺកំពុងរង់ចាំឥវ៉ាន់របស់យើង។ ល្បិចមួយដើម្បីជៀសវាងការរង់ចាំយូរ គឺការ check-in ឥវ៉ាន់របស់អ្នកចុងក្រោយគេ ដើម្បីបានវាមកវិញមុនគេនៅពេលអ្នកមកដល់។ ចងខ្សែចំណាំនៅលើឥវ៉ាន់របស់អ្នកដើម្បីសម្គាល់វាពីរបស់អ្នកដទៃ ឬទិញវ៉ាលីដែលមើលទៅភ្លឺនិងឆើតឆាយដែលអាចចាប់ភ្នែកអ្នកបាន។ អ្នកអាចចៀសវាងការរង់ចាំឥវ៉ាន់របស់អ្នកយូរដោយការរៀបចំជាមុនបែបនេះ៕

អត្ថបទល្អផ្សេងទៀត៖ ជាមួយនឹងគំនិតនេះ មិនថាមានបញ្ហាយ៉ាងណានោះទេ អ្នកដំណើរនឹងនៅតែមានសុវត្ថិភាពពីការធ្លាប់យន្តហោះ!

ថ្វីត្បិតតែករណីយន្តហោះមិនមានជាករណីសាមញ្ញដែលកើតឡើងច្រើនដូចគ្រោះថ្នាក់លើផ្លូវសាធារណះក៏ដោយ វានៅតែជាកង្វល់យ៉ាងធំសម្រាប់គមនាគមន៍ជើងអាកាស ដោយសារតែរៀងរាល់ពេលយន្តហោះមានបញ្ហាធ្លាក់ចុះម្តងៗ កម្រណាស់ដែលមនុស្សនៅលើនោះមានជីវិតរស់នៅ។

ដោយសារតែឃើញបញ្ហាបែបនេះហើយទើបបានជាមានហេតុផលមួយជម្រុញអោយក្រុមវិស្វករជនជាតិអ៊ុយក្រែនមួយក្រុមសម្រេចចិត្តរុករកបច្ចេកវិទ្យាឌីស្សាញថ្មីមួយ ដើម្បីជាដំណោះស្រាយបញ្ហានេះ។

ជាមួយនឹងគំនិតដែលឌីស្សាញគួរអោយចាប់អារម្មណ៍មួយនេះ ពួកគេបានធ្វើអោយទូកាប៊ីនសម្រាប់អ្នកដំណើរអង្គុយនោះអាចដោះចេញពីក្បាលយន្តហោះបាន។ មានន័យថា ប្រសិនជានៅក្នុងករណីអាសន្នខ្លាំងណាមួយដែលអាចធ្វើអោយយន្តហោះធ្លាក់ចុះបាននោះ ទូកាប៊ីនអ្នកដំណើរអាចទម្លាក់ចុះមកក្រោយបាន ជាមួយនឹងការការពារដោយឆ័ត្រយោង និងពោងការពារការលេចចូលក្នុងសមុទ្រ។

ការធ្វើបែបនេះគឺដើម្បីការពារការផ្ទុះឆេះប្រសិនជាយន្តហោះទាំងមូលត្រូវបានធ្លាក់ចុះមកទន្ទឹមគ្នា ដូចគ្នាយន្តហោះទូទៅធម្មតា។ ថ្វីបើគំំនិតនេះមើលទៅគួរអោយចាប់អារម្មណ៍ខ្លាំង ប៉ុន្តែវាមិនទាន់ត្រូវបានផលិតចេញជារូបរាង រឺសាកល្បងជាផ្លូវការអ្វីមួយឡើយ ព្រោះថាទាក់ទងនឹងលុយចំនាយក្នុងការធ្វើអាចមានចំនួនច្រើន។

ទោះជាយ៉ាងណាក៏ដោយ គំនិតនេះអាចជារបកគំហើញដ៏ល្អមួយសម្រាប់អោយអ្នកវិទ្យាសាស្ត្រជំនាន់ក្រោយយកទៅសិក្សាបន្ត និងធ្វើអោយចេញជារូបរាងបាន៕

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង