ផ្លាស់ប្តូរទម្លាប់របស់អ្នកដោយមិនចាំបាច់ពឹងផ្អែកលើអំណាចនៃចិត្ត
Connect with us

បែបផែនជីវិត

ផ្លាស់ប្តូរទម្លាប់របស់អ្នកដោយមិនចាំបាច់ពឹងផ្អែកលើអំណាចនៃចិត្ត

អំណាចនៃចិត្តមានន័យថាការជម្នះទឹកចិត្តខ្លួនឯងដើម្បីនរណាម្នាក់ ឫអ្វីមួយ។ 

នៅពេលដែលយើងអាចឆ្លងផុតដំណាក់កាលណាមួយនៃជីវិត ដោយមិនបោះបង់ ហើយទទួលបាន​ភាព​ជោគជ័យទៀតនោះ វាគឺជារឿងមួយដែលគួរអោយស្ញើចសរសើរ។ ភាពជោគជ័យមិនងាយស្រួលទទួល​បាននោះទេ វាត្រូវការលក្ខណៈពិសេសអ្វីមួយពីមនុស្សម្នាក់។ ពេលខ្លះយើងប្រហែលជាជួបប្រទះនូវរឿងដែលយើងមិនចង់ធ្វើ តែយើងត្រូវតែធ្វើអោយបាន។ ​ពេល​នោះហើយដែលយើងត្រូវប្រើប្រាស់អំណាចនៃចិត្តដើម្បីយកឈ្នះចិត្តខ្លួនឯង ដើម្បីសម្រេចរឿងនោះអោយ​បានមួយគ្រាសិន។ 

អ្វីដែលជាបញ្ហាចោទនោះគឺ យើងតែងតែប្រើប្រាស់អំណាចនៃចិត្តម្តងហើយម្តងទៀត ដើម្បីផ្លាស់ប្តូរទម្លាប់​ ឫការគិតរបស់យើង។ អំណាចនៃចិត្តប្រៀបបានទៅនឹង ទឹកបរិសុទ្ធមួយដងអញ្ជឹង។ នៅពេលដែល​យើ​ង​ប្រើប្រាស់វាច្រើនពេក វានឹងអស់ពីដប ហើយដើម្បីអោយវាបានមកវិញត្រូវចំណាយពេលយូរទៀត។

ការផ្លាស់ប្តូរ និងការប្រែប្រួល

ដើម្បីផ្លាស់ប្តូរទម្លាប់ណាមួយក្នុងជីវិតរបស់យើង ដែលយើងគិតថាវាមិនល្អ ឫមិនសាកសមនោះ ​យើង​ត្រូវ​មាន​​ផែនការច្បាស់លាល់។ នៅពេលដែលយើងមានផែនការហើយ យើងត្រូវដាក់ចិត្តធ្វើតាម​ដើម្បី​ទទួល​បាន​លទ្ធផល។ នៅពេលដែលយើងបរាជ័យ យើងរកផែនការមួយទៀត។ វាប្រៀបបានទៅដូចទៅនឹងរឿង​ស្នេហា និងរកស៊ីអញ្ជឹងដែរ។ ប្រសិនបើយើងបរាជ័យ យើងនឹងរកដៃគូម្នាក់ទៀត និងអាជីវកម្មថ្មីមួយទៀត​។

ជារឿយៗ យើងតែងតែប្រើប្រាស់អំណាចនៃចិត្តដើម្បីយកឈ្នះចិត្តខ្លួនឯង ក្នុងការធ្វើរឿងមួយខាងលើ។ យើងប្រើបា្រស់អំណាចនៃចិត្តដើម្បីផ្លាស់ប្តូរទម្លាប់ក្នុងជីវិតជាបណ្តោះអាសន្ន ដែលមិនអាចឈានទៅ​រក​ការប្រែប្រួលយ៉ាងពិតប្រាកដមួយ។ 

ពាក្យថាផ្លាស់ប្តូរមានន័យបង្កប់ន័យថាដែលងាយស្រួលក្នុងការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរវាងាយស្រួល​ណាស់ យើងគ្រាន់តែខាំមាត់សង្កត់ចិត្ត ដើម្បីយកឈ្នះចិត្តខ្លួនឯងមួយគ្រានោះយើងអាចផ្លាស់ប្តូរ​បាន​ហើយ។ នៅពេលរឿងដដែលកើតឡើង​ម្តងទៀត យើងគ្រាន់តែធ្វើវាឡើងវិញម្តងទៀតជាការស្រេច។

ការប្រែប្រួល ស្រដៀងទៅនឹងការផ្លាស់ប្តូរដែរ តែលក្ខណៈពិសេសរបស់វាគឺមានលក្ខណៈអចិន្ត្រៃយ៍។ នៅពេលដែលយើងទទួលបានការបំរែបំរួលហើយ យើងមិនអាចត្រឡប់ទៅដូចដើមទេ លុះត្រាតែ​យើងឆ្លង​កាត់ការបំរែបំរួលមួយទៀត។

តើយើងធ្វើការប្រែប្រួលដូចម្តេច?

ដើម្បីធ្វើការប្រែប្រួលអោយបាន មានទាក់ទងទៅនឹងផ្នែកមួយនៃខួរក្បាលរបស់យើងដែលគេហៅថា basal ganglia ផ្ទះរក្សាទុកទម្លាប់របស់យើង។ វាជាកន្លែងដែលរក្សាទុកនូវរាល់សកម្មភាព និងអាកប្បកិរិ​យារបស់យើង ដែលខួរក្បាលរបស់យើងគិតថាវាមានប្រយោជន៍ក្នុងការក្សាទុក។ អ្នកស្រាវជ្រាវបាននិយាយថាដើម្បីរក្សាទុកទម្លាប់ណាមួយ basal ganglia ត្រូវការរយៈពេល ២១ថ្ងៃ ៦០ថ្ងៃ ៩០ថ្ងៃ ឫអាចយូរជាងនេះ​ក៏ថាបាន។  ប៉ុន្តែនៅពេលដែលយើងប្រើប្រាស់អំណាចនៃចិត្តដើម្បីជម្នះ​ចិត្តខ្លួនឯង វាដូចជាធ្វើការប្រឆាំងមិនអោយការរក្សាទុកទម្លាប់នោះកើតឡើង។

ខួរក្បាលយើងមិនមែនចាំតែស្តាប់យើងបញ្ជានោះទេ។ នៅពេលដែលយើងធ្វើរឿងដដែលច្រើនពេក ខួរ​ក្បាល​បញ្ជាមកយើងវិញដើម្បីឈប់ធ្វើរឿងនោះជាដាច់ខាត។

ធ្វើការជាមួយខួរក្បាល

ខួរក្បាលងាយស្រួលធ្វើការជាមួយយើងណាស់ ប្រសិនបើយើងធ្វើតាមវិធីត្រឹមត្រូវ។ ដើម្បីរក្សាទុក​សកម្មភាព ឫអាកប្បកិរិយា ទៅក្នុង basal ganglia យើងត្រូវតែធ្វើរឿងណាដែលយើងចង់ធ្វើអោយ​បាន​ញឹកញាប់។ អ្វីដែលយើងចង់រក្សាទុកគឺមិនមែកសកម្មភាពដែលយើងធ្វើដដែលនោះទេ តែគឺសកម្មភាព​ដែលយើងចង់ធ្វើ និងពិតជារីករាយក្នុងការធ្វើ។

ការស្វែងរអ្វីដែលយើងរីករាយក្នុងការធ្វើ គឺជាវិធីសាស្រ្តដ៏ល្អបំផុតដើម្បីរក្សាទម្លាប់នោះបានយូរអង្វែង​ នឹង​ទទួលបាននូវការប្រែប្រួលយ៉ាងពិតប្រាកដ។ វាមិនចាំបាច់អោយយើងធ្វើការជម្នះចិត្តដើម្បីធ្វើអ្វីដែលខ្លួន​មិនចង់ធ្វើនោះឡើយ។

វិធីដែលល្អបំផុត

មកដល់ចំនុចនេះ អ្នកប្រហែលជាឆ្ងល់ថាមានវិធីអ្វីអាចអោយយើងសម្រេចបានគោលដៅសម្រាប់​អនាគត។ វិធីដែលល្អបំផុតនោះគឺរៀនតាម និងធ្វើតាមបុគ្គលដែលទទួលបានភាពជោគជ័យ។ យើងគ្រាន់​តែសិក្សាពីវីធីសាស្រ្តតាមលំដាប់លំដោយដែលបុគ្គលជោគជ័យ មិនថាក្នុងរឿងស្នេហា ឫជំនួញ រួចអនុវត្ត​តាមវិធីទាំងនោះអោយខ្ជាប់ខ្ជួន។ ប៉ុន្តែបើវិធីទាំងនោះមិនអាចសម្រេចនូវគោលដៅរយៈពេលវែងរបស់​យើង ឫខុសពីវិធីសាស្រ្តដែលយើងរំពឹងថាអាចធ្វើបាននោះ យើងអាចជ្រើសរើសមិនធ្វើតាមបាន។ 

អញ្ជឹងហើយយើងអាចស្វែងរកវិធីសាស្រ្តដែលអ្នកចូលចិត្តមកធ្វើដោយខ្លួនឯង ដោយមិនចាំបាច់ជម្នះចិត្ត​ខ្លួនប្រើប្រាស់វិធីសាស្រ្តអ្នកដ៏ទៃដែលយើងមិនចង់ធ្វើតាម។ នៅក្នុងជីវិតមនុស្សលោក គ្មាននរណាម្នាក់​អាចសម្រេចគោលដៅណាមួយ ដោយប្រើប្រាស់វិធីដែលខ្លួនឯងមិនចង់ធ្វើនោះទេ។ 

អត្ថបទល្អផ្សេងទៀត៖ ទំលាប់អាក្រក់ទាំងនេះហើយដែលបំផ្លាញភាពឆ្លាតវ័យរបស់អ្នកដោយមិនដឹងខ្លួន

រឿងខ្លះៗដូចជាការជក់បារីនិងការផឹកស្រា ពិតជាប៉ះពាល់ដល់ការយល់ដឹង និងបង្អាក់សមត្ថភាពយល់ដឹងរបស់យើង។ ឧទាហរណ៍អ្នកប្រហែលជាមិនចង់ធ្វើតេស្ត IQ បន្ទាប់ពីរាត្រីមួយដែលទើបតែចេញការផឹកស៊ី ឬបារនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានទម្លាប់ជាច្រើនដែលយើងតែងតែធ្វើវាជារឿយៗ ហើយវាក៏ចូលរួមក្នុងការបន្ថយកម្រិតប្រាជ្ញារបស់យើងដោយមិនចាំបាច់ឱ្យយើងដឹងភ្លាមៗនោះឡើយ។

តួយ៉ាងភាពឆ្លាតវ័យរបស់មនុស្សយើងគឺខុសៗគ្នា ហើយក៏មានកត្តាជាច្រើនដែលប៉ះពាល់ដល់ភាពឆ្លាតវ័យទាំងនោះ ដូច្នេះថ្ងៃនេះអាណាចក្រចង់ប្រាប់មិត្តអ្នកអានខ្លះៗពីទំលាប់អាក្រក់ដែលធ្វើប៉ះពាល់ដល់គំនិតស្មារតី ភាពឆ្លាតវ័យ និងសុខភាពទាំងមូល។

១. ការដែលប្រើទូរស័ព្ទគ្រប់ពេលវេលា

យើងដឹងថាមនុស្សម្នាក់ៗសុទ្ធតែមានទូរស័ព្ទដៃកាន់ប្រើគ្រប់ៗគ្នា ព្រោះវាមានអត្ថប្រយោជន៏ច្រើនសម្រាប់យើងនៅពេលបច្ចុប្បន្ន ប៉ុន្តែយ៉ាងណាក្តី វានៅតែមានភាពមិនល្អមកជាមួយ ដូចជាការបង្អាក់ខាន និងកាត់បន្ថយកំរិតនៃភាពឆ្លាតវ័យរបស់យើង។ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ នៅទីក្រុង តិចសាស មួយបានបង្ហាញការពិសោធន៏រវាងមនុស្ស៨០០នាក់ ដែលមានទូរស័ព្ទ និងមនុស្សដែលមិនមានទូរស័ព្ទនៅពេលធ្វើតេស្ត។ លទ្ធផលគឺបង្ហាញថា មនុស្សដែលមិនមានទូរស័ព្ទជាប់ខ្លួន គឺអាចធ្វើបានល្អ ជាងអ្នកដែលមានទូរស័ព្ទជាប់ខ្លួន។ ដូច្នេះ ធ្វើឱ្យគេសន្និដ្ឋានថាទូរស័ព្ទពិតជាមានឥទ្ធិពលដល់ភាពឆ្លាតវ័យរបស់យើងមែន។ ទូរស័ព្ទវាធ្វើឱ្យយើងទំលាប់ខ្លួនចុចវាមិនឈប់ ធ្វើឱ្យយើងញៀន និងតែងតែឆែកវាគ្រប់ពេល ដូច្នេះ ការដែលទុកវាចោលខ្លះបើមិនចាំបាច់គឺជារឿងល្អមួយ។

២. របបញ៉ាំអាហារ

យើងទាំងអស់គ្នាដឹងថារាងកាយនិងខួរក្បាលរបស់មនុស្សត្រូវការវីតាមីននិងសារធាតុរ៉ែមួយចំនួនដើម្បីលូតលាស់និងដំណើរការល្អបំផុត។ ខួរក្បាលលូតលាស់លឿនបំផុតក្នុងអំឡុងពេលបីឆ្នាំដំបូងនៃជីវិត ដូច្នេះប្រភេទអាហារដែលផ្តល់ឱ្យកុមារក្នុងដំណាក់កាលនេះធ្វើឱ្យមានផលប៉ះពាល់យូរអង្វែងលើខួរក្បាលរបស់កុមារ។

ដូច្នេះរបបអាហារសម្រាប់កុមារគឺសំខាន់ណាស់សម្រាប់កំរិតនៃភាពចេះដឹង និងភាពឆ្លាតវ័យរបស់គេ អ្នកស្រាវជ្រាវក៏បាននិយាយថា បើសិនជាអ្នកធ្វើការផ្លាស់ប្តូររបបអាហារនៅពេលគេធំឡើង កំរិតនៃ IQ នោះក៏តែទាបជាងអ្នកដែលមានរបបអាហារល្អតាំងពីដំបូងដែរ។

៣. ការធ្វើការងារច្រើនក្នុងពេលតែមួយ

អ្នកខ្លះប្រហែលជាមិនដឹងទេថា ការធ្វើការងារច្រើន ឬពីរ បីក្នុងពេលតែមួយពិតជាមានលើមនុស្សយើងមែន អ្នកខ្លះចាប់ការងារច្រើនដោយសារតែតំរូវការជីវិត ដូច្នេះ គេត្រូវធ្វើការងារច្រើនក្នុងពេលតែមួយ។ ជាការពិត ខួរក្បាលយើងមិនអាចផ្ដោតបានល្អនោះទេ បើសិនមានការងារច្រើន ឬមានការគិតច្រើនក្នុងពេលតែមួយ ព្រោះខួរក្បាលមនុសយើងមានកំណត់ បើគិតច្រើន ឬមានការងារច្រើនវាក៏ហត់ណាស់ដែរ។ អ្នកខ្លះទៀតគិតថា ធ្វើការងារច្រើននៅពេលតែមួយបែបនេះគឺលឿន ប៉ុន្តែមិនពិតទេ ការធ្វើការងារម្តងមួយទើបប្រសើរ និងលឿនជាងពិតមែន។

អ្នកស្រាវជ្រាវក៏បានបន្តថា ទោះការជក់បារី ឬការអត់គេង ក៏មិនបាត់បង់ធំធេងនៃកំរិតភាពឆ្លាតវ័យដល់ការធ្វើការងារនៅពេលតែមួយនេះដែរ។

៤. ការញ៉ាំជាតិស្ករច្រើន

យើងដឹងហើយថាស្ករមិនល្អសម្រាប់សុខភាពរបស់យើងទេ មិនត្រឹមតែសុខភាព វាក៏អាចប៉ះពាល់ដល់ភាពឆ្លាតវ័យរបស់យើងដែរ។ អ្នកស្រាវជ្រាវក៏បានធ្វើពិសោធន៏ទៅលើសត្វកណ្តុរផងដែរ ដោយដាក់ឱ្យវាស៊ីរបស់ដែលមានជាតិស្ករខ្ពស់ និងអាហារដែលមានអូមេហ្គា៣។ រវាងទាំងពីរប្រភេទ កណ្តុរដែលញ៉ាំជាតិស្ករច្រើនគឺធ្វើការមិនបានល្អដូចកណ្តុរក្រុមផ្សេងនោះទេ វាមិនចាំផ្លូវបានច្បាស់ឡើយ។

ដូច្នេះមនុស្សយើងក៏ដូចគ្នាដែរ យើងដឹងថាយើងត្រូវការជាតិស្ករខ្លះ ប៉ុន្តែយើងក៏មិនត្រូវញ៉ាំវាច្រើនពេកដែរ យើងត្រូវចេះរើសប្រភេទអាហារញ៉ាំ ដូចជាផ្លែឈើដែលមិនសូវមានជាតិផ្អែម ឬញ៉ាំបន្លែជំនួសវិញក៏ប្រសើរដែរ។

. ការបើកបរហួសច្រើនពេក

ចំណុចមួយនេះប្រាកដជាផ្ដល់ការភ្ញាក់ផ្អើលដល់អ្នកជាមិនខាន ព្រោះមិនសូវមានអ្នកនិយាយពីវាឡើយ ដែលថាការបើកបរអាចប៉ះពាល់ដល់កំរិតប្រាជ្ញារបស់យើង។ ការបើកបរលើសពី ២ម៉ោងឡើងទៅជារៀងរាលើថ្ងៃ វាពិតជាកាត់បន្ថយភាពឆ្លាតវ័យ ក៏ដូចជាកំរិតនៃការគិតរបស់យើងដែរ។ ក្នុងចំណោមអ្នកធ្វើតេស្ត ៥០០០០០ នាក់ មាន៩៣០០០ នាក់ដែលតែងតែបើកឡានជាញឹកញាប់ ឬបើកឡានច្រើនម៉ោង ពិតជាមានការថយចុះនៃកំរិត IQ ពិតមែន។

ជាចុងក្រោយផងដែរ បើអ្នកមានទំលាប់ទាំងប្រាំ ឬមួយណាក្នុងចំណោមប្រាំនោះ អ្នកអាចធ្វើការផ្លាស់ប្តូរបន្តិចម្តងៗ ហើយជ្រើសរើសជីវិតមួយដែលត្រឹមត្រូវ ដែលមានសុខភាពល្អ ការផ្លាស់ប្តូរអាហារ ការទំលាប់ធ្វើការងារផ្សេងៗ ព្រោះវានឹងជួយដល់ការគិត គំនិតស្មារតី ភាពឆ្លាតវ័យ និងសុខភាពយើងទាំងមូលផងដែរ៕

មតិយោបល់

ពេញនិយម