បើចង់អោយមិត្តភាពគង់វង្សយូរអង្វែង ត្រូវជៀសអោយបានរឿងទាំង៦នេះ!
Connect with us

គួរដឹង

បើចង់អោយមិត្តភាពគង់វង្សយូរអង្វែង ត្រូវជៀសអោយបានរឿងទាំង៦នេះ!

ចង់រាប់អានមិត្តមិនមែនជារឿងពិបាកនោះទេ ប៉ុន្តែចង់រាប់អានមិត្តភក្តិដែលល្អ ចេះស្រលាញ់យល់ទុក្ខធុរះគ្នាទើបជារឿងពិបាក។ លើសពីនេះទៅទៀត ចង់រក្សាមិត្តភាពមួយអោយគង់វង្សរឹតតែពិបាកទៅទៀត។

ប្រសិនជាអ្នកមានមិត្តល្អម្នាក់ដែលអ្នកអាចទុកចិត្តបាន ហើយអ្នកចង់រក្សាគេទុកជាមិត្តដល់យូរអង្វែង រឿងខាងក្រោមទាំង៦នេះជារឿងដែលអ្នកគួរតែជៀសវាងអោយបាន៖

១. កុំលាក់រឿងក្នុងចិត្ត

មនុស្សពីរនាក់រាប់អានគ្នា តែងតែអាចមានរឿងអាក់អន់ស្រពន់ចិត្តនឹងគ្នា ទោះតិចរឺធំក្តី តែទោះជាយ៉ាងណាក៏ដោយ រឿងទាំងនោះមិនគួរត្រូវបានលាក់ទុកក្នុងចិត្តមិននិយាយទៅកាន់គ្នានោះទេ ព្រោះថាការធ្វើបែបនេះនឹងកើតជាកូនចិត្តតូចមួយដែលអាចធ្វើអោយមិត្តភាពរបស់អ្នកលែងដូចមុន។

២. កុំយករួចខ្លួនពេលមិត្តល្អមានទុក្ខ

ប្រសិនជាតាំងចិត្តរាប់គ្នាជាមិត្តទៅហើយ អ្នកមិនគួរអត្មានិយមយកសុខតែម្នាក់ឯងនៅពេលដែលមិត្តភក្តិមានទុក្ខនោះទេ។ ថ្វីត្បិតតែអ្នកប្រហែលជាមិនអាចជួយអ្វីបានច្រើននៅពេលដែលគេមានបញ្ហា យ៉ាងហោចណាស់ក៏អ្នកអាចជួយយកអាសារជាទឹកចិត្ត រឺកម្លាំងកាយបានដែរ។

៣. ដឹងពីទីកន្លែងដែលអ្នកឈរ

ថ្វីត្បិតតែមិត្តភាពជារឿងសំខាន់ ប៉ុន្តែអ្នកក៏ត្រូវគោរពពេលវេលា និងឋានះរបស់អ្នកដទៃចំពោះមិត្តរបស់អ្នកផងដែរ។ ជួនកាល អ្នកត្រូវដឹងថាពេលណាអ្នកត្រូវទុកពេលផ្ទាល់ខ្លួនអោយមិត្តអ្នកចំនាយជាមួយមនុស្សជាទីស្រលាញ់របស់គេ។ ធ្វើបែបនេះបង្ហាញថាអ្នកជាមិត្តដែលយល់កាលះទេសះ។

៤. កុំច្រណែនពេលមិត្តខ្លួនល្អជាង

មិត្តភក្តិ គួរតែសប្បាយចិត្តនៅពេលមិត្តរបស់ខ្លួនផ្សេងទៀតទទួលបានផលល្អ ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្តើមមានកូនចិត្តលួចច្រណែននឹងមិត្តរបស់ខ្លួននៅពេលដែលគេមានរឿងល្អនោះ អ្នកប្រហែលជាមិនសូវអោយតម្លៃមិត្តភាពស្មើនឹងមហិជ្ជតារបស់អ្នកទេ។

៥. កុំកាត់ផ្តាច់ទំនាក់ទំនងសោះ

មិនថាអ្នកនឹងមិត្តរបស់អ្នកស្និតនឹងគ្នាយ៉ាងណាក៏ដោយ ដើម្បីអោយទំនាក់ទំនងមិត្តភាពមួយនេះនៅបានយូរអង្វែង អ្នកគួរតែឧស្សាហ៍មានការជួបជុំគ្នា រឺក៏មានការទាក់ទងទៅគ្នាជារឿយៗ។ ការដែលមិនមានទំនាក់ទំនងនឹងគ្នាអ្វីសោះនឹងធ្វើអោយអ្នកលែងសូវមានអារម្មណ៍ជិតដិត។

៦. ព្យាយាមកុំលូកលាន់បញ្ហាហិរញ្ញវត្ថុរវាងគ្នានឹងគ្នា

ពាក្យដែលគេចំនាំនិយាយជារឿយៗនោះគឺ “លុយមិនស្គាល់មនុស្ស”។ មានមិត្តភក្តិជាច្រើនដែលបានបែកបាក់គ្នាដោយសារតែបញ្ហាលុយ ដូច្នេះបើអាចជៀសបាន អ្នកមិនគួរលូកលាន់រឿងហិរញ្ញវត្ថុរបស់គ្នាឡើយ៕

អត្ថបទល្អផ្សេងទៀត៖ បើអ្នកមានមិត្តភក្តិដែលមានចំនុចទាំង៦នេះ អ្នកដាច់ខាតត្រូវតែចាប់ពួកគេអោយជាប់!

មិត្តភក្តិល្អ គឺជាកាដូដ៏វិសេសវិសាលមួយដែលពិបាកនឹងរកបាន ប៉ុន្តែប្រសិនជាអ្នកមានហើយ វាប្រៀបនឹងអ្នកមានពិភពលោកទាំងមូលក្នុងដៃអញ្ចឹងដែរ ព្រោះថាពួកគេនឹងអាចនៅតាមជួយអ្នក និងនៅក្បែរអ្នកគ្រប់ពេលវេលា។

ប៉ុន្តែតើមិត្តភក្តិល្អជាមិត្តភក្តិរបៀបណា? ប្រសិនជាមិត្តរបស់អ្នកមានចំនុចទាំង៦នេះ ពួកគេជាមិត្តល្អដែលត្រូវរក្សាទុកហើយ។ ចំនុចទាំងនេះបានដូចជា៖

១. និយាយត្រង់ សុខចិត្តអោយអ្នកស្អប់

សម្រាប់មនុស្សដែលចង់អោយមិត្តរបស់ខ្លួនបានល្អ ពួកគេច្រើនតែជាមនុស្សដែលចូលចិត្តនិយាយត្រង់ នៅពេលដែលពួកគេមិនពេញចិត្តអ្វី រឺឃើញអ្វីមួយមិនប្រក្រតីកើតឡើងចំពោះមិត្តខ្លួន បើទោះបីជាគេដឹងថានិយាយអញ្ចឹងទៅធ្វើអោយគេស្អប់ក៏ដោយ។

២. សប្បាយចិត្តនឹងដំណឹងល្អរបស់អ្នក ទោះបីជាគេគ្មានចំនែកក៏ដោយ

ចំនុចមួយទៀតនៃមិត្តភក្តិល្អគឺថាពួកគេតែងតែសប្បាយចិត្តនឹងដំណឹងល្អរបស់អ្នក ទោះបីជាគេគ្មានចំនែកក៏ដោយនៅក្នុងនោះក៏ដោយ។ ការរាប់អានស្រលាញ់អស់ពីចិត្តគឺបង្ហាញនៅពេលដែលអ្នកមានអ្វីគ្រប់យ៉ាង ប៉ុន្តែផ្ទុយពីច្រណែននឹងភាពជោគជ័យរបស់អ្នក គេបែរជាអបអរជាមួយអ្នកវិញ។

៣. មិនរត់ចោលអ្នកនៅគ្រាលំបាក

ប្រសិនជាអ្នកចង់ដឹងមិត្តភក្តិរបស់អ្នកមាននោះល្អរឺអត់ អ្នកត្រូវមើលថាតើគេរត់ចោលអ្នករឺអត់នៅពេលដែលអ្នកត្រូវការជំនួយ។ មិត្តភក្តិល្អគឺមិត្តភក្តិដែលមិនទៅណាចោលអ្នកនៅគ្រាដែលអ្នកលំបាកបំផុត ព្រោះបើទោះបីជាគេមិនអាចជួយអ្វីបាន ក៏គេអាចផ្តល់ជាយោបល់ និងកម្លាំងចិត្តផងដែរ។

៤. ដឹងពីព្រំដែនរបស់ពួកគេមកកាន់អ្នក

មិនថាមិត្តភក្តិជិតស្និទនឹងគ្នាយ៉ាងណាក៏ដោយ ពួកគេត្រូវតែដឹងអោយច្បាស់ថាអ្វីទៅជារបស់អ្នក រឺគេ។ មិត្តដែលល្អគឺជាមិត្តភក្តិដែលដឹងថាគឺពួកគេគួរឈរនៅកន្លែងណា។ ហេតុផលគឺដោយសារតែគេគោរពអធិបតេយ្យភាពរបស់អ្នក។

៥. ចាំលើកទឹកចិត្ត និងដាស់តឿនអ្នក

បើអ្នកមានមិត្តដែលចាំលើកទឹកចិត្ត និងដាស់តឿនអ្នកគ្រាប់កាលៈទេសៈមិនថាអ្នកកំពុងតែធ្វើអ្វី រឺគិតអ្វី គេនោះហើយជាមិត្តល្អដែលអ្នកត្រូវថែរក្សា។

៦. អោយអ្នកដោយមិនគិតពីការទទួលពីអ្នកវិញ

មិត្តល្អគឺជាមិត្តដែលអោយអ្នកដោយមិនគិតពីការទទួលពីអ្នកវិញឡើយ ព្រោះប្រសិនជាពួកគេអាចធ្វើដូចនេះ វាបញ្ជាក់ថាពួកគេមិនមែនមើលឃើញប្រយោជន៍អ្នកទើបពួកគេនៅជាមួយអ្នកនោះឡើយ៕

មតិយោបល់

ពេញនិយម