តារាងកំណត់ពេលវេលាដើម្បីអោយកូនរបស់អ្នកគេងដោយសុខភាពល្អនិងឈ្លាសវៃ!
Connect with us

គួរដឹង

តារាងកំណត់ពេលវេលាដើម្បីអោយកូនរបស់អ្នកគេងដោយសុខភាពល្អនិងឈ្លាសវៃ!

ប្រសិនបើអ្នកមានកូនតូច អ្នកប្រហែលជាពិបាកក្នុងការកំណត់ពីពេលវេលាជាក់លាក់ណាមួយសំរាប់កូនតូចរបស់អ្នកចូលគេង។ ប្រសិនបើអ្នកឆាប់អោយកូនរបស់អ្នកគេងលឿនពេក នោះពួកគេមិនងាយគេងឡើយដោយសារតែពួកគេមានកំលាំងពេញខ្លួន ប៉ុន្តែប្រសិនអ្នកយឺតយ៉ាវអោយកូនរបស់អ្នកចូលគេង នោះពួកគេនឹងធ្វើទុក្ខ យំ រំអុកអ្នកពេញមួយថ្ងៃក៏មាន។ 

ហើយប្រសិនបើអ្នកជាលោកប៉ាអ្នកម៉ាក់ដែលត្រូវប្រកបការងារទៀតនោះ វាកាន់តែពិបាកសំរាប់អ្នកក្នុងការរៀបចំពេលវេលាគេងរបស់កូនតូចរបស់លោកអ្នក។

ប៉ុន្តែពេលនេះអ្នកនឹងលែងមានបញ្ហាបែបនេះទៀតហើយ។ សាលា Wilson Elementary School នៅ  Kenosha, Wisconsin បានបង្ហាញពីតារាងពេលវេលាសំរាប់ដោះស្រាយបញ្ហាដែលអ្នកម្តាយទាំងអស់ជួបប្រទះ។

តារាងនេះផ្អែកទៅតាម អាយុ និងពេលវេលាដែលក្មេងត្រូវងើបឡើង។ ឧទាហរណ៍ថាអ្នកមានកូនអាយុ ៦ឆ្នាំ ដែលត្រូវងើបឡើងនៅ ម៉ោង ៦ ៣០នាទីនៅពេលព្រឹក អញ្ចឹងតារាងនេះនឹងបង្ហាញថា កូនរបស់អ្នកត្រូវចូលគេងនៅម៉ោង ៧ ៣០នាទីយប់។ ប៉ុន្តែ ក្មេងអាយុ ១១ឆ្នាំ ដែលត្រូវភ្ញាក់ឡើងនៅម៉ោង ៦ ៣០នាទីព្រឹក អាចចូលគេងនៅម៉ោង ៨ ៤៥នាទីយប់បាន។

យោងតាមការណែនាំនេះ ក្មេងអាយុចន្លោះពី ៣ ទៅ ៥ឆ្នាំ គួរតែគេងអោយបាន ១០ ទៅ ១៣ម៉ោង ក្នុងមួយថ្ងៃ ហើយក្មេងដែលមានអាយុចន្លោះពី ៦ ទៅ ១២ ឆ្នាំ អាចគេងបាន ៩ ទៅ ១២ម៉ោងក្នុង១ថ្ងៃបាន។

តាមការសិក្សារបស់អ្នកជំនាញផ្សេងទៀតបានបញ្ជាក់ថា ក្មេងដែលឆាប់ចូលគេង មានជីវិតដែលមានសុខភាពល្អប្រសើរជាងមុន ហើយឪពុកម្តាយរបស់ពួកគេក៏អាចមានសុខភាពផ្លូវចិត្តបានល្អជាងមុនបើប្រៀបធៀបទៅនឹងឪពុកម្តាយដែលគ្មានក្មេងដែលគេងមិនបាន។ លើសពីនេះទៀតការដែលអោយកូនរបស់អ្នកចូលគេងមុនម៉ោង ៨ ៣០នាទីយប់ អាចជួយអោយក្រុមគ្រួសារទាំងមូលអាចសម្រាកបានច្រើន និងមានតុល្យភាពក្នុងគ្រួសារ និងការរស់នៅ។

អត្ថបទល្អផ្សេងទៀត៖ វិធីបង្រៀនកូនក្មេងអោយឆាប់ចេះនិយាយ!

ឪពុកម្តាយឥឡូវប្រហែលជាមានការព្រួយបារម្ភច្រើនទាក់ទងនឹងការចេះនិយាយរបស់កូនតូចរបស់ខ្លួន ដោយសារតែកូនក្មេងសម័យបច្ចុប្បន្ននេះភាគច្រើនតែងកម្រចេះនិយាយ បើប្រៀបធៀបនឹងកូនដែលកើតពីជំនាន់មុនៗ។

ហេតុផលធំមួយដែលបណ្តាលមកមានបញ្ហានេះ គឺដោយសារតែឪពុកម្តាយខ្លះមិនសូវចំនាយពេលជាមួយកូនរបស់ខ្លួនគ្រប់គ្រាន់នោះទេ ប៉ុន្តែបែរជាអោយកូនរបស់ខ្លួនជក់ជាមួយការមើលវីដេអូក្នុងទូរស័ព្ទ ឬលើអ៊ីនធឺណែតផ្សេងៗទៅវិញ។

សម្រាប់អ្នកដែលមានបញ្ហាកូនមិនទាន់ចេះនិយាយ ខណះដែលពួកគេមានអាយុរាងច្រើនទៅហើយនោះ អ្នកអាចសាកល្បងវិធីធំៗទាំង៦នេះបាន ដើម្បីទទួលបានប្រសិទ្ធិភាព ដោយក្នុងនោះមានដូចជា៖

១. ចាប់ផ្តើមនិយាយទៅកាន់កូនអោយបានច្រើនជាងមុន

ការនិយាយសន្ទនាជាមួយកូនគឺជាកត្តាជម្រុញដ៏សំខាន់មួយសំរាប់អោយកូនរបស់អ្នកឆាប់ចេះនិយាយ ព្រោះថានៅពេលដែលអ្នកចំនាយពេលនិយាយជាមួយពួកគេ ពួកគេនឹងរៀនចេះពាក្យច្រើនពីការសន្ទនានោះ។

២. នៅពេលដែលពួកគេចេះមួយពាក្យៗ ចាប់ផ្តើមចាប់ពាក្យពីរបីម៉ាត់ចូលបន្ថែមទៀត

វិធីម្យ៉ាងទៀតនៅក្នុងការផ្ចុងផ្តើមកូនអោយឆាប់ចេះនិយាយ គឺតាមរយះការបន្ថែមពាក្យទៅអោយពួកគេ។ ជាទូទៅ ក្មេងចាប់ផ្តើមដោយពាក្យតែមួយម៉ាត់ប៉ុណ្ណោះ ដូច្នេះហើយនៅពេលដែលពួកគេចេះប្រើពាក្យទាំងនោះហើយ អ្នកគួរតែឧស្សាហ៍បន្ថែមពាក្យថ្មីដើម្បីបង្រៀនអោយពួកគេចេះប្រើរួមគ្នា។

៣. បង្រៀនពាក្យពួកគេ ដោយអ្នកនិយាយដដែលៗជាមួយនឹងពាក្យនោះ

ដើម្បីអោយកូនក្មេងឆាប់ចាប់បានពាក្យដែលអ្នកបង្រៀន អ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ពាក្យនោះជាមួយពួកគេម្តងហើយម្តងទៀត ដើម្បីអោយពាក្យទាំងនោះចងចាំនៅក្នុងខួរក្បាលរបស់ពួកគេ។

៤. លេងល្បែងផ្សេងៗជាមួយកូន

វិធីដែលជួយអោយកូននិយាយបានច្រើនផងនោះ គឺតាមរយះការលេងល្បែងផ្សេងៗជាមួយកូន ជៀសវាងអោយពួកគេប្រើប្រាស់តែប្រព័ន្ធអេឡិចត្រូនិច។ ការធ្វើដូចនេះ អាចនឹងជួយបង្វែរចំណាប់អារម្មណ៍របស់កូនអោយចង់ព្យាយាមនិយាយមកកាន់អ្នក ដើម្បីលេងជាមួយអ្នកកាន់តែច្រើនទៀត។

៥. សួរជាសំនួរទៅកាន់កូនជាប្រចាំ

វិធីមួយទៀតដើម្បីបង្ខំអោយកូនឆាប់ចេះនិយាយគឺ ការសួរសំនួរជាប្រចាំដដែលៗទៅកាន់កូន ព្រោះការធ្វើដូចនេះនឹងធ្វើអោយកូនរបស់អ្នកទម្លាប់ត្រចៀកទៅនឹងសំនួរទាំងនោះ ហើយធ្វើអោយពួកគេរៀនឆ្លើយនឹងអ្នកទៀតផង។

៦. ប្រើប្រាស់សម្ភារះផ្សេងៗនៅពេលបង្រៀនកូន

ការប្រើប្រាស់ឧបករណ៍ រឺសម្ភារះផ្សេងៗមកបង្រៀនកូនក្នុងការនិយាយជារឿងដែលមានប្រសិទ្ធិភាពមួយ ព្រោះការក្មេងឆាប់ចាប់បានអ្វីដែលអ្នកបង្រៀននៅពេលដែលពួកគេមើលឃើញពីរបស់នោះ ជាជាងនៅពេលដែលអ្នកគ្រាន់តែនិយាយមាត់ ព្រោះខួរក្បាលរបស់ពួកគេមិនទាន់ចេះស្ទាត់ដូចមនុស្សធំនោះឡើយ៕

មតិយោបល់

ពេញនិយម