ព្រឺសម្បុរពេលដឹងជំនឿរបស់ប្រជាពលរដ្ឋខ្មែរលើ “ម្រេញគង្វេល” ដែលមានឥទ្ធិពលដល់ពេលបច្ចុប្បន្ន!
Connect with us

គួរដឹង

ព្រឺសម្បុរពេលដឹងជំនឿរបស់ប្រជាពលរដ្ឋខ្មែរលើ “ម្រេញគង្វេល” ដែលមានឥទ្ធិពលដល់ពេលបច្ចុប្បន្ន!

ម្រេញគង្វាល ក្នុងជំនឿខ្មែរបច្ចុប្បន្នជាការចាំបាច់ដែលទំនៀមទម្លាប់ប្រពៃណី ដែលជានិមិត្តរូបនៃអត្តសញ្ញាណរបស់ ប្រជាជនត្រូវ រក្សាទុក នូវលក្ខណៈដើមឲ្យបានគង់វង្ស ជាពិសេសក្នុងខណៈមួយដែលសង្គមជាតិ ស្ថិតក្នុងស្ថានភាពវិវត្តន៍ យ៉ាងឆាប់រហ័សដោយសម័យទំនើប ក៏បណ្ដាលឲ្យមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ 

ដូច្នេះហើយបានជាយើងសូម ធ្វើការកត់សម្គាល់មួយចំនួនលើ បញ្ហាពាក់ព័ន្ធទៅនឹងជំនឿ ម្រេញគង្វាលខ្មែរ ដែលជាប្រភេទខ្មោចព្រៃមួយប្រភេទ ថែរក្សាហ្វូងសត្វដំរី ដែលសព្វថ្ងៃបានក្លាយទៅជាអ្នកថែរក្សាផ្ទះសម្បែងទ្រព្យសម្បត្តិទៅវិញ ព្រមទាំង ការប្រែប្រួលទម្រង់ដើមខ្លះៗ មកពីរបត់សង្គម។ គឺភាពខុសប្លែកខ្លះៗនេះហើយ ដែលគប្បីយើងត្រូវកត់សម្គាល់ដើម្បី ទុកជាទិន្នន័យ ប្រវត្តិសាស្ត្រសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយ។

ជារៀងរាល់ពេលដែល យើងចូលទៅតាមស្រុកភូមិ មិនថានៅទីក្រុង ឬនៅខេត្តទេ យើងតែងតែឃើញនៅមុខ ផ្ទះរបស់អ្នកស្រុក ភូមិ នូវវត្តមានរបស់ ខ្ទម មួយធ្វើអំពីឈើ ឬស្បូវដែលជាលំនៅស្ថានរបស់ម្រេញកង្វាល។ ហើយជានិច្ចកាលម្ចាស់ផ្ទះសែនព្រេន ចំណីដូចជា ស្កគ្រាប់ និង ទឹក ជាដើម ដោយមានជំនឿថា ម្រេញកង្វាល នឹងផ្តល់ចំពោះ គេនូវសេចក្តីសុខសេចក្តី ចម្រើនពុំខាន ។
 
តាមការសង្កេតរបស់យើង ក្នុងខេត្តមួយចំនួន ការដែលប្រជាជនខ្មែរ សព្វថ្ងៃនាំគ្នាគោរពបូជាម្រេញកង្វាល សឹងតែគ្រប់ផ្ទះទាំងអស់ ហើយទង្វើនេះពុំធ្លាប់មានពីមុនទាល់តែសោះ។ មានន័យថា ជំនឿនេះបានឆ្លើយតបនឹងតម្រូវការនៃស្ថានភាពសង្គម ជាក់ស្តែង ក្នុងកាលៈទេសៈ បច្ចុប្បន្នដែលប្រជាជនខ្មែរ ច្រើនតែផ្តោតលើវិស័យសេដ្ឋកិច្ច ជាអត្ថិភាពជាងកត្តាផ្សេងៗទៅទៀត ។ 

តែយ៉ាងណាក៏ដោយ ក៏ជំនឿលើ “ម្រេញកង្វាល” របស់ ខ្មែរយើងគឺជាភស្តុតាងស្ដែងឲ្យឃើញយ៉ាងច្បាស់លាស់ ក្រៅពីលក្ខណៈ ជីវចលនិយមរបស់ទំនៀមទម្លាប់ប្រព័ន្ធមនោគមវិទ្យាសាសនារបស់ខ្មែរ ជុំវិញបរិបទសង្គម វប្បធម៌ ដែលអាចឆ្លុះបញ្ចាំងឲ្យឃើញនូវសម្ព័ន្ធភាពដ៏ស្អិតរមួតរវាងមនុស្សនឹងធម្មជាតិ ដែលជាប្រភពនៃសុភមង្គល គឺភាពសម្បូរសប្បាយដ៏ផូរផងនៃជីវិត។ 

តើអ្វីទៅជា “ម្រេញគង្វាល” ពាក្យនេះ មានអត្ថន័យយ៉ាងណាដែរ ?
កាលពីអតីតកាល ដ៏យូរលង់រហូតមកដល់បច្ចុប្បន្នភាព ទំនៀមទម្លាប់ជឿលើ “ម្រេញកង្វាល” ត្រូវវខ្មែរយើងប្រកាន់យកតៗគ្នា រហូតមកដូចជានៅក្នុងប្រទេសខ្មែរយើងក្ដី ឬប្រទេសថៃក្តី ជាពិសេសនៅក្នុងភូមិភាគឦសាន្តនៃប្រទេសនេះ ដែលធ្លាប់ជា ដែនដីខ្មែរយើងពីមុនមកក្ដី។

ម៉ោ្លះហើយជំនឿលើម្រេញគង្វាល ក៏ជាប់លាប់ក្នុងសង្គមខ្មែរជារៀងរហូត ហើយក្លាយទៅជាប្រពៃណីប្រចាំជាតិ ទោះបីមានប្រភពបែបពុទ្ធនិយមក៏ដោយ។ ដោយមានជំនឿទំនៀមទម្លាប់ដូនតាខាងលើនេះហើយបានជាមានការតំណាងជារូបសំណាក់ ដោយឧបកិច្ចនឹងជំនឿមួយចំនួនពាក់ព័ន្ធទៅលើ អច្ឆរិយវត្ថុ មួយចំនួនជាដើម។ ជាពិសេស ជំនឿលើមហិទ្ធិឬទ្ធិ របស់ “ម្រេញគង្វាល” ដែលមានលក្ខិណៈបុគ្គលដូចខាងក្រោម។ 

ប្រសិនបើគេដើរយប់តាមដងព្រៃ ភ្នំ ក្រំ ថ្ម គេរមែងតែជួបឃើញក្មេងតូចៗជិះពីលើខ្នងដំរី។ ក្មេងតូចល្អិតទាំងនោះ គឺជា ម្រេញគង្វាលដែលជាអ្នកឃ្វាល។ ដូចពោលខាងលើនេះ មានសារៈសំខាន់ណាស់ សម្រាប់ហ្វូងសត្វ ដំរី ឬហ្វូងសត្វ ដទៃៗ ឯទៀត ដូចជាគោព្រៃ ឬប្រើស ដោយសារតែពួកគេជាអ្នកបីបាច់ថែរក្សាហ្វូងសត្វទាំងឡាយ កុំឲ្យធ្លាក់ក្នុងអន្ទាក់របស់ពួក ព្រានព្រៃ។ 

តាមការចងចាំរបស់ចាស់ៗ នាទស្សវត្សរ៍ឆ្នាំ១៩៥០ ប្រភេទបិសាចនេះស្លៀកខោខ្លី លែងខ្លួនទទេ ក្បាលកោរទុកជុក មានទឹកមុខញញឹម ប្រិមប្រិយ៍ រីករាយសប្បាយដូចជាគ្មានកង្វល់អ្វីទាំងអស់។ ដោយសារតែលក្ខណៈ បុគ្គលទាំងនោះត្រូវគេប្រដូចទៅ នឹងហ្ម ឬអ្នកទាក់ដំរី ដ៏ពិសិដ្ឋ។

ដូច្នេះហើយ អ្វីដែលជាការគួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺរឿងរ៉ាវពាក់ព័ន្ធនឹងកំណប់ ភ្លុក ដែលហ្វូងដំរី ចាស់ៗ មុននឹងស្លាប់ បានកាច់បំបាក់ទុកនៅក្នុងរូងភ្នំ ដ៏អាថ៌កំបាំងមួយ ហើយជាអ្វីមួយដែលមនុស្សគ្រប់រូបចង់បានចង់មាន ដើម្បីក្លាយជាសេដ្ឋី។

តាមការរំលឹករបស់អ្នកស្រុក នៅខេត្តសុរិន្ទ និង ខេត្តពោធិសាត់ ដែលធ្លាប់់ជាអ្នកទាក់ដំរីបានឲ្យដឹងថាដើម្បី កុំឲ្យពួក ព្រានព្រៃ ប៉ះពាល់ទៅដល់ផ្នូរ កំណប់ភ្លុកដំរី នោះម្រេញគង្វាលអាចនឹងធ្វើឲ្យពួកគេជួបប្រទះនូវផលវិបាកគ្រប់បែបយ៉ាង រហូតដល់ក្ស័យជីវិត ក្នុងរូងភ្នំក៏សឹងមាន។ តាមរយៈការសាកសួរ ពីអំណាចបារមីដ៏មានមហិទ្ធិឬទ្ធិ ថាពួកគេអាចបំបាំងផ្នូរ សពដំរីទាំងនោះ ដោយធ្វើឲ្យរលាយខ្សុល់ដូចផ្សែងបានឬក៏បង្វែផ្លូវឲ្យព្រានព្រៃធ្លាក់ក្នុងជ្រោះស្លាប់ ឬក៏ធ្វើឲ្យដាច់បាយទឹក ស្លាប់ក្នុងព្រៃស្ងាត់ជ្រងុំ។ តាមក្រឹត្យក្រមដូនតា ចំពោះអ្នកដែលរស់រានមានជីវិតវិញ ហើយបើគេធ្លាក់ខ្លួនឈឺគេត្រូវរកអាចារ្យលើកសំណែនក្បាលជ្រូក ផ្លែឈើ និង ស្រា ប៊ឺត ដើម្បីលុបលាងកំហុស។ 
ពោលដល់ត្រឹមនេះ សូមជម្រាបថា តាមការសង្កេតរបស់យើងនៅខេត្តសុរិន្ទ និងបុរីរម្យ គេពុំបានឃើញការធ្វើ ខ្ទម ឬ ពែ ម្រេញគង្វាល សម្រាប់ដាក់ព្យួរនៅមុខផ្ទះ ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។

ភាគច្រើនធ្វើរូប “ម្រេញគង្វាល” ក្នុង កាលៈទេសៈណា ដែលមានមនុស្សធ្លាក់ខ្លួនឈឺ ព្រោះពួកម្រេញគង្វាលលងទៅវិញ។ ហើយចំពោះការធ្វើរូបតំណាង ម្រេញគង្វាល ទៀតសោតតាមប្រពៃណីបុរាណវិញ ដែលគេធ្លាប់តែឃើញនៅក្នុងភូមិភាគឦសាន នៃប្រទេស ថៃ ជាពិសេសនៅតំបន់ដែលមានបងប្អូនជនជាតិភាគតិច កួយ រួមរស់ ជាមួយ ខ្មែរ ហើយជាអ្នកទាក់ដំរី គឺគេមានទម្លាប់យកដីមកសូន រួចស្រេច ហើយគេក៏យកធ្យូងមកដាក់ទៅលើចម្លាក់ ដីដុតទាំងនោះ រួចហើយគេក៏នឹងធ្វើពិធីតាមទម្លាប់មូលដ្ឋាន ក្រោយពី ហាលរូបទាំងនោះឲ្យស្ងួតដោយកំដៅព្រះអាទិត្យ។ 

បន្ទាប់មកព្រឹទ្ធាចារ្យ ក៏យករូបដីដុតទាំងនោះមកដាក់លើពែមួយ ដោយមានត្រួយ ស្វាយ ៤ គ្របពីលើ ហើយយកទៅចោល នៅទិសនិរតី ដោយមានគ្រឿងសំណែនជាប់ជាមួយផងដែរ។ អ្វីដែលទើបពោលបង្ហាញឲ្យឃើញថាជំនឿលើ ម្រេញគង្វាល នៅប្រទេសកម្ពុជាយើង មានការវិវត្តយ៉ាងខ្លាំងក្លា ហើយកំពុងប្រឈមមុខនឹងការបាត់បង់លក្ខណៈដើមទាំងពិធីកម្មទាំង ទម្រង់យ៉ាងប្រាកដ។

នៅប្រទេសខ្មែរយើងស្លឹកស្វាយទាំង ៤ នេះ ត្រូវបានជំនួសដោយសម្លៀកបំពាក់ពណ៌ក្រហម ៤ សម្រាប់ ដែលគេព្យួរជាប់ និងពែ។ បើតាមទិន្នន័យដែលយើង ប្រមូលបានការសូនរូប និងធ្វើពែ បែបបងប្អូនខ្មែរនៅស្រុក សៀមឈប់ត្រូវគេអនុវត្តប្រតិបត្តិទៀតហើយ នៅតាមស្រុកភូមិខ្មែរហើយក៏ដោយសារតឹកតាងនេះហើយ ដែលធ្វើឲ្យយើងគិតថាជំនឿលើម្រេញគង្វាលទំនងជាត្រូវបានផ្លាស់ប្តូរទម្រង់។ 

បើនិយាយឲ្យចំទៅលក្ខណៈខុស ប្លែករវាងប្រពៃណី នៅក្នុងសហគមខ្មែរនាសម័យមុនរួមមានជនជាតិខ្មែរនៅប្រទេសថៃផង ដែរនោះ និងនៅក្នុងប្រទេសខ្មែរបច្ចុប្បន្នដែលបានកើតឡើងនោះ គឺ
ជាការឥតប្រកែកបានការប្រែប្រួលនៃទម្រង់ប្រពៃណីនេះជាព្រឹត្តការណ៍មួយត្រូវចងភ្ជាប់គ្នារវាងជំនឿលើ “ម្រេញគង្វាល” នាសម័យដើមនិងបច្ចុប្បន្នភាព ដែលយើងយល់ថាជាព្រឹត្តការណ៍ទាក់ទងនឹងការបរិស្ថានសង្គមមែនពិត ក៏ប៉ុន្តែជាមួយនឹងនេះដែរ បានធ្វើឲ្យមានការកកើតទម្រង់ជំនឿ។

ត្រង់ចំណុចជាក់ស្តែងនេះ យើងយល់ថា ហេតុដូចម្តេចបានជា ម្រេញគង្វាលដែលជា “ខ្មោច” ដែលជាអ្នកឃ្វាលហ្វូងសត្វព្រៃ បានក្លាយទៅជាក្មេងថែរក្សា និងនាំទ្រព្យសម្បត្តិ ចូលផ្ទះ ទៅវិញ យ៉ាងឆាប់រហ័ស។ 
 
ទាក់ទងទៅនឹងវត្តមានរបស់ “ម្រេញគង្វាល” យើងអាចនិយាយបាន បញ្ហានេះពាក់ព័ន្ធ នឹងគំនិតសុទិដ្ឋិនិយមរបស់ដូនតា ខ្មែរ ដែលរមែងតែសោកស្តាយដែលឃើញធម្មជាតិត្រូវគេបំផ្លាញ។

ដូច្នេះ ផ្តើមពីទស្សនទានអភិរក្សសត្វព្រៃ ឬបរិស្ថាននេះហើយ ទើបគេគួរតែគិតទៅដល់និមិត្តរូបស៊ីជម្រៅរបស់ជំនឿលើ “ម្រេញគង្វាល” លើវត្តមានពិត ឬលក្ខណៈសម្បត្តិ នៃរូប កាយខាងក្រៅរបស់បាតុភូត ខាងលើនេះដែលតាមពិតទៅ គឺជារូបបារម្មណ៍ តែប៉ុណ្ណោះដែលជាទំនៀមទម្លាប់ ជំនឿ ប្រជាប្រិយ៍ គឺប្រកបដោយលក្ខណៈឧបកិច្ចនិយម ដែលមិនមែនមានរូបពិតប្រាកដទេ។ សង្ខេបមកការដែល ខ្មែរធ្វើរូបតំណាងឲ្យ ម្រេញគង្វាល គឺត្រូវបានធ្វើឡើងជាឧបកិច្ចតាមទំនៀមទម្លាប់ដូនតា៕ (ត្រាណេ)

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង