ទាំងនេះជាអរិយធម៌ដ៏ចំណាស់បំផុតរបស់ពិភពលោក! តើមាននៅប្រទេសណាខ្លះ?
Connect with us

គួរដឹង

ទាំងនេះជាអរិយធម៌ដ៏ចំណាស់បំផុតរបស់ពិភពលោក! តើមាននៅប្រទេសណាខ្លះ?

រដ្ឋនិងអារ្យធម៌ បានចាប់កំណើតឡើងមុនគេនៅតាមតំបន់ដែលមនុស្សចាប់ផ្តើមបង្កើតរបរកសិកម្ម គឺតំបន់ទាំង៤​ ​ដែល​​ជាប់​​នឹង​​ទន្លេ​​សំខាន់ៗ​​រួម​​មាន ​​អេហ្ស៊ីប​​ ជាប់​​នឹង​​ទន្លេ​នីល ​​មេសូប៉ូតាមី ​ជាប់​នឹង​​ដង​​ទន្លេអឺហ្រ្វាត និងទន្លេទីហ្រ្គីស ឥណ្ឌា ​ជាប់​នឹង​ដង​ទន្លេ​ឥណ្ឌុស​ និង​ចិន ​ជាប់​នឹង​ដង​ទន្លេ​លឿង។​

ដោយសារតែសកម្មភាពដាំដុះនិងចិញ្ចឹមសត្វ ជាសកម្មភាពដែលអាចផ្តល់ផល បានយ៉ាងច្រើនលើសពី​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ​រដ្ឋ​ត្រូវ​មាន​ភារៈ​ដ៏សំខាន់​មួយ​ទៀត ​គឺ​ចាត់​ចែង​ស្តុក​ផលិត​ផល​កសិកម្ម​ដើម្បី​បម្រុង​ទុក​ចំពោះ​ឆ្នាំ​ណា​ដែល​ការ​ដាំដុះ​មិន​សូវ​ផ្តល់​ផល​ច្រើន។ ​ដើម្បី​ចាត់​ចែង​ស្តុក​ផលិតផល​ដ៏ច្រើន​ និង​ក្នុង​រយៈ​ពេល​ដ៏​យូរ​អង្វែង​បែប​នេះ ​គេចាំបាច់ត្រូវការឲ្យមានបញ្ជីកត់ត្រាចំណាំឲ្យបាន​ច្បាស់​លាស់​ ហើយ​ដើម្បី​អាច​កត់​ត្រា​បាន​គេ​ចាំ​បាច់​ត្រូវ​បង្កើត​អក្សរ។​

ការបង្កើតអក្សរត្រូវគេចាត់ទុកថាជាដែនកំណត់រវាងសម័យបុរេប្រវត្តិ និងសម័យប្រវត្តិសាស្រ្ត​។​ ក៏ប៉ុន្តែ​ដែន​កំណត់​នៃ​បុរេប្រវត្តិ​ មិន​ដូច​គ្នា​ទាំង​អស់​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភព​លោក​ឡើយ ​ពីព្រោះ​ថា​ក្រុម​មនុស្ស​ដែល​នៅ​កន្លែង​ផ្សេងៗ​គ្នា​ មិន​បាន​ចាប់​ផ្តើម​បង្កើត​អក្សរ​ក្នុង​ពេល​ព្រម​គ្នា​ឡើយ។​ នៅ​កន្លែង​ណា​ដែល​មិន​ទាន់​មាន​ការ​បង្កើត​អក្សរ​ មនុស្ស​នៅ​តែ​បន្ត​រស់​នៅ​ក្នុង​សម័យ​បុរេប្រវត្តិ​ដដែល ​ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ​នៅ​កន្លែង​ផ្សេង​ទៀត​ដែល​មាន​ការ​បង្កើត​អក្សរ​ មាន​ន័យថា ​គឺមនុស្ស​បាន​ចាប់​ផ្តើម​បោះ​ជំហាន​ចូល​ក្នុង​សម័យ​កាល​នៃ​ប្រវត្តិសាស្រ្ត​ហើយ។

នៅអេហ្ស៊ីប មនុស្សចាប់ផ្តើមបង្កើតអក្សរនៅប្រមាណជា៣ពាន់ ទៅ៤ពាន់ឆ្នាំមុនគ្រិស្តសករាជ (៥ពាន់ ទៅ៦ពាន់ឆ្នាំមុន​សម័យ​បច្ចុប្បន្ន​) ​ហើយ​​ទម្រង់​រដ្ឋ​ដំបូង​បង្អស់​ក្នុង​ប្រវត្តិ​មនុស្ស​ជាតិ​បាន​ចាប់​កំណើត​ឡើង​នៅ ​“អេហ្ស៊ីប” ​នេះឯង។

អេហ្ស៊ីប នៅក្នុង​សម័យកាលនោះ គឺជាអាណាចក្រដែលមានប្រជាជនយ៉ាងច្រើន គឺប្រមាណពី ៧ ទៅ ៨លាននាក់ ​ហើយ​អាណាចក្រ​អេហ្ស៊ីប ​បាន​ស្គាល់​ភាព​រុងរឿង ​និង​ឯករាជ្យ​អស់​រយៈ​ពេល​ប្រមាណ​ជា ​២៥សតវត្ស។ ​គឺនៅ​ក្នុង​អាណាចក្រ​អេហ្ស៊ីប​សម័យ​បុរាណ ​និង​សម័យ​កាលរុ​ង​រឿង​នេះ​ហើយ​ដែល​មាន​ការ​សាង​សង់​ពីរ៉ាមីត​ជាច្រើន​​បន្សល់ទុក​ជាអច្ឆរិយ​វត្ថុ​របស់​មនុស្ស​ជាតិ​រហូត​មក​ទល់​នឹង​ពេល​បចុប្បន្ន។

ឯករាជ្យអាណាចក្រអេហ្ស៊ីប បានបញ្ចប់នៅឆ្នាំ៥២៥មុនគ.ស. នៅពេលអេហ្ស៊ីប ត្រូវអាណាចក្រ ពែក្ស វាយ​ដណ្តើម​កាន់​កាប់។ ​ចាប់​ពី​ពេល​​នោះ​មក ​អេហ្ស៊ីប​ក៏​ត្រូវ​ធ្លាក់​ដុន​ដាប​លែង​ស្គាល់​ឯករាជ្យ​ រហូត​ទាល់​តែ​ដល់​អំឡុង​ឆ្នាំ​១៩៥០​ថ្មីៗ​នេះ​ប៉ុណ្ណោះ ​ទើប​អេហ្ស៊ីប​សម័យ​ទំនើប ​និង​ឯករាជ្យ​បាន​ចាប់​កំណើត​ឡើង​វិញ។

បន្ទាប់ពី អេហ្ស៊ីប រចនាសម្ព័ន្ធរដ្ឋក៏បានចាប់ផ្តើមលេចចេញជារូបរាងឡើងដែរ នៅមេសូប៉ូតាមី (អ៊ីរ៉ាក់បច្ចុប្បន្ន)។​ នៅតាម​ដង​ទន្លេ​អឺហ្វ្រាត​ និង​ទីហ្គ្រីស គេ​ឃើញ​មាន​អាណាចក្រ​ជា​ច្រើន​បាន​ចាប់​កំណើត​ឡើង​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​អាណាចក្រ​មួយ​ដែល​ត្រូវគេ​ស្គាល់​ទូទៅ​ច្រើន​ជាង​គេ​គឺ ​“បាប៊ីឡូន”។ ​អាណាចក្របាប៊ីឡូន មានរាជធានី​នៅ​ក្បែរ​រដ្ឋធានី​បាកដាដ​ របស់អ៊ី​រ៉ាក់​នា​ពេលបច្ចុប្បន្ន ​ហើយ​អាណាចក្រ​បាប៊ីឡូន​សម័យ​បុរាណ ​មាន​មហាក្សត្រ​មួយ​អង្គ​ គឺព្រះ​ចៅ​ហាមូរ៉ាប៊ី (Hammourabi) មាន​ព្រះនាម​ល្បី​ក្នុង​ការ​យក​មាត្រា​ច្បាប់​មក​ចង​ក្រង​ធ្វើ​ជាក្រម​ច្បាប់​ដ៏ពេញ​លេញ​មួយ​ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថាជា ​“ក្រមហាមូរ៉ាប៊ី”​ បង្កើត​ឡើង​តាំង​ពី​ប្រមាណជា ​១៧៥០​ឆ្នាំ​មុនគ.ស​ ហើយ​ជា​ក្រម​ច្បាប់​ដ៏ពេញ​លេញ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្ស​ជាតិ។

អាណាចក្រនៅក្នុងតំបន់មេសូប៉ូតាមី ក៏ជាអាណាចក្រដែលមានស្ថាបត្យកម្មដ៏រុងរឿងមិនចាញ់អេហ្ស៊ីប ប៉ុន្មានដែរ ក៏ប៉ុន្តែ​នៅមេសូប៉ូតាមី ​សំណង់​ភាគ​ច្រើន​សង់​ពី​ដី​ឥដ្ឋ​ដែល​មិន​អាច​នៅគង់​វង្ស​បាន​យូរ​ដល់​ពេល​បច្ចុប្បន្ន​ ដូច​សំណង់​នៅ​អេហ្ស៊ីប​ដែល​សង់​ពី​ថ្ម​ឡើយ។​

កាលពីសម័យដើម អេហ្ស៊ីបនិងមេសូប៉ូតាមី ដែលមានព្រំប្រទល់ដែនជាប់គ្នានៅប៉ាឡេស្ទីន គឺជាគូប្រជែងនឹងគ្នាយ៉ាងស្រួច​ស្រាវ​បំផុត។​

ចេញពីមេសូប៉ូតាមី បើគេធ្វើដំណើរឆ្ពោះទៅទិសខាងកើត ហើយធ្វើដំណើរឆ្លងកាត់ពេលវេលាប្រមាណជា ១៥០០ ឆ្នាំក្រោយ​មក​ទៀត ​គេនឹង​ឃើញ​មាន​អារ្យធម៌​ពីរ​ទៀត ​គឺ​ឥណ្ឌា ​នៅ​តាម​ដង​ទន្លេឥណ្ឌុស ​(Indus) និងចិន នៅតាមដងទន្លលឿង

ហេតុអ្វីបានជា១៥០០ឆ្នាំក្រោយមកទើបរដ្ឋចាប់កំណើតនៅឥណ្ឌានិងចិន?

នៅឥណ្ឌានិងចិន ថ្វីដ្បិតតែការប្រែប្រួលអាកាសធាតុបណ្តាលឲ្យបាត់បង់ព្រៃឈើ ប​ង្ក​ជា​វាល​ខ្សាច់​ច្រើន ​ក៏ប៉ុន្តែ​ខុសពី​អេហ្ស៊ីប ​និង​មេសូប៉ូតាមី ​ព្រោះតំបន់​ជុំវិញ​ដង​ទន្លេ​ឥណ្ឌុស​ និង​ទន្លេលឿង ​គឺជា​តំបន់​សម្បូរ​ភ្លៀង។ ​ហេតុដូច្នេះ​ហើយ​បាន​ជា​ដំណើរ​វិវឌ្ឍ​ឆ្ពោះ​ទៅ​ការ​បង្កើត​រដ្ឋ​នៅ​ឥណ្ឌា​ និង​ចិន បាន​ធ្វើ​ឡើង​ដោយ​សន្សឹមៗ​ ដោយ​សារ​តែ​មនុស្ស​នៅ​ក្នុង​តំបន់​នេះ​មិន​សូវ​ជាមានត​ម្រូវ​ការ​ចាំបាច់ ​និង​បន្ទាន់​ខ្លាំង​ក្នុង​ការ​បង្កើត​ជា​រចនា​សម្ព័ន្ធ​រដ្ឋ​ដើម្បី​គ្រប់​គ្រង​បែង​ចែក​ធនធាន​ទឹក​ដូច​ជា​នៅ​អេហ្ស៊ីប និងមេសូប៉ូតាមីនោះឡើយ។

១ពាន់ឆ្នាំមុនគ.ស (ជាង៣ពាន់ឆ្នាំមុនសម័យកាលយើងបច្ចុប្បន្ន) អារ្យធម៌​ចំនួន ​៤ ​បាន​ចាប់​កំណើត​នៅលើ​ភព​ផែន​ដី​គឺ ​អេហ្ស៊ីប ​មេសូប៉ូតាមី ​ឥណ្ឌា ​និងចិន​ ដោយ​មួយៗ ​មាន​ប្រជាជន​សរុប​ប្រមាណ​ជា ​១០លាននាក់ ​ហើយមានទំនាក់ទំនងជាមួយគ្នាច្រើន ទាំង​ការ​ធ្វើ​សង្រ្គាម​ និងការជួញដូរ។

សូត្រ ដែលពេលនោះមានផលិតតែនៅចិន ត្រូវគេនាំយកទៅលក់រហូតទៅដល់អេហ្ស៊ីប​ ដោយ​ឆ្លង​កាត់​តាម​ផ្លូវ​គោក​ដ៏វែង​ឆ្ងាយ​ដែល​គេឲ្យ​ឈ្មោះថា​ “ផ្លូវសូត្រ” ​ចេញពី​ឆាង​អាន​ កាត់​តាម​ឥណ្ឌា​និង​មេសូប៉ូតាមី រហូតទៅដល់អេហ្ស៊ីប។

និយាយពីសង្រ្គាមវិញ ចិននិងឥណ្ឌា ក្នុងសម័យបុរាណមិនសូវជាធ្វើសង្រ្គាមនឹងគ្នាដោយផ្ទាល់ច្រើនដូចជា អេហ្ស៊ីប ​និង​មេសូប៉ូតាមី​ឡើយ ​ក៏ប៉ុន្តែ​រដ្ឋ​ និង​បុរីនៅ​ខាង​ផ្ទៃ​ក្នុង​អាណាចក្រ​ចិន​វិញ ​ធ្វើ​សង្រ្គាម​ស៊ីសាច់​ហុត​ឈាមរវាងគ្នានិងគ្នាដោយឥតត្រាប្រណី ​រហូត​ដល់​ជាប់​ឈ្មោះ​ថា​ជា ​“អាណាចក្រ​សង្រ្គាម” ទៀតផង។ រហូតដល់​ឆ្នាំ​២២០មុន​គ.ស ​ទើបអាណាចក្រចិន​ ស្គាល់​ការ​រួបរួម​គ្នា​ក្រោម​ការ​ដឹកនាំ​របស់​អធិរាជ ​“ឈីន” (Qin)។​

នៅក្នុងប្រវត្តិសាស្រ្តចិនសម័យបុរាណ គេឃើញមានយុគសម័យកាលរួបរួម និងរុងរឿង គឺសម័យរាជវង្សហាន (ពីឆ្នាំ២០០មុនគ.ស ដល់​ឆ្នាំ​២០០គ.ស) ​រាជវង្ស​ថាង ​(នៅ​អំឡុង​សតវត្ស​ទី៧​ដល់​ទី១០)​ រាជវង្ស​សុង ​(ចុងសតវត្សទី១០ដល់សតវត្សទី១៣) រាជវង្ស​មីង​ (ចន្លោះ​សតវត្សទី​១៤ដ​ល់​ទី១៧)​ ដែល​ត្រូវ​គេចាត់​ទុក​ថា​ជា​សម័យ​កាល​ដ៏​រុង​រឿង​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្រ្តចិន ​ក៏ដូច​ជា​ប្រវត្តិ​មនុស្ស​ជាតិ​ដែរ។​

នៅចន្លោះសម័យកាលដ៏រុងរឿងអស់ទាំងនេះ ចិនធ្លាក់ក្នុងសម័យកាលដ៏ខ្មៅងងឹត ដែលប្រជាជនស្គាល់នូវភាពបាក់​បែក ​ប្រកាប់​ប្រចាក់​គ្នា ​និង​ភាព​អនាធិបតេយ្យ ​ដូចជា​សម័យ​កាល​នគរទាំង​បី​ជា​ដើម​ ដែលជាសម័យកាលមួយមានការបង្ហូរឈាមខ្លាំង​បំផុត​ ក្នុង​ប្រវត្តិ​សាស្រ្ត​ចិន​ និង​ដែល​គេច្រើន​យក​មក​សរសេរ​ជា​រឿង ​ជាល្ខោន ​ឬផលិត​ជាកុន​ ដូចជា​រឿង ​“សាមកុក” ​ជាដើម។

ក្រៅពីហេតុការណ៍បះបោរ រដ្ឋប្រហារ សង្រ្គាមផ្ទៃក្នុងគ្នាឯង ​អាណាចក្រ​ចិន​សម័យ​បុរាណ​ក៏​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ដ៏ធំមួយ​ទៀត​ដែរ​ គឺការ​ឈ្លាន​ពាន​ពី​សំណាក់​ពួក​ក្រុម​កុល​សម្ព័ន្ធ​ដែល​បន្ត​រស់​នៅ​តាម​របៀប​សម័យ​បុរេប្រវត្តិ​។ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឈ្លាន​ពាន​ពី​សំណាក់​ពួកទាំង​នេះ​ហើយ ​ទើប​ចិន​សង់​ជា​មហា​កំពែង​ដែល​បន្ត​ទុក​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ។

អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា និងចិន នេះហើយ គឺជាអារ្យធម៌ដំបូងបង្អស់របស់មនុស្សជាតិ​ ជាទី​កន្លែង​ចាប់​កំណើត​នៃ​កសិកម្ម​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន ​និង​របៀប​រស់​នៅ​ដែល​យើង​នៅ​តែ​​បន្ត​ឃើញមានមកទល់​នឹង​ពេលបច្ចុប្បន្ន។ គំនិតច្នៃប្រឌិត និងរបកគំហើញមួយចំនួន​ដូចជា ​ត្រីវិស័យ ​រំសេវផ្ទុះ​ ក្រម​ច្បាប់​ជាដើម គឺសុទ្ធសឹងជាមរតកដែលបន្សល់ទុកដោយអារ្យធម៌ដ៏ចំណាស់​ទាំង​៤នេះ ​ឲ្យមនុស្ស​ជាតិ​យើង​បន្ត​ប្រើ​ប្រាស់​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។​

នៅពេលយើងអាន ស្តាប់ និងមើលព័ត៌មានជារៀងរាល់ថ្ងៃ យើងនៅតែឃើញចិន ឥណ្ឌា អេហ្ស៊ីប និងតំបន់ដើមបូព៌ា ​បន្ត​ជាប្រធាន​រឿង​ធំៗ​ដែល​ជា​ចំណុច​ចាប់​អារម្មណ៍​នៃ​មនុស្ស​ជាតិ​សម័យ​បច្ចុប្បន្នដដែល៕

ប្រភពដោយ៖ ប្រវត្តិសាស្ត្រពិភពលោក ពីសម័យបុរេប្រវត្តិដល់សង្គ្រាមលោកលើកទី២ / សេង ឌីណា គ្រឹស្ថានបោះពុម្ពផ្សាយសាស្ត្រា (ទំព័រ២៦-៣១) សម្រង់អត្ថបទដោយ៖ ឃឹម ច័ន្ទសុអហំ

មតិយោបល់

ពេញនិយម