ដឹងទេលើពិភពលោកសព្វថ្ងៃ សល់ប្រទេសប៉ុន្មានដែលនៅកាន់កុម្មុយនីស្ដ?
Connect with us

គួរដឹង

ដឹងទេលើពិភពលោកសព្វថ្ងៃ សល់ប្រទេសប៉ុន្មានដែលនៅកាន់កុម្មុយនីស្ដ?

ប្រទេស​ទាំងអស់់​នៅលើ​ពិភពលោក​យើង តែងតែមាន​របប​នយោបាយផ្សេងៗពីគ្នា ប្រទេស​ខ្លះ​ជ្រើសរើស​ប្រព័ន្ធ​ប្រជាធិបតេយ្យ ប្រទេស​ខ្លះ​ប្រកាន់​របប​យោធានិយម ឬ របប​ផ្តាច់ការ រីឯ​ប្រទេស​ខ្លះទៀត​ជ្រើស​រើសយក របប​កុម្មុយនីស្តនិយម​ទៅវិញ។

 រំលឹក​ដល់​ពាក្យ​កុម្មុយនីស្ត​មិត្ត​អ្នកអាន​ប្រាកដជា​ស្រមៃ​នឹកឃើញ​ដល់​សម័យ​សង្គ្រាមត្រជាក់ ដែលជា​សម័យកាល​មួយ​ដែល​ពោរពេញ​ទៅដោយ​ការប្រកួតប្រជែង​គ្នា​ផ្នែក​មនោគមន៍វិជ្ជា រវាង​ប្លុក​សេរី និង​ប្លុក​កុ​ម្មុយ​នី​ស្ត ជាពិសេស​គេ​នឹកឃើញ​ដល់​សហភាពសូវៀត​តែម្តង។  ទោះជា​សូ​វៀតបាន​រលំរលាយ​ទៅហើយ​ក្តី ក៏​មកដល់​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញ​មាន​ប្រទេសធំៗ ដែល​គេ​ចាត់​ទុក​ជា​ប្រទេស​កម្មុយនីស្ត​មិនពេញ​លេញ ដោយខ្លះចាប់យកប្រព័ន្ធទីផ្សារសេរី ដូច​ដែលមាន​ខាងក្រោម​នេះ៖

១. សាធារណៈរដ្ឋ​ប្រជាមានិត​ចិន

 ប្រទេស​ចិន​គឺជា​ប្រទេស​កុម្មុយនីស្ត ដែលមាន​ផ្ទៃដី​ធំ​បំផុត​មួយ និង​មាន​ចំនួន​ប្រជាជន​ច្រើន​លើសគេ​បំផុត​លើ​ពិភពលោក​យើង​ស្ថិតនៅ​ទ្វីបអាស៊ី។ គួរអោយ​ដឹង​ដែរ​ថា ប្រទេស​ចិន​បាន​ប្រែក្លាយជា​ប្រទេស​សង្គមនិយម នៅក្នុង ថ្ងៃ ទី ១ តុលា ឆ្នាំ ១៩៤៩ ក្រោយ​ពេលដែល​លោក ម៉ៅ សេទុង  បាន​កាន់កាប់​ប្រទេស​ចិន និង​ប្រកាស​ឈ្មោះ​ប្រទេស​ជា​ផ្លូវការ​ថា សាធារណៈរដ្ឋ​ប្រជាមានិត​ចិន។
តែ​ទោះជា​យ៉ាងណាក្តី ប្រទេស​នេះ​នៅ​រក្សា​របប​នយោបាយ​តាមបែប​កុម្មុយនីស្តដោយ​មាន​បក្ស​កម្មុយនីស្ត​តែ​មួយ​គ្រប់​គ្រង​​និង​ដឹក​នាំប្រទេស។ តែរដ្ឋ​នេះ​​បានធ្វើ​កំណែរ​ទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់ខ្លួន​ដោយ​ប្តូរ ពី​ផែនការ មកជា​ទីផ្សារសេរី​ដោយ​លោក តេង ស៊ា​វ​ពីង។

២.ប្រទេស​គុយបា

ប្រទេស​គុយបា មានឈ្មោះ​ជា​ផ្លូវការ​ថា សាធារណៈរដ្ឋ គុយបា ដែលជា​ប្រទេស​ដី​កោះ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​អាមេរិក​ខាងជើង។ ប្រទេស​នេះ​មាន​ផ្ទៃដី​សរុប​ប្រមាន ១០៩៨៨៤ គីឡូម៉ែត្រ​ការ៉េ ហើយ​មាន​ប្រជាជន​សរុប ១១១១៦៣២៥នាក់។

ប្រទេស​នេះ​បាន​ក្លាយជា​ប្រទេស​ដែល​ប្រកាន់យក​ប្រព័ន្ធ​នយោបាយ​កុ​ម្មុនី​ស្ត​នៅ ក្នុង​ឆ្នាំ ១៦៦១ ក្រោយពី មេដឹកនាំ​បដិវត្ត ហ្វី​ដែល កា​ស្ត្រូ បាន​ឡើងកាន់​អំណាច​ក្រោយពី លោក​បាន​ផ្តួលរំលំ​របប​ផ្តាច់​ការដែល​គាំទ្រ​ដោយ​រដ្ឋការ​សហរដ្ឋអាមេរិក គឺ​លោក Fulgencio Batista។មកដល់ពេលនេះ ប្រទេស​នេះ​នៅតែ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​នយោបាយ​សង្គមនិយម​ដែល​ដឹកនាំ​ដោយ​ប្អូនប្រុស​លោក ហ្វី​ដែល គឺ លោក រ៉ាអ៊ូល កាស្ត្រូ ​ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៨។ 
 
៣. ប្រទេស​ឡាវ


ប្រទេស​ឡាវ មានឈ្មោះ​ជា​ផ្លូវការ​ថា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​ប្រទេស​នេះ​ជា​ប្រទេស​ដីគោក​ស្ថិតនៅ​តំបន់ អាស៊ីអាគ្នេយ៍ ដែលមាន​ផ្ទៃដី ប្រមាណ ២៣៦ ៨០០គីឡូម៉ែត្រ​ការ៉េ។ គួរ​បញ្ជាក់ថា ប្រទេស​ឡាវ​បាន​កា្ល​យ​ជា​ប្រទេស​កុ​ម្មុនី​ស្ត​មួយ​នៅ​ឆ្នាំ ១៩៧៥ ក្រោយពី​មាន​ចលនា​បដិវត្ត​ផ្តួលរំលំ​របបរាជានិយម ដោយ​ក្រុម​ចលនា​កុ​ម្មុនី​ស្ត ផា​ថេត​ឡាវ ដឹកនាំ​ដោយ​ទ្រង់​សុ​ផា​នាវ​ង្ស ដែល​គាំទ្រ​ដោយ​ប្រទេស​វៀតណាម និង​សហភាពសូវៀត។ 
 
៤. ប្រទេស​កូរ៉េខាងជើង

ប្រទេស​កូរ៉េខាងជើង​មានឈ្មោះ​ជា​ផ្លូវការ​ថា សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ  គឺជា​ប្រទេសមួយ​ដែលមាន​ផ្ទៃដី​សរុប ១២០ ៥៤០ គីឡូម៉ែត្រ​ការ៉េ ដែល​ស្ថិតនៅក្នុង​តំបន់​អាស៊ី​បូព៌ា។បច្ចុប្បន្ននេះ ប្រទេស​នេះ​ត្រូវបាន​គេ​ចាត់​ចូលក្នុង​លេខ​រៀង​ទី៤ នៃ​ប្រទេស​កុម្មុយនីស្តធំៗទាំង​ប្រាំ ។

គួរ​បញ្ជាក់ថា នៅក្នុង​កំឡុង​សង្គ្រាមលោកលើកទី ២ ប្រទេស​នេះ​ត្រូវបាន​កាន់កាប់​ដោយ​កងទ័ព​ជប៉ុន ហើយ​រហូតដល់​ឆ្នាំ ១៩៤៨ប្រទេស​នេះ​បាន​ប្រែក្លាយជា​ប្រទេស​កុម្មុយនីស្ត​ដែល​គាំទ្រ​ដោយ​ចិន​និង​សហភាពសូវៀត ដែល​បាន​ដឹកនាំ​ដោយ លោក គីម អ៊ីលស៊ុង ។
 
៥. ប្រទេស​វៀតណាម


ចំណែក​ប្រទេស​វៀតណាម ក៏​ជា​ប្រទេស​កុ​ម្មុយ​នី​ស្ត​មួយ ដែល​ស្ថិតនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​ផងដែរ ហើយ​មានឈ្មោះ​ជា​ផ្លូវការ​ថា សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ ប្រទេស​នេះ​មាន​ផ្ទៃដី​សរុប ប្រមាណ ៣៣១ ២១០គីឡូម៉ែត្រ​ការ៉េ។ គួរ​បញ្ជាក់ថា ប្រទេស​វៀតណាម បាន​ប្រែក្លាយជា​ប្រទេស​កុម្មុយនីស្ត​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៧៥ ក្រោយ​ពេលដែល​វៀតណាម​ទាំងពីរ ខាងជើង និង​ខាងត្បូង​រួម​រួមគ្នា ក្រោយ​ពេលដែល​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី ២បានបញ្ចប់ ដោយ​ការដក​កងទ័ព​របស់​អា​មេ​រិក​ចេញពី​ប្រទេស​វៀតណាម​ខាងត្បូង។

ប្រទេសវៀតណាមនេះក្លាយ​ជា​ប្រទេស​កុម្មុយនីស្តពេញ​លេញ​ចន្លោះពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ​ ១៩៨៦។ រហូតមកដល់​បច្ចុប្បន្ន​នេះ​វៀតណាម នៅ​បន្ត​អនុវត្ត​របប​នយោបាយ​បែប​សង្គមនិយម តែ​ប្រព័ន្ធ​សេដ្ឋកិច្ច ត្រូវបានធ្វើ​កំណែទម្រង់​មួយ​ឈ្មោះថា ​DoiMoi ប្តូរ ពី​ផែនការ​ទៅ​ទីផ្សារសេរី​នៅ​ទសវត្ស​ទី៨០នេះ៕

ប្រភព៖ ថ្មីៗ

មតិយោបល់

ពេញនិយម