ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាជនជាតិខ្មែរនៅអាមេរិចចូលចិត្តបើកហាងនំប៉័ងម្ល៉េះ?
Connect with us

គួរដឹង

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាជនជាតិខ្មែរនៅអាមេរិចចូលចិត្តបើកហាងនំប៉័ងម្ល៉េះ?

ប្រសិនជាអ្នកមានបងប្អូននៅសហរដ្ឋអាមេរិច រឺក៏ស្គាល់នរណាម្នាក់ដែលនៅទីនោះ ពួកគេនឹងតែងតែនិយាយដល់ការដែលបើកអាជីវកម្មលក់នំប៉័ងនៅទីនោះ គឺជាឳកាសដ៏ល្អបំផុតមួយ ហើយវាក៏ជាអ្វីដែលជនជាតិខ្មែរដែលរស់នៅអាមេរិចតែងតែធ្វើ រឺសន្សំលុយដើម្បីធ្វើផងដែរ។

តើអ្វីហេតុផលដែលនៅពីក្រោយទម្លាប់នៃជនជាតិខ្មែរក្នុងការបើកហាងនំប៉័ងដ៏ច្រើនបែបនេះទៅវិញ?

សំនួរនេះត្រូវបានចោទសួរអោយជនជាតិបរទេសដែលរស់នៅអាមេរិចនោះផ្ទាល់តែម្តង ដូច្នេះហើយទើបបានជាធ្វើអោយមានការស្រាវជ្រាវពីប្រភពនៃកត្តាដែលបណ្តាលមកមានការកើតឡើងនេះ។

ជាទូទៅ ជនជាតិខ្មែរដែលទៅរស់នៅសហរដ្ឋអាមេរិចច្រើនជាងគេបំផុតនោះគឺនៅកំឡុងឆ្នាំ ៧០ ដោយសារតែកាលនោះពួកគេបានភាសខ្លួនទៅដើម្បីគេចពីសង្គ្រាមដែលបង្កឡើងដោយពួកខ្មែរក្រហម។ ក្នុងឋានៈជាជនភាសខ្លួន ជនជាតិខ្មែរជាច្រើនសុទ្ធតែត្រូវរស់នៅដោយបញ្ហាអត់ឃ្លាន និងស្ថិតក្រោមការរើសអើសផងដែរ។

តែដោយសារតែកាលនោះ មានជនជាតិខ្មែរម្នាក់ដែលគាត់បានមករស់នៅសហរដ្ឋអាមេរិចតាំងពីមុនសង្គ្រាម ដោយនៅទីនោះគាត់មានហាងនំប៉័ងដូណាត់មួយរួចស្រេចទៅហើយ ដូច្នេះហើយគាត់បានជួយសង្គ្រោះជនជាតិខ្មែរផ្សេងៗទៀត ដោយទទួលពួកគាត់អោយធ្វើអោយបុគ្គលិកនៅក្នុងហាងរបស់ខ្លួន ហើយក៏បានបង្រៀនពួកគាត់ពីវិធីធ្វើនំប៉័ង និងដូណាត់ដូចគ្នា។

បន្ទាប់ពីពួកគាត់សន្សំលុយបានច្រើន ពួកគាត់បានលាឈប់ហើយទៅបើអាជីវកម្មលក់នំប៉័ងតាមគ្នានោះទៅ។ ទម្លាប់ធ្វើបែបនេះយូរទៅបានធ្វើអោយជនជាតិខ្មែរដែលរស់នៅទីនោះមួយចំនួនធំសុទ្ធតែបើកហាងលក់នំប៉័ង ខណះដែលភាគច្រើនទៀតគឺជាបុគ្គលិកនៅហាងនោះតែម្តង។

ទម្លាប់នេះយូរទៅបានធ្វើអោយអាជីវកម្មមួយប្រភេទនេះក្លាយជាជម្រើសទីមួយសម្រាប់ជនជាតិខ្មែរប្រសិនជាពួកគាត់ចង់បើករបរអ្វីមួយរកស៊ីនៅលើទឹកដីមហាអំនាចសេដ្ឋកិច្ចមួយនេះ រហូតសូម្បីតែអ្នកចំនូលថ្មីក្រោយៗនេះក៏ចង់ទៅរស់នៅ និងរកស៊ីរបរដូគ្នានេះដែរ៕

អត្ថបទល្អផ្សេងទៀត៖ ស្គាល់ឬនៅ? នេះជាគម្ពីរចំណាស់បំផុតរបស់ខ្មែរ! គ្រាន់តែរបៀបសសេរនិងលុបក៏ប្លែកដែរ!

គម្ពីរស្លឹករឹត កើតមាននៅប្រទេសកម្ពុជា អស់កាលយូរលង់ហើយ។ តាំងពីមានព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជា ចាប់ពីពេលនោះគេឃើញមានគម្ពីរស្លឹករឹត តាំងពីពេលនោះមក។

ក្នុងសម័យដើមព្រះ ពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី សម្រាយក្ដី ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្ដី ច្បាប់ផ្សេងៗ សម្រាប់គ្រប់គ្រងប្រទេស មានច្បាប់ “ជ័យជេដ្ឋា” ជាដើមក្ដី នៅក្នុងប្រទេសកម្ពុជា សុទ្ធតែគេចារចុះលើស្លឹករឹត ឬក្រាំងទាំងអស់ ដោយគេនិយមថាជាថាវរវត្ថុជាប់រឹងមាំ តម្កល់ទុកបានយូរអង្វែង។ ឯរបៀបដែលធ្វើស្លឹករឹតឱ្យបានចារជាអក្សរ កើតមានដូចតទៅនេះ៖

ស្លឹករឹត ជារុក្ខជាតិព្រៃដុះនៅលាយឡំជាមួយនឹងឫស្សី និងរុក្ខជាតិផ្សេងៗ។ ជារុក្ខជាតិមានតែដើម ធាង ស្លឹក ដុះចេញមកជាកំពូលប៉ុណ្ណោះ គ្មានមែកទេ (សម្បូរជាងគេនៅខេត្តក្រចេះ) ។ កាលណាគេត្រូវការប្រើប្រាស់ គេកាប់យកតែកំពូលរបស់វាមកកាត់ជាបីកំណាត់៖

១– កំណាត់ខាងគល់ គេយកទ្រនុងចេញ។ ទ្រនុងយកទៅធ្វើជាខ្នួច ឬចំណងផ្សេងៗ រីឯស្លឹក គេយកទ្រនុងរបស់វាមកដេរភ្ជាប់ធ្វើជារនាំង សម្រាប់បាំង ឬប្រក់ ។

២– កំណាត់ខាងកណ្ដាល ធ្វើជាស្លឹករឹត សម្រាប់ចារ ឬសរសេរអក្សរជាគម្ពីរ ឬក្បួនច្បាប់ផ្សេងៗ ពីព្រោះវាស្មើ មិនរៀវមិនក្រាស់ និង ស្ដើង ។

៣– កំណាត់ខាងចុង គេដេរភ្ជាប់ដោយទ្រនុងរបស់វាធ្វើជាភ្ជាល់។

ចំពោះ “ស្លឹករឹត” ដែលគេយកមកចារជាអក្សរ ចារឹកជាគម្ពីរ ឬក្បួនច្បាប់ផ្សេងៗមុនដំបូង គេត្រូវយកស្លឹករឹតទៅសក គឺសកឱ្យអស់ទ្រនុង ចៀរឱ្យស្មើ យកទៅហាលថ្ងៃឱ្យស្ងួត រួចហើយយកទៅហាលសន្សើមពេលយប់ ដើម្បីឱ្យវាលាកត្រង់មកវិញ។ រួចគេធ្វើប្រដាប់សម្រាប់ចោះប្រហោង ២ លៃជា ៣ ភាគ ចម្ងាយពីគ្នា ២០ សង់ទីម៉ែត្រ ចោះប្រហោង ២ ចម្ងាយពីគ្នាដូចស្លឹករឹតដែរ យកឆ្អឹងឆត្រ ១គូ សម្រួចឱ្យត្រង់ដោតនៅប្រហោងក្របខាងក្រោម រួចយកស្លឹករឹតដែលចោះប្រហោង ២ ហើយ ទៅចុះស៊កចំដែកស្រួចទាំង ២ ។

លុះស៊កបាន ចំនួន ២០០ សន្លឹកហើយ ត្រូវយកក្របមួយទៀត ទៅដាក់ពីលើ ស៊កឱ្យចំប្រហោងទាំងពីរ រួចបញ្ចូលទៅក្នុងផ្នោះ – ឃ្នាប ។ ផ្នោះនោះ គេធ្វើដោយឈើមានខ្លឹម រឹង មានប្រហោងទាំងពីរខាង ទំហំល្មមដាក់ស្លឹករឹតចូល បណ្ដោយក៏ប្រវែងស្លឹករឹតដែរ។

លុះបញ្ចូលទាំងស្លឹករឹត ទាំងក្របហើយ គេរឹតដោយដែកអង្គំ ឬ ស្នៀតឱ្យណែនរឹងដូចឈើ រួចហើយផ្ដេកផ្នោះច្រឹបស្លឹករឹតដែលលើសចោលទុកត្រឹមតែប្រវែង ៥៥ សង់ទីម៉ែត្រ រួចយកដែលឈួសដ៏មុត ឈូសឱ្យស្មើបណ្ដោះអាសន្នទើបដោះចេញពីផ្នោះ យកខ្សែទ្រនុងរឹតមកចងបណ្ដោះអាសន្នរួចយកទៅ ឆ្អើរភ្លើង ឆ្អើរល្មមហើយទើបបកពង្រាយយកទៅវាយបន្ទាត់ ជា ៥ ឬតាមតែលៃលក។

របៀបវាយបន្ទាត់

មុននឹងចារ គេត្រូវវាយបន្ទាត់លើស្លឹករឹតជាមុនសិន ទើបចារទៅវាត្រង់។ ឯរបៀបវាយបន្ទាត់ ដូចខាងក្រោមនេះ ៖

គេយកឈើបន្ទះទំហំ៖ ទោល ២ សង់ទីម៉ែត្រ បន្ទារ ៣ សង់ទីម៉ែត្រ ឈូសឱ្យស្អាត យកមកវាយជាផ្នោះរាងបួនជ្រុងទ្រវែង បណ្ដោយប្រវែង ៧០ សង់ទីម៉ែត្រ ទទឹងប្រវែង ២០ សង់ទីម៉ែត្រ ឱ្យរឹងមាំ រួចអារ – ក្រិត ៦ គំនូសឃ្លាតពីគ្នា ១ សង់ទីម៉ែត្រ ។

នៅចុងសងខាងផ្នោះ ត្រូវចោះប្រហោងទាំង ២ ខាងឱ្យធំ ខាងដើមមាន ៦ ខាងចុងមានតែ ១ យកឫស្សីបិតឱ្យមូលស្អាត ធ្វើរបួតស៊កចូលក្នុងប្រហោងនៅចុងសងខាងផ្នោះនោះ រួចយកខ្សែអំបោះដែលគេវេញឱ្យរឹងមាំ ឱ្យឆ្មារល្មមធ្វើ បន្ទាត់បាន ទៅចងរបួតម្ខាងដែលមានតែ ១ រួចយកចុងខ្សែម្ខាងទៀតទៅចងនឹង របួតទាំង ៦ ដែលនៅចុងផ្នោះម្ខាងទៀត។

គេចងរបៀបនេះ ដើម្បីងាយរឹតខ្សែទាំង ៦ ឱ្យតឹងស្មើគ្នា ។ បើខ្សែណាមួយធូរ គេរឹតតែរបួតដែលចងខ្សែនោះ ។ គេដាក់ខ្សែនីមួយៗ ឱ្យចំកម្រិតដែលអារអង្កន់ជាស្នាម រួចយកធ្យូងយ៉ាងខ្មៅ មកបុកឱ្យម៉ដ្ឋលាយជាមួយទឹកឱ្យខាប់ យកស្រកីដូងដំឱ្យទក់ជ្រលក់ទៅនឹងទឹកធ្យូង រួចលាបខ្សែបន្ទាត់ទាំង ៦ កូតទៅកូតមក ឱ្យសព្វ រួចយកស្លឹករឹត ទៅដាក់តម្រៀបលើក្ដារស្មើ រៀបឱ្យត្រឹមលើខ្សែបន្ទាត់ ទាំងផ្នោះដាក់ទទឹងស្លឹករឹតខាងដើមខាងចុង លៃទុក ៤ សង់ទីម៉ែត្រ វាយបន្ទាត់ ១ ទុកជាខ្នាតសិន រួចហើយទើបចាប់វាយបណ្ដោយស្លឹករឹត ៥ បន្ទាត់ ឬ ៦ បន្ទាត់ តាមតែពេញចិត្ត។

របៀបចារអក្សរ

មុននឹងចារ ត្រូវមានឧបករណ៍ ៣គឺ ៖

១- ឈើទ្រនាប់ ឈើទ្រនាប់សំប៉ែតប្រវែង ៣០ សង់ទីម៉ែត្រ បន្ទារប៉ុនស្លឹករឹត ឈូសឱ្យស្អាត យកសាច់សំពត់ដេរស្រោបពីក្រៅ ដើម្បីចារទៅទន់ផង ទប់កុំឱ្យរអិលផង ។

២- ស្នាប់ដៃ ស្នាប់ ដៃធ្វើដោយស្លឹករឹត ១ សន្លឹក រង្វង់ប៉ុនឈើទ្រនាប់សម្រាប់ស្រោបពីលើឈើទ្រនាប់ រួចច្រកស្លឹករឹតចូលក្នុងស្នាប់ដៃ ដើម្បីចារទៅកុំឱ្យរអិល ។

៣- ដែកចារ ដែលចារដងឈើមូល ស្រួចដើមស្រួចចុង គេបង្កប់ដែកទាំងពីរខាង សំលៀងនឹងថ្មឱ្យមូល – មុត ។ (គេច្រើនយកម្ជុលដេរយន្តខាងគល់ ពីព្រោះ វារឹងមុតស្អាតល្អ) ។

ចាប់ផ្ដើមចារ ត្រូវយកស្លឹករឹតមួយសន្លឹកម្ដង បញ្ចូលក្នុងស្នាប់ដៃដាក់ស្នាប់ដៃនៅខាងលើបង្គាបមេដៃខាងឆ្វេង យកដែកចារកាន់ដៃខាងស្ដាំ ដាក់សង្កត់លើមេដៃ ខាង​ឆ្វេង​លៃ​ឱ្យ​ល្មម​ទើប​ចាប់ផ្ដើម​ចារតទៅ ចារម្ខាងអស់ហើយ ត្រឡប់ចារម្ខាងទៀត ។ ចុះលេខរៀងនៅដើមសន្លឹកចួនកាលគេប្រើជាអក្សរ ។

របៀបលុបអក្សរ

កាលណាគេចារអក្សរឡើងស្លឹករឹតហើយ គេលែងហៅថា ស្លឹករឹតទៀតហើយ គឺហៅថា “សាស្ត្រា” វិញ ។ ចារហើយត្រូវលុបអក្សរទៀត ទើបមើលបាន ។ លុះ អក្សរ គឺធ្វើអក្សរឱ្យមើលឃើញច្បាស់ ។ គេត្រូវរកធ្យូងម្រែងភ្លើងយ៉ាងខ្មៅ លាយជាមួយជ័រទឹកយ៉ាង ថ្លាកូរឱ្យចូលគ្នាសព្វ រួចយកសាច់កំណាត់មកចងជាកញ្ចប់ជ្រលក់ក្នុងទឹកខ្មៅ យកជូតអក្សរលើស្លឹករឹត ជូតឱ្យពេញទាំងអស់ ទោះជាស្លឹករឹតទទេក៏ដោយ ។ ជូតសព្វហើយ ត្រូវយកដីខ្សាច់ល្អិតម៉ដ្ឋស្អាត ទៅបាចលើស្លឹករឹត រួចយកកំណាត់ទៅជូត ដៃម្ខាងទ្រាប់កំណាត់ទាញស្លឹកសាស្ត្រា ដៃម្ខាងទៀតទ្រាប់កំណាត់ទប់ ។ ធ្វើដូច្នេះ ទាល់តែអស់ជ័រទឹកស្អាតរលីង រួចយកទៅហាលថ្ងៃឱ្យស្ងួតស្រួល ទើបប្រមូលយកមកតម្រៀបស្លឹកតាមលេខទំព័រ មួយកណ្ឌម្ដង ៗ ដរាបដល់ចប់ ១ គម្ពីរ រួចហើយ រៀបចំឈូសដុសខាត់ឱ្យស្អាត ដើម្បីទឹបមាស ។

របៀបឈូសសម្អាត

លុះដល់អក្សរមើលឃើញច្បាស់ហើយ គេត្រូវឈូស ដុសខាត់ឱ្យស្អាតសម្រេច ដើម្បីទឹបមាស ។ មុនដំបូង គេត្រូវឈូសឈើធ្វើក្រប ២ ទៀត សម្រេចមានទំហំ ៖ប្រវែង ៥៥ សង់ទីម៉ែត្រ បន្ទារ ៥.៥ សង់ទីម៉ែត្រ ទោល ២ សង់ទីម៉ែត្រ ២ បន្ទះ ចោះប្រហោង ២ ដូចមុន រួចយកទ្រនុងរឹតយ៉ាងរឹងមាំ ១ គូ បិតឱ្យមូលស្អាត សម្រួចចុងដោតក្នុងប្រហោងក្របខាងក្រោមបញ្ឈរឡើងរួចយកស្លឹកទទេ ពីរសន្លឹកសិន ទើបស៊កស្លឹកដែលមានអក្សរជាបន្តបន្ទាប់ដល់ចប់ លុះចប់ហើយ ត្រូវស៊កសន្លឹកទទេ ២ សន្លឹកទៀត រួចទើបបញ្ចូលទៅក្នុងផ្នោះ រឹតឱ្យណែនរឹងដូចឈើ សំលៀងដែកឈូសឱ្យមុតស្មើ ឈូសឱ្យស្មើនឹងក្របទាំងពីរខាង យកក្រដាសខាត់សាច់ល្អិត ខាត់ឱ្យស្អាយឡើងរលោង រួចហើយទើបយកទឹកម្រ័ក្សណ៍យ៉ាងថ្លា លាបពេញទាំងអស់ យកទៅហាលថ្ងៃមួយស្របក់ធំ រួចយកជាតិហិង្គុលពណ៌ក្រហម បុកឱ្យម៉ដ្ឋ លាយដោយម្រ័ក្សណ៍ លាបពីលើម្រ័ក្សណ៍ទៀត ទុកឱ្យស្ងួតល្អ ទើបចាប់ផ្ដើមទឹបមាស ។

រៀបទឹបមាស

មុនដំបូង គេវាស់ចែកសាស្ត្រាជាបីភាគស្មើគ្នា ភាគខាងដើម និងខាងចុងគេទឹបមាស ភាគកណ្ដាល គេទុកនៅជាជាតហិង្គុលក្រហមដដែល ។ មុននឹងទឹប គេយកមើមខ្ទឹមស ទៅមុខឱ្យល្អិតម៉ដ្ឋខៃ យកស្បៃមុងទៅខ្ចប់ រួចជូតឱ្យសព្វ ទើបយកមាសសន្លឹកសុទ្ធ ទៅបិទពីលើឱ្យរាបស្មើល្អ មួយសន្លឹកម្ដងៗ រួចហើយគ្របឱ្យជិតចំនួន ៧ ទៅ ១០ ថ្ងៃ ទើបបករំគាយសន្លឹកចេញ រៀបចំស៊កខ្សែមួយកណ្ឌម្ដងៗ ។

របៀបធ្វើខ្សែសាស្ត្រា

ខ្សែសាស្ត្រា គេធ្វើដោយអំបោះស្លាត់ ដែលមានជាតិរលោង – ទន់ គេយកទៅជ្រលក់ឱ្យមានពណ៌ផ្សេងៗ រួចក្រងចាក់ជាកន្ទុយកណ្ដុរ ៤ ឬ ៥ ធ្លុង រឹតឱ្យណែន ម្ខាងទៀតទុកឱ្យមានកន្ទុយរំភាយ ។ រួចហើយយកខ្សែទៅដោតនៅប្រហោងស្លឹកសាស្ត្រាខាងឆ្វេងតែមួយទេ ប្រហោងខាងស្ដាំទុកចោល ។

មុនដំបូង ត្រូវដោតស្លឹកចំណងជើង បន្ទាប់មក ស្លឹកទទេ ២ សន្លឹកទៀត ស្លឹកដែលមានអក្សរ ខាងចុងបំផុត ស្លឹកទទេ ២ សន្លឹកទៀត រួចបញ្ចូលកន្ទុយខ្សែក្នុងកន្លះ រឹតឱ្យស្មើគ្រប់កណ្ឌ ។ លុះចប់មួយគម្ពីរហើយ ត្រូវតម្រៀបពីកណ្ឌទី១ ដល់ចប់ រួចយកក្របទាំងពីរ ដាក់គាបគ្នា យកខ្សែអំបោះវេញឱ្យតឹង ២ ខ្សែដែលម្ខាងមានកន្លុះស៊កកន្ទុយខ្សែក្នុងកន្លុះ ទាំងពីរឆ្វេងស្ដាំ ព័ទ្ធ ២ – ៣ ជុំ រឹតឱ្យណែនស្មើគ្នាចងឱ្យជាប់ រួចហើយយកសម្បកគម្ពីរមករុំ ។

របៀបធ្វើសម្បកគម្ពីរ

សម្បកគម្ពីរ ជាគ្រឿងប្រដាប់ខាងក្រៅ គេធ្វើសម្រាប់រុំការពារគម្ពីរខាងក្នុងឱ្យល្អស្អាត ស្ថិតស្ថេរបានយូរ ។ គ្រឿងប្រដាប់នេះ គេថ្វើដោយ៖ – ដំបូង គេយកទ្រនុងរឹតរើសយកតែរឹង ៗ មកកាត់ប្រវែងគម្ពីរ បិតឱ្យស្មើស្អាត យកអំបោះមកវេញធ្វើខ្សែកម្រង ក្រងឱ្យញឹក ឱ្យបានទំហំធំជាងគម្ពីរ ៣ ដង។

យកសាច់កំណាត់សស្អាត ទៅដេរស្រោបកម្រងទ្រនុង រឹតទុកជាយទាំងពីរខាង ប្រវែងល្មមបត់មកទល់គ្នា ឬ លើសបន្តិចក៏បាន ។ – យកសាច់សំពត់ល្អមានពណ៌ផ្សេងៗ ឬហូល ។ល។ ស្រេះអង្កាំខ្លះផងក៏មាន រុំពីខាងក្រៅទៀត ។ – មាន ខ្សែដែលដេរដោយសាច់សំពត់ល្អ – សំប៉ែតប្រហែលជា ១ សង់់ទីម៉ែត្រ ប្រវែងជាង ១ ម៉ែត្រ ដេរភ្ជាប់ទៅនឹងសាច់សំពត់ខាងក្រៅ សម្រាប់រុំ កុំឱ្យរាត់រាយ ។

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង