រូបចម្លាក់ដែលជនជាតិសៀម (ថៃ) ធ្លាប់សុីឈ្នូនធ្វើសង្គ្រាមឲ្យស្តេចខ្មែរកាលពីមិនទាន់មានប្រទេសរបស់ខ្លួន
Connect with us

គួរដឹង

ពិតអត់? រូបចម្លាក់បង្ហាញជនជាតិសៀម (ថៃ) ធ្លាប់សុីឈ្នួលធ្វើសង្គ្រាមឲ្យស្តេចខ្មែរ?

យោងតាមឯកសារប្រវត្តិសាស្ត្រ ជនជាតិថៃ (សៀម) គឺស្ថិតនៅក្នុងអម្បូរ ថៃ-វៀត (Thai-Viet) ដែលខុសពីជនជាតិខ្មែរស្ថិតនៅក្នុង មន-ខ្មែរ​ ឬ ខ្មែរ-មន (Mon-Khmer)។ ក្រោមការវាយលុករបស់មេទ័ពម៉ុងហ្គោល (Mongol) បានធ្វើឲ្យជនជាតិថៃនិរទេសខ្លួនពីនគរណានចៅ (Nan Chao) ស្រុក​ចិនខាងត្បូង មកកាន់ភូមិភាគឥណ្ឌូចិន ដែលដើមឡើយ​ជា​ទឹកដី​របស់​ខ្មែរទេ។


នៅក្នុងការភៀសខ្លួន​នេះ មេទ័ពថៃដ៏ខ្លាំងពូកែជាច្រើននាក់ ដែល​ចាញ់​សង្គ្រាមដោយការវាយលុកពីសំណាក់កងទ័ពរបស់គូលីបាយខាន់ ត្រូវបង្ខំ​ចិត្តចាកចេញពីស្រុកចិនខាងត្បូង ហើយក៏ជ្រក​កោន​ក្នុងទឹកដី​ខ្មែរ។ ជនភៀសខ្លួនទាំងនោះ ក្នុងដំណាក់កាលដំបូង​ បានស្ថិតនៅ​ក្រោម​ការត្រួតត្រារបស់ ព្រះបាទសុរិយាវរ្ម័នទី២ ដែលជាម្ចាស់ផែនដី និងជាស្ថាបនិកប្រាសាទអង្គរវត្តដ៏ធំមហិមាក្នុងលោក។

នៅក្នុងការរស់នៅជាជនភៀសខ្លួននោះ ជនជាតិថៃស្ថិតនៅ​ក្នុងស្ថាន​ភាព​ទាបជាងជនជាតិខ្មែរ ដែលជាម្ចាស់ទឹកដី ហើយត្រូវរស់​នៅដោយ​ការ​ស៊ីឈ្នួលឲ្យម្ចាស់ទឹកដី។ ហេតុនេះហើយ​បានជាគេឃើញចម្លាក់​ជា​ប្រវត្តិសាស្ត្រនៅប្រាសាទអង្គរវត្ត មេទ័ពសៀមស៊ីឈ្នួលក្នុងជួរទ័ពខ្មែរ ដែលពេលឆ្លាក់ចំឡាក់នោះ ជនជាតិសៀមមិនទាន់មាន​ប្រទេសនៅ​ឡើយ​ទេ និងក៏ពុំទាន់មានអក្សររបស់ខ្លួនដែរ។

ពោល គឺមុនបង្កើត​រដ្ឋ​នៅ​សុខោទ័យ និងការសាងសង់អយុធ្យានៅឆ្នាំ ១៣៥០ នៃគ្រិស្តសករាជ។ត្រង់ចំណុចនេះហើយ ដែលសឲ្យឃើញចំណាស់​នៃខឿននៃ​វប្បធម៌​ជន​ជាតិ​ខ្មែរជាជនជាតិខ្លាំងពូកែ ក្នុងពេលដែល​ជនជាតិ សៀម​ជាទាហាន​ស៊ី​ឈ្នួលខ្មែរនៅឡើយ។

នៅក្នុងចំណោមជនជាតិថៃទាំងនោះ គេឃើញ​មាន​ចំនួនស្ត្រីភេទតិចជាងបុរស។ ក៏ប៉ុន្តែមិនយូរប៉ុន្មាន សមត្ថភាពនិងទេពកោសល្យ​នៃមេដឹកនាំថៃ​នៅ​សុខោទ័យ ដែលមានឥទ្ធិពលខ្លាំងពូកែជាងកុលសម្ព័ន្ធថៃដទៃទៀត ដូចជានៅអយុធ្យា សុផានាបុរី ជាដើម។ បានធ្វើឲ្យជនជាតិថៃ​បន្តិច​ម្តងៗ​ ក្លាយទៅជាមហាអំណាច ហើយរហូតត្រួតត្រាខ្មែរវិញបានថែមទៀត។

ឧទាហរណ៍ជាក់ស្តែងគឺ នៅឆ្នាំ ១៣៨៩ កងទ័ពថៃបានវាយ​លុក​ព្រះរាជធានីអង្គរវត្ត គឺអង្គរធំដោយជោគជ័យហើយចាប់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើជាឈ្លើយសឹកចំនួនជិត ១សែននាក់ នាំទៅទីក្រុងអយុធ្យា ដែល​ជាទីក្រុងចាស់ររបស់ខ្មែរដែរ តែត្រូវថៃដណ្តើមបាននៅឆ្នាំ ១៣៥០ នៃគ្រិស្ត​សករាជ ដោយព្រះបាទអ៊ូថង ជាមហាក្សត្រថៃជំនាន់នោះ។ ទន្ទឹមនឹង​នេះ ទ័ពថៃក៏បានដឹកជញ្ជូនព្រះពុទ្ធបដិមាធ្វើអំពីមាស ប្រាក់ សំរឹទ្ធ កែវ​កង ក្បួនខ្នាត ទ្រព្យសម្បត្តិខ្មែរជាជ័យភណ្ឌផងដែរ។

ទំព័រប្រវត្តិសាស្ត្រ​បាន​ឲ្យដឹងដែរថា នៅឆ្នាំ ១២៣៨ មេទ័ពថៃដ៏ខ្លាំពូកែមួយ​រូបឈ្មោះ ​ស្រី​ជន្ទ្រា​អាទិត្យ បានបម្រើក្នុងជួរទ័ពខ្មែរ ក្រោមការដឹកនាំ​របស់ ​ព្រះបាទ​សុរិយាវរ្ម័នទី២ ជាព្រះមហាក្សត្រខ្មែរ បានដណ្តើមខេត្តសុខោទ័យពីខ្មែរ។

អំឡុងពេលដែលជនជាតិថៃ ស្ថិតនៅជាចំណុះជាអ្នកស៊ីឈ្នួលច្បាំងឲ្យខ្មែរនោះ គេបានឆ្លាក់រូបមេទ័ព និងទ័ពថៃជាច្រើននៅ​លើជញ្ជាំង​ប្រាសាទ​អង្គរវត្ត ដូចដែលនៅសល់ជាសក្ខីភាពស្រាប់ សម្រាប់បញ្ជាក់​នូវប្រវត្តិ​សាស្ត្រ​នេះ ហើយតាមរយៈប្រវត្តិសាស្ត្រនេះ ហាក់បីដូចជា​បានដាស់​សតិសម្បជញ្ញៈខ្មែរឲ្យដឹងថា ដូនតាខ្លួនធ្លាប់ជាមហាអំណាច ហើយធ្លាប់​មានទឹកដីដ៏យ៉ាងទូលំទូលាយអស្ចារ្យ។

រូបចម្លាក់ទ័ពសៀម ឬថៃបច្ចុប្បន្ន បានបង្ហាញឲ្យយើងឃើញ​នូវឥទ្ធិពល​របស់​ព្រះមហាក្សត្រខ្មែរសម័យបុរាណ មិនត្រឹមតែអាច​សង់ ប្រាសាទអង្គរវត្ត បាន​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែបានបង្ហាញនូវកម្រិតវឌ្ឍនភាពកប់កំពូលរបស់ខ្លួនដែរ ដោយ​មានមេទ័ពបរទេសមកស៊ីឈ្នួលច្បាំងនឹងនគរចម្ប៉ាដែលមកបៀតបៀនកម្ពុជាផង។ ការស្តារខឿនវប្បធម៌មួយប្រកបដោយភាពរុងរឿង​ថ្កុំ​ថ្កើង​បាន គឺដោយសារតែពលិកម្មនិងការតស៊ូរបស់ដូនតាខ្មែរយើង។

ស្នាដៃជាច្រើន​របស់​​ព្រះមហាក្សត្រ​ខ្មែរ មានទ្រង់ទ្រាយជា​ការបង្កើត​លោកតាមទេវកថា ព្រហ្មញ្ញសាសនា ដូចជាការកូរសមុទ្រ​ទឹកដោះ​ឆ្លាក់​លើប្រាសាទថ្មជាដើម ដើម្បីស្វែងរកនូវទឹកអមតៈ ឬទឹកអម្រិត ប្រភព​នៃ​សុភមង្គលរបស់ប្រជារាស្ត្រខ្មែរក្នុងព្រះរាជនគរទាំងមូល។ តាម​ទស្សនៈ​នេះហើយ ដែល ព្រះបាទសុរិយាវរ្ម័នទី២ បានបញ្ជាឲ្យ​គេឆ្លាក់​នូវ​រឿងកូរសមុទ្រទឹកដោះ ឬក៏ក្បួនទ័ពសៀមនិងខ្មែរ ដែលមកពីបណ្តា​ខេត្ត​នានានៅលើប្រាសាទរបស់ព្រះអង្គដែលជាម្ចាស់ដែនដី៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម