ចឹងតើទើបចក្រភពខ្មែរចុះអន់ខ្សោយ៖ សង្គ្រាមដណ្ដើម​រាជ្យ​គ្នាដូចព្យុះ​របស់​ព្រះរាជា​ខ្មែរ​នៅសម័យ​អង្គរ!
Connect with us

គួរដឹង

ចឹងតើទើបចក្រភពខ្មែរចុះអន់ខ្សោយ៖ សង្គ្រាមដណ្ដើម​រាជ្យ​គ្នាដូចព្យុះ​របស់​ព្រះរាជា​ខ្មែរ​នៅសម័យ​អង្គរ!

គេតែងចោទសំណួរជារើយៗថា ហេតុអ្វីបានជាព្រះរាជាខ្មែរសម័យអង្គរសង់ប្រាសាទច្រើនម្ល៉េះ? ​ការ​សង់​ប្រាសាទ​របស់​ព្រះរាជា​ខ្មែរ​នៅ​សម័យ​អង្គរ​ភាគ​ច្រើន ​គឺ​ក្នុង​បុព្វហេតុ​ឧទ្ទិស​ដល់​ព្រះអាទិទេព​ទាំង​ឡាយ​ផង ​និង​ដើម្បី​លើក​តម្កើង​ខ្លួន​ឯង​ឱ្យ​ទៅជា​ទេវរាជ គឺជា​ស្ដេច​ផង ​និង​ជាទេវ​ផង។ ​ទាំង​នេះ​ជា​សកម្មភាព​មួយ​ដណ្ដើម​ភាព​ស្រប​ច្បាប់​នៃ​ការ​កាន់​អំណាច​របស់​ខ្លួន​ បន្ទាប់​វាយ​ដណ្ដើម​រាជ្យ​បាន​ពី​ព្រះរាជាណា​មួយ​បាន​ហើយ។

​១. ព្រះបាទហស៌វរ្ម័នទី១ (៩០០-៩២២)

ក្រោយពីព្រះបាទយសោវរ្ម័នទី១ ទ្រង់ចូលទិវង្គតទៅ ព្រះរាជបុត្រច្បងរបស់ព្រះអង្គព្រះនាម ហស៌វរ្ម័នទី១ ​ទ្រង់​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះបិតា​នៅ​ឆ្នាំ៩០០​ នៃ​គ្រិស្ដសករាជ។ ​តែឯកសារ​ខ្លះថា​នៅ​ឆ្នាំ៩០៨ ឬ៩១០ ទៅ​វិញ។ ព្រះអង្គ​ទ្រង់​គង់​នៅ​រាជធានីយសោធបុរៈ គឺក្រុង​អង្គរ​ដដែល ​ហើយ​ទ្រង់​បាន​កសាង​ប្រាសាទ​ភ្នំ​តូច​មួយ ​គឺ​ប្រាសាទ​បក្សី​ចាំក្រុង​នៅ​ក្បែរ​ជើង​ភ្នំបាខែង ​ជា​ភ្នំកណ្ដាលនៃ​រាជធានី។​ គេមិន​បាន​ដឹង​ពិត​ប្រាកដ​ថា ​តើ​ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​ណា​ទេ គេគ្រាន់​តែ​ប៉ាន់​ស្មាន​ថា ព្រះអង្គប្រហែលជាចូលទិវង្គតនៅក្រោយ​ឆ្នាំ៩២២​ តែ​ប៉ុណ្ណោះ ដោយ​ទ្រង់​បាន​ទទួល​ព្រះមរណនាម​ថា រុទ្រលោក។

២. ព្រះបាទឥសាណវរ្ម័នទី២ (៩២៥-៩២៨)

បន្ទាប់ពីព្រះបាទហស៌វរ្ម័នទី១ សោយទិវង្គតទៅព្រះអនុជរបស់ព្រះអង្គ ទ្រង់ឡើងសោយរាជ្យស្នងនៅឆ្នាំ៩២៥ នៃគ្រិស្ដសករាជ ​ដែល​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ​ព្រះបាទ​ឥសាណ​វរ្ម័នទី២។​ ក្នុង​រជ្ជកាល​របស់​ព្រះអង្គ​ ព្រះបាទ​ឥសាណ​វរ្ម័ន​ទី២ ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បះបោរ​ដណ្ដើម​រាជ្យ​ពី​ស្ដេច​មាជា​ស្វាមី​ព្រះ​នាង​ជ័យ​ទេវី ​ដែល​ជា​ប្អូន​ស្រី​របស់​ព្រះបិតា​ព្រះអង្គ ហើយដែលជាអនាគតព្រះបាទជ័យវរ្ម័នទី៤។​ ព្រះបាទ​ឥសាណ​វរ្ម័នទី២ ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ៩២៨ ដោយ​មាន​ព្រះ​មរណនាម​ថា បរមរុទ្រលោក។

៣. ព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១) និងការលើករាជធានីទៅកោះកេរ្តិ៍

លុះនៅក្នុងរាជ្យព្រះបាទឥសាណវរ្ម័នទី២ ជាក្មួយដែលសោយរាជ្យមុនព្រះអង្គ ព្រះបាទជយ័វរ្ម័នទី៤ ដែលជាប្អូនថ្លៃរបស់​ព្រះបាទយសោវរ្ម័ន​ បាន​បះ​បោរ​ប្រឆាំង​នឹង​ក្មួយ​របស់​ព្រះអង្គ​ ហើយ​បាន​ប្លន់​យក​រតនសម្បត្តិ​ផ្សេងៗ​ ហើយ​ចាក​ចេញ​ពី​យសោធបុរៈ គឺ​ក្រុង​អង្គរ​ ទៅគង់​នៅ​គោកគគី គឺ​កោះកេរ្តិ៍​ ចម្ងាយ​ប្រមាណ​៧០គីឡូម៉ែត្រ ទិសឦសាន​ក្រុង​អង្គរ ដោយ​នាំ​យក​ទាំង​លិង្គ​ទេវរាជ​ទៅ​ជាមួយផង។ ​ព្រះបាទ​ជ័យវរ្ម័នទី៤​ បាន​ឡើង​សោយរាជ្យ​នៅរាជធានី​កោះកេរ្តិ៍ នៅឆ្នាំ​៩២៨ គឺជា​ឆ្នាំដែល​ព្រះបាទ​ឥសាណ​វរ្ម័នទី២​ សោយរាជ្យ​នៅអង្គរ​ ហើយ​ទ្រង់​សោយ​ទិវង្គត​នោះឯង។

ក្នុងនោះដើម្បីឱ្យប្រជារាស្ត្រទទួលស្គាល់ថា ព្រះអង្គជាស្ដេចមានមហិទ្ធិឫទ្ធិ ព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បាន​ខិតខំ​កសាង​សមិទ្ធផល​ផ្សេងៗ​ដែល​មាន​លក្ខណៈធំ​សម្បើម​ទៀត​ផង​ ចំណោម​នោះមាន​ដូចជា រាជធានីកោះកេរ្តិ៍ ដែលជារាជធានីថ្មី។

ព្រះអង្គ​បាន​សាងប្រាសាទភ្នំមួយដែលមានខឿន៧ ជាន់ កម្ពស់៣៥ ម៉ែត្រ ឈ្មោះថាប្រាសាទធំ សម្រាប់តម្កល់លិង្គទេវរាជត្រិភូវនេស្វរៈ ប្រហែល​នៅក្នុង​ឆ្នាំ៩៣១។ ក្រៅពី​នេះ ព្រះអង្គ​ក៏​បាន​សាង​ប្រាសាទ​ជាច្រើនទៀត ព្រមទាំង​បារាយណ៍​មួយ ​គឺបារាយណ៍​រហាល ​ហើយ​នៅ​រយៈកាល​ចុងក្រោយ​នៃរាជ្យ​របស់​ព្រះអង្គ​ ព្រះបាទ​ជ័យវរ្ម័នទី៤ បាន​វាយ​រុញច្រាន​ចាម ឱ្យដកថយទៅវិញទៀតផង។

សូមជម្រាបថា ព្រះបាទជ័យវរ្ម័នទី៤ ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ៩២៨ ហើយសោយទិវង្គតនៅឆ្នាំ៩៤១ នៃគ្រិស្ដសករាជ ដោយ​មាន​ព្រះមរណនាម​ថា បរមសិវបល្តិ។​

៤. ព្រះបាទហស៌វរ្ម័នទី២ (៩៤១-៩៤៤)

ក្រោយពេលដែលព្រះបាទជ័យវរ្ម័នទី៤ ទ្រង់ចូលទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គដែលនៅមានវ័យក្មេងនៅឡើយ ​ទ្រង់​បាន​ឡើង​សោយរាជ្យ​ស្នង​ព្រះបិតា ​នៅរាជធានី​កោះកេរ្តិ៍ ហើយ​មាន​ព្រះនាម​ក្នុងរាជ្យ​ថា ព្រះបាទហស៌វរ្ម័នទី២​។ ​ព្រះបាទ​ហស៌វរ្ម័នទី២ ​ទ្រង់​សោយរាជ្យ​បាន​តែ៣​ឆ្នាំ​ប៉ុណ្ណោះ ក៏បាត់ខ្លួន ឬក៏ទ្រង់​សុគត​ទៅ។ ឯកសារខ្លះបានបញ្ជាក់ថា ព្រះបាទហស៌វរ្ម័នទី២ ​ទ្រង់​សោយរាជ្យ​បាន​តែ២ឆ្នាំ​ប៉ុណ្ណោះ គឺនៅ​គ្រិស្ដសករាជ​៩៤៤ ព្រះអង្គ​ត្រូវព្រះបាទ​រាជេន្ទ្រវរ្ម័នទី២ ជាព្រះរៀមជីដូនមួយនឹងព្រះអង្គ​ ច្បាំង​ដណ្ដើម​រាជ្យសម្បត្តិ​បាន ហើយ​ឡើង​សោយរាជ្យ​បន្តពី​ព្រះអង្គ។ ក្នុងពេល​ដែល​ទ្រង់​សោយ​ទិវង្គត​ទៅ​នោះ ព្រះបាទ​ហស៌វរ្ម័ន​ទី២ មានព្រះ​មរណនាម​ថា ​ព្រហ្មលោក។

៥. ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) និងការវិលត្រឡប់មកយសោធបុរៈវិញ

បន្ទាប់​ពី​ព្រះបាទ​ហស៌វរ្ម័នទី២ ​ទ្រង់សោយ​ទិវង្គត​ទៅ ព្រះបាទ​រាជេន្ទ្រវរ្ម័ន​ទី២ ដែលជា​ព្រះរាជបុត្រ​របស់​ព្រះនាង​មហេន្ទ្រទេវី ​ដែល​ត្រូវ​ជា​ប្អូន​ស្រី​មួយអង្គ​ទៀត​របស់​ព្រះបាទ​យសោវរ្ម័នទី១​ ដែរ ក៏ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអនុជ​នៅ​ឆ្នាំ៩៤៤។ ព្រះអង្គ​មិនគង់​នៅរាជធានី​កោះកេរ្តិ៍​ ទៀត​ទេ គឺព្រះ​អង្គទ្រង់​នាំ​យក​លិង្គ​ទេវរាជ​ ត្រឡប់​ទៅយសោធបុរៈ​ក្រុងអង្គរ​ ហើយបាន​ជួសជុល និងរៀបចំកសាងបន្ថែម ​ធ្វើឱ្យ​រាជធានី​យសោធបុរៈ ​នេះកាន់​តែរុងរឿង​ឡើងថែម​ទៀត។

នៅចំកណ្ដាលទីក្រុងនេះ គេចាប់ផ្ដើមកសាងប្រាសាទភិមានអាកាសមួយ ហើយនៅភាគខាងកើតនៃក្រុង ក្នុងឆ្នាំ៩៥២​ ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​មេបុណ្យ​ខាងកើត ដែល​មាន​ប្រាង្គ​ចំនួន៥ ​នៅចំកណ្ដាល​បារាយណ៍​យសោធរៈតាដាក ដើម្បី​ឧទ្ទិស​ចំពោះព្រះ​មាតា​ព្រះបិតា ​បុព្វការី​ជន​ផ្សេង​ទៀត ​និង​សិវលិង្គ។​ នៅឆ្នាំ៩៦១ ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​មួយទៀតដែល​មានរូបរាង​ និង​ប្រាង្គចំនួន៥ ​ដូចគ្នា​នឹង​ប្រាសាទ​មេបុណ្យ​ខាងកើត​ដែរ ឈ្មោះថា ប្រាសាទ​ប្រែរូប ស្ថិតនៅខាងត្បូងយសោធរៈតដាក ដើម្បីតម្កល់លិង្គទេវរាជ ​និង​ឧទ្ទិស​ចំពោះ​ព្រះញាតិ​ព្រះ​អង្គផង។

មូល​ហេតុដែលបណ្ដាលឱ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ សាងប្រាសាទប្រែរូបដែលមានរូបរាង ​និង​សណ្ឋាន​ដូចគ្នា​នឹង​ប្រាសាទ​មេបុណ្យ​ខាង​កើត​នោះ គឺមក​ពីប្រាសាទ​មេបុណ្យ​ខាងកើត​នេះបាន​ត្រូវសាង​សង់​ឡើងនៅកណ្ដាលបារាយណ៍ ដែល​ជាហេតុ​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​បុណ្យ​ទាន។​

ក្នុងរាជ្យរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ សាសនាទាំងអស់មានការរីកចម្រើន ហើយរួមរស់ដោយសុខដុមជាមួយគ្នា។ នៅក្នុង​រាជ្យ​របស់​ព្រះអង្គ​នេះ​ដែរ មានវីរជន ឬមន្ត្រី​ជាន់​ខ្ពស់​នៃ​ព្រះបរម​រាជវាំង​ជាច្រើន បាន​រួម​ចំណែក​កសាង​សមិទ្ធផល​ផ្សេងៗ ដូចជា​នៅ​ឆ្នាំ៩៤៦ កវិន្ទ្រារឹមថន​ ជា​ស្ថាបត្យករ​បាន​សាង​ប្រាសាទ​បាតជុំ ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ពោធិសត្វមួយអង្គនៃពុទ្ធសាសនាមហាយាន និងព្រះនាងប្រាជ្ញាបារមីតា។ ​នៅ​ឆ្នាំ​៩៦៧ ព្រះ​រាជ​គ្រូព្រាហ្មណ៍​យជ្ជនៈវរហៈ ​ចាប់​ផ្ដើម​សាង​ប្រាសាទ​បន្ទាយ​ស្រី ត្រីភូវ​នមហេស្វរៈ ស្ថិតខាងជើង​ក្រុង​យសោធបុរៈ។

ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ទ្រង់ជាស្ដេចសឹកមួយអង្គដ៏អង់អាចក្លាហាន ព្រះអង្គទ្រង់បានលើកទ័ពទៅវាយនគរចំប៉ាវិញ ​ក្រោយពី​ចំប៉ា​បាន​មក​លុកលុយ​ប្រទេស​កម្ពុជា​ នៅក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័នទី៤ នោះ។ លុះនៅឆ្នាំ៩៤៥-៩៤៦ ​ព្រះ​អង្គ​ទ្រង់​បាន​ឡោម​ព័ទ្ធរាជ​ធានី​នៃ​ប្រទេស​ចំប៉ា បានហើយ​បាន​នាំ​បដិមា​ទេព​ធិតា​រក្សា​នគរ​ ដែល​ធ្វើ​អំពី​មាស ​និង​រឹប​យក​នគរ​ចំប៉ា ដាក់​ជា​ចំណុះនគរ​ខ្មែរ​មួយ​រយៈ​ថែម​ទៀត​ផង។​ ព្រះ​បាទ​រាជេន្ទ្រវរ្ម័នទី២ ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​នៅឆ្នាំ៩៤៤ ហើយ​ទ្រង់សុគត​នៅ​ឆ្នាំ៩៦៨ ព្រម​ទាំង​មាន​ព្រះមរណ​នាមថា ​សិវលោក៕​ (RFA)

មតិយោបល់

ពេញនិយម