អត្តចរិតទាំង៥យ៉ាង ដែលក្រុមហ៊ុនមិនប្រាថ្នាទាល់តែសោះពីបុគ្គលិកម្នាក់ៗ!
Connect with us

គួរដឹង

អត្តចរិតទាំង៥យ៉ាង ដែលក្រុមហ៊ុនមិនប្រាថ្នាទាល់តែសោះពីបុគ្គលិកម្នាក់ៗ!

ដើម្បីជោគជ័យនៅក្នុងអាជីពការងារ ការដែលដឹងខ្លួនឯងមានអ្វីល្អខ្លះមិនមែនជារឿងគ្រប់គ្រាន់ហើយនោះទេ ប៉ុន្តែអ្នកក៏ត្រូវដឹងថាក្នុងនាមជាថៅកែ រឺអ្នកដឹកនាំក្នុងក្រុមហ៊ុនមួយ គេមានតម្រូវការអ្វី រឺមិនចង់បានអ្វីពីបុគ្គលិករបស់ខ្លួនផងដែរ។

ការយល់ដឹងចំនុចនេះគឺជារឿងសំខាន់ ព្រោះបើកាលណាអ្នកអាចបំពេញចិត្តក្រុមហ៊ុនដែលអ្នកកំពុងបំពេញការងារហើយនោះ អ្នកនឹងមានឳកាស និងប្រយោជន៍ផ្សេងៗទៀតច្រើនជាងមុន។ លើសពីនេះទៅទៀត វាក៏អាចជាបទពិសោធន៍អោយអ្នកពង្រឹងខ្លួនឯងអោយបានកាន់តែប្រសើរនាថ្ងៃខាងមុខផងដែរ។

ប៉ុន្តែតើអ្វីខ្លះទៅជាចំនុចដែលក្រុមហ៊ុនមួយមិនត្រូវការពីបុគ្គលិករបស់ខ្លួននោះ? អត្តចរិតទាំង ៥ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវជៀសវាង រឺលុបបំបាត់ចោលប្រសិនជាមាន៖

១. មើលបំណាំអ្នកដទៃ

ក្រុមហ៊ុនមួយត្រូវការបុគ្គលិកដែលមានភាពឧស្សាហ៍ព្យាយាម មិនទំរើសខ្លួនជាមួយការងារអ្វីមួយ បើទោះបីជាការងារនោះមិនមែនជាការងាររបស់ខ្លួនក៏ដោយ ព្រោះវាបង្ហាញថាបុគ្គលិកនោះធ្វើការមិនមែនដើម្បីតែខ្លួនឯង ប៉ុន្តែក៏ដើម្បីប្រយោជន៍ក្រុមហ៊ុនដូចគ្នា។

ប៉ុន្តែពួកគេមិនសូវជាពេញចិត្តឡើយចំពោះបុគ្គលិកណាម្នាក់ដែលតែងមើលបំណាំអ្នកដទៃណាមួយ ព្រោះវាអាចបង្ហាញថាបុគ្គលិកម្នាក់នោះមិនសូវជាស្វះស្វែងការងារ រឺធ្វើការអោយតែចប់កាតព្វកិច្ចរបស់ខ្លួន។

២. មិនសូវចុះសម្រុងជាមួយអ្នកដទៃ រឺចូលចិត្តបង្កើតប័ក្សពួក

អ្វីដែលក្រុមហ៊ុនមួយខ្លាចបំផុតនោះគឺថា បុគ្គលិករបស់ខ្លួនមិនចុះសម្រុង ឬសាមគ្គីគ្នា។ ការដែលបុគ្គលិកម្នាក់មានចរិតមិនត្រូវជាមួយនរណាម្នាក់ ឬក៏ចេះបង្កើតប័ក្សពួកជាដើមនឹងធ្វើអោយក្រុមហ៊ុនមានគំណិតអវិជ្ជមានមកកាន់អ្នក។


៣. មិនចេះទទួលកំហុស

ការដែលមនុស្សម្នាក់ធ្វើខុសគឺមិនមែនជាបញ្ហានោះទេ បញ្ហាគឺនៅត្រង់ថាមនុស្សម្នាក់នោះមិនទទួលកំហុស។ នេះគឺជាបញ្ហាមួយដែលក្រុមហ៊ុនមិនចង់ឃើញពីបុគ្គលិករបស់ខ្លួន ព្រោះថាបើកាលណាមនុស្សម្នាក់មិនចេះទទួលកំហុសហើយ គេក៏គ្មានថ្ងៃនឹងទៅកែប្រែកំហុសនោះដែរ ដោយគេគិតថាខ្លួនគេត្រូវជានិច្ច។

៤. រឹងរូស មិនស្តាប់នរណាម្នាក់

នេះជាចំនុចមួយទៀតដែលក្រុមហ៊ុនណាក៏មិនត្រូវការបុគ្គលិកប្រភេទនេះដែរ។ មនុស្សដែលមានភាពរឹងរូសខ្លាំង មិនស្តាប់សម្តីនរណាម្នាក់អាចជាមនុស្សពិបាកនឹងធ្វើការជាមួយខ្លាំងណាស់ ដូច្នេះហើយទើបគេមិនចង់បានបុគ្គលិកដែលមានចរិតប្រភេទនេះឡើយ។

៥. កេងប្រវ័ញ្ចចង់បានតែប្រយោជន៍ក្រុមហ៊ុន

ថ្វីត្បិតតែបុគ្គលិកម្នាក់ៗធ្វើការបញ្ចេញកម្លាំង រឺសមត្ថភាពដើម្បីប្រាក់ខែរបស់ខ្លួន ប៉ុន្តែក្នុងនាមជាក្រុមហ៊ុន គេមិនត្រឹមតែចង់បានសមត្ថភាពអ្នកនោះទេ ប៉ុន្តែគេក៏ចង់បានសេចក្តីស្មោះត្រង់ចំពោះក្រុមហ៊ុនដូចគ្នា។


ជាទូទៅក្រុមហ៊ុនណាក៏ដូចជាក្រុមហ៊ុនណាដែរ ដែលពួកគេតែងតែអោយតម្លៃទៅបុគ្គលិកដែលស្រលាញ់ស្មោះត្រង់ចំពោះក្រុមហ៊ុន ខណះដែលគេនឹងព្យាយាមជម្រុះបុគ្គលិកណាម្នាក់ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន៕

អត្ថបទល្អផ្សេងទៀត៖ តើមនុស្សឆ្លាតធ្វើបែបណាជាមួយនឹងមនុស្សដែលពួកគេមិនចូលចិត្ត?

ភពលោកដែលល្អឥតខ្ចោះមួយក្នុងក្ដីស្រមៃរបស់មនុស្សគ្រប់គ្នាគឺប្រហែលជាទីកន្លែងមួយ ដែលមនុស្សជុំវិញខ្លួនសុទ្ធជាមនុស្សដែលស្រលាញ់រាប់អានអ្នក ចិត្តល្អ ចេះយោគយល់ ចេះគិតគូរ មានមេត្តាធម៌ រឺក៏អត្តចរិតល្អផ្សេងៗទៀត។ ប៉ុន្ដែអ្វីដែលជាទិដ្ឋភាពពិតប្រាកដនោះគឺមិនដូច្នោះទាំងស្រុងនោះទេ។ មនុស្សម្នាក់ៗសុទ្ធតែខុសពីគ្នា ហើយយើងជៀសមិនផុតពីការដែលត្រូវបង្ខំចិត្តធ្វើការជាមួយមនុស្សដែលយើងមិនចូលចិត្ត ដោយសារតែអត្តចរិតខុសគ្នារឺមូលហេតុដទៃទៀត។ តើគួរធ្វើបែបណា ប្រសិនបើមិត្តរួមក្រុមរឺរួមការងាររបស់អ្នក ជាមនុស្សដែលមិនត្រូវនឹងអ្នក? ខាងក្រោមនេះជារបៀបដែលមនុស្សឆ្លាតដោះស្រាយជាមួយមនុស្សដែលពួកគេមិនចូលចិត្ត។

១.​ ទទួលស្គាល់ការពិត៖ អ្នកត្រូវទទួលស្គាល់ការពិតថា មនុស្សសុទ្ធតែមានលក្ខណៈខុសប្លែកពីគ្នាពីម្នាក់ទៅម្នាក់ ដែលធ្វើឲ្យមនុស្សឲ្យតម្លៃផ្សេងគ្នានិងមានការគិតខុសគ្នា។ ការទទួលស្គាល់បែបនេះអាចធ្វើឲ្យអ្នកមានធូរចិត្តបន្ដិច នៅពេលដែលត្រូវធ្វើការជាមួយមនុស្សដែលមិនចុះសម្រុងនឹងអ្នក។

២. មិនបោះបង់ចោលពួកគេ៖ ការមានយោបល់ផ្សេងគ្នាអាចជារឿងល្អ ដោយសារតែការជជែកវែកញែកនឹងជួយឲ្យក្រុមរបស់អ្នករកមធ្យោបាយដ៏ល្អបាន។ ដូច្នេះហើយ អ្នកមិនគួរប្រងើយកន្ដើយដាក់ពួកគេ រឺបោះបង់ចោលនោះទេ។ វាប្រហែលជាមិនងាយស្រួលនោះទេ តែអ្នកគួរតែទ្រាំបើអាច។

៣. រក្សាភាពថ្លៃថ្នូរ៖ ប្រសិនបើអ្នកមិនគួរសមដាក់ពួកគេ ពួកគេក៏អាចមិនគួរសមដាក់អ្នកវិញផងដែរ។ ដូច្នេះ ចូររក្សាភាពវិជ្ជមាននិងភាពថ្លៃថ្នូររបស់អ្នក ដោយមិនបន្ទាបខ្លួនទៅនឹងកម្រិតរបស់អ្នកទាំងនោះ។

៤. ពិចារណាការរំពឹងទុករបស់ខ្លួនឯង៖ ពេលខ្លះ វាអាចបណ្ដាលមកពីការដែលអ្នករំពឹងថា អ្នកដទៃធ្វើរឺនិយាយដូចអ្នកដែរ ប៉ុន្ដែការគិតបែបនេះហើយដែលធ្វើឲ្យអ្នកមានការខកចិត្តរឺខឹងសម្បា។ មនុស្សឆ្លាតមានការរំពឹងទុកដ៏សមរម្យមួយ ទើបពួកគេមិនមានការភ្ញាក់ផ្អើលដោយសារតែអាកប្បកិរិយារបស់មនុស្សដែលមិនពេញចិត្ត។

៥. ផ្ដោតលើខ្លួនឯង៖ ជាជាងការគិតពីមនុស្សដែលធ្វើឲ្យអ្នកមិនពេញចិត្ត ចូរសួរខ្លួនឯងវិញថា ហេតុអ្វីបានជាអ្នកមានប្រតិកម្មបែបនេះចំពោះពួកគេ ដោយសារពេលខ្លះ អ្វីដែលយើងមិនពេញចិត្តក្នុងអ្នកដទៃក៏ជាអ្វីដែលអ្នកមិនចូលចិត្តពីខ្លួនឯងផងដែរ។ ចូរចងចាំថា ការកែប្រែខ្លួនឯងគឺតែងតែងាយស្រួលជាងការដែលអ្នកចង់កែប្រែអ្នកដទៃ។

៦. ដកដង្ហើមវែងៗ៖ ការដកដង្ហើមវែងៗនឹងជួយឲ្យអារម្មណ៍របស់អ្នកស្ងប់និងការពារមិនឲ្យអ្នកមានប្រតិកម្មហួសហេតុ ព្រមទាំងជួយអ្នកឲ្យបើកចិត្តទូលាយផងដែរ។

៧. ប្រាប់ឲ្យពួកគេដឹង៖ ប្រសិនបើពួកគេនៅតែបន្ដធ្វើឲ្យអ្នកទាស់ចិត្តឥតឈប់ឈរ អ្នកគួរតែនិយាយប្រាប់ឲ្យពួកគេបានដឹងតាមសម្រួល។ ជៀសវាងប្រើពាក្យមិនសមរម្យដែលអាចធ្វើឲ្យបញ្ហាកាន់តែធំ។

៨. រក្សាគម្លាត៖ បើព្យាយាមវិធីខាងលើអស់ហើយតែគ្មានប្រសិទ្ធភាព​ អ្នកគួររក្សាគម្លាតពីពួកគេមួយរយៈពេលសិន។ ការធ្វើបែបនេះអាចជួយឲ្យទំនាក់ទំនងរបស់អ្នកប្រសើរឡើងវិញបន្ទាប់ពីមួយរយៈពេលនេះក៏ថាបាន៕

មតិយោបល់

ពេញនិយម