ដើម្បីជីវិតដ៏រីករាយមួយ នេះជារឿងទាំង ៧ ដែលអ្នកគួរធ្វើជារៀងរាល់ថ្ងៃ
Connect with us

បែបផែនជីវិត

ដើម្បីជីវិតដ៏រីករាយមួយ នេះជារឿងទាំង ៧ ដែលអ្នកគួរធ្វើជារៀងរាល់ថ្ងៃ

ចូរសួរខ្លួនឯងថា តើរាល់ថ្ងៃអ្នកពេញចិត្តនឹងជីវិតរបស់អ្នកដែររឺទេ? មនុស្សមួយចំនួនប្រាកដជារីករាយ នឹងជីវិតរបស់ពួកគេ ដោយពួកគេពេញចិត្តនឹងអ្វីដែលពួកគេមាន ដូចជាគ្រួសារដ៏កក់ក្ដៅមួយ មិត្តភក្ដិល្អមួយចំនួន មានលុយចាយគ្រប់គ្រាន់ មានការងារសមរម្យ រឺមានការស្រលាញ់រាប់អានពីមនុស្សជុំវិញខ្លួនជាដើម ជាហេតុធ្វើឲ្យជីវិតរបស់ពួកគេមានភាពស្រស់បំព្រង។ ដោយឡែក មនុុស្សមួយចំនួនទៀតប្រហែលជាមិនពេញចិត្តនឹងជីវិតសព្វថ្ងៃរបស់ពួកគេនោះទេ ដោយមូលហេតុផ្សេងៗ ឧទាហរណ៍ ពួកគេមិនមានអ្វីដែលពួកគេចង់បាន។ ប៉ុន្ដែ សុភមង្គលក្នុងជីវិតមិនកើតចេញពីអ្វីដែលយើងមានទាំងស្រុងនោះទេ តែចេញពីសកម្មភាពរឺទង្វើដែលយើងធ្វើ។ ជាក់ស្ដែង  បើប្រសិនបើអ្នកចង់រស់នៅក្នុងជីវិតដ៏សប្បាយរីករាយមួយ អ្នកគួរតែធ្វើរឿងទាំង ៧ ខាងក្រោមនេះ។

១.​ ហាត់ប្រាណ៖ លំហាត់ប្រាណមិនមែនសម្រាប់តែមនុស្សដែលចង់មានរាងស្អាតនោះទេ ប៉ុន្ដែមនុស្សមួយចំនួនធ្វើវាដើម្បីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។​ អ្នកអាចចំណាយពេលត្រឹមតែ ៧ ទៅ ១០​ នាទីប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីធ្វើលំហាត់ប្រាណ ដែលអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ។ បន្ទាប់ពីការធ្វើលំហាត់ប្រាណនេះបានមួយរយៈពេល អ្នកប្រាកដជាបានឃើញពីអត្ថប្រយោជន៍របស់វា។

២. ចំណាយពេលនៅខាងក្រៅ៖ ការនៅខាងក្រៅនេះសំដៅលើពេលវេលាខាងក្រៅផ្ទះ រឺសាលារៀន រឺកន្លែងធ្វើការ ដែលយើងចំណាយពេលសឹងតែពេញមួយថ្ងៃនៅកន្លែងទាំងនោះ។ វាអាចជាការទៅហាត់ប្រាណដូចខាងលើ រឺទៅកន្លែងផ្សេងៗដូចជា ការដើរនៅតាមសួនច្បារ ការដើរទៅនេះទៅនោះបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ហើយ រឺគ្រាន់តែអង្គុយនៅខាងមុខរឺខាងក្រោយមួយភ្លែតក៏បាន។ គេជឿថា ការចំណាយពេលនៅខាងក្រៅ ២០ នាទីក្នុងមួយថ្ងៃអាចជួយបង្កើនកម្រិតភាពរីករាយរបស់អ្នក។

៣. អោយតម្លៃលើគ្រួសារ៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញឲ្យឃើញថា ធាតុដែលសំខាន់បំផុតនិងធ្វើឲ្យជីវិតរបស់មនុស្សស្រស់ស្អាតបំផុតនោះគឺជាគ្រួសារ។ ដូច្នេះហើយ មនុស្សដែលរីករាយនឹងជីវិតតែងចំណាយពេលបន្ដិចបន្ដួចជាមួយគ្រួសាររបស់ពួកគេ ដូចជាពេលញ៉ាំអាហារ រឺពេលនិយាយគ្នាលេងជាដើម។

៤. ធ្វើអំពើល្អ៖ អំពើល្អរបស់មនុស្សមួយចំនួនមិនមែនដើម្បីទទួលបានការតបស្នងនោះទេ ប៉ុន្ដែវាជួយបង្កើនសុភមង្គលក្នុងជីវិតរបស់ពួកគេ។ ការធ្វើអំពើល្អ មិនថាតិចតួច រឺច្រើនក្ដី អាចជួយបំបាត់ភាពតានតឹង ព្រមទាំងធ្វើឲ្យពួកគេមានសុខភាពផ្លូវចិត្តល្អផងដែរ។

៥. ចំណាយពេលជាមួយមិត្តភក្ដិ៖ មិត្តភក្ដិប្រៀបដូចជាគ្រួសារដូច្នេះដែរ គ្រាន់តែអ្នកអាចធ្វើការជ្រើសរើសបាន។ មិនថាអ្នករវល់ប៉ុនណានោះទេ ការចំណាយពេលត្រឹម ៥ រឺ ១០ នាទីនិយាយគ្នា រឺជួបជុំគ្នាអាចកែប្រែជីវិតអ្នកឲ្យកាន់តែស្រស់បំព្រងបាន។

៦.​ ធ្វើអ្វីដែលមានន័យសម្រាប់អ្នក៖ អ្វីដែលមានន័យសម្រាប់អ្នក គឺមានតែអ្នកទេដែលអាចកំណត់វាបាន។ ជីវិតដែលរីករាយអាចកើតមានបាន លុះត្រាតែអ្នកពេញចិត្តនឹងអ្វីដែលអ្នកកំពុងតែធ្វើ។ ប៉ុន្ដែអ្នកក៏អាចស្វែងរកផ្នែកណាមួយនៃការងារដែលធ្វើឲ្យអ្នកមានមោទនភាពរឺសប្បាយចិត្ត ប្រសិនបើអ្នកមិនសូវជាពេញចិត្តនឹងការងារសព្វថ្ងៃ។  

៧. គេងឲ្យបានគ្រប់គ្រាន់៖ ជាការពិតណាស់ ការគេងមិនបានគ្រប់គ្រាន់មានផលប៉ះពាល់យ៉ាងខ្លាំង។ នៅពេលក្រោកឡើង អ្នកអាចមានអារម្មណ៍មួរម៉ៅ គិតអ្វីមិនសូវចេញ និងមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារនោះទេ។ មិនថារវល់ប៉ុណ្ណានោះទេ មនុស្សដែលរីករាយក្នុងជីវិតតែងគេងឲ្យបាន ៧ ទៅ ​៨ ម៉ោងក្នុងមួយថ្ងៃ។  

អ្នកប្រហែលជាគិតថា បើត្រូវចំណាយពេលហាត់ប្រាណផង នៅខាងក្រៅផង នៅជាមួយគ្រួសារផង មិត្តភក្ដិផង ត្រូវធ្វើការ ហើយត្រូវគេងឲ្យបានគ្រប់គ្រាន់ទៀត អញ្ចឹងមនុស្សរវល់ប្រហែលជាមិនអាចរីករាយនឹងជីវិតនោះទេ។ ប៉ុន្ដែ អ្វីដែលអ្នកគួរដឹងនោះគឺ សុភមង្គលក្នុងជីវិតអាចកើតមានបាន ដរាបណាជីវិតអ្នកមានតុល្យភាព ពោលគឺមិនផ្ដោតលើរបស់តែម្យ៉ាងនោះទេ៕

ប្រភព៖ Time

អត្ថបទល្អផ្សេងទៀត៖ មនុស្សដែលរីករាយពិតប្រាកដមិនខ្វល់ជាមួយរឿងទាំង ៨ នេះទេ!

សុភមង្គលរឹភាពសប្បាយរីករាយគឺជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ សុភមង្គលមិនតែងតែកើតចេញពីរបស់ក្រៅខ្លួនដូចជា ទ្រព្យសម្បត្តិហូរហ៊ា អំណាចខ្លាំងក្លា រឺកិត្តិយសខ្ពង់ខ្ពស់នោះទេ។ ដោយឡែក មនុស្សដែលមានភាពរីករាយជាមួយជីវិតរបស់ពួកគេយ៉ាងពិតប្រាកដ​តែងតែមានគំនិតវិជ្ជមាននិងមានសង្ឃឹមជានិច្ច មិនថាពួកគេស្ថិតក្នុងស្ថានភាពលំបាកបែបណានោះទេ។ ជាទូទៅ ពួកគេទាំងនោះជាមនុស្សសុទិដ្ឋិនិយម សុចរិត មានក្រមសីលធម៌ខ្ពស់ មានចិត្តមេត្តា សប្បុរស និងជាពិសេសពួកគេពោរពេញទៅដោយសេចក្ដីស្រលាញ់។ ហើយមូលហេតុដែលធ្វើឲ្យពួកគេអាចរក្សាភាពវិជ្ជមានក្នុងជីវិតនិងរស់នៅដោយភាពសប្បាយរីករាយនោះគឺ ដោយសារតែមនុស្សទាំងនេះមិនខ្ជះខ្ជាយពេលវេលារបស់ពួកគេខ្វល់ខ្វាយនឹងរឿងទាំង ៨ ខាងក្រោមនេះ។

១. ទ្រព្យសម្បត្តិក្រៅខ្លួន៖ ជាការពិតណាស់ ការមានលុយច្រើន មានឡានទំនើបជិះ មានផ្ទះវីឡាធំ គឺជារឿងល្អ ប៉ុន្ដែវាមិនអាចធានាបាននោះទេថា របស់ទាំងនេះនឹងនាំមកនូវសុភមង្គលពិតប្រាកដ ដោយសារតែសុភមង្គលគ្រួសារក៏អាចត្រូវបានបំផ្លាញដោយរបស់ទាំងនេះផងដែរ។ មនុស្សដែលរីករាយយ៉ាងពិតប្រាកដរស់នៅក្នុងជីវភាពសមរម្យមួយ និងប្រើប្រាស់ធនធានដែលពួកគេមានដើម្បីបង្កើនតម្លៃក្នុងជីវិតរបស់អ្នកដទៃ។

២. ការទទួលផលតបស្នង៖ ពួកគេមិនរំពឹងថា ការដែលពួកគេជួយនរណាម្នាក់ ពួកគេនឹងទទួលបានអ្វីត្រឡប់មកវិញនោះទេ។ ចំពោះពួកគេ ការធ្វើឲ្យជីវិតអ្នកដទៃមានភាពល្អប្រសើរនេះហើយជាអ្វីដែលពួកគេចង់បាន។

៣. ការរំពឹងទុករបស់សង្គម៖ មនុស្សទូទៅតែងធ្វើអ្វីៗឲ្យដូចការរំពឹងទុករបស់អ្នកដទៃទៀតនៅក្នុងសង្គម ហើយវាអាចជាសម្ពាធដ៏ធំមួួយ។ ដោយឡែក មនុស្សដែលពោរពេញទៅដោយភាពរីករាយជ្រើសរើសការរស់នៅតាមរបៀបដែលពួកគេចង់បាន ដរាបណាទង្វើទាំងនោះមិនប៉ះពាល់ដល់អ្នកដទៃរឺល្មើសច្បាប់។

៤. ការវាយតម្លៃរបស់អ្នកដទៃ៖ ពួកគេមិនខ្វល់ទេថា អ្នកដទៃគិតបែបណាចំពោះពួកគេនោះទេ។ ការរស់នៅដោយព្យាយាមសម្របតាមអ្នកដទៃគ្រប់យ៉ាង​នឹងធ្វើឲ្យអ្នកបាត់បង់នូវតម្លៃផ្ទាល់ខ្លួននិងសុភមង្គលរបស់អ្នកផងដែរ។

៥. ការប្រៀបធៀប៖ ពួកគេប្រហែលជាសិក្សាពីរបៀបដែលបុគ្គលមួយចំនួនទទួលបានភាពជោគជ័យ ប៉ុន្ដែពួកគេតែងតែផ្ដោតខ្លាំងទៅលើការរីកចម្រើននិងការវិវត្តរបស់ខ្លួន ដោយមិនច្រណែនឈ្នានីសនឹងភាពជោគជ័យរបស់អ្នកដទៃឡើយ។

៦. ការនិយាយដើម៖ មនុស្សដែលសប្បាយចិត្តពិតប្រាកដមិនខ្វល់ពីការនិយាយដើមពីក្រោយខ្នងរឺពាក្យចចាមអារ៉ាមនោះទេ ហើយពួកគេតែងពេញចិត្តនឹងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។

៧. ការចងគំនុំ៖ ពួកគេដឹងថា ការគុំគួនមិនមែនជាជម្រើសដ៏ល្អមួយនោះទេ ដោយសារតែចិត្តគំនិតរបស់ពួកគេនឹងប្រែជាខ្មៅស្រអាប់។ ដូច្នេះហើយ ពួកគេមានការអត់អោនច្រើន។

៨. ការលូកដៃចូលរឿងអ្នកដទៃ៖ ពួកគេមិនលូកលាន់ក្នុងជីវិតអ្នកដទៃនោះទេ ប៉ុន្ដែពួកគេនឹងស្ម័គ្រចិត្តជួយប្រសិនបើមានគេត្រូវការជំនួួយ៕

មតិយោបល់

ពេញនិយម