រឿងអប់រំខ្លីតែមានន័យជ្រាលជ្រៅ៖ ឪពុកជាអ្នកក្រអាចអប់រំកូនប្រុសឱ្យក្លាយជាអ្នកមានបានទេ?
Connect with us

គួរដឹង

រឿងអប់រំខ្លីតែមានន័យជ្រាលជ្រៅ៖ ឪពុកជាអ្នកក្រអាចអប់រំកូនប្រុសឱ្យក្លាយជាអ្នកមានបានទេ?

រៀងរាល់ថ្ងៃ ឪពុកតែងតែនាំកូនប្រុសរបស់ខ្លួនទៅសាលារៀន និងពេលចេញពីសាលារៀនគាត់នតែជិះកង់ទៅទទួលកូនប្រុសសំណព្វចិត្តរបស់គាត់ឥតដែលនឿយហត់ និងខ្ជិលម្តងណាឡើយ ព្រោះតែក្តីស្រឡាញ់ចំពោះកូន និងចង់ឃើញ​កូនប្រុស​មាន​ចំណេះដឹង សង្ឃឹមថាកូនប្រុសរបស់គាត់ក្លាយជាមនុស្សម្នាក់ល្អនៅក្នុងសង្គមបាន។

ប៉ុន្តែជាចៃដន្យថ្ងៃមួយនោះ គាត់បានឃើញកាបូបលុយមួយធ្លាក់នៅពីមុខគាត់ និងកូនប្រុសរបស់គាត់។ ពេលជិះដល់កាបូប​លុយនេះ គាត់ឈប់កង់ ហើយមិនព្រមរើសយកភ្លាមៗទេ ដោយគាត់បានគិតក្នុងចិត្តតែម្នាក់ឯងថា «ក្នុងនាមអញជាឪពុកល្អ​ម្នាក់របស់កូនប្រុសអញ ដូច្នេះអញមិនគប្បីធ្វើទង្វើអាក្រក់ ឬមិនល្អជាគំរូមិនល្អដល់កូនអញឡើយ»។

គិតនៅក្នុងចិត្ត​រួចហើយ គាត់បាននិយាយទៅកាន់កូនប្រុសរបស់គាត់ថា «កូនប្រុសហា៎! ថ្វីបើពុកមិនមានទ្រព្យសម្បត្តិច្រើនពិតមែន ប៉ុន្តែពុក​មិនដាច់ចិត្ត​ធ្វើជាមនុស្សអាក្រក់ដើម្បីរកប្រាក់ឡើយ គឺពុកពឹងលើកម្លាំងញើសឈាមពុក ដើម្បីចិញ្ចឹមកូនរហូតបានប៉ុណ្ណេះ ហើយ​ថ្ងៃ​នេះយើងរើសបានកាបូបនេះ មានសុទ្ធតែប្រាក់ក្នុងកាបូប ប៉ុន្តែកូនត្រូវចាំថាលុយនេះមិនមែនជារបស់យើងទេ ដូច្នេះគឺយើង​នឹង​ថែរក្សាទុកជូនម្ចាស់គេវិញ!»។

កូនប្រុសគាត់ញញឹមដាក់គាត់ ហើយក៏គិតក្នុងចិត្តថា «ពុកខ្ញុំ គឺជាមនុស្សល្អគួរឲ្យគោ​រព​ ទោះបីក្រក៏គាត់មិនដែលចង់បានរបស់អ្នកដទៃដែរ ហើយជាគំរូល្អបំផុតសម្រាប់ខ្ញុំជាកូន»។

គាត់សម្រេចចិត្តរើសកាបូបនោះទុកសិន តែគាត់មិនបានប៉ះពាល់លុយនៅក្នុងនោះសូម្បីតែបន្តិចឡើយ។ ថ្ងៃស្អែកទៀត គាត់ក៏​បាន​នាំកូនមកសាលារៀនដូចសព្វដង ហើយក៏បានឃើញអ្នកដំណើរកំពុងតែស្វែងរកអ្វីម្យ៉ាងនៅកន្លែងកើតហេតុ (កន្លែង​គាត់​រើសបានកាបូបកាលពីម្សិលមិញ) ដូច្នេះគាត់បានសួរនៅកាន់បុរសចំណាស់បន្តិចថា «អត់ទោស! តើលោកកំពុង​ស្វែង​រករបស់​អ្វីឬ?» កាលពីម្សិលមិញ ខ្ញុំមកទទួលកូនចេញពីរៀន ហើយបានជ្រុះបាត់កាបូបតាំងពីម្សិលមិញមកម្ល៉េះ សង្ស័យជ្រុះបាត់​តាមផ្លូវនេះ តែខ្ញុំរកមិនឃើញសោះ!​

បុរសម្នាក់ដែលជាឪពុកអ្នកក្រជិះកង់នោះ បានលូកដៃចូលក្នុងហោប៉ាវ ហើយហុច​ទៅ​​ឲ្យបុរសចំណាស់នោះ រួចសួរថា តើជារបស់នេះឬ? គាត់ស្រងាកចិត្តមើលមុខបុរសដែលហុចកាបូបនោះ រួចហែកមើល​កាបូប​របស់គាត់ គ្មានបាត់លុយមួយសេនណាឡើយ។

នៅក្នុងចិត្តរបស់បុរសចំណាស់នោះ គាត់មិននឹកស្មានថាអាចរកឃើញកាបូបលុយវិញទេ ហើយរឹតតែមិននឹកស្មានថា មានមនុស្ស​ល្អដូចជាឪពុកជាអ្នកក្រជិះកង់នោះដែរ។

បុរសទាំងពីរនាក់នោះ បានរាប់អានគ្នាជាមិត្ត និងសាងមិត្ដរហូតដល់​កូនៗ​របស់ពួកគេធំ មិនតែប៉ុណ្ណោះកូនប្រុសដែលមានឪពុកជាអ្នកក្រ ត្រូវបានជួយទំនុកបម្រុងពីឪពុកដែលបាត់កាបូបលុយនេះ​ទាល់​តែរៀនចប់ និងជោគជ័យក្នុងជីវិតយ៉ាងត្រចេះត្រចង់ ដោយសារតែធ្វើទង្វើល្អតាមគន្លងរបស់ឪពុកបង្រៀនសាង​ខ្លួនជា​មនុស្សល្អ។

ក្នុងសាច់រឿងនេះ បានបង្ហាញអំពីចំណុចពីរយ៉ាងដែលយើងគួររៀនសូត្រ។ ចំណុចទី១ គឺបង្រៀនឲ្យយើងចេះជួយគ្នា កុំចង់បាន​របស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន។

ចំណុចទី២ គឺការបង្រៀនកូនកុំឲ្យក្លាយជាមនុស្សអាក្រក់ ចង់បានរបស់គេ ជា​ពិសេសឪពុកជាអ្នកក្រ មានគំនិតមិនចង់បង្ហាញឲ្យកូនឃើញពីទង្វើមិនល្អ ឬការបង្រៀនដោយប្រយោលចំពោះកូន​របស់ខ្លួន ដែលកាត់បន្ថយនូវអំពើពុករលួយនៅក្នុងសង្គម ចេះយកអាសាគ្នា ពិតសក្តិមជាឪពុកគំរូមែន។

ហេតុនេះឱពុកអ្នកក្រ (ក្រទ្រព្យ) ក៏អាចអប់រំកូនឱ្យក្លាយជាអ្នកមាន (ចំណេះវិជ្ជា និងចរិយាសម្បត្តិថ្លៃថ្នូរ) បានដែរដែលជាគ្រឹះដ៏រឹងមាំក្នុងការកសាងទ្រព្យ៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម