ចប់ហើយ! រដ្ឋHawaiiបានចេញបំរាមមិនឱ្យប្រើឡេការពារកម្ដៅថ្ងៃព្រោះតែបញ្ហាផ្កាថ្មសមុទ្រ
Connect with us

គួរដឹង

ចប់ហើយ! រដ្ឋHawaiiបានចេញបំរាមមិនឱ្យប្រើឡេការពារកម្ដៅថ្ងៃព្រោះតែបញ្ហាផ្កាថ្មសមុទ្រ

ផ្កាថ្មនៅទូទាំងមហាសមុទ្រត្រូវបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ កត្តាចម្បងដែលនាំឱ្យកើតមានបញ្ហានេះគឺបណ្តាលមកពីសកម្មភាពរបស់មនុស្ស។ ឃើញដូច្នេះ ថ្នាក់ដឹកនាំរដ្ឋHawaiiបានចាប់ផ្តើមចេញវិធានការដើម្បីទប់ស្កាត់បញ្ហានេះ។

ទឹកសមុទ្រនៅជុំវិញរដ្ឋHawaiiគឺជាទីជម្រកដ៏ប្រសើររបស់ផ្កាថ្មប៉ប្រះទឹកជាច្រើនប្រភេទ គ្របដណ្ដប់់លើផ្ទៃបាតសមុទ្រជាង ១៦០០គីឡូម៉ែត្រការ៉េ។ ផ្កាថ្មប៉ប្រះទឹកដ៏ចម្រុះនេះហើយបានទាក់ទាញភ្ញៀវទេសចរជាច្រើនលាននាក់មកទស្សនាកម្សាន្តនៅរដ្ឋHawaiiជារៀងរាល់ឆ្នាំ។ បញ្ហាមួយដែលភ្ញៀវទេសចរទាំងនោះបាននឹងកំពុងតែបំផ្លាញផ្កាថ្មដោយមិនដឺងខ្លួនគឺការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ។ ពេលពួកគេចុះលេងក្នុងទឹកសមុទ្រទាំងស្បែករបស់ពួកគេពេញដោយឡេការពារកម្តៅថ្ងៃ សារធាតុនៅក្នុងឡេនោះត្រូវបានរលាយក្នុងទឹកសមុទ្រហើយជាង១៤,០០០តោននៃសារធាតុទាំងនោះបានធ្លាក់ទៅលើផ្កាថ្មប៉ប្រះទឹក។

ប្រាកដណាស់ តួនាទីរបស់ឡេការពារកម្តៅថ្ងៃគឺផ្តល់ការការពារកោសិកាស្បែកពីការបំផ្លាញរបស់កាំរស្មីUVរបស់ព្រះអាទិត្យ។ សារធាតុពីរសំខាន់ៗដែលមាននៅក្នុងឡេការពារកម្តៅថ្ងៃគឺសារធាតុ oxybenzone និង octinoxate ហើយផលិតផលការពារកម្តៅថ្ងៃជាង ៣,៥០០ប្រភេទនៅជុំវិញពិភពលោកសុទ្ធតែមានផ្ទុកសារធាតុទាំងពីរនេះ។ ផ្ទុយពីការការពារមនុស្សពីកាំរស្មីព្រះអាទិត្យ ឡេការពារកម្តៅថ្ងៃបែរជាផ្តល់ប៉ះពាល់ចំពោះជីវិតសត្វសមុទ្រទៅវិញ។

តាមការស្រាវជ្រាវបានបង្ហាញថា សារធាតុ oxybenzone អាចបំផ្លាញផ្កាថ្មតាមពីរវិធី។ ទីមួយ វារារាំងការលូតលាស់ជាប្រក្រតីរបស់ផ្កាថ្មទាំងនោះ។ ទីពីរ វាបំពុលសារាយដែលរស់នៅក្នុងផ្កាថ្ម។ សារាយទាំងនេះជាប្រភពអុកស៊ីហ៊្សែនមួយរបស់ផ្កាថ្ម ហើយវាជួយសម្អាតកាកសំណល់របស់ផ្កាថ្ម ក៏ដូចជាផ្តល់ឱ្យផ្កាថ្មប៉ប្រះទឹកនូវរូបរាងរស់រវើកដ៏គួរចាប់អារម្មណ៍របស់ពួកវា។ ប្រសិនបើគ្មានសារាយនៅលើផ្កាថ្មនោះ កាកសំណល់នឹងកើនឡើងហើយផ្កាថ្មនឹងប្រែជាពណ៌ស។ ចំណែកឯសារធាតុ octinoxate អាចបង្អាក់ការរីកលូតលាស់របស់កូនផ្កាថ្ម។

ដោយសារបញ្ហានេះ រដ្ឋHawaii បានចេញច្បាប់ទាក់ទងនឹងការហាមប្រាមមិនឱ្យប្រើប្រាស់ឡេការពារកម្តៅថ្ងៃដែលមានផ្ទុកសារធាតុទាំងពីរនេះ។ ច្បាស់ណាស់ ការហាមប្រាមបែបនេះមិនអាចដោះស្រាយបញ្ហាផ្កាថ្មបានទាំងស្រុងនោះទេ ប៉ុន្តែវាជាសញ្ញាល្អមួយដែលបញ្ជាក់ពីការតាំងចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋHawaiiក្នុងការដោះស្រាយបញ្ហាមួយនេះ។

ដូច្នេះលោកអ្នកក៏អាចចូលរួមការពារផ្កាថ្មប៉ប្រះទឹកបានដែរ ដោយការប្រើប្រាស់ឡេការពារកម្តៅថ្ងៃដែលគ្មានផ្ទុកសារធាតុ oxybenzone និង octinoxate ឬក៏ផលិតផលការពារកម្តៅថ្ងៃដែលមានលក្ខណៈជីវចម្រាញ់ (biodegradable) ហើយមានផ្ទុកសារធាតុ non-nano-size ingredients៕

អត្ថបទល្អផ្សេងទៀត៖ ដឹងអត់ហេតុអ្វីបានជាអ្នកគួរលាបឡេការពារកម្តៅថ្ងៃមុនពេលឡើងជិះយន្តហោះ?

ទោះបីជាអ្នកមិនមានគម្រោងទៅលេងលើឆ្នេរខ្សាច់ក្តី ក៏ឡេការពារកម្តៅថ្ងៃគឺជារបស់ដ៏សំខាន់មួយដែលគួរតែមាននៅក្នុងវ៉ាលីធ្វើដំណើររបស់អ្នកជានិច្ច។ មុនពេលនិងក្នុងអំឡុងពេលជិះយន្តហោះអ្នកគួរតែលាបឡេការពារកម្តៅថ្ងៃ ដើម្បីការពារខ្លួនអ្នកពីកាំរស្មីស្វាយអ៊ុលត្រា(ultraviolet rays)។

Why Sunblock during flight?

ពេលដែលអ្នកកាន់តែកៀកទៅជិតព្រះអាទិត្យ ស្បែករបស់អ្នកក៏កាន់តែមានហនិភ័យខ្ពស់ពីវិទ្យុសកម្មដ៏គ្រោះថ្នាក់។ វេជ្ជបណ្ឌិត Marisa Garshick អ្នកឯកទេសខាងសើស្បែកបានពន្យល់ថា បង្អួចនៅលើយន្ដហោះមិនអាចផ្តល់ការការពារគ្រប់គ្រាន់សំរាប់ស្បែករបស់អ្នកទេ។ លោកបានបន្តថា ទោះបីជាបង្អួចយន្ដហោះអាចទប់ស្កាត់កាំរស្មីប្រភេទ​ UVB ក៏ដោយ ក៏កាំរស្មីប្រភេទ UVA នៅតែអាចឆ្លងកាត់បាន។ កាំរស្មីប្រភេទ UVA ប្រហែលជាមានឥទ្ធិពលតិចជាងកាំរស្មីប្រភេទ UVB ប៉ុន្តែវានៅតែអាចបំផ្លាញកោសិកាស្បែក ហើយអាចបង្កជាជម្ងឺមហារីកស្បែកបាន។

Why Sunblock during flight?

កាំរស្មីព្រះអាទិត្យនៅរយៈកម្ពស់ខ្ពស់មានផលប៉ះពាល់ដល់ស្បែករបស់អ្នកខ្លាំងជាងនៅរយៈកម្ពស់ទាប។ យោងតាមការសិក្សាមួយបានឱ្យដឹងថា ផលប៉ះពាល់មកពីការប៉ះទៅនឹងកាំរស្មីUV រយៈពេល ៥៦នាទីរបស់អ្នកបើកយន្តហោះនៅក្នុងកាប៊ីនយន្ដហោះនៅរយៈកម្ពស់ជាង ៩០០០ម៉ែត្រស្មើនឹងផលប៉ះពាល់មកពីការប៉ះទៅនឹងកាំរស្មី UV ដោយការដេកហាលថ្ងៃរយៈពេល ២០នាទី។

Why Sunblock during flight?

ប្រសិនបើអ្នកកំពុងរៀបចំសម្រាប់ការហោះហើរជាពិសេសអ្នកដែលត្រូវអង្គុយកៅអីជាប់បង្អួច សូមកុំភ្លេចលាបឡេការពារកម្តៅថ្ងៃមុនឡើងយន្តហោះ។ សម្រាប់ការធ្វើដំណើររយៈពេលយូរ អ្នកត្រូវលាបរៀងរាល់ ២ម៉ោងម្តង។ សូមរកដបតូចល្មមសំរាប់ដាក់ឡេការពារកម្តៅថ្ងៃ ដើម្បីភាពងាយស្រួលរបស់អ្នក។ ដូច្នេះរាល់ពេលអ្នកស្ថិតនៅលើយន្តហោះ ធ្វើដំណើរកម្សាន្តនៅលើកោះ ឬស្នាក់នៅផ្ទះក៏ដោយ អ្នកគួរលាបឡេការពារកម្តៅថ្ងៃជាប្រចាំ៕

មតិយោបល់

ពេញនិយម