ប្រវត្តិសាស្ត្រ​ខ្មែរគួររៀនសូត្រ៖ ការ​ឈ្លាន​ពាន​របស់កងទ័ព​សៀម​ មក​លើ​ប្រទេស​កម្ពុជាយើង!
Connect with us

គួរដឹង

ប្រវត្តិសាស្ត្រ​ខ្មែរគួររៀនសូត្រ៖ ការ​ឈ្លាន​ពាន​របស់កងទ័ព​សៀម​ មក​លើ​ប្រទេស​កម្ពុជាយើង!

នៅ​ចុង​សតវត្ស​ទី​១៤ ប្រទេស​សៀម បាន​ដណ្ដើម​កាន់​កាប់​ក្រុង​អង្គរ មួយ​លើក​ជា​ពីរ​លើក។ ប្រការ​ដែល​ធ្វើ​អោយ​ខ្មែរ​ចាញ់​ដៃ​សៀម ដូច្នេះ មួយ​ផ្នែក​មក​ពី​ល្បិច​ស្ម័គ្រ​ស្លាប់​របស់​ពួក​សៀម ដែល​ធ្វើ​យ៉ាង​ណា​អោយ​តែ​វាយ​ដណ្ដើម​យក​កម្ពុជា បាន និង​មួយ​ផ្នែក​ទៀត​មក​ពី​ខ្មែរ​ឆាប់​ជឿ​ទុក​ចិត្ត​ល្បិច​បោកប្រាស់​របស់​ខ្មាំង​សត្រូវ​ផង។ នៅពេលនេះដែរ គេហទំព័រយើងខ្ញុំ សូម​លើកមក​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទាំង​នេះ​ដូច​ត​ទៅ៖

ព្រះបាទ​សុរិយោវង្ស (ឆ្នាំ​១៣៥៧-ឆ្នាំ​១៣៦៦ ឬ​ឆ្នាំ​១៣៦៣)

ក្នុង​ពេល​ដែល​មហា​នគរ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម លើក​ទី​១​នេះ សៀម បាន​កាន់​កាប់ និង​គ្រប់គ្រង​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ៤​ឆ្នាំ គឺ​ពី​ឆ្នាំ​១៣៥៣ ដល់​ឆ្នាំ​១៣៥៧។ ឯកសារ​ខ្លះ​ថា​រយៈពេល ៦​ឆ្នាំ ហើយ​ពេល​នោះ ព្រះ​រាមា​ធិបតី​ស្ដេច​សៀម បាន​ដាក់​បុត្រា​ខ្លួន​បី​នាក់​អោយ​សោយរាជ្យ​បន្តបន្ទាប់​គ្នា​នៅ​ក្រុង​អង្គរ គឺ​ចៅ​បាសាត ដែល​សោយរាជ្យ​បាន​ប្រមាណ​ជាង​មួយ​ឆ្នាំ ហើយ​ឈឺ​សុគត​ទៅ។ ចៅ​បាអាត សោយរាជ្យ​បាន​ប្រមាណ​ជាង​មួយ​ឆ្នាំ​ដែរ ហើយ​ឈឺ​សុគត​ទៅ​ទៀត។ ហើយ​បុត្រា​ទី​៣ គឺ​ចៅ​កំបង់ពិសី ដែល​សោយរាជ្យ​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក៏​សុគត​ក្នុង​សង្គ្រាម​ជាមួយ​ខ្មែរ ដែល​ក្រោក​រំដោះ​ជាតិ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​សុរិយោវង្ស។

ព្រះបាទ​សុរិយោវង្ស ជា​ព្រះអនុជ​របស់​ព្រះបាទ​លំពង្សរាជា ដែល​ទ្រង់​ចេញ​ទៅ​កេណ្ឌ​ទ័ព​មក​ជួយ​ក្រុង​អង្គរ ក្នុង​ពេល​ដែល​សៀម ឡោមព័ទ្ធ​រាជធានី​អង្គរ​នោះ។ លុះ​វាយ​ចាញ់​សៀម ហើយ ព្រះអង្គ​ទ្រង់​បាន​ភៀស​ព្រះ​កាយ​ទៅ​ស្នាក់នៅ​ប្រទេស​ឡាវ “ឡាន​សាង”។

ពេល​ដែល​ដឹង​ថា ក្រុង​អង្គរ បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម ហើយ ព្រះចៅ​លាវ​ចំប៉ាសាក់ បាន​ជួយ​ទទួល​ទំនុក​បម្រុង រួច​ថ្វាយ​ពល​លាវ​ចំនួន ១.៥០០​នាក់ និង​គ្រឿង​សាស្ត្រាវុធ​ជាច្រើន ថ្វាយ​ព្រះអង្គ​សុរិយោវង្ស រួច​ព្រះអង្គ​បាន​នាំ​ទ័ព​នោះ​វាយ​សង្កត់​ខេត្ត​ខ្លះ ដែល​ចុះ​ចូល​ជាមួយ​សៀម រួច​ទ្រង់​មក​បោះ​ទីតាំង​កេណ្ឌ និង​ហាត់​ហ្វឹកហ្វឺន​ទ័ព​នៅ​ទួល​បាសាន ស្រុក​ស្រីសន្ធរ។ លុះ​ប្រជុំ​ទ័ព​បាន​គ្រប់គ្រាន់​ហើយ ព្រះអង្គ​ក៏​ទ្រង់​លើក​ទ័ព​តាម​ផ្លូវ​គោក​ផង តាម​ផ្លូវ​ទឹក​ផង ចូល​វាយ​រំដោះ​ក្រុង​អង្គរ បាន​មក​វិញ​ក្នុង​ឆ្នាំ​១៣៥៧ នៃ​គ.ស ហើយ​ស្ដេច​សៀម កំបង់ពិសី ដែល​សោយរាជ្យ​នៅ​អង្គរ នោះ ក៏​សុគត​ក្នុង​សង្គ្រាម​នោះ​ទៅ។

ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​ជា​ស្ថាពរ​ហើយ ហើយ​ទទួល​បាន​ព្រះបញ្ចកកុធភណ្ឌ ឬ​រាជកកុធភណ្ឌ គឺ​គ្រឿង​សម្រាប់​រាជ្យ​ដែល​មាន ១ ព្រះមកុដ​រាជ ២ ព្រះវាលវិជនី គឺ​ផ្លិត​ដែល​ធ្វើ​ពី​រោម​សត្វ ៣ ព្រះ​ខ័ន​ជ័យ ៤ ព្រះ​ស្វេត​ឆ័ត្រ និង ៥ ព្រះសុវណ្ណបាតុការ គឺ​ស្បែក​ជើង​មាស ដែល​ពួក​មេ​ទ័ព និង​បាគូ​ព្រាហ្មណ៍​បុរោហិត រំដោះ​យក​ទៅ​លាក់​ទុក​ពេល​ដែល​សៀម វាយ​បែក​ក្រុង​អង្គរ នោះ ព្រះអង្គ​សុរិយោវង្ស ក៏​ទ្រង់​ទទួល​រាជាភិសេក​ជា​ស្ដេច​ផែនដី ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ ស្រីសុរិយោវង្ស។

ក្នុង​រាជ្យ​របស់​ព្រះអង្គ ខ្មែរ​បាន​វាយ​កម្ចាត់​ដេញ​សៀម អោយ​ចេញ​ផុត​ពី​ខេត្ត​នគររាជ​សីមា និង​ខេត្ត​បស្ចិមបុរី។ ហើយ​នៅ​ភាគ​ខាង​កើត​វិញ ព្រះអង្គ​បាន​រៀបចំ​អោយ​មាន​ប្រក្រតី​ភាព​ឡើង​វិញ រវាង​ព្រំប្រទល់​ដែន​ខ្មែរ និង​នគរ​ចំប៉ា។

ព្រះបាទ​សុរិយោវង្ស ទ្រង់​សោយរាជ្យ​នៅ​រាជធានី​អង្គរ រហូត​ដល់​ឆ្នាំ​១៣៦៣ ហើយ​ទ្រង់​សោយ​ទិវង្គត​នៅ​ទីនោះ​ដោយ​រោគាពាធ។ ឯកសារ​ខ្លះ​ថា ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៣៦៦ នៃ​គ.ស គឺ​មាន​រយៈពេល​ខុស​គ្នា​បី​ឆ្នាំ​ទៅ​វិញ។

ព្រះបាទ​បរមរាមា (ឆ្នាំ​១៣៦៦-ឆ្នាំ​១៣៧៣)

ក្រោយ​ពី​ពេល​ដែល​ព្រះបាទ​សុរិយោវង្ស ជា​ព្រះមហាក្សត្រ​ដែល​បាន​រំដោះ​ប្រទេស​អោយ​រួច​ផុត​ពី​ការ​ជិះ​ជាន់​របស់​សៀម ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះរាជវង្សានុវង្ស​សេនាបតី​មន្ត្រី​ទាំង​ពួង បាន​ជ្រើស​រើស​ក្មួយ​របស់​ព្រះអង្គ ព្រះនាម​បរមរាមា ដែល​ជា​ព្រះរាជបុត្រ​របស់​ព្រះលំពង្សរាជា អោយ​ឡើង​គ្រង​រាជ្យ​ស្នង​ព្រះអង្គ​នៅ​ឆ្នាំ​១៣៦៦។ ឯកសារ​ខ្លះ​ថា​ឆ្នាំ​១៣៦៩ នៃ​គ.ស។

នៅ​ក្នុង​រាជ្យ​ព្រះអង្គ ព្រះបាទ​បរមរាមា បាន​ចង​ស្ពាន​មាន​មេត្រី​ជាមួយ​ព្រះចៅ​ហុងវូ នៃ​រាជ្យ​វង្ស​មីង នៃ​ប្រទេស​ចិន។ ហើយ​ចំណែក​ប្រទេស​សៀម វិញ ក៏​ពុំ​បាន​មក​ឈ្លាន​ពាន​ខ្មែរ​ទៀត​ទេ ព្រោះ​រវល់​ជាប់​ដៃ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្សត្រ​បុរី​ជាច្រើន នៅ​ភាគ​ខាង​ជើង​នៃ​រាជធានី​ស្រីព្ឋយុធ្យា។

ព្រះបរមរាមា ទ្រង់​បាន​សោយរាជ្យ​គ្រប់គ្រង​ប្រទេស​ដោយ​សុខ​សន្តិភាព​រហូត​ដល់​ឆ្នាំ​១៣៧៣ ក៏​ទ្រង់​ប្រឈួន​ជា​ទម្ងន់ ហើយ​សុគត​ទៅ។

ព្រះបាទ​ធម្មាសោករាជ (ឆ្នាំ​១៣៧៣-ឆ្នាំ​១៣៨៣ ឬ​ឆ្នាំ​១៣៩៣) និង​ការ​បែក​អង្គរ​លើក​ទី​២

ក្រោយ​ពី​ពេល​ដែល​ព្រះបរមរាមា ទ្រង់​សោយ​ទិវង្គត​ទៅ ប្អូន​ជីដូន​មួយ​របស់​ព្រះអង្គ ដែល​ជា​ព្រះរាជបុត្រ​ព្រះ​មហាឧបរាជ​សុរិយោទ័យ ដែល​បាន​សុគត​ក្នុង​បន្ទាយ​មហា​នគរ​ក្នុង​គ្រា​ធ្វើ​សង្គ្រាម​ជាមួយ​សៀម ពី​មុន​នោះ បាន​ឡើង​សោយរាជ្យ​ស្នង ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្តេច​ព្រះ រាជឱង្ការ ព្រះធម្មាសោការាជរាជា។

នៅ​ក្នុង​រាជ​របស់​ព្រះអង្គ ស្ដេច​សៀម ដែល​ឯកសារ​ខ្លះ​ថា​ឈ្មោះ​រាមាសូរ ខ្លះ​ថា​បរមរាជា ជា​ចៅ​ព្រះរាមាសូរ បាន​លើក​ទ័ព​មក​ឈ្លាន​ពាន​ប្រទេស​ខ្មែរ​ជា​ថ្មី។ ក្នុង​ការ​វាយ​លុក​លើក​នេះ ទ័ព​សៀម បាន​មក​ព័ទ្ធ​ក្រុង​អង្គរ អស់​រយៈពេល ៧​ខែ តែ​វាយ​យក​ក្រុង​អង្គរ ពុំ​បាន។ ស្ដេច​សៀម ក៏​ប្រើ​ល្បិច​ធ្វើ​ជា​ដាក់​ទោស​វាយ​ដំ និង​លាក់​ថ្ងាស​ខ្វែង​ជើង​ក្អែក ដល់​ទាហាន​ស្ម័គ្រ​ស្លាប់​របស់​សៀម ៦​នាក់ រួច​ធ្វើ​ល្បិច​ជំរុញ​អោយ​មក​សុំ​ចុះ​ចូល​នឹង​ខ្មែរ។ ដោយ​បាន​ឮ​ដំណឹង​មិន​ពិត​ផ្សេងៗ​ផង និង​ដោយ​បាន​ឃើញ​ទាហាន​សៀម ពីរ​នាក់ ក្នុង​ចំណោម​ទាំង ៦​នាក់​នោះ ស្លាប់​នៅ​ចំពោះ​មុខ​ផង ខ្មែរ​ក៏​ជឿ​ស៊ប់ ហើយ​ព្រម​ទទួល​យក​អាសា​ទាហាន​ទាំង​នោះ ជួយ​ទំនុក​បម្រុង​ព្យាបាល​អោយ​ជា ហើយ​អនុញ្ញាត​អោយ​រស់ និង​ធ្វើ​ការ​នៅ​ក្នុង​រាជធានី​អង្គរ។

ទីបំផុត ពេល​បាន​ឱកាស​ល្អ​ហើយ គឺ​ឃើញ​ខ្មែរ​ជឿ​ស៊ប់ ទុក​ចិត្ត​ខ្លួន​គ្មាន​សង្ស័យ​អ្វី​ហើយ ពួក​សៀម ដែល​សុំ​ចុះ​ចូល​ទាំ ៤​នាក់ ក៏​នាំ​គ្នា​លប​យក​ដែកគោល​ទៅ​ស្លង់​កាំភ្លើង​ធំ​ទាំងអស់ ដែល​ដាក់​លើ​កំផែង​ជុំវិញ​ក្រុង​អង្គរ បាន​ទាំងអស់ រួច​ក៏​សរសេរ​សំបុត្រ​ដាក់​នឹង​ព្រួញ បាញ់​ទៅ​អោយ​គ្នា​គេ​ជា​សញ្ញា (នេះ​បើ​តាម​ឯកសារ​មហា​បុរស​ខ្មែរ)។ ស្ដេច​សៀម ដែល​ជា​មេ​ទ័ព​ធំ ឃើញ​បាន​ឱកាស​ល្អ​ហើយ ក៏​លើក​ទ័ព​វាយ​សន្ធាប់​ចូល​ក្រុង​អង្គរ តាម​គ្រប់​ទិស។

Osprey New Vanguard

ឯ​ទាហាន​សៀម បង្កប់​លប​លួច​ដុត​ឃ្លាំង​អាវុធ​ក្នុង​ក្រុង​អង្គរ ហើយ​នៅ​ពេល​ប្រយុទ្ធ​ខ្លាំង ពួក​នេះ​លប​ទៅ​បើក​ទ្វារ​ទិស​ខាង​លិច​អោយ​របើក​ឡើង។ ពិត​មែន​តែ​ទ័ព​ខ្មែរ​អាច​សម្លាប់​ខ្មាំង​បង្កប់​ទាំង ៤​នាក់​បាន​មែន ប៉ុន្តែ​ទីបំផុត ក្រុង​អង្គរ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សៀម សាជាថ្មី​នៅ​ឆ្នាំ​១៣៩៣។ ខ្លះ​ថា​នៅ​ឆ្នាំ​១៣៨០។ ចំណែក​ឯ​ព្រះបាទ​ធម្មាសោការាជ ក៏​ទ្រង់​សុគត​ក្នុង​សង្គ្រាម​នោះ​ទៅ។

ក្រោយ​ពី​បាន​ទទួល​ជ័យ​ជម្នះ​ហើយ ស្ដេច​សៀម បាន​អភិសេក​ពញាព្រែក ជា​បុត្រ​របស់​ព្រះអង្គ​អោយ​ឡើង​សោយរាជ្យ​ក្នុង​ក្រុង​អង្គរ មាន​នាម​ថា ព្រះ​ឥន្ទរាជា ឬ​ព្រះឥន្ទ​កុមារ នៅ​ឆ្នាំ​១៣៩៤ ហើយ​សៀម ដឹក​ជញ្ជូន​ទ្រព្យ​សម្បត្តិ និង​ឯកសារ​ដ៏​មាន​តម្លៃ​ផ្សេងៗ ហើយ​កៀរ​យក​គ្រួសារ​ខ្មែរ​ប្រមាណ ៧​ម៉ឺន​នាក់ នាំ​ជា​ឈ្លើយ​របស់​គេ​ផង៕

ដកស្រង់ពី៖ RFI

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង