ទស្សនៈជីវិតដ៏មានតម្លៃ៖ អ្នកជាមនុស្សប្រភេទណា? មនុស្សពងមាន់ មនុស្សការ៉ុត ឬមនុស្សកាហ្វេ?
Connect with us

បែបផែនជីវិត

ទស្សនៈជីវិតដ៏មានតម្លៃ៖ អ្នកជាមនុស្សប្រភេទណា? មនុស្សពងមាន់ មនុស្សការ៉ុត ឬមនុស្សកាហ្វេ?

ជីវិតកើតមកត្រូវពើបប្រទះនឹងគ្រប់រសជាតិផ្អែមល្វីងជូរចត់ ដែលទាមទារនូវការអត់ធ្មត់ខ្ពស់ បត់បែនខ្លាំងទៅតាមកាលៈទេសៈដើម្បីរស់បន្ត ក៏ដូចជាសម្រេចកិច្ចការតូចធំផ្សេងៗ។ ជាមួយគ្នានោះយើងមិនអាចខ្វះបានឡើយនូវទស្សនវិជ្ជាមួយចំនួនដើម្បីតម្រែតម្រង់ទិសជីវិតឱ្យមានភាពនឹងនរច្បាស់លាស់។

ថ្ងៃនេះ Anarchak សូមលើកមកចែករំលែកនូវកម្រងទស្សនវិជ្ជាជីវិតមួយដែលមានន័យអប់រំផ្លូវចិត្តមនុស្សផងទាំងពួងកុំឱ្យទន់ជ្រាយនិងឆាប់ចុះញ៉មនិងឧបសគ្គ។ យើងមិននិយាយទៅដល់ចំណុចណាជ្រៅៗនោះទេ តែយើងគ្រាន់តែប្រៀបធៀបមនុស្សយើងទៅនឹង ពងមាន់ ការ៉ុត និងកាហ្វេ។

១. មនុស្សពងមាន់៖

ពងមាន់បើកាលណានៅឆៅ វាមានសារជាតិទន់រាវកក្លាក់នៅខាងក្នុង តែបើកាលណាត្រូវភ្លើងមានកម្ដៅខ្លាំងហើយ នោះវានឹងប្រែទៅជាកករឹងបន្តិចម្ដងៗ។

មនុស្សពងមាន់ សម្ដៅទៅមនុស្សទាំងឡាយណាដែលនៅក្នុងស្ថានភាពធម្មតាគឺមានអត្តចរិតទន់ភ្លន់ដូចស្ថានភាពពងមាន់ឆៅ តែបើកាលណាជួបនឹងបញ្ហាធំណាមួយ ក៏ស្រាប់តែមិនអាចទប់អារម្មណ៍ខ្លួនឯងបាន បែរជាក្ដៅឆេវមួរម៉ៅបញ្ចេញកំហឹង ប្រៀបដូចជាពងមានឡើងរឹងពេលត្រូវកម្ដៅដោយគ្មានអ្វីអាចទប់បាន។

ហេតុនេះយើងពុំគួរធ្វើខ្លួនជាមនុស្សពងមាន់ទេ ដែលមានន័យថាយើងមិនគួរប្រែចរិតពីទន់ភ្លន់ស្លូតបូត ទៅជាកាចឆេវឆាវដោយសារតែបញ្ហាឬឧបសគ្គនៅចំពោះមុខនោះទេ។

២. មនុស្សការ៉ុត៖

ធម្មជាតិរបស់ការ៉ុត គឺមានសភាពរឹង តែបើកាលណៅត្រូវទឹកក្ដៅហើយ វាក៏ប្រែជាផុយរលួយមួយរំពេចនិងអាចបំផ្លាញបានយ៉ាងងាយ។ 

មនុស្សការ៉ុតគឺមិនខុសអីពីសភាវៈការ៉ុតដែរ ពោលគឺជាមនុស្សដែលក្នុងស្ថានភាពធម្មតាគឺមានលក្ខណៈរឹងប៉ឹងក្លាហាន មិនចេះខ្លាចអ្វី តែដល់ពេលណាបញ្ហាឬឧបសគ្គធំៗចូលមកដល់ភ្លាមក៏ប្រែជាទន់ជ្រាយ ទន់ខ្សោយ ចាញ់ច្រាប បាក់កម្លាំងកំហែងនិងស្មារតីទាំងស្រុង មិនខុសអីពីការ៉ុតពេលត្រូវទឹកក្ដៅ។

ហេតុនេះយើងក៏ពុំគួរប្រព្រឹត្តិខ្លួនជាមនុស្សការ៉ុតដែរ ដែលមានន័យថាយើងមិនគួរមានភាពរឹងប៉ឹងតែពេលគ្មានបញ្ហា ហើយពេលជួបបញ្ហាបែរជាទន់ជ្រាយ យកជាការអីមិនកើត។

៣. មនុស្សកាហ្វេ៖

សារជាតិរបស់កាហ្វេគឺមានក្លិនឈ្ងុយតិចៗ តែបើកាលណាត្រូវទឹកក្ដៅពុះគគុកហើយ ក្លិនកាហ្វេនឹងរឹងរឹតតែឈ្ងុយឈ្ងប់ខ្លាំងជាងមុនរាប់សិបដង។

ហេតុនេះមនុស្សកាហ្វេគឺជាប្រភេទមនុស្សដែលនៅពេលស្ថានភាពធម្មតាគឺមានលក្ខណៈល្អប្រសើរធម្មតា តែនៅពេលដែលជួបបញ្ហាឬឧបសគ្គកាន់តែធំ នោះគេនឹងរឹងរឹតតែបង្ហាញភាពរឹងប៉ឹងនិងអស្ចារ្យកាន់តែខ្លាំងដើម្បីឆ្លើយតបនឹងបញ្ហាទាំងនោះ។

ហេតុនេះយើងគួររៀនសូត្រប្រព្រឹត្តិខ្លួនឱ្យដូចជាកាហ្វេ ពោលគឺនៅពេលស្ថិតក្នុងស្ថានភាពធម្មតា គឺធ្វើខ្លួនឱ្យល្អប្រសើរ ហើយបើបញ្ហាមកកាលណាគឺត្រូវធ្វើខ្លួនឱ្យកាន់តែរឹងប៉ឹងក្លាហានថែមទាំងដើម្បីឆ្លើយតបនឹងបញ្ហាទាំងនោះ។

ជារួមដើម្បីក្លាយជាមនុស្សប្រកបដោយគុណសម្បត្តិ យើងគួរមានភាពទន់ភ្លន់តែកុំទន់ដូចពងមាន់ដែលប្រែជារឹងឆេវឆាវពេលជួបបញ្ហា ហើយគួរមានភាពរឹងមាំតែកុំរឹងដូចការ៉ុតដែលប្រែជាទន់ជ្រាយពេលជួបបញ្ហា។ ម្យ៉ាងទៀតគួរធ្វើខ្លួនដូចកាហ្វេដែលមានសភាពឈ្ងុយឈ្ងប់ទាក់ចិត្តគេឯង ហើយពេលជួបបញ្ហាកាន់តែធំកាន់តែបង្ហាញភាពខ្លាំងរបស់ខ្លួនប្រៀបដូចកាហ្វេត្រូវទឹកកាន់តែក្ដៅកាន់តែឈ្ងុយ៕

ចុចអាន៖ សម្ដីសរជាតិ ស្លាប់រស់ដោយសារសម្ដី! ចេះ២០ចំណុចនេះដើម្បីចុះចូលមនុស្សគ្រប់ចំណោម!

ចុចអាន៖ មតិគួរពិចារណា៖ ទោះធ្វើបុណ្យប៉ុនភ្នំធំជាងមហាសមុទ្រក៏មិនអាចទូទាត់នឹងបាបប៉ុនល្អងធូលី!

មតិយោបល់

ពេញនិយម