តើអាចនឹងមានរឿងអ្វីកើតឡើងខ្លះ បើអ្នកកាត់បន្ថយការលេងហ្វេសប៊ុក?
Connect with us

គួរដឹង

តើអាចនឹងមានរឿងអ្វីកើតឡើងខ្លះ បើអ្នកកាត់បន្ថយការលេងហ្វេសប៊ុក?

ហ្វេសប៊ុកត្រូវបានបង្កើតឡើងដំបូង ដើម្បីធ្វើឲ្យមនុស្សដែលនៅឆ្ងាយពីគ្នាអាចទំនាក់ទំនងគ្នាបាន​ និងដើម្បីអន្តរកម្មរបស់មនុស្សនៅក្នុងសង្គម។ ប៉ុន្ដែ ជាក់ស្ដែង អ្វីដែលកំពុងតែកើតឡើងសព្វថ្ងៃហាក់បីដូចជាមិនដូចការរំពឹងទុក្ខនោះទេ។ មនុស្សហាក់បីដូចជាកាន់តែឃ្លាតឆ្ងាយពីគ្នា ដោយពួកគេមិននិយាយទល់មុខគ្នានោះទេ តែបែរជាសម្លឹងមើលអេក្រង់ទូរស័ព្ទរៀងៗខ្លួន ហើយមនុស្សមួយចំនួនចំណាយពេលសឹងតែពេញមួយថ្ងៃក្នុងការលេងហ្វេសប៊ុក។ ការមើលហ្វេសប៊ុកគ្រប់ពេលស្ទើរតែក្លាយជាទម្លាប់ទៅហើយសម្រាប់មនុស្សមួយចំនួន។ ចង់ដឹងទេថា បើអ្នកសាកឈប់ចូលមើលហ្វេសប៊ុុកឥតឈប់ឈរ រឿងទាំង ៥ នេះនឹងកើតឡើងចំពោះអ្នក។

១. អ្នកអាចសម្រេចកិច្ចការបានច្រើនជាងមុន៖ អ្នកប្រហែលជាយកលេសថា មើលហ្វេសប៊ុកតែមួយភ្លែតទេ អ្នកនឹងទៅធ្វើកិច្ចការរបស់អ្នកវិញ។ ប៉ុន្ដែ អ្វីដែលកើតឡើងជាក់ស្ដែងនោះគឺ វាមិនមួយភ្លែតដូចដែលអ្នកគិតនោះទេ។ ៥ នាទីទៅជា ១៥ នាទី ១៥ នាទីទៅជា ៣០ នាទី។ ពេលវេលារបស់អ្នកត្រូវបានខ្ជះខ្ជាយទៅលើហ្វេសប៊ុក ហើយការងារក៏មិនត្រូវបានបញ្ចប់ផងដែរ។

២. អ្នកអាចមានពេលសម្រាប់សកម្មភាពផ្សេងៗ៖ អ្នកអាចរស់នៅក្នុងពិភពលោកដ៏ពិតប្រាកដ ដោយអ្នកអាចចំណាយពេលជាមួយមនុស្សសំខាន់ មិត្តភក្ដិ រឺគ្រួសាររបស់អ្នក។ អ្នកអាចចំណាយពេលធ្វើលំហាត់ប្រាណដើម្បីសុខភាពនិងដើម្បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍ល្អ។ អ្នកអាចចំណាយពេលអានសៀវភៅ រឺអត្ថបទល្អៗដើម្បីចំណេះដឹង រឺអ្នកអាចធ្វើសកម្មភាពដ៏មានន័យផ្សេងៗទៀត។

៣. អ្នកអាចដឹងថា នរណាជាមិត្តភក្ដិពិតប្រាកដ៖ អ្នកប្រហែលជាគិតថា អ្នកមានមិត្តល្អជាច្រើននៅក្នុងហ្វេសប៊ុក ដោយពួកគេតែងតែ like និង comment លើរាល់ការបង្ហោះរបស់អ្នក ប៉ុន្ដែមិត្តភក្ដិពិតប្រាកដមិនចាំបាច់ត្រូវធ្វើដូច្នេះនោះទេ។  ពួកគេចង់ឃើញអ្នក ចង់ជួបមុខនិយាយគ្នាលេង ចង់ដើរកម្សាន្តជាមួយអ្នក ហើយការចាកចេញពីហ្វេសប៊ុកមួយរយៈអាចជួយអ្នករកឃើញមិត្តល្អទាំងនោះ។

៤. អ្នកអាចមានអារម្មណ៍ល្អប្រសើរចំពោះខ្លួនឯង៖ គេបានរកឃើញថា ហ្វេសប៊ុកជាមូលហេតុដែលមនុស្សជាច្រើនមានអារម្មណ៍មិនល្អ។ ឧទាហរណ៍ ពេលអ្នកបង្ហោះ status មួយហើយគ្មានអ្នកចុច like អ្នកប្រហែលជាគិតថា ដោយសារ status នោះមិនទំនង។ ពេលអ្នកបង្ហោះរូបអ្វីមួយ ហើយគ្មានអ្នកចុច Like រឺ commentសរសើរ អ្នកប្រហែលជាគិតថា ដោយសារតែរូបអ្នកមិនស្អាត​។

៥. អ្នកចាប់ផ្ដើមពេញចិត្តនឹងជីវិតរបស់ខ្លួន៖ មនុស្សមួយចំនួនច្រណែននឹងអ្វីដែលអ្នកផ្សេងមាន នៅពេលដែលពួកគេឃើញអ្នកទាំងនោះបង្ហោះពីទូរស័ព្ទដៃថ្មី ឡានថ្មី ផ្ទះថ្មី ប្រាក់ខែច្រើន រឺក៏រូបភាពផ្អែមល្ហែមជាមួយគ្រួសារ រឺដៃគូជាដើម។ ពួកគេតែងធ្វើការប្រៀបធៀប ហើយជាលទ្ធផលពួកគេជៀសមិនផុតពីការគិតថា ខ្លួនមិនល្អគ្រប់គ្រាន់។ ដូច្នេះហើយ ការកាត់ផ្ដាច់ពីហ្វេសប៊ុកមួយរយៈអាចធ្វើឲ្យអ្នកចាប់ផ្ដើមពេញចិត្តអ្វីដែលខ្លួនមាន ហើយចាប់ផ្ដើមរស់នៅជីវិតរបស់ខ្លួនឯងយ៉ាងពិតប្រាកដ៕

ប្រភព៖ Lifehack

អត្ថបទល្អផ្សេងទៀត៖ ស្មាតហ្វូនអាចជាមូលហេតុពីក្រោយបញ្ហាផ្លូវចិត្តរបស់យុវជនមួយចំនួន

ភាពជឿនលឿនរបស់បច្ចេកវិទ្យាបានធ្វើឲ្យការរស់នៅរបស់មនុស្សភាគច្រើនមានភាពប្រសើរឡើង។ ការប្រាស័យទាក់ទងគ្នា ការដឹកជញ្ជូន ការធ្វើដំណើរ ការផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពនានាជាច្រើនទៀតកាន់តែមានភាពងាយស្រួលនិងឆាប់រហ័ស។ យ៉ាងណាក្ដី បច្ចេកវិទ្យាក៏បាននាំមកនូវផលអវិជ្ជមានជាច្រើនផងដែរ​ ឧទាហរណ៍មនុស្សបាត់បង់ការទំនាក់ទំនងរឺការជជែកគ្នាលេង។ ជាក់ស្ដែង ឧបករណ៍អេឡិចត្រូនិច ជាពិសេសទូរស័ព្ទ ត្រូវបានរកឃើញថា វាកំពុងតែធ្វើឲ្យយុវជនប្រឈមមុខទៅនឹងបញ្ហាផ្លូវចិត្ត។

នៅក្នុងចន្លោះឆ្នាំ ២០១០ ទៅឆ្នាំ ២០១៥ ការស្ទាបស្ទង់មតិថ្នាក់ជាតិមួយក្នុងប្រទេសសហរដ្ឋអាមេរិចបានបង្ហាញឲ្យឃើញថា អត្រាយុវជនដែលមានអារម្មណ៍ថាខ្លួនឯងឥតបានការនិងជីវិតគ្មានន័យ (រោគសញ្ញានៃជម្ងឺបាក់ទឹកចិត្ត) បានកើនឡើងដល់ទៅ ៣៣ ភាគរយ។ លើសពីនេះទៅទៀត អត្រាប៉ុនប៉ងធ្វើអត្តឃាតនៃយុវជនបានកើនឡើង ២៣ ភាគរយ ហើយអ្វីដែលចោទជាបញ្ហានោះគឺ អត្រាអត្តឃាតនៃមនុស្សក្នុងចន្លោះពី ១៣ ទៅ ១៨ ឆ្នាំនោះបានកើនឡើងដល់ទៅ ៣១ ភាគរយ។ ទាំងនេះបណ្ដាលមកពីកត្តាដ៏សំខាន់មួយគឺ ស្មាតហ្វូន។

ការស្រាវជ្រាវនោះបានរកឃើញថា យុវជនដែលចំណាយពេលអនឡាញចាប់ពី ៥ ម៉ោងក្នុងមួយថ្ងៃអាចនឹងជួបបញ្ហាផ្លូវចិត្ត​ ជាងអ្នកដែលចំណាយពេលត្រឹមមួយម៉ោង រហូតដល់ ៧១ ភាគរយ។ ជំនួសឲ្យការនិយាយទល់មុខគ្នា ពួកគេបែរជាជជែកគ្នាតាមប្រព័ន្ធបណ្ដាញសង្គម។ ការបាត់បង់នូវទំនាក់ទំនងក្នុងសង្គមពិតប្រាកដនេះធ្វើឲ្យពួកគេមានអារម្មណ៍ថាឯកា ហើយវាជាមូលហេតុចំបងមួយដែលនាំឲ្យពួកគេមានបញ្ហាផ្លូវចិត្ត។

មិនត្រឹមតែប៉ុណ្ណោះ ការលេងទូរស័ព្ទធ្វើឲ្យពួកគេគេងមិនបានគ្រប់គ្រាន់ ហើយការគេងមិនគ្រប់គ្រាន់នេះក៏ជាកត្តាមួយអាចនាំឲ្យមានជម្ងឺបាក់ទឹកចិត្តផងដែរ ក្រៅពីកត្តាគ្រួសារ កត្តាតពូជ និងការគម្រាមកំហែងនានា។

ដូច្នេះហើយ ប្រសិនបើអ្នកគិតថា អ្នកអាចនឹងកំពុងមានរោគសញ្ញានៃជម្ងឺបាក់ចិត្ត អ្នកអាចសាកល្បងកាត់បន្ថយពេលលេងហ្វេសប៊ុក រឺបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗត្រឹមតែ ២ ម៉ោងក្នុងមួយថ្ងៃ រឺតិចជាងនេះ ហើយ​ធ្វើការសង្កេតមើលថាតើអ្នកមានអារម្មណ៍ប្រសើរឡើងដែររឺទេ៕

មតិយោបល់

ពេញនិយម