ប្រវត្តិសាស្ត្រ​​​​ខ្មែរមិនធម្មតាមែន៖ សម័យបុរេប្រវត្តិកម្ពុជាតាំងពីមុនមានអក្សរម្ល៉េះ!
Connect with us

គួរដឹង

ប្រវត្តិសាស្ត្រ​​​​ខ្មែរមិនធម្មតាមែន៖ សម័យបុរេប្រវត្តិកម្ពុជាតាំងពីមុនមានអក្សរម្ល៉េះ!

បុរេប្រវត្តិខ្មែរ គឺជាសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ មនុស្សពុំទាន់ចេះបង្កើតតួអក្សរសម្រាប់កត់ត្រាហេតុការណ៍អ្វីនោះទេ។ ដើម្បីសិក្សាអំពីបុរេប្រវត្តិខ្មែរ​ យើងក៏ត្រូវសិក្សាអំពីទឹកដីខ្មែរដែរ។ នៅភូមិភាគអាស៊ីអាគ្នេយ៍កាលពីមុនធ្លាប់មានពំនើងផ្នត់កាឡេដូន (Plissement caledonien) និងពំនើងផ្នត់អែរស៊ីន (Plissement hercynien) ដែលធ្វើឲ្យផុសឡើងនៅខ្ពង់រាប និង ជួរភ្នំនានាពាសពេញប្រទេសខ្មែរសព្វថ្ងៃនេះ។

បន្ទាប់មកក៏បានលិចទៅវិញដោយទឹកសមុទ្រនៅស័កទី៣។ នៅស័កទី៤ ដីក៏ផុសចាប់ពីភូមិភាគហេមព្វាន្តរហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល។ ទឹកដីខ្មែរក៏ដុះឡើងពី ៧០០ ទៅ ៨៨០ មាត្រ។ ក្នុងស័កទី៤ មានលំនាចនិងជំនោរទឹកសមុទ្រ ដែលជាមូលហេតុធ្វើឲ្យដីលិចហើយផុសឡើងវិញសាជាថ្មីម្ដងទៀត។ នៅចន្លោះពី ៦០០,០០០ ដល់ ៥,០០០ ឆ្នាំមុន គ.ស ទឹក សមុទ្របាននាចថយទៅពី ១៣០ ដល់ ១៨០ មាត្រ (បើប្រៀបទៅនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃនេះ)។

អ្នកភូគព្ភវិទូខ្លះបានយល់ថា កាលណោះគ្មានសមុទ្រខណ្ឌភូមិភាគឥណ្ឌូចិន និងប្រជុំកោះទ្វីបឥណ្ឌា (Insulinde) ស្ថិតនៅជាប់គ្នារហូតគ្មានសមុទ្រខណ្ឌដូចយើងសព្វថ្ងៃនេះទេ។ នៅប្រមាណ ១,៥០០០ ឆ្នាំមុនគ.ស ទឹកសមុទ្រជោរបានកម្ពស់ ១៥ មាត្រ ដែលបណ្ដាលឲ្យទឹកដីកម្ពុជាក្រោម និងវាលទំនាបប្រទេសខ្មែរបានលិចទៅក្នុងទឹកវិញ។ នៅសតវត្សរ៍ទី៣ មុន គ.ស ទឹកសមុទ្របាននាចទៅវិញបន្តិចៗម្ដង។ ឯនៅពេលនោះ ទន្លេមេគង្គ បាននាំដីល្បាប់មកចាក់បំពេញបន្តិចៗម្ដង ក្លាយជាដីសណ្ដបន្តដេញតាមទឹកសមុទ្រស្រក។ គេអាចដឹងព្រឹត្ដិការណ៍ផ្សេងៗ ក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងរបស់មនុស្ស ប្រដាប់ប្រដាសម្ភារៈ កំទេចសំណល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។

នៅប្រទេសកម្ពុជាយើង មានស្ថានីយ៍បុរេប្រវត្ដិសំខាន់ៗ ដូចជា៖ ស្ថានីយ៍បុរេប្រវត្ដិសំរោងសែន និង អន្លង់ផ្តៅ (កំពង់ឆ្នាំង) -ស្ថានីយ៍បុរេប្រវត្ដិម្លូព្រៃ (ព្រះវិហារ) ស្ថានីយ៍បុរេប្រវត្ដិល្អាងស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយ៍បុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីកកាយដីរកឃើញប្រដាប់ប្រើប្រាស់របស់មនុស្សជំនាន់មុនដូចជា៖ ពូថៅ ញញួរ ពន្លាកធ្វើពីថ្ម ផ្លែព្រួញ ផ្លែសន្ទូច ច្បូក ផ្លែកណ្ដៀវ ធ្វើពីឆ្អឹងសត្វ ក្អម ឆ្នាំង ចាន ធ្វើពីដីដុត។ ក្រៅពីនេះ គេនៅរកឃើញមានត្រល់សំរាប់ត្បាញសំពត់ជាដើម។ ឧបករណ៍ដែលធ្វើពីលង្ហិនពុំសូវសម្បូរនោះទេ។

ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយ៍បុរេប្រវត្ដិ គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលីងមកមេ៉្លះ ពោល គឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗ ដើម្បីទប់ទល់នឹងសត្វសាហាវ ហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្បាញសំពត់បិទបាំងរាងកាយ។ គេចេះរកស៊ីដោយ បរបាញ់ និង នេសាទ។ តែការដាំដំណាំ និងចិញ្ចឹមសត្វ គឺតិចតួចណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬជំនឿអាទិទេពណាមួយទេ។ គេជឿថា ខ្មោចលង ហើយក៏ជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស់ និងគ្រឿងអលង្ការតែម្តង។

អរិយធម៌ទក្សិណាស៊ី

តាមការសិក្សាស្រាវជ្រាវបុរេប្រវត្តិខ្មែរ គេអាចដឹងថាអរិយធម៌ខ្មែរជាប់ទាក់ទងនឹងអរិយធម៌ទក្សិណាស៊ី។ តើអ្វីទៅដែលជាអរិយធម៌ទក្សិណាស៊ី?

អរិយធម៌ពិសេសនេះមានតាំងពី ចិន និង ឥណ្ឌា មិនទាន់មកដល់ទៅទៀត។ អាស៊ីអាគ្នេយ៍ បានស្គាល់អរិយធម៌នេះរួចទៅហើយ។ អរិយធម៌នេះបានលាតសន្ធឹងពីអាស៊ីខាងត្បូង ប្រទេស ឥណ្ឌា ហ្គីណេថ្មី និងចិនខាងត្បូង (ចាប់ពីទន្លេឆាងជាំងចុះក្រោម)។ ដោយសារតែអរិយធម៌ទាំងនេះមានលក្ខណៈដូចគ្នាគេ ក៏គេឲ្យឈ្មោះថា អរិយធម៌ទក្សិណាស៊ី ឬ អាស៊ីខាងត្បូង ឬអរិយធម៌ខ្យល់រដូវ។ ដោយ លោក អេម.ហូកាត និង លោក P.Mus (ភីម៉ុស) ឃើញដូចគ្នានៃជំនឿនិងពិធីជាមូលដ្ឋានក្នុងភូមិភាគអាស៊ីខ្យល់រដូវនេះ។ ដោយគេមិនដឹងថា វាមកពីណាគេក៏បានឲ្យសម្មតិកម្មជាពីរ៖

  • អ្នកខ្លះយល់ថាមានអំបូរមនុស្សមួយ ឬច្រើនដែលនៅ ឥណ្ឌូ ចិន និង លើកោះ បានហូរចូលប្រទេសឥណ្ឌាមុនពួកអារ្យមកដល់។
  • ខ្លះទៀតយល់ថាពួកទ្រាវិឌ ឬ អារ្យបានរុញច្រាន ពួកអ្នកស្រុកដើមមកកាន់ទិសខាងត្បូង ឬ ខាងកើត ហើយបានធ្វើដំណើរទៅកាន់ឥណ្ឌូចិននិងប្រជុំកោះអាំងសូលីន (Insulinde)។

គោលសំខាន់នៃអរិយធម៌ទក្សិណាស៊ីគឺ៖

សំភារៈ

  • ចេះធ្វើស្រែវស្សា
  • ចេះវិធីបញ្ចូលទឹកក្នុងស្រែ
  • ចេះប្រើគោក្របី និងធ្វើប្រដាប់សំរាប់ធ្វើស្រែខ្លះៗ
  • ចេះស្លលោហធាតុ
  • ស្ទាត់ជំនាញខាងនាវាចរណ៍

អរិយធម៌នេះបានផ្សព្វផ្សាយរហូតដល់ កោះម៉ាដាហ្កាស្កា ហើយខ្លះទៀតថា រហូតដល់ប្រជុំកោះជប៉ុនទៀត។ ទំនាក់ទំនងសម្អាងលើប្រដាប់ប្រដាបុរេប្រវត្តិ ភាសា និង របាំប្រពៃណី។ មូលហេតុដែលបានផ្សព្វផ្សាយដូច្នេះ មកពីមានការយល់ដឹងអំពីភាពឆ្លាស់គ្នា នៃខ្យល់រដូវរបស់មនុស្សនៅសម័យបុរេប្រវត្តិបុរាណ៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម