ឃើញមនុស្សជិតស្និទ្ធនឹងអ្នកកំពុងតែជួបការលំបាក? នេះជាអ្វីដែលអ្នកគួរប្រាប់ពួកគេ!
Connect with us

គួរដឹង

ឃើញមនុស្សជិតស្និទ្ធនឹងអ្នកកំពុងតែជួបការលំបាក? នេះជាអ្វីដែលអ្នកគួរប្រាប់ពួកគេ!

ការជួបប្រទះការលំបាកតែងកើតឡើងមានចំពោះមនុស្សគ្រប់គ្នា។ នៅពេលដែលមិត្តភក្ដិ គ្រួសារ រឺ មនុស្សដែលអ្នកស្រលាញ់ជួបការលំបាកអ្វីមួយ អ្នកប្រាកដជាចង់ជួយពួកគេណាស់ ប៉ុន្ដែមិនដឹងថាអាចជួយបានដោយរបៀបណា។ ពេលខ្លះ ពួកគេមិនត្រូវការឲ្យអ្នកធ្វើអ្វីនោះទេ ហើយពួកគេប្រហែលជាគ្រាន់តែចង់លឺពាក្យពេចន៍លើកទឹកចិត្តមួយចំនួនតែប៉ុណ្ណោះ។ ដូច្នេះហើយ បើឃើញមនុស្សសំខាន់របស់អ្នកកំពុងតែជួបការលំបាក អ្នកអាចពិចារណាចំពោះសម្ដីដូចខាងក្រោមបាន។

១. ពួកគេមិនឯកាតែម្នាក់ឯងនោះទេ៖ មនុស្សជាច្រើននាក់ទៀតកំពុងតែជួបបញ្ហាដូចជាពួកគេដែរ។​  ការប្រាប់បែបនេះអាចជួយឲ្យពួកគេមានក្ដីសង្ឃឹមបន្តជម្នះឧបសគ្គទៅមុខទៀត ដោយនឹកឃើញថា គេមិនមែនជាមនុស្សតែម្នាក់ក្នុងពិភពលោកដែលកំពុងរងទុក្ខលំបាកនោះទេ។

២. កុំបន្ទោសខ្លួនឯង៖ ពួកគេអាចកំពុងតែស្ដីបន្ទោសខ្លួនឯង ដែលធ្វើមិនបានល្អ រឺមិនអាចដោះស្រាយបញ្ហាបាន។​ ដូច្នេះហើយ អ្នកគួររម្លឹកពួកគេឲ្យបានដឹងថា ការស្ដីបន្ទោសខ្លួនឯងមិនអាចជួយអ្វីបាន ក្រៅពីធ្វើឲ្យស្ថានភាពរឹតតែអាក្រក់នោះទេ។

៣. ការតស៊ូធ្វើឱ្យពួកគេរឹងមាំ៖ ភាពរឹងមាំតែងកើតចេញពីគ្រាលំបាកដែលមនុស្សម្នាក់ៗបានឆ្លងកាត់ ដូច្នេះហើយ ចូរប្រាប់ឲ្យពួកគេបានដឹងថា តើពួកគេបានប្រែជារឹងមាំបែបណាខ្លះ។

៤. គ្មានអ្វីថិតថេររហូតនោះទេ៖ ហើយសូម្បីបញ្ហារបស់ពួកគេក៏មិនថិតថេរដែរ។ អ្នកគួររម្លឹកពួកគេបែបនេះ ដោយសារនៅពេលដែលពួកគេជួបប្រទះបញ្ហាអ្វីមួយ ពួកគេប្រហែលជាមិនអាចនឹកឃើញពីអ្វីផ្សេងនោះទេ ហើយពួកគេប្រហែលជាអាចគិតថា បញ្ហានោះគឺមិនអាចដោះស្រាយបានជារៀងរហូត។

៥. ធ្វើឲ្យអស់ពីសមត្ថភាពទៅបានហើយ៖ មនុស្សដែលកំពុងជួបការលំបាកអាចដាក់សម្ពាធខ្លាំងលើខ្លួនឯង ហើយពួកគេរឹតតែខកចិត្តនៅពេលលទ្ធផលមិនដូចការរំពឹងទុក។ ដូច្នេះហើយ ចូររំលឹកពួកគេថា ដរាបណាពួកគេបានធ្វើអស់ពីសមត្ថភាពហើយ វាគឺគ្រប់គ្រាន់ណាស់ហើយ។

៦. មើលផ្លូវវិជ្ជមាន៖ ចូរបង្ហាញឲ្យពួកគេបានឃើញថា ការលំបាកនេះបានធ្វើឲ្យពួកគេរៀនបានអ្វីខ្លះ ដូចជាភាពរឹងមាំ ហ៊ានប្រឈមមុខនឹងបញ្ហា រឺភាពអំណត់ជាដើម។ ធ្វើឲ្យពួកគេឃើញថា អ្វីក៏ដោយតែងមានភាពវិជ្ជមាននិងភាពអវិជ្ជមាន។

៧. សរសើរពួកគេ៖ ប្រាប់ឲ្យពួកគេដឹងផងថា ពួកគេមានភាពក្លាហាន ហើយភាពក្លាហានមិនមែនមានន័យថា ពួកគេគ្មានការភ័យខ្លាចនោះទេ ប៉ុន្ដែវាជាឆន្ទៈក្នុងការបន្តបើទោះបីជាពួកគេខ្លាចក៏ដោយ។ ប្រាប់ពួកគេថា ពួកគេធ្វើបានល្អណាស់ទៅហើយ។

៨. មានអ្នកនៅទីនេះ៖ វាអាចជាសម្ដីដែលមានឥទ្ធិពលជាងគេ។ ភាពអស់សង្ឃឹមកើតឡើងដោយសារតែពួកគេមានអារម្មណ៍ថា ពួកគេគ្មាននរណាខ្វល់ខ្វាយពីគេ ដូច្នេះចូររម្លឹកពួកគេឲ្យបានដឹងថា  អ្នកតែងតែនៅក្បែរ ចាំគាំទ្រពួកគេឆ្លងកាត់បញ្ហាជានិច្ច៕

ប្រភព៖ Life Hack

អត្ថបទល្អផ្សេងទៀត៖ កម្រងប្រយោគដ៏មានន័យពីបុគ្គលដែលនឹងលើកទឹកចិត្តអ្នក ពេលអ្នកជួបទុក្ខលំបាក!

បើអ្នកមានអារម្មណ៍ថាអស់សង្ឃឹម អានប្រយោគទាំងអស់នេះហើយអ្នកអាចនឹងមានអារម្មណ៍ល្អប្រសើរជាងមុន ហើយប្រាកដជាអាចឆ្លងកាត់ភាព លំបាកទាំងនោះបាន៖ 

លោក Theodore Roosevelt បាននិយាយសំដីមួយម៉ាត់ថា ប្រសិនបើអ្នកមានជំនឿថាអ្នកអាចធ្វើបាន យ៉ាងហោចណាស់ក៏អ្នកអាចដើរបានពាក់កណ្ដាលផ្លូវដែរ។

ឯលោក Ralph Waldo Emerson អ្វីដែលនៅពីក្រោយយើង ហើយអ្វីដែលនៅពីមុខយើង វាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះបើប្រៀបធៀប នឹងអ្វីដែលមាននៅក្នុងខ្លួនយើង។

Joseph Campbell បើអ្នកចង់បានថ្ងៃស្អែកដែលល្អបំផុត អ្នកត្រូវធ្វើថ្ងៃនេះឲ្យអស់លទ្ធភាពរបស់អ្នក។ 

Jimmy Johnson ភាពខុសគ្នារវាងមនុស្សធម្មតានិងមនុស្សអស្ចារ្យគឺនៅត្រង់ភាពខុសគ្នាបន្តិចបន្តួចនោះឯង។

Jimmy Johnson បើអ្នកមិនគ្រប់គ្រងទៅលើជីវិតរបស់អ្នកនោះទេ ជីវិតរបស់អ្នកប្រាកដជាគ្រប់គ្រងមកលើអ្នកវិញ។

Lifeheck អ្នកមិនត្រូវប្រៀបធៀបជីវិតរបស់អ្នកទៅនឹងអ្នកដទៃនោះទេ ព្រោះថាវាហាក់ដូចជាអ្នកប្រៀបធៀបព្រះអាទិត្យ និងព្រះចន្ទ័ ទោះបីជាអ្នកដឹងថាពេលវេលាដែលវត្ថុទាំងពីរនេះត្រូវចែងចាំងគឺវាខុសពេលគ្នាទាំងស្រុង។

Lifeheck ភាពសង្ស័យសម្លាប់សុបិន្តរបស់អ្នកជាជាងភាពបរាជ័យទៅទៀត។

Lifeheck អ្នកត្រូវចាំថាគ្រប់រឿងរ៉ាវដែលអ្នកបាត់បង់ អ្នកក៏បានទទួលអ្វីមួយផ្សេងទៀតមកវិញដែរ ព្រោះថាបើគ្មានភាពងងឹតទេ អ្នកក៏មិនអាចមើលឃើញនូវពន្លឺដែរ។

Lifeheck អ្នកត្រូវតែចេះប្រុងប្រយ័ត្នចំពោះការប្រើពាក្យពេចន៍របស់អ្នក ព្រោះថាពាក្យពេចន៍ទាំងអស់នោះ អាចបានត្រឹមតែអត់ទោសប៉ុណ្ណោះ តែមិនអាចបំភ្លេចចោលបាននោះទេ។

មតិយោបល់

ពេញនិយម