អ្នកណាគេខ្លះធ្លាប់ស្គាល់កាហ្វេអាចម៍សត្វ? បើនិយាយពីតម្លៃវិញថ្លៃកប់ពពក!
Connect with us

ទាក់ទាញ

អ្នកណាគេខ្លះធ្លាប់ស្គាល់កាហ្វេអាចម៍សត្វ? បើនិយាយពីតម្លៃវិញថ្លៃកប់ពពក!

ចំពោះមនុស្សមួយចំនួនតូចប្រហែលជាបានស្គាល់រួចមកហើយនូវប្រភេទកាហ្វេម្យ៉ាងដែលហៅថា កាហ្វេអាចម៍សត្វ ខណះដែលមនុស្សមួយចំនួនទៀតខ្លះមិនទាន់បានស្គាល់ រឺធ្លាប់លឺពីប្រភេទកាហ្វេនេះនៅឡើយ។

ខណះដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលថ្មីៗទាក់ទងការផលិតកាហ្វេពីថ្មពិលដោយជនជាតិវៀតណាម សូមប្រិយមិត្តកុំភ្ញាក់ផ្អើលបើស្រាប់តែលឺពីកាហ្វេអាចម៍សត្វ ព្រោះវាមិនត្រឹមតែមិនមានជាតិពុលរឺគ្រោះថ្នាក់ឡើយ វាថែមទាំងជាកាហ្វេល្អរសជាតិឆ្ងាញ់ និងមានតម្លៃថ្លៃទៀតផង។

កាហ្វេអាចម៍សត្វនេះត្រូវបានគេស្គាល់ជាភាសាបរទេសថា “Kopi Luwak” ដែលកាហ្វេនេះគឺកើតឡើងដោយសារសត្វម្យ៉ាងឈ្មោះថា Civet ។ កាលពីដើមឡើយ សត្វនេះតែងតែទៅលួចស៊ីផ្លែកាហ្វេ ដោយវារើសស៊ីតែផ្លែកាហ្វេណាដែលល្អៗបំផុតតែប៉ុណ្ណោះ។

នៅពេលដែលវាស៊ីហើយ វានឹងបន្ទោរបង់មកវិញ ប៉ុន្តែអ្វីដែលពិសេសនោះគឺនៅពេលដែលវាជុះកាកសំនល់ចេញមកក្រៅ កាកសំនល់នោះមិនត្រូវបានរំលាយនោះឡើយ ពោលគឺថាវាស្ថិតនៅក្នុងទម្រង់ជាគ្រាប់កាហ្វេដដែល ដោយគ្រាប់កាហ្វេនោះត្រូវបានការពារយ៉ាងល្អ ហើយក្លាយជាគ្រាប់កាហ្វេដែលមានរសជាតិល្អបំផុត។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែគ្រាប់កាហ្វេទាំងនោះត្រូវបានគេទិញនៅក្នុងតម្លៃថ្លៃ សត្វទាំងនោះត្រូវបានគេចាប់មកចិញ្ចឹម និងបង្ខំអោយស៊ីផ្លែកាហ្វេអោយច្រើន ដើម្បីអោយវាជុះគ្រាប់កាហ្វេអោយច្រើនដើម្បីបានលក់ទៅវិញ។ ដោយសារតែការបង្ខំ និងយកវាចេញពីព្រៃបែបនេះហើយ ធ្វើអោយគ្រាប់កាហ្វេអាចម៍សត្វនេះបាត់បង់គុណភាពជាខ្លាំង ព្រោះសត្វ Civet នោះពុំបានជ្រើសរើសគ្រាប់កាហ្វេល្អដោយខ្លួនឯងដូចពីមុនឡើយ។

គូសបញ្ជាក់ផងដែរថា ប្រភេទកាហ្វេនានាជុំវិញពិភពលោកគឺមានភាពប្លែក និងខុសគ្នាច្រើនប្រភេទណាស់ ដូច្នេះជួនកាលអ្នកអាចនឹងមិនជឿថាប្រភេទកាហ្វេទាំងនោះពិតជាមាន រឺទទួលទានមិនប៉ះពាល់ដល់សុខភាពពិតមែន៕

អត្ថបទល្អផ្សេងទៀត៖ ហាងកាហ្វេទាំង២៥ជុំវិញពិភពលោកដែលយ៉ាងហោចណាស់លោកអ្នកគួរទៅឱ្យបានម្ដងក្នុងមួយជីវិត

សម្រាប់អ្នកនិយមចូលចិត្តទទួលទានកាហ្វេប្រាកដជាចាប់អារម្មណ៏ចង់ធ្វើដំណើរទៅហាងកាហ្វេទាំងទំនើប ទាំងឆ្ងាញ់ ទាំងគួរឱ្យស្រលាញ់អស់ទាំងនេះភ្លាមៗតែម្ដងជាក់ជាពុំខាន។​

១. Heart Coffee Roasters នៅទីក្រុងផតឡិន

របស់ពិសេសប្រចាំហាងដែលល្បីជាងគេនៅហាងនេះនោះគឺ Affogatto (ជាបង្អែមមួយប្រភេទដែលភាគច្រើនដាក់ការ៉េមវ៉ានីឡាហើយទើបចាក់កាហ្វេពីលើ)។ មួយមុខនេះមិនត្រឹមតែមានឈ្មោះពិរោះទេ ថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង ដោយនៅហាងនេះគេប្រើការ៉េមរសជាតិដូងធ្វើដោយផ្ទាល់ដៃ ហើយចាក់កាហ្វេអ៊ិចស្រ្ពេសូពីលើ។ គ្រាន់តែឈានចូលហាងភ្លាម ក្លិនឈ្ងុយគ្រាប់កាហ្វេសាយភាយពាសពេញ ព្រមទាំងបុគ្គលិកមានភាពរួសរាយរាក់ទាក់អាចជជែកចែករំលែកចំណេះដឹងអំពីប្រភេទខុសៗគ្នានៃកាហ្វេបានយ៉ាងរីករាយជាមួយអ្នកផងដែរ។

២. Kaffeine នៅទីក្រុងឡុងដ៏

គេនិយាយថា ក្រេបកាហ្វេនៅKaffeineប្រៀបដូចជាបានធ្វើដំណើរហោះហើរចេញពីភពនេះអញ្ចឹង។ មុននឹងលោកអ្នកមកពិសាកាហ្វេទីនេះ កុំពិសាកាហ្វេអ្វីផ្សេងថ្វី ព្រោះថាការហោះហើរនេះមានកាហ្វេអ៊ិចស្រ្ពេសូមួយកែវតូច កាហ្វេកាពូសុីណូមួយកែវតូច និង កាហ្វេcascaraស្រស់ហើយត្រជាក់មួយកែវ។

បុគ្គលិកឆុងកាហ្វេនៅទីនេះត្រូវមានការហ្វឹកហាត់យ៉ាងតិច៣ឆ្នាំមុននឹងបានចូលធ្វើការ ហេតុដូចនេះទើបពួកគេម្នាក់ៗសុទ្ឋតែមានស្នាដៃពូកែ មើលតែការឆ្លាក់រូបលើកាហ្វេឡាតេដ៏ឥតខ្ចោះខាងក្រោមក៏អាចដឹងដែរ។

៣. Stumptown Coffee Roasters នៅទីក្រុងផតឡិន

Stumptown តែងតែឆុងtoddy (ភេសជ្ជៈម៉្យាងធ្វើពីស្រាជាមួយទឹកក្ដៅ ស្ករស និងគ្រឿងទេសផ្សេងៗ) ១២ម៉ោងទុកមុននឹងដាក់ឱ្យភ្ញៀវ។ Toddy គឺជាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនខ្លាំងជាងគេ។ វាមានជាតិអាស៊ីតតិចជាងកាហ្វេក្ដៅធម្មតា ហើយមានរសជាតិសូកូឡាតិចៗប្រហើរ។

៤. Blue Bottle Coffee នៅទីក្រុងអូកឡិន

បើអ្នកចង់បានកាហ្វេទឹកកកដែលផ្អែមឆ្ងាញ់ តែក៏មានជាតិប្រៃតិចៗនោះ អញ្ចឹងកាហ្វេទឹកកកNew Orleans នៅទីនេះគឺសាកសមបំផុតសម្រាប់លោកអ្នក។ វាត្រូវបានឆុងមុនកន្លះថ្ងៃ ជាមួយផ្លែពណ៌ខៀវដុតម៉្យាងឈ្មោះchicory និង ស្ករអំពៅផ្អែមធម្មជាតិពិតៗ។ ធានាថាអ្នកភ្លក់ហើយនឹងលាន់មាត់សរសើរជាមិនខាន។

៥. Coffee Supreme នៅទីក្រុងAuckland, New Zealand

Coffee Supreme គឺជាកន្លែងតែមួយគត់ដែលអ្នកអាចទទួលទានភេសជ្ជៈស៊ីរ៉ូសូដាលាយនឹងកាហ្វេ។ អ្នកអាចថែម sparkling water (ទឹកថាមពល) ឬ ទឹកដោះគោក៏បានដើម្បីឱ្យវាកាន់តែពិសេស។ នំចំណីនៅទីនេះក៏ទាក់ទាញហើយគួរឱ្យចង់ញ៉ាំដែរ។

៦. Cafe Craft នៅទីក្រុងប៉ារីស

ភាគច្រើន នៅហាងនេះគឺតែងតែមានមនុស្សច្រើនជានិច្ចដោយសារទីនេះមានប្រជាប្រិយភាពខ្លាំង។ តែបើអ្នកអាចរកកន្លែងអង្គុយបាន យើងសុំណែនាំឱ្យសាកកុម៉្មង់noisette (ធ្វើពីសូកូឡា និងគ្រាប់ធញ្ញជាតិhazelnut) ឬ កាហ្វេអ៊ិចស្រ្ពេសូលាយទឹកដោះគោ ដើម្បីរីករាយជាមួយរសជាតិកាហ្វេពិតរបស់ទីក្រុងប៉ារីស។

៧. Analog Coffee នៅក្រុងកាលហ្គារី ប្រទេសកាណាដា

វាមានផ្ដល់ភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខ ក៏ដូចជាការឆុងកាហ្វេបែបជប៉ុន និង កាហ្វេឡាតេច្រើនប្រភេទ។ អ្នកស្រុកទីនោះចូលចិត្តអង្គុយក្រេបកាហ្វេហើយជជែកជាមួយបុគ្គលិកឆុងកាហ្វេអំពីរបៀបដុតគ្រាប់កាហ្វេ និង ការឆុងជាដើម។

៨. The Coffee Academics នៅហុងកុង

ប្រដាប់ឆុងកាហ្វេធ្វើពីកែវដូចដែលដាក់ក្នុងរូបនេះ គេនិយាយថាវាអាចឆុងកាហ្វេបានឆ្ងាញ់ដាច់គេ។ នៅទីនេះល្បីជាងគេគឺ កាហ្វេឡាតេផ្អែមដែលមានគ្រឿងផ្សំខុសប្លែកពីកាហ្វេឡាតេកន្លែងផ្សេង។

៩. Cieloto Querido Café នៅទីក្រុងម៉ិចស៊ីកូ

ហាងកាហ្វេនេះជាហាងកាហ្វេឃ្យូតគួរឱ្យស្រលាញ់ដែលអ្នកនឹងជាប់ចិត្តជាមិនខាន។ នំនៅទីនេះគឺតែងតែក្ដៅៗ ថ្មីៗជានិច្ច ហើយគេនិយមញ៉ាំវាជ្រលក់ជាមួយកាហ្វេកាពូស៊ីណូ។

១០. Dreamy Camera Cafe នៅខេត្តយ៉ាងព្យុង ប្រទេសកូរ៉េខាងត្បូង

គ្រាន់តែការឌីហ្សាញក៏មានលក្ខណៈប្លែកគួរឱ្យចាប់អារម្មណ៏ដែរ ប្រៀបដូចជាដើរចូលក្នុងកាមេរ៉ាខ្នាតយក្សមួយ តែតាមការពិតវាជាហាងកាហ្វេមួយសោះ។ គេនិយមកុម៉្មង់កាហ្វេទឹកកកអាមេរិកាណូជាងគេនៅទីនេះ។

១១. Workshop Coffee នៅទីក្រុងឡុដ៏

វាត្រូវបានជាប់ក្នុងចំណោមកន្លែងធ្វើកាហ្វេមួយដែលល្អជាងគេលើពិភពលោក។ ទាំងរសជាតិ និងរចនាបទផ្សេងៗសុទ្ឋតែមានភាពជំនាញគួរឱ្យកោតសរសើរ។

១២. Coffee Collective នៅទីក្រុងCopenhagen

ហាងនេះមើលទៅការរៀបចំគួរឱ្យស្រលាញ់ ថែមទាំងអ្នកឆុងកាហ្វេគឺជាWorld Barista Championទៀតផង។ វាទទួលបានប្រជាប្រិយពិសេសត្រង់ការតុបតែងលក្ខណៈជាក្លាសិកហ្នឹងតែម្ដង។

១៣. Rosetta Roastery នៅCape Town ប្រទេសអាហ្រ្វិកខាងត្បូង

ហាងតូចតែខ្លឹមមួយនេះមានខនសេបពណ៌ខ្មៅ ស។ អ្នកលក់មានភាពរួសរាយរាក់ទាក់ ហើយភេសជ្ជៈល្បីជាងគេគឺ កាហ្វេទឹកកកបែបជប៉ុន។

១៤. Forty Ninth Parallel នៅទីក្រុងVancouver

គេនិយមជាងគេគឺកាហ្វេអ៊ិចស្រ្ពេសូ និង នំដូណាត់ក្ដៅៗទើបយកចេញពីឡ ហើយអ្នកអាចសម្រាកកាយអង្គុយមើលទេសភាព ផ្លូវ និង មនុស្សដើរទៅមកតាមសប្បាយ។

១៥. 3FE នៅទីក្រុងDublin ប្រទេសអៀឡង់

មិនត្រឹមតែកាហ្វេឆ្ងាញ់ កន្លែងស្រស់ស្អាត បរិយាកាសស្ងប់ស្ងាត់ធ្វើឱ្យអ្នកមានអារម្មណ៏ល្អនោះទេ សេវាកម្មនៅទីនេះក៏អស្ចារ្យសឹងតែធ្វើឱ្យអ្នកមិនចង់ទៅណាតែម្ដង។

១៦. Addison & Steele នៅក្រុងPerth ប្រទេសអូស្ត្រាលី

ការធ្វើកាហ្វេនៅទីនេះប្រៀបដូចជាការធ្វើពិសោធអញ្ចឹង ធ្វើឱ្យភ្ញៀវអ្នកមើលចាប់ផ្លឹកតែម្ដង។

១៧. Drop Coffee Roasters នៅរដ្ឋធានីStockholm

អ្នកឆុងកាហ្វេទីនេះពិតជារួសរាយគួរឱ្យពេញចិត្តតែម្ដង គឺពួកគេរីករាយទទួលភ្ញៀវទាំងស្នាមញញឹមជាប់ជានិច្ច ដែលសំខាន់គឺតែងតែគូរឌីហ្សាញម៉ូតផ្សេងៗលើកាហ្វេឡាតេអ្នកយ៉ាងស្រស់ស្អាតទៀតផង។

១៨. Small Batch Coffee នៅក្រុងBrighton ប្រទេសអង់គ្លេស

អ្នកអាចសម្រាកពីទីក្រុងដែលអ៊ូអរមមាញឹក មកកាន់ទីនេះបាន។ កាហ្វេទឹកកកនៅទីនេះឆ្ងាញ់ហើយមានជាច្រើនប្រភេទ ដែលលោកអ្នកអាចក្រេបរសជាតិបណ្ដើរ អង្គុយមើលទេសភាពបានយ៉ាងពេញភ្នែកបណ្ដើរ។

១៩. Bonaza Coffee នៅទីក្រុងប៊ែកឡាំង

ហាងនេះថ្វីត្បិតបើតូចបន្តិចមែន ប៉ុន្តែក៏មានប្រជាប្រិយភាពមិនល្មមដែរ។ អ្នកគ្រប់គ្នានៅម្ដុំនេះរួសរាយណាស់ ដូច្នេះកុំចម្លែកចិត្តអីប្រសិនជាមានអ្នកមិនស្គាល់គ្នាមកចាប់ផ្ដើមការសន្ទនាជាមួយអ្នក ម៉្យាងដោយសារកន្លែងរាងតូចបន្តិចទើបការស្គាល់គ្នាជជែកគ្នាជាមួយមនុស្សមិនស្គាល់ជារឿងធម្មតា។

២០. Mind The Cup នៅក្រុងអាថែន

ហាងនេះមានលក្ខណៈកក់ក្ដៅគួរឱ្យស្រលាញ់ ហើយអ្នកនឹងចង់ចំណាយពេលឱ្យកាន់តែយូរនៅក្នុងហាងមួយនេះ។

២១. Café Grumpy នៅទីក្រុងញូយ៉ក

គ្រាប់កាហ្វេសុទ្ឋតែស្រស់ៗ និង ក្លិនដ៏ឈ្ងុយឈ្ងប់នៅទីនេះនឹងទាក់ទាញចិត្តអ្នកមិនខាន។ នំម៉ាការ៉ូនបូករួមនឹងកាហ្វេទីនេះគឺពិតជាអស្ចារ្យពិតមែន។

២២. Da Matteo នៅទីក្រុងGothenburg ប្រទេសស៊ុយអែត

ទីនេះមានកាហ្វេពីគ្រប់ប្រទេសដែលលោកអ្នកចង់បាន គ្រាន់តែក្លិននៅមាត់ទ្វារក៏ធ្វើឱ្យអ្នកស្រក់ទឹកមាត់ទៅហើយ។ កុំភ្លេចកុម្ម៉ង់ភេសជ្ជៈប្រចាំនៅទីនេះគឺ កាហ្វេអ៊ិចស្រ្ពេសូ រួមជាមួយនំម្សៅដុតថ្មីៗ ធានាថាមួយពេញចិត្ត។

២៣. Stragan Kawiaenia នៅក្រុងPoznan ប្រទេសផូឡិន

ហាងនេះគឺឆុងកាហ្វេទទួលភ្ញៀវក្ដៅៗភ្លាមៗ ហើយអាចមានការបង្រៀនអ្វីតិចតួចដោយអ្នកជំនាញដោយហ្រ្វីទៀតផង។

២៤. Screaming Beans នៅទីក្រុងAmaterdam

គេល្បីថាកាហ្វេនៅទីនេះមានរសជាតិល្អឥតខ្ចោះ ដែលអាចធ្វើឱ្យអ្នកស្រែកចេញមកដោយការសប្បាយចិត្ត ព្រោះថាវាមានបរិមាណផ្អែម និង រសជាតិល្មមតម្រូវនឹងអតិថិជនតែម្ដង។

២៥. Kronotrop នៅទីក្រុងអ៊ីស្តង់ប៊ុល

អ្នកមិនទាន់បានភ្លក់រសជាតិកាហ្វេពិតនោះទេ ទាល់តែអ្នកមកសាកក្រេបកាហ្វេនៅទីនេះ ដែលមានការឆុងតាមរបៀបជាច្រើនប្រភេទ ដូចជារបៀបជប៉ុនអ្វីជាដើម ព្រមទាំងអាចជ្រើសរើសគ្រាប់កាហ្វេឱ្យយកទៅកិនដោយផ្ទាល់ដៃទៀតផង៕

មតិយោបល់

ពេញនិយម