អញ្ចឹងតើបានជាក្មេងសម័យឥឡូវក្រចេះនិយាយ បើនិយាយបែរជាមិនដឹងភាសាស្អីទៅវិញ!
Connect with us

គួរដឹង

អញ្ចឹងតើបានជាក្មេងសម័យឥឡូវក្រចេះនិយាយ បើនិយាយបែរជាមិនដឹងភាសាស្អីទៅវិញ!

បញ្ហាដែលឪពុកម្តាយសម័យថ្មីនេះកំពុងតែជួបប្រទះភាគច្រើននោះគឺបញ្ហាដែលកូនតូចរបស់ពួកគេមិនអាចនិយាយសន្ទនាបាន បើទោះជាពួកគេដល់អាយុដែលគួរតែអាចនិយាយបានហើយនោះ។ ជាទូទៅក្មេងនឹងវិវត្តន៍សមត្ថភាពក្នុងការនិយាយបណ្តើរៗតាំងពីពេលពួកគេមានអាយុជាង១ខួបមកម្ល៉េះ។

ទោះជាយ៉ាងណាក៏ដោយ មានក្មេងមួយចំនួន បើទោះបីជាពួកគេដល់អាយុ ២ខួប ៣ខួប រឺដល់ទៅ ៤ខួបទៅហើយ ពួកគេអាចបានត្រឹមតែយល់ពីសម្តីអ្នកដទៃនិយាយទៅកាន់ខ្លួនតែប៉ុណ្ណោះ ពោលគឺពួកគេមិនអាចឆ្លើយតបមកវិញបាននោះឡើយ។ បញ្ហានេះហើយដែលធ្វើអោយឪពុកម្តាយជាច្រើនព្យាយាមស្វែងរកការពិគ្រោះជាមួយវិជ្ជបណ្ឌិតជំនាញដើម្បីរកមូលហេតុបង្កនៃបញ្ហានេះ។

បើនិយាយអោយស្រួលស្តាប់ទៅ ក្មេងដែលកម្រនឹងចេះនិយាយនោះគឺភាគច្រើនបំផុតបណ្តាលមកពីហេតុផលដែលក្មេងនោះមិនសូវបានទទួលការបង្រៀន ឬការនៅជិតពីឪពុកម្តាយរឺមនុស្សណាម្នាក់ប៉ុន្មានឡើយ។

ការប្រៀបធៀបក្មេងដែលឧស្សាហ៍ត្រូវគេទុកចោល ហើយនឹងក្មេងដែលមានមនុស្សនៅនិយាយលេងជាមួយនឹងខ្លួនរហូតនោះ បានបង្ហាញអោយឃើញថា ក្មេងដែលត្រូវគេទុកចោលនោះមានបញ្ហានិយាយច្រើនតែម្តង ព្រោះថាពួកគេមិនទម្លាប់ហាមាត់និយាយពាក្យទាំងអស់ ហើយគ្មាននរណាម្នាក់បង្រៀនពួកគេអោយនិយាយ ហេតុដូច្នេះហើយទើបពួកគេមិនអាចនិយាយបាន ថ្វីបើខ្លួនយល់គ្រប់ន័យក៏ដោយ។

ចំនែកឯនៅពេលដែលក្មេងនោះនិយាយ តែបែរជាមានបញ្ហាត្រង់ថាភាសាដែលពួកគេនិយាយគឺមិនដឹងមកពីណាវិញនោះ ភាគច្រើនក្មេងនោះត្រូវបានគេទុកចោលអោយមើលតុក្កតាផ្សេងៗច្រើនពេក។ សម័យនេះ ក្មេងៗស្ទើរតែគ្រប់គ្នាសុទ្ធតែហុំព័ទ្ធទៅដោយគ្រឿងអេឡិចត្រូនិចពេញខ្លួន ដោយក្នុងនោះដើម្បីយកពេលទំនេរធ្វើការងារផ្សេង ឪពុកម្តាយច្រើនបើកអោយកូនអង្គុយសម្លឹងតែតុក្កតា ដូច្នេះហើយក្មេងចេះនិយាយតែភាសាដូចតុក្កតា ពោលគឺមិនអាចស្តាប់បានឡើយ។

ដូច្នេះហើយដើម្បីការពារបញ្ហាទាំងនេះកើតឡើងដល់កូនតូចៗរបស់អ្នក អ្នកគួរតែឆ្លៀតពេលអោយបានច្រើនមកចំនាយជាមួយនឹងពួកគេ ហើយបង្ហាត់បង្រៀនពួកគេនៅក្នុងការនិយាយផង ដើម្បីអោយពួកគេអាចចាប់បាន និងចេះនិយាយអោយខ្លួនឯង ដើម្បីប្រយោជន៍ដល់កូនអ្នកនៅថ្ងៃក្រោយ៕

អត្ថបទល្អផ្សេងទៀត៖ វិធីបង្រៀនកូនក្មេងអោយឆាប់ចេះនិយាយ!

ឪពុកម្តាយឥឡូវប្រហែលជាមានការព្រួយបារម្ភច្រើនទាក់ទងនឹងការចេះនិយាយរបស់កូនតូចរបស់ខ្លួន ដោយសារតែកូនក្មេងសម័យបច្ចុប្បន្ននេះភាគច្រើនតែងកម្រចេះនិយាយ បើប្រៀបធៀបនឹងកូនដែលកើតពីជំនាន់មុនៗ។

ហេតុផលធំមួយដែលបណ្តាលមកមានបញ្ហានេះ គឺដោយសារតែឪពុកម្តាយខ្លះមិនសូវចំនាយពេលជាមួយកូនរបស់ខ្លួនគ្រប់គ្រាន់នោះទេ ប៉ុន្តែបែរជាអោយកូនរបស់ខ្លួនជក់ជាមួយការមើលវីដេអូក្នុងទូរស័ព្ទ ឬលើអ៊ីនធឺណែតផ្សេងៗទៅវិញ។

សម្រាប់អ្នកដែលមានបញ្ហាកូនមិនទាន់ចេះនិយាយ ខណះដែលពួកគេមានអាយុរាងច្រើនទៅហើយនោះ អ្នកអាចសាកល្បងវិធីធំៗទាំង៦នេះបាន ដើម្បីទទួលបានប្រសិទ្ធិភាព ដោយក្នុងនោះមានដូចជា៖

១. ចាប់ផ្តើមនិយាយទៅកាន់កូនអោយបានច្រើនជាងមុន
ការនិយាយសន្ទនាជាមួយកូនគឺជាកត្តាជម្រុញដ៏សំខាន់មួយសំរាប់អោយកូនរបស់អ្នកឆាប់ចេះនិយាយ ព្រោះថានៅពេលដែលអ្នកចំនាយពេលនិយាយជាមួយពួកគេ ពួកគេនឹងរៀនចេះពាក្យច្រើនពីការសន្ទនានោះ។

២. នៅពេលដែលពួកគេចេះមួយពាក្យៗ ចាប់ផ្តើមចាប់ពាក្យពីរបីម៉ាត់ចូលបន្ថែមទៀត
វិធីម្យ៉ាងទៀតនៅក្នុងការផ្ចុងផ្តើមកូនអោយឆាប់ចេះនិយាយ គឺតាមរយះការបន្ថែមពាក្យទៅអោយពួកគេ។ ជាទូទៅ ក្មេងចាប់ផ្តើមដោយពាក្យតែមួយម៉ាត់ប៉ុណ្ណោះ ដូច្នេះហើយនៅពេលដែលពួកគេចេះប្រើពាក្យទាំងនោះហើយ អ្នកគួរតែឧស្សាហ៍បន្ថែមពាក្យថ្មីដើម្បីបង្រៀនអោយពួកគេចេះប្រើរួមគ្នា។

៣. បង្រៀនពាក្យពួកគេ ដោយអ្នកនិយាយដដែលៗជាមួយនឹងពាក្យនោះ
ដើម្បីអោយកូនក្មេងឆាប់ចាប់បានពាក្យដែលអ្នកបង្រៀន អ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ពាក្យនោះជាមួយពួកគេម្តងហើយម្តងទៀត ដើម្បីអោយពាក្យទាំងនោះចងចាំនៅក្នុងខួរក្បាលរបស់ពួកគេ។

៤. លេងល្បែងផ្សេងៗជាមួយកូន
វិធីដែលជួយអោយកូននិយាយបានច្រើនផងនោះ គឺតាមរយះការលេងល្បែងផ្សេងៗជាមួយកូន ជៀសវាងអោយពួកគេប្រើប្រាស់តែប្រព័ន្ធអេឡិចត្រូនិច។ ការធ្វើដូចនេះ អាចនឹងជួយបង្វែរចំណាប់អារម្មណ៍របស់កូនអោយចង់ព្យាយាមនិយាយមកកាន់អ្នក ដើម្បីលេងជាមួយអ្នកកាន់តែច្រើនទៀត។

៥. សួរជាសំនួរទៅកាន់កូនជាប្រចាំ
វិធីមួយទៀតដើម្បីបង្ខំអោយកូនឆាប់ចេះនិយាយគឺ ការសួរសំនួរជាប្រចាំដដែលៗទៅកាន់កូន ព្រោះការធ្វើដូចនេះនឹងធ្វើអោយកូនរបស់អ្នកទម្លាប់ត្រចៀកទៅនឹងសំនួរទាំងនោះ ហើយធ្វើអោយពួកគេរៀនឆ្លើយនឹងអ្នកទៀតផង។

៦. ប្រើប្រាស់សម្ភារះផ្សេងៗនៅពេលបង្រៀនកូន
ការប្រើប្រាស់ឧបករណ៍ រឺសម្ភារះផ្សេងៗមកបង្រៀនកូនក្នុងការនិយាយជារឿងដែលមានប្រសិទ្ធិភាពមួយ ព្រោះការក្មេងឆាប់ចាប់បានអ្វីដែលអ្នកបង្រៀននៅពេលដែលពួកគេមើលឃើញពីរបស់នោះ ជាជាងនៅពេលដែលអ្នកគ្រាន់តែនិយាយមាត់ ព្រោះខួរក្បាលរបស់ពួកគេមិនទាន់ចេះស្ទាត់ដូចមនុស្សធំនោះឡើយ៕

មតិយោបល់

ពេញនិយម