ហេតុអ្វីមេល្អ សំខាន់ជាងប្រាក់ខែកប់ពពក?
Connect with us

គួរដឹង

ហេតុអ្វីមេល្អ សំខាន់ជាងប្រាក់ខែកប់ពពក?

សម្រាប់មនុស្សជាច្រើន ចំនួនប្រាក់ខែគឺជារឿងសំខាន់ ព្រោះវាជាចំនូលដើម្បីចិញ្ចឹមជីវិតរបស់យើងម្នាក់។ មានមនុស្សមិនតិចទេដែលបានខិតខំប្រឹងប្រែងរៀនសូត្រអោយបានចេះដឹងខ្ពង់ខ្ពស់ព្រោះតែសង្ឃឹមថាខ្លួននឹងអាចទទួលបានប្រាក់ខែល្អរស់នៅស្រួល។

ប៉ុន្តែតើប្រាក់ខែគឺពិតជាសំខាន់ពិតមែនរឺ?
ចម្លើយគឺមែន ហើយនិងមិនមែនដូចគ្នា។ ជាទូទៅ ប្រាក់ខែគឺជារឿងសំខាន់ហើយ ព្រោះថាប្រសិនជាគ្មានប្រាក់ខែល្អសមរម្យនោះទេ អ្នកក៏មិនអាចរស់នៅបានងាយស្រួលដែរ ប៉ុន្តែថ្វីត្បិតតែវាមានសារះសំខាន់ក៏ពិតមែន វានៅតែមិនសំខាន់ដល់មានមេល្អ រឺថៅកែល្អ។

មេល្អ គឺជាចំនុចដែលសំខាន់បំផុតលើសអ្វីទាំងអស់ ពោលគឺមិនថាអ្នកបានប្រាក់ខែច្រើនប៉ុណ្ណានោះទេ កាលណាដែលអ្នកមានមេមិនល្អ មិនយកចិត្តទុកដាក់នឹងកូនចៅ គិតតែប្រយោជន៍ផ្ទាល់ខ្លួន អ្នកប្រាកដជាធ្វើការអោយមិនមានសេចក្តីសុខនោះឡើយ។

នៅពេលដែលអ្នកមានមេល្អ អ្នកដូចជាបានទទួលអ្វីៗគ្រប់យ៉ាងអញ្ចឹងដែរ។ មេល្អ នឹងដឹងថាតើអ្វីទៅជាការងារដែលកូនចៅនីមួយៗត្រូវធ្វើ។ គេនឹងមើលឃើញពីចំនុចខ្លាំង រឺខ្សោយរបស់កូនចៅម្នាក់ ក្រោយមកទើបចំនាត់ចែងការងារនីមួយអោយទៅកូនចៅ ដូច្នេះហើយកូនចៅដែលធ្វើការតាមចំនាត់ការនោះនឹងធ្វើការងារទៅដោយរលូន ជាជាងការដែលមេចេះតែអ្នកការងារអោយធ្វើមិនត្រូវជំនាញ។

លើសពីនេះផងដែរ នៅពលដែលអ្នកធ្វើការងារដែលអ្នកមានជំនាញនៅក្នុងនោះ អ្នកនឹងឃើញថាខ្លួនឯងមិនសូវចំនាយពេលនិងកម្លាំងច្រើនលើការបំពេញការងារនោះឡើយ ហើយអ្នកក៏មិនសូវរងសម្ពាធការងារផងដែរ។ ដូច្នេះមេល្អ អាចជួយសម្រាលបន្ទុករបស់អ្នកបានមួយអន្លើរ។

មេល្អក៏ជាមេដែលដឹងថាពីសុខទុក្ខកូនចៅ មិនឃើញតែពីប្រយោជន៍ខ្លួនឯង និងមានចិត្តចង់ជួយជ្រោមជ្រែងអោយកូនចៅបានល្អ។ ថ្វីត្បិតតែអ្នកធ្វើការបញ្ចេញកម្លាំងរឺចំនេះវិជ្ជាដើម្បីទទួលបានប្រាក់ខែក៏ពិតមែន ប៉ុន្តែមេល្អនឹងព្យាយាមជួយអោយអ្នកទទួលបានលើសពីប្រាក់ខែទៅទៀត ពោលគឺថាគេនឹងជួយបង្រៀន រឺផ្តល់ដំបូន្មានល្អៗអោយអ្នកដើម្បីឃើញអ្នកអភិវឌ្ឍន៍ខ្លួនទៅមុខកាន់តែប្រសើរ។


មេល្អនឹងផ្តល់ឳកាសរាប់មិនអស់មកអោយកូនចៅវិញ។ ជាទូទៅ ជាមេដែលមានកូនចៅនៅក្រោមបន្ទុករបស់ខ្លួន មេល្អនឹងផ្តល់ឳកាសអោយកូនចៅរបស់ខ្លួនអាចបញ្ចេញសមត្ថភាព រឺសាកល្បងអ្វីដែលថ្មី ដើម្បីអោយកូនចៅខ្លួនបានរៀនសូត្រច្រើនជាងមុនពីការងារដែលខ្លួនកំពុងធ្វើ ព្រោះពួកវាអាចជាចំនុចចាប់ផ្តើមដែលធ្វើអោយគេមានគំនិតថ្មីៗដែលអាចជាប្រយោជន៍ទៅដល់ពួកគេនៅថ្ងៃមុខ។


ថ្វីត្បិតតែចំនុចប៉ុន្មានខាងលើនេះមិនទាន់បានរៀបរាប់អស់ទាំងស្រុងពីអត្ថប្រយោជន៍ដែលមានមេល្អនោះទេ ប៉ុន្តែវាក៏អាចបញ្ជាក់អោយឃើញបានហើយថានៅពេលដែលអ្នកមានមេល្អដឹកនាំខ្លួន អ្នកនឹងទទួលបានទ្រព្យសម្បត្តិជាច្រើនដែលមានប្រាក់ច្រើនប៉ុណ្ណាក៏ប្រហែលជាមិនអាចទិញបាន។ ដូច្នេះនៅពេលដែលអ្នកស្វែងរកការងារមួយ អ្នកគួរកុំព្យាយាមផ្តោតសំខាន់តែប្រាក់ខែពេក ប៉ុន្តែគួរស្វែងរកមេដឹកនាំដែលល្អវិញប្រសើរជាង៕

អត្ថបទល្អផ្សេងទៀត៖ សញ្ញាទាំង ៩ ដែលអ្នកគួរលាឈប់ពីការងារ

អ្នកប្រហែលតែងមានអារម្មណ៍ធុញថប់រាល់ពេលដែលអ្នកគិតដល់ពេលត្រូវចូលធ្វើការវិញ ដោយសារតែអ្នកមិនចូលចិត្តការងារនោះ រឺមូលហេតុផ្សេងៗទៀត ហើយអ្នកអាចនឹងមានអារម្មណ៍ថាចង់ឈប់ពីការងារមួយនោះ។​ ប៉ុន្ដែការលាឈប់ពីការងារមួយមិនមែនជារឿងសាមញ្ញដែលអ្នកអាចធ្វើតាមតែអារម្មណ៍បាននោះទេ។ អ្នកត្រូវការមូលហេតុសមរម្យណាមួយ ដែលបង្ហាញបានថាការលាឈប់គឺជារឿងត្រឹមត្រូវ។ ហើយប្រសិនបើអ្នកកំពុងតែជួបរឿងដូចខាងក្រោមនេះ ការលាឈប់អាចជាមធ្យោបាយដ៏ល្អមួយ។

១. អ្នកមិនមានការរីកចម្រើន៖ ប្រសិនបើអ្នកធ្វើរឿងដដែលៗជារៀងរាល់ថ្ងៃនិងមិនមានការរីកចម្រើនក្នុងជីវិតនោះ អ្នកប្រហែលជាចង់ពិចារណាជម្រើសផ្សេងក្រៅពីការងារនេះ។

២. អ្នកមិនចង់ទៅធ្វើការ៖ អ្នកគួរស្វែងរកមូលហេតុដែលអ្នកមិនចង់ទៅធ្វើការជាមុនសិន។ ព្យាយាមដោះស្រាយបញ្ហានោះ ប៉ុន្ដែបើវានៅតែមិនប្រសើរឡើង ការលាឈប់អាចជាជម្រើសចុងក្រោយរបស់អ្នក។

៣. អ្នកធុញទ្រាន់នឹងការងារប្រចាំថ្ងៃ៖ អ្នកអាចធ្វើការពិគ្រោះយោបល់ជាមួយប្រធានផ្នែករបស់អ្នក ប្រសិនបើអ្នកមានអារម្មណ៍ធុញទ្រាន់នឹងការងារប្រចាំថ្ងៃដែលអ្នកបានធ្វើដដែលៗអស់រយៈពេលជាយូរមកហើយ។​ ហើយបើការងាររបស់អ្នកនៅតែធ្វើឲ្យអ្នកហត់នឿយនិងធុញ អ្នកអាចគិតលាឈប់បាន។

៤. អ្នកមិនមានពេលវេលាផ្ទាល់ខ្លួន៖ ក្រោកពីព្រលឹម ចូលផ្ទះពេលព្រលប់ ថ្ងៃចុងសប្ដារហ៍ក៏រវល់ឥតឈប់ឈរ មិនមានពេលសម្រាប់ខ្លួនឯងនិងគ្រួសារ តើរកលុយមកដើម្បីអ្វី?

៥. អ្នកមានបញ្ហាទំនុកចិត្ត៖ បរិយាកាសនៅកន្លែងធ្វើការជាកត្តាសំខាន់។ បើអ្នកមានអារម្មណ៍ថា អ្នកមិនអាចទុកចិត្តមនុស្សសូម្បីតែម្នាក់នៅក្នុងការិយាល័យនោះ អ្នកអាចគិតគូរពីការប្ដូរទៅផ្នែកផ្សេងរឺការងារផ្សេងបាន។

៦. អ្នកមានប្រធានមិនល្អ៖ ខណៈពេលចៅហ្វាយល្អជួយផ្ដល់ការណែនាំនិងប្រឹក្សាដល់អ្នក ចៅហ្វាយមិនល្អនឹងនាំមកនូវទុក្ខលំបាកទាំងក្នុងជីវិតការងារនិងជីវិតរស់នៅផងដែរ។

៧. អ្នកមិនទទួលបានការពេញចិត្ត៖ ការកោតសរសើរជាកម្លាំងលើកទឹកចិត្តដែលធ្វើឲ្យយើងខិតខំប្រឹងប្រែងបន្ថែម ប៉ុន្ដែប្រសិនបើអ្នកមានអារម្មណ៍ថា ការខិតខំរបស់អ្នកត្រូវបានគេអើពើ អ្នកអាចសាករកកន្លែងថ្មីដែលអ្នកអាចបញ្ចេញសមត្ថភាពខ្លួនឲ្យគេមើលឃើញបាន។

៨. ប្រាក់បៀវត្សរ៍មិនសមរម្យ៖ បើទោះបីជាប្រាក់អាចមិនសូវសំខាន់ចំពោះមនុស្សមួយចំនួន អ្នកក៏មិនអាចធ្វើការងារច្រើននឿយហត់ជាយូរណាស់មកហើយ ដោយមិនទទួលបានការតម្លើងប្រាក់ខែនោះទេ។

៩. ក្រុមហ៊ុនកំពុងជួបវិបត្តិហិរញ្ញវត្ថុ៖ អ្នកអាចបង្ហាញពីភាពស្ម័គ្រស្មោះរបស់អ្នក ដោយនៅតែគាំទ្រក្រុមហ៊ុននៅគ្រប់កាលៈទេសៈ ប៉ុន្ដែសុវត្ថិភាពការងារជារឿងចំបង។ បើក្រុមហ៊ុនស្ថិតក្នុងកម្រិតធ្ងន់ធ្ងរណាមួយ អ្នកគួរត្រៀមលក្ខណៈទុកជាមុន៕

មតិយោបល់

ពេញនិយម