សំណួរទាំង ៥ ដែលអាចជួយអ្នកជ្រើសរើសបានបុគ្គលិកល្អ
Connect with us

គួរដឹង

សំណួរទាំង ៥ ដែលអាចជួយអ្នកជ្រើសរើសបានបុគ្គលិកល្អ

“ចូរនិយាយពីចំណុចខ្សោយរបស់អ្នក!” ជាសំណួរដ៏សាមញ្ញមួួយក្នុងចំណោមសំណួរជាច្រើនដែលគេតែងតែសួររាល់ពេលសម្ភាសន៍។ ដោយសំណួរក្នុងពេលសម្ភាសន៍ពីមួយទៅមួយភាគច្រើនសុទ្ធតែដូចគ្នា បេក្ខជនដែលត្រូវសម្ភាសន៍ភាគច្រើនបានត្រៀមចម្លើយរួចជាស្រេច។ ដូច្នេះហើយ ចម្លើយដែលអ្នកសម្ភាសន៍ទទួលបាននៅពេលសួរពីចំណុចខ្សោយនោះភាគច្រើនគឺ “ខ្ញុំធ្វើការខ្លាំងពេក” រឺ “ខ្ញុំតែងតែទាមទារភាពល្អឥតខ្ចោះ”។ តើអ្នកអាចជឿទុកចិត្តលើចម្លើយនេះទាំងស្រុងដែរទេ? តើពួកគេពិតជាអាចក្លាយជាបុគ្គលិកដ៏ល្អមែនរឺ? ប្រសិនបើអ្នកចង់ជ្រើសរើសបុគ្គលិកល្អសម្រាប់ក្រុមហ៊ុន អ្នកអាចពិចារណាសំណួរទាំង ៥ ខាងក្រោម។

១. ចូរនិយាយពីលក្ខណៈពិសេសមួយរឺពីរនៃឪពុកម្ដាយរបស់អ្នក ដែលអ្នកនិងកូនៗនឹងប្រកាន់ខ្ជាប់ពេញមួយជីវិត! គោលដៅនៃសំណួរនេះគឺដើម្បីយល់ដឹងឲ្យបានស៊ីជម្រៅពីបេក្ខជនដែលអ្នកកំពុងតែសម្ភាសន៍ ថាតើពួកគេនឹងយកតម្រាប់ល្អតាម រឺសិក្សាបានមេរៀនពិសេសអ្វីខ្លះពីឪពុកម្ដាយរបស់ពួកគេ។ វានឹងជួយឲ្យអ្នកបានដឹងអ្វីដែលបេក្ខជនឲ្យតម្លៃខ្លាំងជាងគេនៅក្នុងជីវិត។

២.​ ២៥ គុណនឹង ២៥ ស្មើប៉ុន្មាន? សំណួរនេះមិនមែនដើម្បីតេស្តសមត្ថភាពគណិតវិទ្យារបស់បេក្ខជនមកសម្ភាសន៍នោះទេ ប៉ុន្ដែដើម្បីមើលថាតើបេក្ខជនម្នាក់នោះមានប្រតិកម្មបែបណា នៅពេលដែលពួកគេធ្វើការក្រោមសម្ពាធ។ តើពួកគេមានអារម្មណ៍មិនពេញចិត្ត រឺពួកគេបើកចិត្តទូលាយហើយដោះស្រាយបញ្ហាតាមសម្រួល?

៣. ប្រាប់ខ្ញុំអំពីមនុស្សបីនាក់ដែលអ្នកបាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានដល់ជីវិតរបស់ពួកគេ។ តើអ្នកគិតយ៉ាងណាដែរ ប្រសិនបើខ្ញុំហៅពួកគេមកថ្ងៃស្អែក? មនុស្សទាំង ៣ នាក់នោះមិនចាំបាច់ជាមិត្តរួមការងារនោះទេ។ ពួកគេអាចជាមិត្តភក្ដិ បងប្អូន មិត្តរួមថ្នាក់ រឺអ្នកជិតខាងក៏បាន។ គោលដៅនៃសំណួរនេះគឺដើម្បីចង់ដឹងថា តើបេក្ខជនម្នាក់នេះបានជួយនរណាខ្លះក្នុងជីវិតរបស់គេ ដោយហេតុថា ក្រុមហ៊ុន រឺស្ថាប័នមួយត្រូវការបុគ្គលិកដែលចេះជួយគ្នាទៅវិញទៅមក។ បើពួកគេមិនអាចឆ្លើយបាន អ្នកអាចសួរគេថា ហេតុអ្វី។

៤. បន្ទាប់ពីការសម្ភាសន៍ចប់ សួរខ្លួនឯងរឺអ្នកសម្ភាសន៍ផ្សេងថាតើអ្នកអាចហៅគេមកផ្ទះទេ នៅថ្ងៃឈប់សម្រាក? សំណួរនេះស្ដាប់ទៅដូចជារឿងផ្ទាល់ខ្លួនពេកហើយ​ ប៉ុន្ដែវាជាសំណួរដែលបង្ហាញពីទំនាក់ទំនងនៅពេលអនាគតរវាងអ្នកនិងបេក្ខជនដែលត្រូវបានសម្ភាសន៍នោះ។ បើទោះបីជាអ្នកមិនទាន់បានចំណាយពេលច្រើនជាមួយគេក៏ដោយ ជាធម្មតា ចម្លើយមិនប្រែប្រួលណាស់ណានោះទេ ។

៥. សម្ភាសន៍ចប់ ទៅសួរសន្ដិសុខឬអ្នកទទួលភ្ញៀវថា តើបេក្ខជនមានទំនាក់ទំនងជាមួយអ្នកយ៉ាងដូចម្ដេច? អ្នកនឹងបានដឹងអំពីរបៀបដែលពួកគេប្រព្រឹត្ដចំពោះអ្នកដទៃ។ ខណៈពេលមនុស្សមួយចំនួនពោរពេញដោយមេត្តាធម៌ ចិត្តទូលាយ និងមិនរើសអើង មនុស្សមួយចំនួនទៀតអាចគិតថាគេមិនស្មើនឹងខ្លួន។ អ្នកក៏ប្រាប់ឲ្យសន្ដិសុខពន្យាពេលសម្ភាសន៍ចំនួន ១០ រឺ ១៥ នាទី ដើម្បីសង្កេតមើលប្រតិកម្មរបស់ពួកគេ៕

ប្រភព៖ TED

អត្ថបទល្អផ្សេងទៀត៖ ជាមួយទិចនិចទាំងបីនេះ អ្នកនឹងមានឱកាសឆ្លងផុតវគ្គសម្ភាសន៏ការងារដោយងាយ

ក្រៅពីបទពិសោធន៏ការងារ និងឯកសារយោងពិតប្រាកដ យើងនៅមានវិធីសាស្រ្តផ្សេងទៀតដើម្បីជោគជ័យក្នុងការសំភាសន៏ការងារ។ វារួមមានការនិយាយស្តីរបស់យើង ឥរិយាបថ និងទំនាក់ទំនងរបស់យើងទៅកាន់អ្នកសម្ភាសន៏ផ្ទាល់ ហើយអ្នកអាចប្រើភាពទាក់ទាញផ្សេងៗដែលអ្នកមាន ឬការបញ្ចុះបញ្ចូលដែលអ្នកអាចធ្វើបាន។ ដូច្នេះដើម្បីចេះវិធីទាំងនេះ យើងត្រូវធ្វើតាមតិកនិកខាងក្រោមទាំងអស់គ្នា។

១. កសាងភាពល្អប្រសើរនៃកាយវិការ ភាពរឹងមាំជាមួយឥរិយាបថរបស់អ្នក 

រឿងទីមួយដែលគេនឹងសង្កេតមកលើយើងគឺកាយវិការ អាកប្បកិរិយារបស់យើងផ្ទាល់ ដូច្នេះ យើងត្រូវធ្វើយ៉ាងណាធ្វើកាយវិការឱ្យសមរម្យតាមដែលអាចធ្វើបាន ត្រូវមានភាពជឿជាក់លើខ្លួនឯងជានិច្ច រក្សាកាយវិការរបស់យើងឱ្យបានខ្ជាប់ខ្ជួន។

មុននឹងចូលទៅសំភាសន៏យើងអាចហាត់សមនូវកាយវិការ ការដើរ ឈរ អង្គុយ ជាមួយកញ្ចក់ រួចបន្ធូរអារម្មណ៏តានតឹងចេញឱ្យអស់។ ព្យាយាមកុំឱ្យមានការញីរញ័រ ព្យាយាមកុំញ័រសំលេង ហើយព្យាយាមរក្សាក្រសែភ្នែកឱ្យបានល្អ ជាមួយអ្នកសំភាសន៏ ព្រោះកែវភ្នែកមានឥទ្ធិពលបញ្ជាក់ពីភាពជឿជាក់ លាក់បាំងការភ័យខ្លាចរបស់អ្នក និងឱ្យទំនុកចិត្តទៅលើអ្នកដែលសំភាសន៏អ្នក។ ចំណុចទី២ គឺការនិយាយស្តី។ 

BODY-LANGUAGE

២. ការនិយាយស្តី 

ចំពោះការនិយាយស្តី អ្នកត្រូវប្រើសម្តីដែលសមរម្យ ទន់ភ្លន់ដែលពោរពេញដោយភាពជឿជាក់ មិនទាក់រដាក់រដុប ព្យាយាមនិយាយឱ្យបានរលូន។ កុំនិយាយកុហកពីសមត្ថភាពខ្លួនឯងខ្លាំងពេក។ និយាយឱ្យចេញមកដូចធម្មជាតិ ហើយការប្រើពាក្យ ត្រូវច្បាស់ៗ ជៀសវាងការរកនឹកពាក្យនិយាយយូរៗ។ ដើម្បីធ្វើបានល្អ គឺអ្នកត្រូវតែហាត់សមនិយាយ ជាមួយកញ្ចក់ម្នាក់ឯង ឬជាមួយមិត្តភ័ក្រ។ ធ្វើយ៉ាងទាញចំណាប់អារម្មណ៏អ្នកស្តាប់ ឱ្យចាប់អារម្មណ៏នឹងសម្តីរបស់យើង។ 

Speaking

៣. សួរសំណួរដែលទាក់ទង ចេះឆ្ងល់ ចេះមានចំណាប់អារម្មណ៏លើរឿងដែលទាក់ទង 

ជាចុងក្រោយដើម្បីមានការទំនាក់ទំនងល្អជាមួយអ្នកសំភាសន៏ អ្នកត្រូវចេះឆ្ងល់ សួរសំណួរដែលទាក់ទង ចេះបញ្ចេញមតិដែលទាញទំនាក់ទំនងរវាងអ្នក និងអ្នកសំភាសន៏។ ចេះសួរសំណួរ និងឆ្ងល់ពីក្រុមហ៊ុន ឬស្ថាប័ន ដែលយើងកំពុងតែសំភាសន៏ជាមួយ បញ្ចេញគំនិតល្អៗ ពីស្ថាប័ននោះ ចេះបញ្ចេញបញ្ចូល លើកដាក់ហេតុផលឱ្យសមរម្យ ដើម្បីឱ្យគេគិតថា តើវានឹងទៅជាយ៉ាងណាបើបានធ្វើការជាមួយអ្នក។ បញ្ជាក់ថាអ្នកជាមនុស្សដែលស្រួលធ្វើការជាមួយ ចេះបត់បែន និងមានហេតុផលត្រឹមត្រូវ ពេលឆ្លើយសំណួរ និងការនិយាយស្តីជារួម៕

Ask Questions

មតិយោបល់

ពេញនិយម