ប្រវត្តិរឿងបន្ទះឫស្សី ៣០០០ច្បាប់ ឆាវឆាវបណ្តែតតាមដងទន្លេ បំបាក់ស្មារតីទ័ពរាប់សែននាក់!
Connect with us

គួរដឹង

ប្រវត្តិរឿងបន្ទះឫស្សី ៣០០០ច្បាប់ ឆាវឆាវបណ្តែតតាមដងទន្លេ បំបាក់ស្មារតីទ័ពរាប់សែននាក់!

រន្ទះឫស្សីចំនួន ៣ពាន់ច្បាប់សរសេរចម្លង ដោយទីប្រឹក្សាផ្ទាល់របស់ (ឆាវឆាវ) គឺឆឹងអ៊ី …បានសរសេរយ៉ាងម៉ើងម៉ាត់ និង ប្រុងប្រយ័ត្នបំផុត មិនហ៊ានឲ្យបាត់ពាក្យសម្តីរបស់ចៅហ្វាយឆាវឆាវ សូម្បីមួយឃ្លាឡើយ។
ឆាវឆាវ៖ “យើងបញ្ជាឲ្យលោកសរសេរអត្ថបទវាយប្រហារជនក្បត់ ធ្វើយ៉ាងណាឲ្យពួកតុងអ៊ូ ឃើញហើយខ្លាចបាក់ស្បាតគ្រប់ ៗគ្នា” ។

មូលហេតុអ្វីបានជា ឆាវឆាវ ចាំបាច់ត្រូវសរសេរអត្ថបទវាយប្រហារនេះទៀត បើកងទ័ពរបស់គេមានរហូតដល់ជាងដប់ម៉ឺននាក់ (ស្មើនឹងជាង ១សែននាក់) ទៅហើយនោះ? គោលដៅធំបំផុតរបស់ឆាវឆាវ នៅពេលនេះគឺមានពីរយ៉ាង៖
– ទី១ : គឺប្រើចិត្តសាស្ត្រគម្រាមដល់ពួកជាំងតុង (តុងអ៊ូ) និងមន្ត្រីទាំងអស់ឲ្យភ័យខ្លាចអំណាចរបស់គេ កុំឲ្យហ៊ានចុះចូល នឹងលាវប៉ី (ខុងមិញ)។ សម្លាប់មួយគម្រាមមួយនាក់ សម្លាប់ដប់គម្រាប់១ម៉ឺន។

យុទ្ធសាស្ត្រមួយនេះ ឆាវឆាវ បានប្រើការយ៉ាងមានប្រសិទ្ធភាពអស្ចារ្យពេលដែលវាយយកក្រុងរបស់លាវឈី មានកងទ័ពជាងសាបសិបម៉ឺននាក់ ដោយគ្មានចំណាយទ័ពនិងស្បៀងសូម្បីតែអង្ករមួយគ្រាប់ឡើយ។

– ទី២ : គឺចង់បង្ហាញពីអំណាច។ គេធ្វើបែបនេះ គឺគេមិនមែនខ្លាចខាងជាំងតុង និងលាវប៉ីទេ។ គេចង់ឲ្យមនុស្សក្នុងលោកចារឈ្មោះគេក្នុងប្រវត្តិសាស្ត្រថាគេវាប្រហារជនក្បត់ ជួយរាជវង្សហានដោយក្លាហានគ្មានការភ័យខ្លាច ព្រោះគេចេញលិខិតវាយប្រហារដោយបើកចំហរតែម្តង និងមានលេសគ្រប់គ្រាន់ថាលាវបុី និង ស៊ុនឈៀនគឺជាចោរក្បត់ ឯគេវិញគឺជាអ្នកក្លាហានជួយដល់កម្ចាត់ជនក្បត់។

ម្យ៉ាងវិញទៀត បើអាចឲ្យស៊ុនឈៀនចុះចាញ់គឺ ជារឿងល្អព្រោះថាកងទ័ពរបស់គេខ្លាំងតែជើងគោកប៉ុណ្ណោះ ចំណែកឯខាងជើងទឹកគឺប្រាកដជាលំបាកបញ្ជា… និងត្រូវចំណាយកម្លាំងច្រើនទៀតក្នុងការបង្វឹកកងទ័ព ទូកចម្បាំង ។ល។

នៅក្នុងសារបន្ទះឫស្សី ៣ពាន់ច្បាប់នោះ មានបង្កប់កងទ័ពរាប់សែននាក់ក្នុងនោះ ដោយការគម្រាមធ្វើឲ្យសត្រូវរបស់គេបាក់ ទឹកចិត្តជាមុន មុនពេលចូលប្រយុទ្ធ (វាយប្រហារចិត្តសាស្ត្រ)។ នៅពេលនោះដែរខាងតុងអ៊ូ ពិតជាមានការរគោះរងើរយ៉ាងខ្លាំង ជាពិសេសខាងផ្ទៃក្នុងដែលធ្វើឲ្យ ស៊ុនឈៀន ឈឺក្បាលយ៉ាងពេញទំហឹង។

មន្ត្រីធំ ជឺពូ ដែលជាមន្ត្រីធំបីជំនាន់ មានការជំទាស់មិនឲ្យចូលដៃនឹងលាវប៉ី ដើម្បីរក្សាជីវិតនិងប្រជារាស្ត្រ ។ នៅក្នុងក្បួនយុទ្ធសាស្ត្រនេះ ត្រូវបានមេដឹកនាំជាច្រើនយក មកប្រើការ និងទទួលបានជោគជ័យផងដែរ។ តួយ៉ាងនៅក្នុង ប្រទេសកម្ពុជាវិញ ក៏ត្រូវបានមេដឹកនាំមួយរូបយកមប្រើការដែរ ។

រៀងរាល់ពេលឡើងថ្លែងសន្ទកថា មេដឹកនាំរូបនោះតែងប្រើការគម្រាមគំហែងដល់ប្រជាពលរដ្ឋរបស់គេឲ្យមានការភ័យខ្លាចជាពិសេសមុនពេលបោះឆ្នោត។ ពាក្យដែលឧស្សាហ៍ប្រើជាងគេគឺ «បើសិនមិនឈ្នះឆ្នោតទេ អាចនឹងមានសង្គ្រាម…» ។ ពាក្យសម្តីគម្រាមនេះគឺមិនចាញ់នឹងសារដែលឆ្លាក់នៅក្នុងបន្ទះឫស្សី៣ពាន់ច្បាប់ របស់ឆាវឆាវប៉ុន្មានទេ។

ព្រោះបានធ្វើឲ្យមនុស្ស ជាច្រើននាក់មានការតក់ស្លុតនិងភ័យខ្លាច មានការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយឥតឈប់ឈរ។ ការគម្រាមគំហែងនេះគឺមិនមែនតែធ្លាប់គម្រាមលើប្រជាជនទេ ក៏ធ្លាប់គម្រាមដល់គូសត្រូវថែមទាំងផង។

បើយើងស្គាល់ ឆាវឆាវ កាន់តែច្បាស់វិញ យើងប្រាកដជាធ្លាប់ឮពាក្យសម្តីគេមួយឃ្លានិយាយទៅកាន់អ្នកដាំស្លឲ្យកងទ័ពរបស់គេថា «យើងចង់សុំខ្ចីរបស់ម្យ៉ាងពីឯងសិន ប៉ុន្តែរបស់នោះអាចខ្ចីឯងហើយតែមិនអាចសងឯងវិញទេ របស់មួយនោះគឺជាក្បាលរបស់ឯង» ។ ពាក្យនេះនិយាយទៅហាក់ដូចជាគម្រាមផងនិងសុំអង្វរផង ហើយចំពោះអ្នកនៅក្រោមអំណាចគ្មានសិទ្ធិជ្រើសរើសអ្វីទាំងអស់។

ចំពោះមនុស្សមានអំណាច ទើបអាចនិយាយពាក្យនេះបាន ហើយសម្រាប់អ្នកទន់ខ្សោយគឺគ្មានសិទ្ធិតវាឬនិយាយពីសិទ្ធិរបស់ខ្លួនឡើយ។ នៅទីបំផុតក្បាលក៏ត្រូវធ្លាក់ចុះពីលើស្មាដោយឥតប្រកែកបាន។ ពាក្យគម្រាមនេះ ត្រូវបានពេញនិយមសម្រាប់មនុស្សមានអំណាច់ប្រើប្រាស់ ដើម្បីដណ្តើមឬទាញយកផលប្រយោជន៍ពី បុគ្គលដែលមានអន់ជាងខ្លួនឬគ្មានអំណាច។ ប៉ុន្តែទង្វើបែបនេះ ត្រូវមនុស្សជាច្រើនស្អប់ខ្ពើម ហើយមានតែមនុស្សអាក្រក់ និងអគុណធម៌ទេដែលប្រើវា៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម