សម្រាប់មនុស្សលោភលន់! ពាក្យផ្តាំផ្ញើមុនពេលចូលទីវង្គតរបស់ស្តេចមួយអង្គនេះ ធ្វើអោយភ្ញាក់ស្មារតីស្វាងតែម្តង!
Connect with us

បែបផែនជីវិត

សម្រាប់មនុស្សលោភលន់! ពាក្យផ្តាំផ្ញើមុនពេលចូលទីវង្គតរបស់ស្តេចមួយអង្គនេះ ធ្វើអោយភ្ញាក់ស្មារតីស្វាងតែម្តង!

កាលពីសម័យកាលមុនពេលដែលស្តេចជាអ្នកដែលមានអំនាចតែមួយគត់លើអស់មនុស្សសត្វទាំងពួង មានស្តេចមួយអង្គដែលមានជម្ងឺឈឺជាទម្ងន់មិនអាចព្យាបាលបាន ពោលគឺរាល់ថ្ងៃរស់នៅចាំតែថ្ងៃចូលទីវង្គតនោះទេ។

ប៉ុន្តែមុនពេលដែលទ្រង់ចូលទីវង្គត ទ្រង់បានមានបន្ទូលទៅកាន់អ្នកក្រោមឳវាទអោយធ្វើតាមបញ្ជា៣យ៉ាងដែលងាយស្រួលបំផុត។

បញ្ជាទី១គឺថា នៅពេលដែលទ្រង់ចូលទីវង្គត ត្រូវប្រមូលអស់គ្រូពេទ្យល្បីៗពូកែៗមកអោយសែងមឈូសរបស់ទ្រង់។ បញ្ជាទី២ គឺអោយគេចាក់ពង្រាយទ្រព្យសម្បត្តិរបស់ទ្រង់តាមផ្លូវពីកន្លែងដង្ហែរទៅដល់កន្លែងកប់ព្រះសពរបស់ទ្រង់។ បញ្ជាចុងក្រោយគឺថាត្រូវចោះមឈូសដើម្បីអោយដៃទ្រង់ចេញមកក្រៅមនុស្សអោយអ្នកដទៃបានឃើញ។

បន្ទាប់ពីបញ្ជារឿងទាំងបីយ៉ាងនោះភ្លាម ពួកមន្ត្រីទាំងអស់មានការងើងឆ្ងល់យ៉ាងខ្លាំង ដោយបានសួរទៅកាន់ព្រះអង្គវិញអោយព្រះអង្គពន្យល់ថាហេតុអ្វីបានជាព្រះអង្គមានបំណងចង់ធ្វើបែបនេះទៅវិញ?

ស្តេចអង្គនោះបានមានបន្ទូលតបមកវិញថា៖

១. ទ្រង់ចង់អោយគ្រូពេទ្យសែងមឈូសរបស់ទ្រង់ព្រោះចង់អោយមនុស្សទាំងអស់ឃើញថា មិនថាគ្រូពេទ្យល្អបំផុតប៉ុណ្ណានោះទេនៅតែមិនអាចព្យាបាលអ្នកជម្ងឺអោយផុតពីសេចក្តីស្លាប់។

២. ទ្រង់ចង់អោយគេចាក់ទ្រព្យសម្បត្តិរបស់ទ្រង់អោយពាសពេញផ្លូវគឺដើម្បីបង្ហាញថា ទ្រព្យសម្បត្តិដែលរកបាននៅក្នុងមួយជីវិតនេះត្រូវតែបន្សល់ទុកនៅលើផែនដី។

៣. ការណ៍ដែលទ្រង់ចង់អោយគេបញ្ចេញដៃទ្រង់មកក្រៅមឈូសនោះព្រោះចង់អោយមនុស្សគ្រប់គ្នាឃើញថា មនុស្សយើងកើតមកដៃទទេរ ដូច្នេះពេលដែលស្លាប់ទៅវិញក៏ដៃទទេរដូចគ្នា ពោលគឺគ្មាននរណាអាចចាប់កាន់អ្វីយកទៅបាននៅពេលដែលយើងស្លាប់នោះឡើយ។

រឿងនេះចង់ទូន្មានអោយយល់ថាមិនថាមនុស្សយើងរកបានទ្រព្យសម្បត្តិច្រើនប៉ុណ្ណានោះទេ យើងនៅតែមិនអាចយកវាទៅជាតិក្រោយបាននោះឡើយ ដូច្នេះអ្វីដែលសំខាន់បំផុតគឺត្រូវចេះប្រើប្រាស់អ្វីដែលយើងមានអោយបានទាន់ពេលវេលា កុំអោយដល់ពេលដែលអស់ពេលវេលា ទើបស្តាយក្រោយព្រោះខ្លួនមិនបានសម្រេចកិច្ចការអ្វីមួយ។

លើសពីនេះទៅទៀត នៅពេលដែលមនុស្សម្នាក់ស្លាប់ គ្មាននរណានៅចាំថាអ្នកធ្លាប់មានទ្រព្យសម្បត្តិប៉ុណ្ណា រឺសម្រស់ស្រស់ស្អាតប៉ុណ្ណាឡើយ ប៉ុន្តែអ្វីដែលគេចាំមិនភ្លេចនោះគឺទង្វើល្អរបស់អ្នកដែលបានធ្វើកាលពីអ្នកនៅរស់ ដូច្នេះអ្នកគួរធ្វើទង្វើដែលជាការគោរពរបស់អ្នកផងទាំងពួង ដើម្បីអោយគេចង់ចាំពេលដែលអ្នកចាកចេញទៅ៕

អត្ថបទល្អផ្សេងទៀត៖ មេរៀនដ៏សំខាន់មួយអំពីសុច្ចរិតភាពដែលនាយកប្រតិបត្តិម្នាក់បានបង្រៀនដល់បុគ្គលិករបស់គាត់

ដោយអាយុកាន់តែច្រើន នាយកប្រតិបត្តិដ៏ជោគជ័័យម្នាក់បានសម្រេចចិត្តធ្វើការជ្រើសរើសអ្នកបន្ដវេន ដោយគាត់មិនលើកកូនរបស់ខ្លួនឡើងនោះទេ។ ក្នុងការជ្រើសរើសនេះ លោកបានកោះហៅអ្នកគ្រប់គ្រងវ័យក្មេងទាំងអស់នៅក្នុងក្រុមហ៊ុន ហើយលោកបានឲ្យពួកគេនូវគ្រាប់ពូជដ៏ពិសេសម្នាក់មួយ ដោយលោកបានឲ្យពួកគេយកវាទៅដាំ ហើយមួយឆ្នាំក្រោយត្រូវយកសមិទ្ធិផលដែលពួកគេទទួលបានយកមកឲ្យគាត់មើល។

ពួកគេក៏បានខិតខំស្រោចទឹក ថែរក្សាវារៀងៗខ្លួន។ បន្ទាប់ពីបានរយៈពេល ៣ សប្ដាហ៍ ពួកគេបានចាប់ផ្ដើមនិយាយអំពីដើមឈើដែលខ្លួនដាំបាន។ ដោយឡែក អ្នកគ្រប់គ្រងម្នាក់ក្នុងចំណោមអ្នកទាំងនោះមិនមានអ្វីអួតនឹងគេ បានត្រឹមតែនៅស្ងៀមដោយសារតែគ្រាប់ពូជរបស់គេមិនចេញផ្លែផ្កាទាល់តែសោះ មិនថាគាត់និងប្រពន្ធខិតខំស្រោចទឹកវាយ៉ាងណានោះទេ។

រយៈពេលមួយឆ្នាំបានកន្លងផុតទៅ អ្នកគ្រប់គ្រងវ័យក្មេងរបស់ក្រុមហ៊ុននោះបាននាំយករុក្ខជាតិរបស់ពួកគេទៅឱ្យនាយកប្រតិបត្តិ​​ដើម្បីត្រួតពិនិត្យ។ ដោយឡែក អ្នកគ្រប់គ្រងវ័យក្មេងម្នាក់នោះមិនចង់ទៅប្រឈមមុខជាមួួយនឹងនាយកប្រតិបត្តិជាមួយផើងផ្កាទទេរបស់គាត់នោះទេ ដោយសារវាជារឿងដ៏អាម៉ាស់មួយនៅពេលអ្នកគ្រប់គ្រងដទៃសុទ្ធតែដាំបានរុក្ខជាតិលូតលាស់ធំល្អ។ ដូច្នេះហើយ គាត់បានត្រឹមតែឈរពួនពីក្រោយអ្នកដទៃប៉ុណ្ណោះ។

នៅពេលដែលនាយកធំមកដល់ គាត់ក៏បានដើរមើល ហើយនិយាយថា ម្នាក់ក្នុងចំណោមពួកគេនឹងឡើងតំណែងជំនួសគាត់ ហើយគាត់ក៏បានចង្អុលទៅអ្នកគ្រប់គ្រងដែលកាន់ថូផ្កាទទេ។ ម្នាក់ៗសុទ្ធតែមានការភ្ញាក់ផ្អើល ហើយនាយកប្រតិបត្តិនោះក៏បានប្រាប់ថា កាលពីឆ្នាំមុននោះ គាត់បានឲ្យអ្នកទាំងអស់គ្នានូវគ្រាប់ពួជដែលងាប់ ហើយវាមិនអាចលូតលាស់បាននោះទេ ប៉ុន្ដែមានតែបុរសម្នាក់នេះទេដែលមានភាពស្មោះត្រង់និងភាពក្លាហានពិតប្រាកដ។

ប្រសិនបើអ្នកដាំភាពទៀងត្រង់ អ្នកនឹងទទួលបានការទុកចិត្ត៕

ប្រភព៖ mesmerizing words

មតិយោបល់

ពេញនិយម