ដឹងទេថាលិខិតឆ្លងដែនប្រទេសណាដែលមានឥទ្ធិពលជាងគេបង្អស់?
Connect with us

គួរដឹង

ដឹងទេថាលិខិតឆ្លងដែនប្រទេសណាដែលមានឥទ្ធិពលជាងគេបង្អស់?

ការធ្វើដំណើរជុំវិញពិភពលោកអាចជាក្ដីស្រមៃរបស់មនុស្សជាច្រើន ប៉ុន្ដែវាក៏ជារឿងពិបាកមួយផងដែរ ដោយសារតែការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយតែងត្រូវការចំណាយថវិកាច្រើនទៅលើំសំបុត្រយន្តហោះ ការហូបចុក ការស្នាក់នៅ និងការធ្វើដំណើរផ្សេងៗ។ ហើយបើទោះបីជាអ្នកមានលុយច្រើនចាយមិនអស់ ក៏អ្នកមិនប្រាកដថាអាចធ្វើដំណើរទៅកាន់ប្រទេសមួយចំនួនបានផងដែរ ប្រសិនបើអ្នកមិនទទួលបានទិដ្ឋាការ។ ជាក់ស្ដែង លិខិតឆ្លងដែនពីប្រទេសកម្ពុជាអនុញ្ញាតឱ្យប្រជាជនខ្មែរធ្វើដំណើរបានដោយគ្មានទិដ្ឋាការមុនទៅបានត្រឹមតែ ៥៣ ប្រទេសប៉ុណ្ណោះ។ ចុះតើប្រទេសណាដែលមានលិខិតឆ្លងដែនមានឥទ្ធិពលខ្លាំងជាងគេបង្អស់នោះ?

បើយោងទៅតាមតារាងសន្ទស្សន៍លិខិតឆ្លងដែនឆ្នាំ ២០១៨ ប្រទេសដែលលិខិតឆ្លងដែនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្លួនធ្វើដំណើរ ដោយគ្មានទិដ្ឋាការទៅបានច្រើនប្រទេសជាងគេក្នុងពិភពលោកនោះគឺ ប្រទេសអាឡឺម៉ង់។ បច្ចុប្បន្ន ប្រជាពលរដ្ឋកាន់លិខិតឆ្លងដែនអាឡឺម៉ង់អាចទៅទស្សនាប្រទេសចំនួន ១៧៧ ដោយមិនត្រូវសុំទិដ្ឋាការជាមុន។

ចំណាត់ថ្នាក់នេះត្រូវបានផ្អែកលើទិន្នន័យពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ដែលជាមូលដ្ឋាននៃទិន្នន័យអំពីការធ្វើដំណើរដ៏ធំទូលាយបំផុតរបស់ពិភពលោក។ បន្ទាប់ពីប្រទេសអាឡឺម៉ង់គឺប្រទេសសិង្ហបុរី ដែលលិខិតឆ្លងដែនប្រទេសនេះអនុញ្ញាតឲ្យពលរដ្ឋខ្លួនធ្វើដំណើរទៅ ១៧៦ ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ។

នៅបាតតារាងមានប្រទេសប៉ាគីស្ថាន ស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ដែលមានលទ្ធភាពឆ្លងចូលប្រទេសត្រឹមតែ ៣០ ឬតិចជាងនេះ បើមិនមានទិដ្ឋាការ៕

ប្រភព៖ WEF

អត្ថបទល្អផ្សេងទៀត៖ កំពុងដើរលេងនៅបរទេសស្រាប់តែបាត់លិខិតឆ្លងដែន (Passport) ត្រូវធ្វើយ៉ាងណា? ៣ ជំហាននេះនឹងជួយអ្នកបាន!

ការបាត់បង់​លិខិតឆ្លងដែនពេលកំពុងធ្វើដំណើរនៅទឹកដីបរទេស ជាសុបិន្ដអាក្រក់និងការ​ភ័យខ្លាច​ដ៏​ធំ​បំផុត​របស់​ទេសចរ​ទាំងអស់ ព្រោះវា​មាន​ន័យ​ថា​ពួកគេនឹង​ត្រូវ​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​មួយ​នោះ ហើយស្ថិតនៅក្នុងភាពមិនស្របច្បាប់។

ដូចនេះ​បើ​សិនប្រិយមិត្ត Anarchak ជ្រុលខ្លួនបាត់លិខិតឆ្លងដែនដោយចៃដន្យ ​គួរ​អនុវត្ត ៣ ជំហាន​នេះ៖

១.ទៅ​ស្ថានីយ​ប៉ូលិស​ដែល​នៅ​ជិត​បំផុត ហើយ​ស្នើធ្វើរបាយការណ៍បង្ហាញពីការបាត់បង់៖

នៅ​ពេល​ដឹង​ថា​លិខិតឆ្លងដែន​បាន​បាត់បង់ ​អ្នក​ត្រូវ​តែ​រាយការណ៍​ពី​ការ​បាត់បង់នោះ​ភ្លាម​ៗ​ទៅ​ស្ថានីយ​ប៉ូលិស​ដែល​នៅ​ជិត​បំផុត។ អ្នក​ត្រូវស្នើប៉ូលីសឱ្យជួយធ្វើ​របាយការណ៍បង្ហាញពីការបាត់បង់ និងច្បាប់​ចម្លង​នៃ​របាយការណ៍​ប៉ូលិស។

វា​មាន​អត្ថប្រយោជន៍​ក្នុង​ករណី​ដែល​លិខិតឆ្លងដែន​របស់​អ្នក​ត្រូវ​បាន​គេលួច​យក​ទៅ​ប្រើ​ក្នុង​គោលបំណង​គួរ​ឲ្យ​សង្ស័យ ។ របាយការណ៍​របស់​ប៉ូលិស​អាចជា​ភស្តុតាង​បង្ហាញថា​មានជន​​ផ្សេង​ទៀត​កំពុង​ប្រើ​វា​ជំនួស​អ្នក។

២.ទៅ​ស្ថានទូតរបស់យើងនៅបរទេស៖

ស្វែងរក និង​ទាក់ទង​ទៅ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុលប្រទេសយើងប្រចាំនៅប្រទេសដែលអ្នកកំពុងស្នាក់នៅនោះ​ ហើយរាយការណ៍​អំពី​លិខិតឆ្លងដែន​ដែល​បាត់នោះ ដើម្បីឱ្យអ្នកជំនាញនៅទីនោះដោះស្រាយ។ 

៣.ស្នើសុំធ្វើ​លិខិត​ឆ្លងដែន​​ថ្មី៖

អ្នកត្រូវត្រៀមឯកសារពាក់ព័ន្ធដែលគេទាមទារដើម្បីធ្វើលិខិតឆ្លងដែនថ្មី។ តែជាទូទៅគេនឹងធ្វើលិខិតឆ្លងដែនបណ្ដោះអាសន្នឱ្យអ្នកសិនដើម្បីអាចឆ្លងដែនទៅប្រទេសកំណើតវិញ។ រួចហើយអ្នកនឹងត្រូវធ្វើលិខិតឆ្លងដែនថ្មីនៅពេលទៅដល់ប្រទេសកំណើត៕

មតិយោបល់

ពេញនិយម