ចង់ចរចាឡើងប្រាក់ខែ តើគួរធ្វើបែបណា?
Connect with us

គួរដឹង

ចង់ចរចាឡើងប្រាក់ខែ តើគួរធ្វើបែបណា?

ការស្រលាញ់ពេញចិត្តនឹងការងារមួយអាចកើតឡើងបានដោយសារកត្តាជាច្រើនដូចជា បរិយាកាសល្អនៅក្នុងការិយាល័យ មិត្តរួមការងារល្អ រឺចៅហ្វាយនាយល្អជាដើម។ យ៉ាងណាក្ដី បើទោះបីជាអ្វីៗគ្រប់យ៉ាងសុទ្ធតែល្អនៅទីនោះ កត្តាដ៏សំខាន់មួយដែលមិនអាចខ្វះបានគឺ ប្រាក់បៀវត្សរ៍។ អ្នកប្រហែលជាត្រូវគិតគូរស្វែងរកការងារថ្មីមួយ ប្រសិនបើប្រាក់ខែនៅទីនោះតិចពេក មិនសាកសមនឹងការងារដ៏ច្រើនរឺ សមត្ថភាពក្នុងការបំពេញការងាររបស់អ្នក។ នៅក្នុងកាលៈទេសៈបែបនេះ អ្នកប្រហែលជាកំពុងគិតរកមធ្យោបាយដើម្បីចរចាឡើងប្រាក់បៀវត្សរ៍ជាមួយនឹងចៅហ្វាយរបស់អ្នក ហើយគន្លឹះទាំង ៥ ខាងក្រោមនេះអាចជួយអ្នកបាន។

១. អនុវត្ត៖ ការនិយាយពីរឿងប្រាក់ខែជាមួយនឹងចៅហ្វាយរបស់អ្នកអាចជារឿងដ៏គួរឲ្យខ្លាចមួយ ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ភ័យតក់ស្លុត។ ដូច្នេះហើយ អ្នកគួរមានការរៀបចំពាក្យពេចន៍សមរម្យទុកជាមុន ហើយអនុវត្តការនិយាយនេះជាមួយសមាជិកគ្រួសាររបស់អ្នក រឺជាមួយមិត្តភក្ដិជិតស្និទ្ធិ មុននឹងធ្វើការចរចាជាមួយនឹងចៅហ្វាយ។

២. ដឹងពីចំនួនដែលអ្នកគួរស្នើសុំ៖ ការចរចាឡើងប្រាក់បៀវត្សរ៍អាចមានការពិបាក ដោយសារតែចំនួនដែលអ្នកស្នើសុំនោះអាចតិចពេក រឺក៏ច្រើនពេក។ ហេតុដូចនេះហើយ អ្នកគួរធ្វើការស្រាវជ្រាវពីប្រាក់ខែជាមធ្យមសម្រាប់តួនាទីប្រហាក់ប្រហែលនឹងតួនាទីរបស់អ្នក រឺធ្វើការស៊ើបសួរពីបងប្អូននិងមិត្តភក្ដិជាដើម។

៣. និយាយដោយភាពជឿជាក់៖ ទំនុកចិត្តជាគន្លឹះដ៏សំខាន់ ដែលអាចជួយឲ្យអ្នកទទួលបានភាពជោគជ័យក្នុងការចរចា។ ដូច្នេះហើយ អ្នកត្រូវចាប់ផ្ដើមនិយាយជាមួយនឹងចៅហ្វាយ ដោយមានភាពជឿជាក់និងមានហេតុផល ហើយអ្នកក៏គួរបង្ហាញពីការស្រលាញ់ពេញចិត្តរបស់អ្នកទៅលើការងារនោះផងដែរ។

៤. កុំនិយាយថាសុំទោសចំពោះការស្នើសុំនេះ៖ ការសុំទោសអាចធ្វើឲ្យចៅហ្វាយនាយរបស់អ្នកយល់ឃើញថា អ្នកមិនសាកសមនឹងទទួលបានការតំឡើងប្រាក់ខែនោះទេ។ ដោយសារតែបែបនេះហើយ ជាជាងការនិយាយសុំទោស អ្នកត្រូវលើកឡើងពីហេតុផលដែលអ្នកគួរតែបានប្រាក់ខែច្រើនជាងនេះ ដូចជាសមិទ្ធិផលដែលអ្នកនាំមកឲ្យក្រុមហ៊ុនជាដើម។

៥. ត្រៀមខ្លួនសម្រាប់ការសម្រុះសម្រួល៖ ការស្នើសុំមិនប្រាកដថាអាចទទួលបានជោគជ័យទាំងស្រុងនោះទេ ដូច្នេះហើយ អ្នកគួររៀបចំខ្លួនទុកជាមុនសម្រាប់ការសម្រុះសម្រួលគ្នា។ ប្រសិនបើចៅហ្វាយមិនយល់ស្របទាំងស្រុងជាមួយនឹងការទាមទាររបស់អ្នក ដោយគាត់គ្រាន់តែតំឡើងវាបន្ដិច រឺគាត់សម្រេចផ្ដល់អត្ថប្រយោជន៍ផ្សេងៗទៀត អ្នកអាចពិចារណាយល់ស្រប ប្រសិនបើអ្នកស្រលាញ់ចូលចិត្តអ្វីៗគ្រប់យ៉ាងនៅកន្លែងធ្វើការនោះ៕

ប្រភព៖ This is Insider

អត្ថបទល្អផ្សេងទៀត៖ តើត្រូវធ្វើបែបណាបើក្រុមហ៊ុនមិនបើកប្រាក់ខែអោយអ្នករយះពេលច្រើនខែហើយនោះ?

នរណាក៏ដូចនរណាដែរ សុទ្ធតែព្យាយាមធ្វើការ ព្រោះសង្ឃឹមថាខ្លួននឹងទទួលបានប្រាក់ខែដើម្បីយកមកចាយវាយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ប៉ុន្តែប្រសិនជាអ្នកស្ថិតក្នុងបញ្ហាដែលក្រុមហ៊ុនដែលអ្នកធ្វើការងារអោយ ហើយមិនបើប្រាក់ខែអោយអ្នកទេនោះ អ្នកនឹងមានអារម្មណ៍នៅមិនសុខ រឺមិនចង់ធ្វើការនោះឡើយ។

មិនមែនសុទ្ធតែគ្រប់ក្រុមហ៊ុនទាំងអស់សុទ្ធតែអាចបើកប្រាក់ខែទៀងទាត់អោយទៅបុគ្គលិកខ្លួននោះឡើយ ពោលគឺក្រុមហ៊ុនមួយចំនួនតូចអាចជួបប្រទះបញ្ហាមួយចំនួនដែលធ្វើអោយគេមានលទ្ធភាពបើកប្រាក់ខែអោយទៅបុគ្គលិករបស់ខ្លួនបាន។

ប្រសិនជាអ្នកពិតជាសយធ្វើការចំក្រុមហ៊ុនបែបនេះមែននោះ ខាងក្រោមនេះជារឿងដែលអ្នកគួរតែធ្វើ៖

១. សួរនាំបញ្ហានេះទៅកាន់អ្នកកាន់គណនេយ្យ

ជាទូទៅ ដោយសារគណនេយ្យករជាអ្នកដែលបើកប្រាក់ខែអោយបុគ្គលិកគ្រប់គ្នា ដូច្នេះដើម្បីដឹងថាហេតុអ្វីបានជាក្រុមហ៊ុនមិនបើកប្រាក់ខែអោយមកកាន់បុគ្គលិក អ្នកអាចសួរនាំទៅកាន់គណនេយ្យករបាន ដើម្បីដឹងពីមូលហេតុសមស្រប ថាតើអ្នកអាចទទួលយកបានរឺក៏អត់។

២. សួរនាំបុគ្គលិកដូចគ្នា

នៅពេលដែលអ្នកកំពុងតែជួបបញ្ហានេះ អ្នកគួរសាកសួរនាំទៅកាន់មិត្តរួមការងាររបស់ខ្លួនសិន ដើម្បីអោយដឹងថាតើគ្រប់គ្នាសុទ្ធតែមិនបានទទួលប្រាក់ខែ រឺគ្រាន់តែអ្នកប៉ុន្មានអ្នកទេ។ ប្រសិនជាបញ្ហានេះកើតឡើងមែននោះ អ្នកត្រូវសួរនាំទៅកាន់ថ្នាក់ដឹកនាំដើម្បីអោយដឹងថាហេតុអ្វីទើបបានជាមានការបើកប្រាក់ខែមិនគ្រប់គ្នាទៅវិញ?

៣. សង្កេតមើលស្ថានភាពរបស់ក្រុមហ៊ុន

ប្រសិនជាក្រុមហ៊ុនរបស់អ្នកចាប់ផ្តើមមិនបើកប្រាក់ខែអោយអ្នក អ្នកត្រូវចាប់ផ្តើមសង្កេតមើលពីស្ថានភាពក្រុមហ៊ុនរបស់ខ្លួន ថាតើក្រុមហ៊ុនរបស់ខ្លួនកំពុងខ្វះចំនូល រឺឡុងចុង រឺក៏យ៉ាងណា។ ការធ្វើបែបនេះគឺដើម្បីសម្រេចអោយទាន់ពេលថាតើក្រុមហ៊ុនរបស់អ្នកអាចនឹងទៅជាយ៉ាងណា ស្រួលអ្នករៀបចំខ្លួនអោយបានទាន់ពេល និងមិនអោយបាត់បង់ប្រយោជន៍យូរ។

៤. ស្វែងរកជំនួយពីភាគីទី៣ខាងច្បាប់

ប្រសិនជាក្រុមហ៊ុនអ្នកមានប្រាក់ ប៉ុន្តែបែរជាយកលេសមិនចង់បើកប្រាក់ខែអោយទៅបុគ្គលិក រឺក៏មានមូលហេតុណាដែលមិនអាចទទួលយកបាន អ្នកអាចធ្វើការស្វែងរកជំនួយពីអ្នកជំនាញផ្នែកច្បាប់ ដែលជាភាគីទី៣ណាម្នាក់មកដោះស្រាយ ព្រោះពួកគេជាភាគីតែមួយគត់ដែលអាចការពារអ្នកនៅក្នុងរឿងនេះ។

៥. ស្វែងរកការងារថ្មី

ក្នុងករណីដែលអ្នកមើលទៅឃើញថាស្ថានភាពនៅតែមិនទទួលបានភាពល្អប្រសើរអ្វីទេនោះ អ្នកគួរតែស្វែងរកការងារថ្មីអោយហើយ ហើយឈប់ចាយពេល កម្លាំង និងថវិការចោលទៀតទៅ ពោលគឺថាអ្នកគួរតែស្វែងរកការងារថ្មីទៅប្រសើរជាង៕

មតិយោបល់

Trending