អ្នកដទៃចាប់ផ្ដើមរៀបការហើយ តែនេះជារឿងរ៉ាវទាំង ៦ ដែលអ្នកគួរដឹង!
Connect with us

គួរដឹង

អ្នកដទៃចាប់ផ្ដើមរៀបការហើយ តែនេះជារឿងរ៉ាវទាំង ៦ ដែលអ្នកគួរដឹង!

នៅពេលដែលអ្នកឈានចូលវ័យខ្ទង់ ២០ ឆ្នាំ អ្នកនឹងចាប់អារម្មណ៍ឃើញថា មនុស្សនៅជុំវិញខ្លួនចាប់ផ្ដើមរៀបការបណ្ដើរៗហើយ ខណៈពេលដែលអ្នកមិនទាន់រកឃើញមនុស្សពិសេសណាម្នាក់ផង។ អ្នកអាចនឹងមានអារម្មណ៍ថាឯកា ដោយគិតថាជីវិតអ្នកហាក់ដូចជាខ្វះអ្វីម្យ៉ាង។ យ៉ាងណាក្ដី បើទោះបីជាមិត្តភក្ដិ រឺមិត្តរួមការងារ រឺអ្នកដទៃទៀតកំពុងតែចាប់ផ្ដើមរៀបការក៏ដោយ អ្នកគួរតែដឹងពីរឿងទាំង ៦ ខាងក្រោមនេះ។

១. ប្រភេទមនុស្សដែលអ្នកស្រលាញ់មានការប្រែប្រួល៖ នៅពេលដែលវ័យរបស់អ្នកកាន់តែកើន ប្រភេទមនុស្សដែលអ្នកស្រលាញ់ក៏ប្រែប្រួលទៅតាមនោះដែរ ដោយអ្នកលែងផ្ដោតសំខាន់លើភាពរីករាយតែម្យ៉ាងហើយ។ អ្នកចាប់ផ្ដើមសំលឹងមើលមនុស្សដែលមានភាពស្មោះត្រង់ មានទំនួលខុសត្រូវ និងមានភាពសុច្ចរិត ហើយជាមនុស្សដែលអ្នកអាចនិយាយពីបញ្ហានានា ជីវិតគ្រួសារ ការងារ រឺរឿងរ៉ាវដទៃទៀត។

២. ការងារដ៏ត្រឹមត្រូវមួយប្រសើរជាងការរៀបការ៖ នេះអាចជាអំណោយដ៏ធំបំផុតមួយសម្រាប់ជីវិតរបស់អ្នក​ ដោយការងារដ៏ល្អមួយជំរុញឲ្យអ្នកមានការរីកចម្រើននិងបានរៀនសូត្របន្ថែម។ វាធ្វើឲ្យអ្នកក្លាយជាមនុស្សប្រសើរជាងមុន ពូកែជាងមុន ព្រមទាំងរីករាយក្នុងជីវិត ដោយអ្នកមិនចាំបាច់ពឹងពាក់លើសេចក្ដីស្រលាញ់តែម្យ៉ាងនោះទេ។

៣. មានមិត្តភក្ដិល្អពីរបីអ្នកជារឿងសំខាន់៖ មិត្តល្អអាចធ្វើឲ្យជីវិតអ្នកកាន់តែមានភាពងាយស្រួល ដោយពួកគេជាមនុស្សដែលតែងតែផ្ដល់នូវកម្លាំងចិត្ត និងជួយអ្នកដើរឆ្លងរាល់ឧបសគ្គជីវិត។ ដូច្នេះហើយ អ្នកត្រូវគិតគូរឲ្យបានល្អិតល្អន់ក្នុងការសេពគប់មិត្តភក្ដិ។

៤. ការរៀបការមិនមែនគ្រាន់តែជារឿងលេងសើច៖ ចូរកុំសម្រេចចិត្តរៀបការដោយសារតែអ្នកនៅលីវយូរពេក រឺដោយសារតែមនុស្សជុំវិញខ្លួនចាប់ផ្ដើមរៀបការ ហើយក៏គួរកុំបន្តទំនាក់ទំនងស្នេហាដែលអ្នកមិនទទួលសេចក្ដីស្រលាញ់ដូចនឹងសេចក្ដីស្រលាញ់ដែលអ្នកមានចំពោះគេ។

៥. អ្នកអាចធ្វើអ្វីៗបានដោយខ្លួនឯឯង៖ មនុស្សភាគច្រើនគិតថា ពួកគេត្រូវការនរណាម្នាក់ដើម្បីមកបំពេញជីវិតរបស់ពួកគេ ប៉ុន្ដែវាមិនដូច្នោះទាំងស្រុងនោះទេ។ ជាក់ស្ដែង ជីវិតនៅលីវដែលពោរពេញដោយភាពឯករាជ្យទើបអាចអោយអ្នកធ្វើអ្វីដែលអ្នកចង់ ដូចជាធ្វើការងារក្នុងក្ដីស្រមៃរបស់អ្នក រឺដើរកម្សាន្ដទៅកន្លែងក្នុងក្ដីសុបិន្ដរបស់អ្នកជាដើម។  

៦. ការរៀបការមិនមែនប្រាកដថាជាសុភមង្គល៖ បើអ្នកមិនចេះបង្កើតសុភមង្គលដោយខ្លួនឯងនៅពេលដែលអ្នកនៅលីវ អ្នកក៏មិនអាចប្រាកដបានដែរថានឹងអាចស្វែងរកសុភមង្គលបានក្នុងចំណងអាពាហ៍ពិពាហ៍។ បើអ្នកមិនចេះស្រលាញ់និងឲ្យតម្លៃខ្លួនឯងនៅពេលដែលអ្នកនៅលីវ អ្នកដទៃក៏ប្រហែលជាមិនឲ្យតម្លៃអ្នកច្រើនផងដែរនៅពេលរៀបការ។ 

ដូច្នេះហើយ ខណៈពេលដែលមនុស្សជុំវិញខ្លួនចាប់ផ្ដើមរៀបការ អ្នកមិនគួរមានអារម្មណ៍មិនល្អនោះទេ។ ផ្ទុយទៅវិញ វាជាឪកាសដ៏ល្អមួយដែលអ្នកអាចដុសខាត់ខ្លួនឯងឲ្យកាន់តែប្រសើរ ហើយវាក៏ផ្ដល់ឪកាសឲ្យអ្នកអាចស្វែងរកមនុស្សដ៏ល្អម្នាក់សម្រាប់ចំណាយពេលពាក់កណ្ដាលជីវិតរបស់អ្នកផងដែរ៕

ប្រភព៖ Thought Catalog

អត្ថបទល្អផ្សេងទៀត៖ ហេតុអ្វីយើងគួររង់ចាំដល់អាយុ ៣០ ទើបរៀបការ? ទាំងនេះជាហេតុផលទាំង ៤ ដែលអ្នកគួរពិចារណា!

ការរៀបការជាសុបិនរបស់មនុស្សប្រុសស្រីគ្រប់រូប ដើម្បីអាចរួមរស់ជាមួយមនុស្សដែលខ្លួនស្រឡាញ់ប្រកបដោយសុភមង្គលបាន។ ក៏ប៉ុន្តែមុនអាចសម្រេចចិត្តរៀបការបាន ដៃគូទាំងសង្ខាងត្រូវពិចារណាឱ្យច្បាស់លាស់សិនពីផែនការគ្រួសារក្រោយរៀបការ។ ក្នុងនោះអាយុដែលនឹងត្រូវរៀបការក៏ជារឿងត្រូវគិតគូរដែរ។

បើទោះបី អាយុគ្រាន់ជាតួរលេខក៏ដោយ តែវាជាតួរលេខដែលអាចមានឥទ្ធិពលនិងអាចប៉ះពាល់ដល់ជីវិតយើងបានដែលយើងមិនគួរមើលស្រាលឡើយ។

ខាងក្រោមជាហេតុផល ៤ យ៉ាងដែលអ្នកគួររងចាំដល់អាយុ ៣០ សឹមឈានជើងចូលរោងការ៖

១. អ្នក​អាចមានឱកាសយល់ដឹងពីប្រភេទមនុស្សបានច្រើន៖

ក្នុងវ័យ ២០ ឆ្នាំ ជាវ័យទើបពេញវ័យជំទង់ ដែលជាពេលដែលអ្នកកំពុងពិសោធន៍ទំនាក់ទំនងជាមួយមនុសុសជាច្រើនប្រភេទក្នុងសង្គម។​​

ហេតុនេះដល់​អាយុ ៣០ ឆ្នាំអ្នកប្រាកដជា​បាន​ប្រឡូក​ក្នុង​សង្គម​ច្រើន​ជាងមុន និង​ស្គាល់​ពី​ប្រភេទមនុស្សនៅ​ក្នុង​សង្គម​បាន​ច្រើន​និងច្បាស់ ជាហេតុអាចឱ្យអ្នកសម្រេចចិត្តជ្រើសរើសដៃគូជីវតបានប្រសើរ។ ​​​អ្នក​នឹងអាច​រក​ដៃគូ​មនុស្ស​ចាស់ចិត្តចាស់គំនិត​​ដូចគ្នា និង​អាច​កសាង​គ្រួសារ​យ៉ាង​មាន​សុភមង្គល​។

២. អ្នកអាច​មានឱកាសបំពេញ​ក្ដី​ស្រមៃបានច្រើន៖

ស្ថិតក្នុងវ័យ ២០ ឆ្នាំអ្នកប្រាកដជាមានក្ដីស្រមៃតូចធំច្រើនត្រូវបំពេញ។ ក្នុងនោះរួមមាន ការធ្វើដំណើរកម្សាន្ដតែឯងឬជាក្រុមទៅកាន់ប្រទេសផ្សេងៗជុំវិញពិភពលោក បន្តការសិក្សាកម្រិតខ្ពស់ ឬក៏ប្រឡូកចូលការងារ និងការរកស៊ីជាដើម។

នេះមិនមែនបានន័យថាក្រោយរៀបការអ្នកមិនអាចធ្វើរឿងទាំងនេះបានទេ គ្រាន់តែវាមិនស្រួលដូចពេលនៅលីវ ដោយសារយើង​ត្រូវ​បែងចែក​ពេលវេលា និង​ថវិកា​សម្រាប់​គ្រួសារដូចជាចិញ្ចឹមកូនជាដើម។ 

៣.ស្ថិរ​ភាព​ផ្នែក​ហិរញ្ញវត្ថុ៖

អ្នកដែលគិតចង់រៀបការនៅខ្ទង់វ័យ ២០ ឆ្នាំតែងចាត់ទុកក្ដីស្រឡាញ់ជារឿងធំ ហើយលុយកាក់ជារឿងបន្ទាប់បន្សំ។ តែតាមពិតទៅនោះគ្រាន់​ជា​គំនិត​ក្មេង​ខ្ចី​​ប៉ុណ្ណោះ។ ពិតណាស់ការស្រឡាញ់ជារឿងធំ តែបើសិនយើងរៀបការទាំងពុំមានស្ថិរភាពហិរញ្ញវត្ថុ នោះគ្រួសារមិនអាចមានសុភមង្គលបានពេញលេញឡើយ។

អ្នកគួរប្រើវ័យខ្ទង់ ២០ ឆ្នាំកសាងគ្រឹះការងារ និងមុខរបររកស៊ីឱ្យមាំសិនដើម្បីស្ថិរភាពហិរញ្ញវត្ថុ និងភាពឯករាជ្យពីឪពុកម្ដាយ រួចសឹមរៀបការនៅខ្ទង់វ័យ ៣០ ក៏មិនយឺតពេលដែរ។

៤. ជីវិត​អាពាហ៍ពិពាហ៍​មិនគួរធ្វើដោយប្រញាប់៖

ជីវិតអាពាហ៍ពិពាហ៍មិនអាចធ្វើដោយបង្ខំ ដោយប្រើប្រាស់មនោសញ្ចេតនាមួយមុខទេ ព្រោះវាអាចបំផ្លាញអនាគតយើងបានបើសម្រេចចិត្តមិនបានគ្រប់ជ្រុងជ្រោយ។ ហេតុនេះ វ័យ ២០ ឆ្នាំគួរជាវ័យប្រើសម្រាប់ពិចារណាស្វែងយល់ពីដៃគូជីវិតយើងឱ្យបានល្អប្រសើរ និងរៀបចំផែនការគ្រួសារ៕

មតិយោបល់

ពេញនិយម