សច្ចភាពប្រវត្តិសាស្ដ្រ៖ ឥទ្ធិពលរបស់ខ្មែរលើមូលដ្ឋានគ្រឹះនៃវប្បធម៌អារ្យធម៌សុខោទ័យ (សៀម)
Connect with us

គួរដឹង

សច្ចភាពប្រវត្តិសាស្ដ្រ៖ ឥទ្ធិពលរបស់ខ្មែរលើមូលដ្ឋានគ្រឹះនៃវប្បធម៌អារ្យធម៌សុខោទ័យ (សៀម)

ពេលខ្លះ មនុស្សសម័យនេះមិនបានដឹងពីទំព័រប្រវត្តិសាស្ត្រចាស់ និង គុណប្រយោជន៍របស់វា។ តាមពិតទៅអត្ថប្រយោជន៍ដ៏ធំធេងនៃអតីតកាលអាចនាំមកនូវទិន្នន័យប្រវត្តិសាស្ត្រ សំរាប់ជៀសវាងនូវរាល់ការបកស្រាយខុស ដែលអាចនាំមកនូវផលវិបាកផ្សេងៗមួយចំនួន។ មូលដ្ឋានគ្រឹះនៃសង្គមវប្បធម៌របស់ប្រជាជនថៃ គឺជាលទ្ធផលនៃឥទ្ធិពល ដែលមានប្រភពផ្សេងៗ គឺមន-ខ្មែរ (ដែលជាកុលសម្ព័ន្ធមិនទាន់ទទួលឥទ្ធិពលឥណ្ឌា), ខ្មែរ, មន និង ចិន… តែខ្មែរច្រើនជាងគេបង្អស់ ដោយសារតែមូលហេតុភូមិសាស្ត្រជាប្រវត្តិសាស្ត្រ។

ដូច្នេះហើយបានជាពួកគេបានកសាងវប្បធម៌ដ៏ល្អប្រណិតមួយតាមលំនាំវប្បធម៌ខ្មែរ។ យើងបានឃើញហើយថា តួនាទីដ៏សំខាន់របស់ប្រជាជនខ្មែរ មិនត្រឹមតែក្នុងវិស័យវប្បធម៌សាសនា តែទៅលើវិស័យនយោបាយនៃរដ្ឋដ៏ក្មេងខ្ចីនេះ ដែលបានប្រសូត្រឡើងនៅលើអតីតដែនដីនៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។

នៅខេត្តសុខោទ័យ និង ខេត្តអយុធ្យា អតីតខេត្តខ្មែរ ដូចវត្តមានផ្ទាំងសិលាចារឹកខ្មែរនៅឧទ្យានស្វាយ សរសេរជាភាសាខ្មែរ ដោយស្តេចថៃដំបូងបង្អស់ គឺព្រះបាទឮថៃ ជាភស្តុតាងស្រាប់។

ម្យ៉ាងវិញទៀត ក្បាច់ក្បូរនៃចម្លាក់ថៃ វត្តអារាម ក្នុងអាណាចក្រថៃនាជំនាន់នោះក៏បានបង្ហាញពីគំនិតកែច្នៃយ៉ាងប៉ិនប្រសប់របស់ប្រជាជនថៃ ដែលបានយកសមាសធាតុដែលមានសមាសធាតុនៃសិល្បៈស្ថាបត្យកម្មខ្មែរ យកមកអនុវត្តផង។

យ៉ាងណាមិញ ទំនៀមទំលាប់ ប្រពៃណីមួយចំនួន ក៏ដូច្នេះដែរ។ លើសពីនេះទៀត របបគ្រប់គ្រង ការរៀបចំស្រុកទេស ដោយមានការប្រើអក្សរដែលមានប្រភពចេញពីអក្សរខ្មែរ ពោលគឺរបបរាជានិយមក៏បានបញ្ជាក់អំពីកម្ចីវប្បធម៌ខ្មែរពីសំណាក់ជនជាតិថៃចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៣ មកយ៉ាងប្រាកដ។

ជាការពិតប្រាកដណាស់ ដែលព្រះរាជាណាចក្រថៃដំបូងបង្អស់ បានទទួលកេរ្តិ៍មរតកវប្បធម៌គ្រប់វិស័យទាំងអស់ពីខ្មែរ ដូច្នេះហើយទើបបានជាខឿនវប្បធម៌ថៃបច្ចុប្បន្នក៏ដូចនាសម័យបុរាណអញ្ចឹងដែរ មានលក្ខណៈស្រដៀងទៅនឹងវប្បធម៌ខ្មែរយ៉ាងជាក់ច្បាស់។ ច្នោះហើយជនជាតិថៃក្រោយសតវត្សរ៍បន្ទាប់មកក៏បានបង្កើតបាននូវវប្បធម៌ដ៏ថ្កុំថ្កើងរុងរឿង ដែលប្រកបដោយលក្ខណៈសម្បត្តិ អត្តសញ្ញាណជាតិផ្ទាល់ និង ដោយឡែករបស់ខ្លួន។

តែទោះជាយ៉ាងនេះក្តី ក៏មូលដ្ឋានគ្រឹះខឿនវប្បធម៌ថៃមិនអាចផ្តាច់ចេញពីខឿនវប្បធម៌ខ្មែរបានឡើយ ។ ជារួមក្នុងដំណាក់កាលដំបូង ជនជាតិថៃមិនបានទទួលអារ្យធម៌ឥណ្ឌាត្រង់ៗនោះទេ ក៏ប៉ុន្តែតាមរយៈប្រជាជនខ្មែរក្នុងឋានៈជាជនអន្តោប្រវេសន៍ ឬជាអ្នកស្រុកចំណូលថ្មីក្នុងតំបន់ ។

គឺដោយហេតុផលដូច្នោះហើយ វប្បធម៌ខ្មែរបានទទួលស្គាល់ថា គឺជាមេដោះសម្រាប់ប្រជាជន និងព្រះរាជាណាចក្រថៃ ដែលបានបន្តកេរ្តិ៍ដំណែលវប្បធម៌ពីសម័យមហានគរ ដែលជួនកាលខ្មែរបានទទួលត្រឡប់មកវិញ នូវអ្វីៗដែលថៃបានខ្ចីពីខ្មែរ ជាពិសេសនាសម័យក្រោយអង្គរដ៏ទន់ខ្សោយ។

មានន័យថា ព្រះរាជាណាចក្រថៃបានថៃរក្សាយ៉ាងខ្ជាប់ខ្ជួននូវមរតកវប្បធម៌ខ្មែរជាច្រើនអន្លើគួរឲ្យកត់សម្គាល់ដែរ។ រួមសេចក្តីមក ជនជាតិថៃបានខ្ចីនូវហេដ្ឋារចនាសម្ព័ននយោបាយ ដែលមានរបបរាជាធិបតេយ្យជាមូលដ្ឋានគ្រឹះ និងលទ្ធិព្រះពុទ្ធសាសនាពីខ្មែរ ក្នុងដំណាក់កាលដំបូង និង ដំណាក់កាលក្រោយៗមកបែបស្រីលង្កា។

ទាំងនេះដែលបាននាំមកនូវរបបរាជាធិបតេយ្យពីខ្មែរ ដែលបាននាំមកនូវបម្លាស់ប្តូររបបគ្រប់គ្រង ដឹកនាំសង្គម ដែលមានលក្ខណៈដើមឡើយបែបជាកុលសម្ព័ន្ធ។ បើនិយាយឲ្យងាយយល់ក្នុងសង្គមថ្មី ដែលទើបតែប្រសូតថ្មីឡើងនោះ ប្រជាជនថៃ ជាពិសេស ព្រះមហាក្សត្រ ប្រមុខដឹកនាំ បើយោងតាមប្រភពព័ត៌មានផ្សេងៗ រួមមានសិលាចារឹកជាដើម បានបញ្ជាក់ឲ្យដឹងថា ក្នុងអំឡុងចុងស.វទី ១៣ និង ដើមស.វទី ១៤ ជនជាតិថៃដែលពោរពេញទៅដោយទេពកោសល្យខ្ពស់បានទទួលនូវវប្បធម៌សំយោគមួយ បែបពុទ្ធនិយមប្រកបដោយចក្ខុវិស័យ ឧត្តមគតិដ៏ថ្លៃថ្លា មិនខុសប៉ុន្មានពីខ្មែរទេ។

គឺប្រការទាំងប៉ុន្មានខាងលើនេះហើយ ដែលឆ្លុះបញ្ចាំងឲ្យយើងឃើញថា មូលដ្ឋានគ្រឹះនៃវប្បធម៌ អារ្យធម៌ថៃ ដែលមានប្រភពចេញពីខ្មែរដោយឥតប្រកែកបាន ទាំងវិស័យសង្គម វប្បធម៌ ទាំងវិស័យយោធា និង សាសនា ហើយរាល់ការបកស្រាយណាដែលប្រាសចាកពីកត្តាទាំងប៉ុន្មានខាងលើនេះ គឺជាការវង្វេងប្រវត្តិសាស្ត្រ។ ពោលគឺមិនសមស្របទៅនឹងព្រឹត្តិការណ៍ពិតៗដែលបានកន្លងផុតទៅហើយ៕ (ម.ត្រាណេ)

មតិយោបល់

ពេញនិយម