គួរដឹង
ចៀសវាងដាច់ខាត! កុំនិយាយសម្ដីទាំង ៥ នេះទៅកាន់ចៅហ្វាយរបស់អ្នក!
កន្លែងធ្វើការអាចជាទីកន្លែងដែលពោរពេញទៅដោយសម្ពាធចំពោះមនុស្សមួយចំនួន។ មុនពេលនិយាយរឺធ្វើអ្វីមួយ ពួកគេតែងតែត្រូវគិតគូរឲ្យច្បាស់ជាមុន ដោយពួកគេខ្លាចត្រូវគេវាយតម្លៃថាជាបុគ្គលិកមិនល្អ។ ដូច្នេះហើយ ដើម្បីបង្កើតទំនាក់ទំនងដ៏ល្អមួយជាមួយនឹងអ្នកគ្រប់គ្រងរឺចៅហ្វាយរបស់អ្នក អ្នកត្រូវចៀសវាងនិយាយសម្ដីទាំង ៥ ខាងក្រោមនេះ!
១. អត់ដឹងទេ!
នៅពេលដែលចៅហ្វាយសួរអ្នកពីរឿងអ្វីមួយ វាមានន័យថា គាត់ត្រូវការចម្លើយរឺត្រូវការជំនួយរបស់អ្នក។ ដូច្នេះហើយ អ្នកមិនអាចនិយាយត្រឹមតែ អត់ដឹង ប៉ុណ្ណឹងនោះទេ។ អ្នកអាចនិយាយប្រាប់បន្ថែមថា អ្នកនឹងជួយស្វែងរកព័ត៌មានជូនគាត់ រឺអ្នកនឹងព្យាយាមរកមធ្យោបាយផ្សេងៗ។
២. ខ្ញុំអត់មានពេលទេ!
នៅពេលដែលចៅហ្វាយប្រាប់អ្នកឲ្យធ្វើអ្វីមួយ ហាមដាច់ខាតនិយាយថា ទេ មិនថាអ្នកពិតជារវល់រឺគ្មានពេលទំនេរយ៉ាងណានោះទេ។ ជាជាងការបដិសេធ អ្នកអាចប្រាប់គាត់ពីការងារដទៃទៀតដែលអ្នកត្រូវធ្វើ ហើយសុំឲ្យគាត់ជួយកំណត់ការងារអាទិភាពសម្រាប់អ្នក។
៣. តើខ្ញុំអាចចេញមុនម៉ោងបានទេ?
អ្នកប្រហែលជាមានការណាត់ជួបរឺការប្រជុំសំខាន់អ្វីមួយ ហើយការសុំចេញមុនដោយសារមានមូលហេតុបែបនេះគឺមិនជាបញ្ហានោះទេ។ ប៉ុន្ដែអ្នកមិនគួរសុំចេញមុនម៉ោង ដោយសារតែអ្នកអផ្សុក រឺដោយសារអ្នកបានបញ្ចប់ការងាររួចរាល់អស់ហើយនោះទេ។ អ្នកត្រូវរកអ្វីផ្សេងដើម្បីធ្វើ រឺក៏ជួយមិត្តរួមការងារ ដើម្បីបង្ហាញឲ្យចៅហ្វាយអ្នកឃើញថា អ្នកជាបុគ្គលម្នាក់ដែលឧស្សាហ៍និងចេះជួយអ្នកដទៃ។
៤. មិនមែនកំហុសខ្ញុំទេ!
ប្រសិនបើអ្នកពិតជាមិនបានដឹងរឿងអ្វីមែន ចូរបកស្រាយប្រាប់ចៅហ្វាយរបស់អ្នកតាមសម្រួល។ ចៀសវាងការទម្លាក់កំហុសដាក់អ្នកដទៃ ជាពិសេសនៅពេលដែលអ្នកមិនបានដឹងច្បាស់។ ចូរបង្ហាញថាអ្នកជាមនុស្សដែលមានទំនួសខុសត្រូវ និងចេះសាមគ្គីគ្នាក្នុងក្រុម ជាជាងការស្ដីបន្ទោសអ្នកដែលធ្វើខុស។
៥. ការសួរសំណួរមិនចាំបាច់នានា
អ្វីទៅទើបហៅថា សំណួរមិនចាំបាច់? សំណួរណាដែលអ្នកអាចរកចម្លើយបានដោយខ្លួនឯង មិនថាតាមរយៈវេបសាយលើប្រព័ន្ធអ៊ីនធឺណេត រឺការសួរមិត្តរួមការងារដទៃទៀតនោះទេ។ ឧទាហរណ៍ អ្នកចង់ដឹងពីលេខទូរស័ព្ទរបស់នរណាម្នាក់ រឺក្រុមហ៊ុនអ្វីមួយ។ ចូរស្វែងរកព័ត៌មាននោះដោយខ្លួនឯង រឺសួរអ្នករួមក្រុមជាមុនសិន មុននឹងទៅរកចៅហ្វាយរបស់អ្នក៕
ប្រភព៖ Lifehack
អត្ថបទល្អផ្សេងទៀត៖ ហេតុផលដែលអ្នកគួរ និងមិនគួរប្រើ ពេលសុំចេញពីធ្វើការមុនម៉ោង!
នៅក្នុងជីវិតការងារ មិនថាអ្នកចង់រឺមិនចង់ តែងតែមានពេលមួយដែលអ្នកត្រូវបានកាលះទេសះបង្ខំអោយសុំច្បាប់ឈប់សម្រាក រឺសុំចេញពីធ្វើការហើយ។ ការសុំចេញពីធ្វើការមុនម៉ោង មិនមែនជារឿងអ្វីដែលគួរអោយខ្មាសអៀន រឺភ័យខ្លាចនោះឡើយ ប្រសិនណាជាអ្នកមានហេតុផលត្រឹមត្រូវដើម្បីសុំចេញនោះ។
តើហេតុផលណាខ្លះដែលចាត់ទុកថាស័ក្តសម និងមិនស័ក្តសមនៅក្នុងការសុំច្បាប់ចេញមុនម៉ោង?
ហេតុផលដែលត្រឹមត្រូវ៖
១. ប្រសិនជាអ្នកត្រូវទៅចូលរួមពិធីណាមួយដែលពាក់ព័ន្ធជាមួយនឹងការងារ ឧទាហរណ៍ដូចជាការត្រូវបានគេអញ្ចើញហៅអោយចូលរួមជាដើម។ ការចូលរួមបែបនេះអាចនឹងធ្វើអោយអ្នកបង្កើតបានបណ្តាញល្អៗជាច្រើន ដែលអាចជួយអ្នកសម្រេចការងារបានជោគជ័យជាងមុន។
២. ប្រសិនជាអ្នកត្រូវចូលរួមកម្មវិធីបណ្តុះបណ្តាលរឺ សិក្ខាសិលាអ្វីមួយផ្សេងៗដែលអាចផ្តល់ជាចំណេះដឹងដល់អ្នក និងជួយអោយការងារអ្នកអាចធ្វើបានដោយរលូនជាងមុន។
៣. ប្រសិនជាអ្នកមានបញ្ហាដែលទាក់ទងនឹងក្រុមគ្រួសារ ដូចជាសមាជិកក្នុងក្រុមគ្រួសារណាម្នាក់មានរឿងអាសន្នដែលត្រូវការវត្តមានអ្នក រឺប្រសិនជាផ្ទះរបស់មានបញ្ហាអ្វីមួយត្រូវការការដោះស្រាយ។
៤. ប្រសិនជាអ្នកមានបញ្ហាផ្ទាល់ខ្លួន ដូចជាមិនស្រួលខ្លួនខ្លាំងមិនអាចបំពេញការងារបន្តទៀត រឺត្រូវធ្វើឯកសារផ្ទាល់ខ្លួនអ្វីមួយដែលពាក់ព័ន្ធនឹងម៉ោងធ្វើការជាដើម។
ហេតុផលដែលអ្នកមិនគួរប្រើប្រាស់៖
១. ប្រសិនជាអ្នកមានភាពធុញទ្រាន់ រឺមិនសូវមានការងារធ្វើនៅកន្លែងធ្វើការ។
២. ប្រសិនជាអ្នកមិនស្រួលខ្លួនដោយសារតែអ្នកបានទទួលទានជាតិស្រវឹងពីម្សិលមិញ រឺពីពេលណាមក ដែលធ្វើអោយអ្នកមិនអាចបំពេញការងារបាន។ ប្រសិនជាអ្នកមានបញ្ហាបែបនេះ អ្នកមិនត្រូវបញ្ជាក់មូលហេតុដែលអ្នកមិនស្រួលខ្លួនឡើយ។
៣. ប្រសិនជាអ្នកត្រូវទៅដើរកំសាន្តជាមួយមិត្តភក្តិ រឺត្រូវទៅចូលរួមកម្មវិធីមិនសូវសំខាន់មួយចំនួនដូចជាខួបកំណើតរបស់មិត្តភក្តិជាដើម។
៤. ប្រសិនជាអ្នកត្រូវទៅសម្ភាសការងារជាមួយក្រុមហ៊ុនផ្សេង ដែលអ្នកបានដាក់ពាក្យព្រោះចង់ឈប់ពីក្រុមហ៊ុនបច្ចុប្បន្ន។ ៥. ប្រសិនជាអ្នកមានបញ្ហាបន្តិចបន្តួចនៅក្នុងក្រុមហ៊ុន នៅក្នុងក្រុមគ្រួសារ រឺផ្ទាល់ខ្លួនជាដើម៕