ទាយទៅមើលថាតើមនុស្សជោគជ័យតែងធ្វើអ្វីជារៀងរាល់ល្ងាច?
Connect with us

គួរដឹង

ទាយទៅមើលថាតើមនុស្សជោគជ័យតែងធ្វើអ្វីជារៀងរាល់ល្ងាច?

ភាពជោគជ័យអាចកើតមានឡើងបានដោយកត្តាជាច្រើន ហើយក្នុងនោះដែរ ទម្លាប់គឺជាកត្តាដ៏សំខាន់មួយ។ មនុស្សភាគច្រើនតែងនិយាយពីទម្លាប់ពេលព្រឹករបស់មនុស្សជោគជ័យ ដូចជាការងើបពីព្រលឹម រឺការរៀបចំគម្រោងប្រចាំថ្ងៃជាដើម។ ប៉ុន្ដែទម្លាប់ពេលព្រឹកគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ហើយអ្វីដែលដើរតួនាទីសំខាន់ផងដែរនោះគឺជាទម្លាប់នាពេលល្ងាច។ តើមនុស្សជោគជ័យភាគច្រើនតែងធ្វើអ្វីរៀងរាល់ពេលល្ងាចរបស់ពួកគេ?

១.​ ដើរ៖ មិនថាលោក Joel Gascoigne នាយកប្រតិបត្តិក្រុមហ៊ុន Buffer រវល់ជាមួយការងារប៉ុណ្ណានោះទេ គាត់តែងតែចំណាយពេលប្រមាណ ២០ នាទីសម្រាប់ការដើរជារៀងរាល់ថ្ងៃ​ ដោយសារតែវាអាចជួយឲ្យខួរក្បាលសម្រាកនិងមានអារម្មណ៍ស្ងប់ស្ងាត់​ ហើយគាត់ក៏អាចគេងបានស្ងប់ស្រួលនៅពេលយប់ផងដែរ។

២. អាន៖ Bill Gates តែងចំណាយពេលមួយម៉ោងសម្រាប់ការអាន មុនពេលចូលគេងជារៀងរាល់ថ្ងៃ។ គេជឿថា ការអានអាចជួយកាត់បន្ថយកម្រិតនៃភាពតានតឹង ជួយដល់មុខងារនៃការយល់ដឹងរបស់ខួរក្បាល ព្រមទាំងបង្កើតចំណេះដឹងថ្មីៗ ដែលអាចនាំមកនូវគំនិតច្នៃប្រឌិតដ៏អស្ចារ្យផ្សេងៗផងដែរ។ ដូច្នេះហើយ ចូរចំណាយពេលខ្លះក្នុងការអានអត្ថបទលើប្រធានបទណាមួយដែលអ្នកស្រលាញ់ចូលចិត្តរឺចង់ដឹងបន្ថែម។

៣. ចំណាយពេលជាមួយគ្រួសារ៖ ការរកប្រាក់ចំណូលបានច្រើនគ្រាន់តែជាមួយផ្នែកប៉ុណ្ណោះនៃភាពជោគជ័យ ហើយជីវិតដែលជោគជ័យពិតប្រាកដនោះគឺមានតុល្យភាពរវាងការងារនិងគ្រួសារ។ មនុស្សជោគជ័យចេះបង្កើតពេលវេលាសម្រាប់គ្រួសាររបស់ពួកគេ ដូចជាការទទួលទានអាហារពេលល្ងាចជុំគ្នា ការមើលទូរទស្សន៍ជុំគ្នា រឺការនិយាយគ្នាលេងជាដើម ដែលទាំងអស់នេះសុទ្ធតែអាចពង្រឹងចំណងគ្រួសារបាន។

៤. នៅឆ្ងាយពីទូរស័ព្ទ៖ មនុស្សភាគច្រើនតែងតែនៅជាមួយទូរស័ព្ទរបស់ពួកគេគ្រប់ពេលវេលា ប៉ុន្ដែ Ariana Huffington ដែលជាអ្នកនិពន្ធនិងអ្នកជំនួញម្នាក់ ជឿថាទូរស័ព្ទមានភាពរំខាន ដោយសារតែសំលេងផ្ញើសារ អ៊ីម៉ែល រឺ notification ក្នុងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ។ លើសពីនេះទៅទៀត គេជឿថា ពន្លឺភ្លឺនៃទូរស័ព្ទដៃធ្វើឲ្យខួរក្បាលអ្នកមិនអាចសម្រាកបាន។

៥. រៀបចំគម្រោងសម្រាប់ថ្ងៃស្អែក៖ មិនថាដោយសារតែធម្មជាតិរបស់គាត់ឬការទាមទារនៃការងាររបស់គាត់ លោកប្រធានាធិបតី Obama តែងតែចំណាយពេលពីរបីម៉ោងធ្វើការវិភាគនិងរៀបចំកិច្ចការសម្រាប់ថ្ងៃបន្ទាប់របស់គាត់។ ការធ្វើបែបអាចឲ្យគាត់ត្រៀមខ្លួនទុកជាមុនបានសម្រាប់អ្វីដែលគាត់ត្រូវសម្រេចបាននៅថ្ងៃស្អែក ហើយវាក៏ជាគន្លឹះសំខាន់នៃអ្នកជោគជ័យដទៃទៀតផងដែរ៕

ប្រភព៖ Lifehack

អត្ថបទល្អផ្សេងទៀត៖ ទម្លាប់ដ៏សាមញ្ញបំផុតមួយរបស់មហាសេដ្ឋីពិភពលោកម្នាក់ដែលអ្នកគ្រប់គ្នាសុទ្ធតែអាចធ្វើបាន

មហាសេដ្ឋីអាយុ ៨៧ ឆ្នាំ លោក Warren Buffett ដែលជាប្រធាននិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជនទូទៅនៅលើពិភពលោក ដោយសារលោកគឺជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកលំដាប់ទី ២ នៅក្នុងពេលបច្ចុប្បន្ននេះ។

តើគាត់អាចទទួលបានភាពជោគជ័យមួយនេះដោយរបៀបណា? ចម្លើយគឺមិនមែនជាអ្វីដែលគាត់បានធ្វើនោះទេ តែជាអ្វីដែលគាត់មិនបានធ្វើ។ ដោយសារតែភាពមមាញឹកជាប្រចាំថ្ងៃ លោកបានដឹងថា របស់ដែលមានតម្លៃបំផុតនោះគឺជាពេលវេលា

នេះជាហេតុធ្វើឲ្យសម្ដីរបស់លោក Buffett​ ក្លាយជាមេរៀនជីវិតដ៏សំខាន់និងល្បីល្បាញមួយ ហើយសម្ដីមួយឃ្លានោះគឺ “ភាពខុសគ្នារវាងមនុស្សដែលជោគជ័យនិងមនុស្សដែលពិតជាជោគជ័យ គឺថាមនុស្សដែលពិតជាជោគជ័យនិយាយថា ទេ” ទៅកាន់ស្ទើរតែគ្រប់រឿងទាំងអស់”។

ហេតុអ្វីបានជាគួរនិយាយថា​ “ទេ”?

មនុស្សម្នាក់ៗតែងចង់ទទូលបានភាពជោគជ័យនៅក្នុងជីវិតការងាររឺការសិក្សារបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ ដើម្បីតុល្យភាពក្នុងការរស់នៅនិងសុភមង្គល ពួកគេក៏មិនអាចលះបង់ជីវិតផ្ទាល់ខ្លួន ដូចជាការចំណាយពេលជាមួយគ្រួសារ រឺការចូលរួមក្នុងកម្មវិធីនានាក្នុងសង្គមជាដើម។ ដូច្នេះហើយ ពួកគេត្រូវយល់ឲ្យច្បាស់ពីគោលដៅក្នុងជីវិត ហើយពួកគេគួរតែនិយាយថា”ទេ”ទៅកាន់រឿងមួយចំនួនដែលមិនចាំបាច់ និងផ្ដោតលើតែរឿងដែលមានសារៈសំខាន់មួយចំនួនតូចតែប៉ុណ្ណោះ។

ប៉ុន្ដែ តើយើងគួរនិយាយថា ”ទេ” ទៅលើរឿងបែបណាខ្លះ? ខាងក្រោមនេះជាអ្វីដែលមនុស្សជោគជ័យតែងតែចៀសវាង៖

១. ឱកាសរឺអ្វីៗដែលមិនធ្វើឲ្យពួកគេរំភើប មិនមានគុណតម្លៃសម្រាប់ពួកគេ ឬមិនជួយពួកគេឲ្យសម្រេចគោលបំណងនៅក្នុងជីវិត

២. ការចំណាយពេលជាមួយមនុស្សអវិជ្ជមាន

៣. ការធ្វើការខ្លាំងពេក ដោយមិនមានពេលសម្រាប់ខ្លួនឯងនិងគ្រួសារ

៤. ការព្យាយាមធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង

៥. ការអនុញ្ញាតឲ្យនរណាម្នាក់កំណត់ជោគវាសនារបស់អ្នក

៦. ការព្យាយាមបំពេញតម្រូវការអ្នកដទៃ ហើយលះបង់ក្ដីស្រមៃរបស់ខ្លួន៕

មតិយោបល់

ពេញនិយម