ដឹងទេថាមានរបស់អ្វីខ្លះត្រូវបានបង្កើតឡើង មុនពេលដែលគេបង្កើតកង់???
Connect with us

គួរដឹង

ដឹងទេថាមានរបស់អ្វីខ្លះត្រូវបានបង្កើតឡើង មុនពេលដែលគេបង្កើតកង់???

កង់គឺជាឧទាហរណ៏នៃការបង្កើតថ្មីរបស់មនុស្ស ដែលបញ្ចាក់ថាអំបូរមនុស្សខុសពីសត្វដទៃទៀត។ ប៉ុន្តែកង់មិនមែនជាការបង្កើតថ្មីដំបូងក្នុងប្រវត្តិសាស្ត្ររបស់មនុស្សទេ។ អំបូរមេសូប៉ូតាមិចបុរាណ​(Ancient Mesopotamians) បានក្លាយជាមនុស្សដំបូងដែលប្រើប្រាស់កង់ត្រឹមតែ ៥៥០០ ឆ្នាំមុនមកទេ ហើយអរិយធម៌ផ្សេងៗទៀតនៃពិភពលោកបានបង្កើតរួចហើយនូវសមិទ្ធផលបច្ចេកទេសផ្សេងៗដ៏គួរឱ្យចាប់អារម្មណ៍មុនមានការបង្កើតកង់ទៅទៀត។

១. សុរា // ៧០០០ឆ្នាំមុនគស

Invention

អ្នកបុរាណវិទូមួយចំនួនគិតថាកសិករពីសម័យមុនបានកែច្នៃគ្រាប់ធញ្ញជាតិដើម្បីផលិតស្រាបៀរមិនមែននំប៉័ងទេ។ ប៉ុន្តែការជជែកវែកញែកអំពីការសាយភាយរបស់អាល់កុលទៅលើអរិយធម៌របស់មនុស្សនៅតែមាននៅឡើយទេ។ ភស្តុតាងចំណាស់បំផុតនៃការទទួលទានសុរា គឺសារធាតុគីមីក្នុងស្រា ដែលមានអាយុកាល ៩០០០ ឆ្នាំ ហើយត្រូវបានគេរកឃើញនៅក្នុងធុងស្រា នៅតំបន់Jiahu ប្រទេសចិន។

២. សំលៀកបំពាក់ // ១៥០,០០០ ឆ្នាំមុនគស

Invention

អាវខាងលើត្រូវបានរកឃើញនៅក្នុងប្រទេសអេហ្ស៊ីប មានអាយុយ៉ាងហោចណាស់ ៥១០០ ឆ្នាំ។ ប៉ុន្តែការប្រើប្រាស់សំលៀកបំពាក់មានតាំងយូរណាស់មកហើយ។ នៅកន្លែងកំណាយមួយក្នុងប្រទេសអាល្លឺម៉ង់ គេឃើញមានឧបករណ៍ធ្វើពីថ្មមួយមានជាប់ស្បែកសត្វពីបុរាណ ដែលបង្ហាញថាអំបូរមនុស្ស Neanderthal បានប្រើប្រាស់សំលៀកបំពាក់តាំងពី ១០០,០០០ឆ្នាំមុនមកម៉្លេះ។ ការសិក្សាស្រាវជ្រាវមួយនៅឆ្នាំ ២០១១ បានបង្ហាញថាប្រភពដើមនៃសម្លៀកបំពាក់អាចត្រូវបានរកឃើញតាមរយៈការសិក្សាលើការវិវត្តនៃសត្វចៃលើសម្លៀកបំពាក់ គឺប្រហែលជា ១៧០,០០០ ឆ្នាំមុន។

៣. គ្រឿងអលង្ការ // ១១០,០០០ ឆ្នាំមុនគស

Invention

ក្នុងចំណោមគ្រឿងអលង្ការដែលមានអាយុចំណាស់បំផុតគឺ សំបកលាស pierced shells មានអាយុកាល ៨២,០០០ ឆ្នាំដែលមានពណ៌ក្រហមនៅក្នុងរូងភ្នំប្រទេសម៉ារ៉ុក និងខ្សែកeagle-claw ដែលមានអាយុកាល ១៣០,០០០ ឆ្នាំត្រូវបានរកឃើញនៅក្នុងរូង Neanderthal នៅក្នុងប្រទេសក្រូអាត។ រូបភាពខាងលើនេះគឺជាការបញ្ចុះសពដែលត្រូវបានគេរកឃើញនៅកន្លែងមួយឈ្មោះថា Sunghir ប្រទេសរុស្ស៊ី។ បុរសនេះត្រូវបានគេកប់អស់រយៈពេលជាង ៣០,០០០ ឆ្នាំមកហើយដោយមានគ្រាប់អង្កាំនិងកងដៃធ្វើពីភ្លុកដំរី កងពាក់ក្បាលធ្វើពីធ្មេញកញ្ច្រោង និងបន្តោងខ្សែក។

៤. ទូក // ១៤,០០០ – ៨០០០ ឆ្នាំ​មុនគស

Invention

មុនពេលរទេះសេះបានក្លាយទៅជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមនោះ ក្បូននិងទូកត្រូវបានគេប្រើប្រាស់រួចមកហើយ។ ទូកPesse អាយុ ១០,០០០ ឆ្នាំដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសហូឡង់ ត្រូវបានគេចាត់ទុកថាជាទូកដែលមានអាយុចំណាស់ជាងគេនៅលើពិភពលោក។ ក៏ប៉ុន្ដែមនុស្សទំនងបានរកឃើញវិធីរុករកទឹកសមុទ្រសម្រាប់ការនេសាទមុននោះទៅទៀត។ មនុស្សបានឆ្លងសមុទ្រទៅប្រទេសអូស្ត្រាលី ឥណ្ឌូណេស៊ីនិងកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកយ៉ាងហោចណាស់តាំងពី ៤៥,០០០ ឆ្នាំមុន។

៥. ប្រតិទិន // ៨០០០ ឆ្នាំមុនគស

Invention

បុរាណវិទូមួយក្រុមបានអះអាងថាប្រតិទិនដែលចំណាស់បំផុតអាចជារណ្តៅទាំង១២ ដែលមានអាយុកាល ១០,០០០ ឆ្នាំ ត្រូវបានរកឃើញនៅស្កុតឡេន ដែលហាក់ដូចជាដើរតាមវដ្ដច័ន្ទគតិ។ អ្នកអាចមើលឃើញនៅក្នុងរូបភាពខាងលើពីរបៀបដែលអ្នកស្រាវជ្រាវសន្និដ្ឋានពីដំណើរការប្រព័ន្ធនេះ។

៦. ផែនទីភូមិសាស្ត្រ // ១២,០០០ ឆ្នាំមុនគស

Invention

បុរាណវិទូនៅតែជជែកវែកញែកអំពីអត្ថន័យនៃសិល្បះលើថ្មដំបូងបំផុត ប៉ុន្តែភស្តុតាងមួយចំនួននៃផែនទីបុរេប្រវត្តិមានគឺនៅរូងភ្នំ Abauntz ប្រទេសអេស្ប៉ាញ។ ថ្មដែលមានអាយុកាល ១៤,០០០ ឆ្នាំត្រូវបានគេសន្និដ្ឋានថាពណ៌នាអំពីភ្នំ ទឹកស្រះ ផ្លូវថ្នល់និងគម្រោងផ្សេងៗ។ អ្នកអាចមើលឃើញផ្នែកខាងលើនិងខាងក្រោមនៃបន្ទះថ្មខាងលើ ដែលបង្ហាញពីទីតាំងភូមិសាស្ត្រ។

៧. ការចម្អិនម្ហូប // ១,៨០០,០០០ – ៥០០,០០០ ឆ្នាំមុនគស

Invention

ពេលមនុស្សចេះបង្កើតភ្លើង មនុស្សក៏ចាប់ផ្តើមចម្អិនម្ហូប។ ពេលសាច់និងបន្លែត្រូវបានចម្អិនលើភ្លើង មនុស្សអាចសន្សំកម្លាំងក្នុងការទំពារនិងរំលាយអាហារទាំងនោះ។ មានការលើកឡើងថាការចម្អិនម្ហូបមានតាំងពី ៥០០,០០០ ឆ្នាំមុន។ ប៉ុន្តែបើតាមអ្នកស្រាវជ្រាវមួយចំនួនបានឱ្យដឹងថាការចម្អិនម្ហូបមានតាំងពី ១,៨០០,០០០ ឆ្នាំមុនមកម៉្លេះ ដោយអំបូរ Homo erectus ដែលជាបុព្វបុរសរបស់អំបូរ Homo sapiens (អំបូរមនុស្សបច្ចុប្បន្ន)។

៨. ឧបករណ៍ភ្លេង // ៤១,០០០ ឆ្នាំមុនគស

Invention

រូងភ្នំ Hohle Fels របស់អាល្លឺម៉ង់គឺជាទីតាំងបុរាណមួយដែលគេបានរកឃើញឧបករណ៍ភ្លេងចំណាស់ជាងគេបំផុតនៅលើពិភពលោកដែលមានអាយុ ៤៣,០០០ ឆ្នាំ។ ឧបករណ៍ភ្លេងគឺជាខ្លុយដែលធ្វើពីភ្លុកសត្វដំរីនិងរោមសត្វត្មាត។

៩. កាវ // ២០០,០០០ ឆ្នាំមុនគស

Invention

ប្រហែល ២០០,០០០ ឆ្នាំមុន អំបូរ Neanderthals នៅអឺរ៉ុបបានប្រើជ័រកៅស៊ូពីសំបកឈើ ដើម្បីជួសជុលលំពែងថ្មរបស់ពួកគេ។ ការពិសោធន៍ថ្មីៗនេះបានបង្ហាញថាកាវប្រភេទនេះពិបាកនិងស្មុគស្មាញក្នុងការបង្កើតណាស់។

១០. ការស្មូនដីឥដ្ឋ // ១៨,០០០ ឆ្នាំមុនគស

Invention

រាប់ពាន់ឆ្នាំមុនការបង្កើតកង់ មនុស្សបានធ្វើភាជន៍សម្រាប់ការផឹក ដាក់ចំណីអាហារនិងស្តុកទុកស្បៀង ដោយការស្មូនដីឥដ្ឋទៅជារូបរាងហើយដុតវារហូតដល់រឹង។ ភាជន៍សេរ៉ាមិចចាស់បំផុតគឺមកពីប្រទេសចិន ដែលមានអាយុ ២០,០០០ ឆ្នាំ។ ការបង្កើតកង់បានបង្កើតឱ្យមានការសូនដីឥដ្ឋដោយប្រើកង់បង្វិល។ អ្នកខ្លះថែមទាំងអះអាងទៀតថាកង់បង្វិលរបស់ជាងស្មូនប្រហែលជាប្រភេទកង់ដំបូងដែលបានបង្កើតឡើង។

១១. ធ្នូនិងព្រួញ // ៧០០០ ឆ្នាំមុនគស

Invention

សំណល់នៃធ្នូចំនួនប្រាំដែលបានបង្កើតកាលពី ៩០០០ ឆ្នាំមុនត្រូវបានគេរកឃើញនៅតំបន់ Holmegårds Mose នៅក្នុងប្រទេសដាណឺម៉ាក។ ប៉ុន្តែធ្នូនិងព្រួញអាចត្រូវបានបង្កើតឡើងមុនពេលនោះទៀត ដោយអ្នកប្រមាញ់ដែលមានចង់សត្វព្រៃពីចម្ងាយដោយប្រើអាវុធ។ អ្នកបុរាណវិទូមួយចំនួនបានអះអាងថារូងភ្នំ Sibudu នៅអាហ្វ្រិកខាងត្បូងមានភស្តុតាងព្រួញនិងធ្នូដែលមានអាយុកាល ៦៤,០០០ ឆ្នាំ៕

អត្ថបទល្អផ្សេងទៀត៖ ការបង្កើតថ្មីទាំង ៥ ដែលកើតឡើងដោយអចេតនា

នៅពេលដែលអ្នកគិតពីមនុស្សដែលមានគំនិតច្នៃប្រឌិតក្នុងការបង្កើតអ្វីមួយថ្មី ដូចជាលោកអេឡិចសាន់ឌើក្រាហាំប៊ែលដែលជាអ្នកបង្កើតទូរស័ព្ទដំបូងគេបង្អស់ អ្នកប្រហែលជាគិតដល់អ្នកវិទ្យាសាស្រ្តដែលមានភាពឆ្លាតវៃខុសពីធម្មតា រឺអ្នកវិទ្យាសាស្ត្រដែលរៀនសូត្ររូបមន្តរូបវិទ្យាទាំងយប់ទាំងថ្ងៃ។ ប៉ុន្តែវាមិនពិតសម្រាប់អ្នកបង្កើតទាំងអស់នោះទេ។ តើអ្នកដឹងទេថាបុគ្គលម្នាក់ ដែលបានបង្កើតកូកាកូឡាតាមពិតទៅព្យាយាមរកអ្វីមួយសម្រាប់ការបំបាត់ឈឺចាប់ ដោយសារគាត់រងរបួសដែររឹទេ? ប៉ុន្ដែដោយសារអ្វីដែលបានកើតឡើងគឺខុសពីការរំពឹងទុក គាត់បែរជាបង្កើតបានកូកាកូឡាដែលបានក្លាយជាភេសជ្ជៈដ៏ពេញនិយមមួយនៅលើពិភពលោកទាំងមូលទៅវិញ។

ថ្ងៃនេះ Anarchak​ នឹងលើកឡើងពីការបង្កើតថ្មីចំនួន ៥ ដែលបានកើតឡើងដោយអចេតនារឺដោយកំហុសឆ្គងអ្វីមួយ។

១. ចង្ក្រានម៉ៃក្រូវ៉េវ៖ វាត្រូវបានបង្កើតឡើងដោយវិស្វករអាមេរិចឈ្មោះថា​ ភើស៊ី ស្ពែនសឺរ (Percy Spencer) ដោយអចេតនា។ គាត់បានធ្វើការឱ្យក្រុមហ៊ុនមួយឈ្មោះថា Raytheon ហើយគាត់បានធ្វើពិសោធន៍លើ Magnetron ដែលជាបំពង់សុញ្ញកាសមានថាមពលខ្លាំងក្នុងប្រព័ន្ធរ៉ាដា។ ថ្ងៃមួយពេលកំពុងធ្វើការនៅជិត Magnetron​ ដែលអាចបង្កើតរលកអគ្គីសនីបាននោះ លោកស្ពែនសឺរបានកត់សម្គាល់ឃើញថាបន្ទះស្ករមួយនៅក្នុងហោប៉ៅរបស់លោកក៏ចាប់ផ្តើមរលាយ។ ក្រោយមក គាត់ក៏បានរកឃើញថារលកអគ្គីសនីម៉ៃក្រូវ៉េវនោះអាចយកមកកម្ដៅអាហារបាន ហើយក្នុងឆ្នាំ ១៩៤៧ ចង្ក្រានម៉ៃក្រូវ៉េវដំបូងបង្អស់ក៏បានផលិតនិងលក់ក្នុងតម្លៃ ៥០០០​ ដុល្លារ។

២. Sticky Note៖ នៅឆ្នាំ ១៩៦៨ អ្នកវិទ្យាសាស្ដ្រឈ្មោះថា Spencer Silver នៅក្រុមហ៊ុន 3M បានបង្កើតនូវ សារធាតុស្អិតខ្សោយបំផុតដែលអាចយកចេញពីផ្ទៃណាមួយបានយ៉ាងងាយស្រួល។ អ្វីដែលគួរឱ្យអស់សំណើចនោះគឺថាគាត់បានកំពុងព្យាយាមបង្កើតនូវសារធាតុមួយដែលមានលក្ខណៈស្អិតខ្លាំង។ គ្មាននរណាម្នាក់គិតថាផលិតផលមួយនោះមានប្រយោជន៍នោះទេ រហូតដល់អ្នកវិទ្យាសាស្ត្រម្នាក់ទៀតឈ្មោះ Art Fry នឹកឃើញដល់ការយកបំណែកក្រដាសតូចៗសម្រាប់បិទសម្គាល់ក្នុងសៀវភៅចំរៀងសាសនារបស់គាត់ ដោយមិនបន្សល់ទុកស្នាមអ្វីទាំងអស់នៅលើសៀវភៅនោះ។

៣. ដំឡូងចំណិត៖ នេះប្រហែលជាឧទាហរណ៏តែមួយគត់ក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក ដែលភាពខឹងសម្បានាំមកនូវប្រយោជន៍ដល់មនុស្សដែលជាប់ពាក់ព័ន្ធ។ នៅឆ្នាំ ១៨៥៣ អតិថិជនម្នាក់នៅក្នុងភោជនីយដ្ឋានមួយក្នុងក្រុងញូវយ៉កបានត្អូញត្អែរថាដំឡូងចៀនមានសភាពក្រាស់និងល្អៀចៗ ហើយ បានឲ្យអ្នករត់តុយកទៅវិញម្តងហើយម្តងទៀត។ មេចុងភៅលោក George Crum មានការធុញថប់យ៉ាងខ្លាំង ហើយគាត់ក៏ធ្វើតាមអ្វីដែលអតិថិជនម្នាក់នោះចង់បាន ដោយគាត់បានកាត់ដំឡូងទៅជាចំណិតស្តើងៗ យកវាទៅចៀន ហើយដាក់អំបិលទៅលើដំឡូងទាំងនោះ។ ពេលនោះហើយដែលអាហារសម្រន់ដ៏ពេញនិយមបំផុតនៅលើពិភពលោកបានកើតឡើង!

៤. នំឃុកឃីដែលមានគ្រាប់សូកូឡាតូចៗ៖ ខណៈពេលដែល  Ruth Wakefield ដែលជាម្ចាស់ហាង Toll House Inn បានកំពុងតែធ្វើនំឃុកឃីរសជាតិសូកូឡា នាងស្រាប់តែនឹកឃើញថា អស់សូកូឡាសម្រាប់ធ្វើនំទៅហើយ។ ហេតុដូច្នេះហើយ នាងក៏បានយកសូកូឡាផ្អែមមួយបន្ទះមកវាយឲ្យក្លាយជាចំណិតតូចៗ ដោយរំពឹងថាសូកូឡានោះនឹងរលាយចូលទៅក្នុងម្សៅនំ។ ខុសពីការរំពឹងទុក នាងបានបង្កើតនំឃុកឃីរសជាតិថ្មីមួយទៀត គឺ chocolate-chip cookies។

៥. កាំជ្រួច៖ វាត្រូវបានបង្កើតដោយចុងភៅជនជាតិចិនម្នាក់ ដែលពេលនោះគាត់កំពុងតែធ្វើពិសោធន៍មួយក្នុងផ្ទះបាយរបស់គាត់។ គាត់បានលាយធ្យូង ស្ពាន់ធ័រនិងម្សៅពណ៌ ដោយចៃដន្យ។ ហើយនៅពេលដែលគាត់បានបង្ហាប់ល្បាយនោះក្នុងបំពង់ឫស្សី (មិនមានប្រភពជាក់លាក់ណាមួយបកស្រាយហេតុអ្វីបានជាគាត់ធ្វើបែបនេះនោះទេ) វាក៏បានផ្ទុះឡើង បង្កើតបានជាកាំជ្រួចដំបូងបង្អស់៕

មតិយោបល់

ពេញនិយម