ប្រវត្តិរបស់ស្តេចសៀម ជូឡាឡុងកន ល្បីល្បាញខាងកែទម្រង់ដឹកនាំរដ្ឋដូចលោកខាងលិច ធ្វើឲ្យជាតិសៀមមានការរីកចម្រើនជាខ្លាំង!
Connect with us

គួរដឹង

ប្រវត្តិរបស់ស្តេចសៀម ជូឡាឡុងកន ល្បីល្បាញខាងកែទម្រង់ដឹកនាំរដ្ឋដូចលោកខាងលិច ធ្វើឲ្យជាតិសៀមមានការរីកចម្រើនជាខ្លាំង!

ពួក​អ្នកចូលរួម​ទាំងឡាយ​បាន​សម្ដែង​ចេញ​ឲ្យ​ឃើញ​នូវ​សេចក្តី​គោរព​យ៉ាង ជ្រាលជ្រៅ​ចំពោះ​រូបសំណាក​ក្សត្រ​គង់​លើ​ខ្នង​សេះ ដែល​ត្រូវបាន​គេ​កសាងឡើង​ទុកជា​និមិត្តរូប​នៃ​ការគ្រងរាជ្យសម្បត្តិ​រប​ស់ទ្រង់។ ទិដ្ឋភាព​មួយបែប​នេះ បានបង្ហាញ​ឲ្យ​ឃើញ​នូវ​សេចក្តីរំភើប​រក​ពាក្យ​អ្វីមួយ​ថ្លែង​ឲ្យ​ស្មើពុំបាន​ឡើយ​។

ព្រះមហាក្សត្រ ជូឡាឡុងកន បាន​ឡើងគ្រងរាជ្យសម្បត្តិ​ក្នុង​ឆ្នាំ​១៨៦៨ ហើយ​បាន​គ្រងរាជ្យ​សម្បត្តិ​អស់​រយៈពេល​ ៤២​ឆ្នាំ រហូតដល់​ព្រះអង្គ​សោយ​ទិវង្គត​ នៅឆ្នាំ​១៩១០​។ នៅក្នុង​រយៈកាល​គ្រងរាជ្យ ព្រះអង្គ​បានក្លាយ​ទៅជា​ស្តេច​មួយអង្គ​ដ៏​ប្រសើរ​ថ្លៃថ្លា​បំផុត​នៅក្នុងពិភពលោក ដោយ​ព្រះអង្គ​ចេះ​តែង​និពន្ធ​ខាង​អក្សរសាស្ដ្រ​ និង​ ល្ខោន​នាដកម្ម​។

ប្រជាជន​ថៃ​ទាំងឡាយ​តែងតែ​សម្តែង​នូវ​ការចងចាំ​ចំពោះ​ស្នាដៃ​ជា​វីរភាព​របស់ព្រះអង្គ និង​ខិតខំ​រៀនសូត្រ​តាម​គំរូ​ស្នាដៃ​នេះ​ទៀតផង​។ ព្រះអង្គ ​គឺជាក្សត្រមួយអង្គ​ដែល​បាន​នាំយក​ប្រជាជាតិ​បុរាណ​មួយ​ឲ្យឆ្ពោះទៅរក​ពិភពលោក​មួយ​ដែល​ទំនើប​។ នៅពេលដែល​ព្រះអង្គ ជូឡាឡុងកន បាន​ឡើង​គ្រងរាជ្យ​លើ​អាណាចក្រ​សៀម បន្ទាប់ពី​ព្រះបិតា​របស់​ព្រះអង្គ ព្រះនាម​ម​ង្គ​ត់ (Mongkut)  ឬ “​រាមា​ទី​៤”ដែលបាន​សោយ​ទិវង្គត​ទៅនោះ ជូឡាឡុងកន គ្រាន់តែ​ជា​ក្មេងប្រុស​ម្នាក់​អាយុ ​១៥​ឆ្នាំ​នៅឡើយទេ ហើយ​មាន​ជំងឺ​រួមរឹត​ទៀតផង។

នៅពេល​នោះឯង អាណាចក្រ​សៀម​គ្រាន់តែ​ជា​និមិត្តសញ្ញា​ថា ជា​ប្រទេស​មាន​ស្តេច​តែប៉ុណ្ណោះ ព្រោះ​អំណាច​ដែល​ព្រះអង្គ ជូឡាឡុងកន បានទទួល​គឺ​នៅមានកម្រិត។ អំណាច​ពិតប្រាកដ​ស្ថិត​នៅតែ​ក្នុង​កណ្តាប់ដៃ​គ្រួសារ​អភិជន និង​អប្ប​ជ​នា​ធិបតេយ្យមួយ​ក្តាប់​តូច​ប៉ុណ្ណោះ។ ពួកនេះ​ជា​អ្នកត្រួតត្រា​មើល​ការខុសត្រូវ​ទៅលើ​ប្រាក់ចំណូល​របស់​ជាតិ និង​បាន​ចាប់បង្ខំ​ឲ្យ​ប្រជាកសិករ​ធ្វើការ​យ៉ាងធ្ងន់ធ្ងរ ថែមទាំង​បាន​ត្រួតត្រា​ទៅលើ​អាជ្ញាធរខេត្ត និង​ដាក់​អាជ្ញា​ចាប់បង្ខំ​ឲ្យ​បង់ពន្ធ​យ៉ាងធ្ងន់ធ្ងរ​ហួសហេតុ​ទៅលើ​ព្រះញាតិវង្សានុវង្ស​ដែលមានក្មេងៗ។

ជាការ​ពិត ទង្វើ​បែបនេះ​បានបង្ហាញ​ឲ្យ​ឃើញ​អំណាច​របស់​ពួក​អប្ប​ជ​នា​ធិបតេយ្យ ដែល​ពួកគេ​បានទទួល​ជំនួស​ការងារ​របស់​ក្ស​ត្រ​មួយអង្គ ដែល​នៅមាន​ព្រះជន្ម​ក្មេងខ្ចី ឬក៏​ក្សត្រ​មួយអង្គ​ដែលមាន​ជំងឺ ហើយ​ដែល​មិន​សង្ឃឹមថា​អាច​រស់រានមានជីវិត​បាន​នៅ​យូរអង្វែង​ផង ។​

បញ្ហា​ដែល​បាន​រៀបរាប់​ខាងលើនេះ មានន័យថា ថ្ងៃ​ឡើង​សោយរាជ្យ​មិនមែន​សុទ្ធ​ជា​ថ្ងៃ​នក្ខត្តឫក្ស ចំពោះ​ក្សត្រ​ដែល​ទើបនឹង​ឡើង​សោយរាជ្យ​ថ្មី​ទាំងអស់​ទេ។ កត្តា​សំខាន់​តែមួយគត់​ចំពោះ​ក្សត្រ​ក្មេង​មួយអង្គ​នេះ គឺ​តម្លៃ​នៃ​ការប្រឹងប្រែង​រៀនសូត្រ ដែល​ព្រះអង្គ​ទទួលបាន​ពី​ព្រះបិតា។ ជូឡាឡុងកន បានទទួល​មរតក​ដ៏​ប្រសើរ​រុងរឿង ហើយ​ព្រះអង្គ​បានធ្វើ​ឲ្យ​មាន​តុល្យភាព​អំពី​ការអប់រំ ទាំង​របៀប​ថៃ​បុរាណ​ និង​ពិភពលោក​ខាងលិច​បែប​ទំនើប។ ព្រះអង្គ​ក៏មាន​ព្រះទ័យ​រីករាយ​ចំពោះ​ការបង្ហាត់បង្រៀន​ពី​សំណាក់​ព្រះបិតារបស់​ព្រះអង្គ​ផងដែរ។ បើទោះបី​យ៉ាងនេះ​ក្តី ក៏មាន​អ្នករៀបចំ​ជើង​ព្រួល​ដើម្បី​ធ្វើការ​ប្រឆាំងនឹង​រូប​ព្រះអង្គ​ជានិច្ចដែរ។

នៅក្នុង​ដំណាក់កាល​ដើមដំបូង​នៃ​ការ​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ ជូឡាឡុងកន នេះ បាន​បំពេញ​ព្រះរាជកិច្ច​តាមរបៀប​ជា​រា​ជានុ​សិទ្ធិ​តែប៉ុណ្ណោះ។ ចំណែកឯ​គ្រួសារ​អភិជន និង​សមាជិក​ដទៃទៀត​នៃ​គ្រួសារ​អភិជន​ទាំងនេះ​ជា​អ្នកកាន់កាប់​តួនាទី រដ្ឋបាល​ដ៏​មានអំណាច​។ ព្រះមហាក្សត្រ​បានដឹង​យ៉ាងច្បាស់​ថា ការកែទម្រង់​ដែល​ព្រះអង្គ​ចង់​ធ្វើ ពិសេស​គឺ​ការកែទម្រង់​ព្រះ​រាជ្យ​វង្សានុវង្ស​ខ្លួនឯង​នោះ នឹងត្រូវ​ទទួលរង​នូវ​ភាព​ប្រទូសរ៉ាយ​ពី​សំណាក់​ពួក​អភិជន​មិន​ខាន ព្រោះ​ពេលនោះ​ផលប្រយោជន៍​និង​អំណាច​របស់​ពួកគេ​អាច​ត្រូវ​រង​នូវការគំរាមកំហែង​។​

ហេតុអ្វី​ក៏ព្រះមហាក្សត្រវ័យក្មេង​មួយអង្គ​នេះ​ មានបំណង​កែទម្រង់? ហេតុផល​ចម្បង​តែមួយគត់ គឺ​ដើម្បី​រក​ចន្ទល់​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះអង្គ? ប៉ុន្តែ​ហេតុផល​មួយ​ផ្សេងទៀត គឺ​ព្រះអង្គ​ភ័យព្រួយ​ចំពោះ​ការគំរាមកំហែង​ពី​បរទេស​។ មហិច្ឆតា​របស់​ពួក​អឺរ៉ុប​នៅក្នុង​តំបន់​នេះ​បាន​បញ្ចេញ​ឲ្យ​ឃើញ​នៅពេលដែល មានការ​វាយលុក​ឈ្លានពាន​នៅ​ចុង​សតវត្សរ៍​ទី​១៩។ ការពង្រីក​នឹម​អាណានិគម​នៃ​ប្រទេស​អង់គ្លេស បារាំង និង​ប្រទេស​មហាអំណាច​ដទៃទៀត​ គឺមាន​ឫសគល់​ជ្រាលជ្រៅ​ណាស់ ។

ប៉ុន្តែ​ក៏មាន​វិធី​ទប់ទល់​ចំពោះ​ចក្រពត្តិនិយម​អឺរ៉ុប​ទាំង​នេះដែរ ទាំង​លក្ខ​ខ​ណ្ខ​ខាង​ពាណិជ្ជកម្ម​និង​នយោបាយ។ បើ​ប្រឈម​ជាមួយ​មហាអំណាច​អាណានិគម​ទាំងនេះ​ជា​ចំហរ គឺ​មានន័យថា​បង្កើត​ឲ្យ​មាន​គ្រោះមហន្តរាយ​ដល់​ព្រះរាជវាំង​និង​ការបិទច្រក ព្រះរាជាណាចក្រ​របស់​ព្រះអង្គ​ពី​ពិភព​ខាងក្រៅ។ គំនិត​ប្រឆាំងនឹង​បរទេសមួយ​បែបនេះ​អាច​នាំទៅរក​គ្រោះមហន្តរាយ​យ៉ាងពិតប្រាកដ​។​

ព្រះមហាក្សត្រ ជូឡាឡុងកន បានសម្រេច​ព្រះទ័យ​ចំពោះ​ជម្រើស​ទី​៣ ដោយ​បង្កើត​ឲ្យ​មាន​ចំណងទាក់ទង​ជាមួយ​ប្រទេស​អាណានិគម​ទាំងនោះ។ ព្រះអង្គ​បាន​បើកទ្វារ​ប្រទេស​ចំហរឆ្ពោះទៅ​ពិភព​ខាងលិច​តាមរយៈ​ការធ្វើ ប្រជាធិបតេយ្យ​យ៉ាង​ប៉ិនប្រសប់ និង​ទទួល​ធ្វើ​សម្បទាន តែ​មិន​អនុញាត​ឲ្យ​គេ​រំលោភ​លើ​បូរណភាព​ដែនដី​ទេ។ ព្រះមហាក្សត្រ​បាន​ចំណាយ​ពេលវេលា​ដើម្បី​ពង្រឹង​អំណាច​របស់​ព្រះអង្គ តាមរយៈ​ការជំរុញ​យ៉ាង​ពេញទំហឹង​នូវ​ទំនើបភាវូបនីយកម្ម។ ព្រះអង្គ​បាន​សាក​ពិសោធន៍​ផ្លាស់ប្តូរ​នូវ​អ្វីដែល​ទើប​រកឃើញ​ថ្មីៗ​ នៅព្រះរាជវាំង​ព្រះអង្គ​ផ្ទាល់ តួយ៉ាង​ដូចជា​ការធ្វើ​ឲ្យ​កាន់តែ​ទាន់សម័យ​នូវ​ម៉ូត​សម្លៀកបំពាក់​ជាដើម។

ការបង្ហាត់បង្រៀន​តាម​ប្រព័ន្ធ​អប់រំ​បែបផែន​លោកខាងលិច​ចំពោះ​ញាតិវង្សក្មេងៗ និង​អ្នក​ជិតស្និទ្ធ​ជាមួយ​ព្រះអង្គ។ ព្រះមហាក្សត្រ ​មានបំណង​ប្រាថ្នា​បើកទូលាយ​ចិត្តគំនិត​យុវជន​ក្មេងៗ​ ឲ្យរួមចំណែក​ធ្វើការ​ងារ​នេះ​ជាមួយ​ព្រះអង្គ​ទៀតផង​។ ព្រះអង្គ​បាន​សិក្សា​យ៉ាង​ស៊ីជម្រៅ​ទៅលើ​រដ្ឋបាល​អាណានិគម​អឺរ៉ុប​ នៅក្នុងអំឡុង​ពេលដែល​ព្រះអង្គ​យាង​ទៅ​ទស្សនកិច្ច​នៅ​អាល្លឺម៉ង់​និង​អង់គ្លេស​និង ការជួបប្រជុំ​ជាមួយ ជ្វា ម៉ា​ឡា​យ៉ា ភូមា និង​ឥណ្ឌា ក្នុង​ឆ្នាំ​១៨៧១ និង​១៨៧២​។ ព្រះមហាក្សត្រ​អង្គ​នេះ​ បាន​បង្កើត​ឲ្យ​មាន​បន្តិច​ម្តងៗ​ និង​ដោយ​ម៉ត់ចត់បំផុត​នូវ​មូលដ្ឋាន​សម្រាប់ធ្វើ​មជ្ឈការ​នៃ​រដ្ឋបាល​ក្នុងប្រទេស​សៀម​ផងដែរ។​

ក្រុម​អភិជន​រឹងត្អឹង មិនបាន​យល់ដឹង​អំពី​សកម្មភាព​ដ៏​សំខាន់​របស់ ជូឡាឡុងកន នេះ​ទេ។ ដោយសារ​ហេតុនេះហើយ ទើប​ព្រះអង្គ​បន្ត​ប្រតិបត្តិ​ការកែទម្រង់​តទៅទៀត។ ព្រះអង្គ​បានទទួល​ព្រះ​រាជាភិសេក​ជា​លើក​ទី​២ ជា​ព្រះមហាក្សត្រ​ពេញលេញ​នា​ថ្ងៃ ១៦ ខែវិច្ឆិកា​ គ.ស.១៨៧៣។ ការជ្រើសរើស​នេះ គឺ​គ្រប់​អាយុ​ហើយ ក៏ជា​ពេលដែល​ព្រះមហាក្សត្រ​មាន​ព្រះជន្ម ២១ ព្រះវស្សា។ ព្រះអង្គ​បានចាប់ផ្តើម​លុបបំបាត់​ចោល​ទាសភាព។ ការបង្ក្រាប​នៅក្នុង​ព្រឹត្តិការណ៍​ជា​សាធារណៈ​នានា​ត្រូវបាន​លុបបំបាត់ចោល។ ការកែទម្រង់​ទៅលើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ច្បាប់​ត្រូវបាន​អនុវត្តន៍។ ក្រុមប្រឹក្សា​ឯកត្តជន និង​ក្រុមប្រឹក្សារដ្ឋ ដែល​អង្គការ​ទាំង​២​នេះ​ដើរតួ​ដូចជា​ខុទ្ទកាល័យ​ និង​ក្រុមទី​ប្រឹក្សា​ ក៏ត្រូវបាន​បង្កើតឡើង។ ទង្វើ​បែបនេះ​បានធ្វើ​ឲ្យ​គ្រួសារ​អភិជន​ខឹងសម្បា​យ៉ាងខ្លាំង​។ ដោយ​ឃើញ​ស្ថានការណ៍​បែបនេះ ជូឡាឡុងកន បាន​ដកថយ​ជា​បណ្តោះអាសន្ន ដោយ​ទប់​បង្អន់​នូវ​គោលការណ៍​កែទម្រង់​អស់​មួយរយៈ។​

ព្រះមហាក្សត្រ ជូឡាឡុងកន បាន​ពង្រីក​ប្រព័ន្ធ​សិក្សាអប់រំ និង​សេវា​ព្យាបាល​ថែមទៀត។ កង​កម្លាំងយោធា​ត្រូវបានធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​តាមរយៈ​ការបង្កើត​ឲ្យមាន​បណ្ឌិតសភាយោធា។​

ព្រះមហាក្សត្រ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការអប់រំ​ផ្នែក​ក្រមសីលធម៌ និង​ ចរិយា​ធម៌។ តាម​ទស្សនៈ​ផ្ទាល់​របស់​ព្រះអង្គ ការអប់រំ​បែបនេះ មិនមែនជា​វិធានការ​តែមួយគត់​ដើម្បី​ទ្រទ្រង់​សង្គមជាតិ​នោះទេ ប៉ុន្តែ​វា​ជា​បច្ច័យ​ជួយ​បង្កើន​គុណសម្បត្តិ​ដ៏​ប្រសើរ​នៃ​ជីវិត​ប្រជាជនរបស់​ព្រះអង្គ​ទៀតផង​។ ព្រះអង្គ​បាន​បង្កើត​ប្រព័ន្ធ​អប់រំ​ថ្នាក់​បឋម ដោយ​យក​វត្ត​អារាម​ធ្វើជា​ទីកន្លែង​អប់រំ​បណ្តុះបណ្តាល​។

លើសពីនេះទៅទៀត ជូឡាឡុងកន បាន​បង្កើត​សាលា​ពាណិជ្ជកម្ម​និង​វិជ្ជាជីវៈ​និង​វិទ្យាស្ថាន​បរិច្ចាគ កិច្ច​ស៊ីវិល ដែល​ក្រោយមក​បានក្លាយ​ទៅជា​សក​ល​វិទ្យាល័យ ជូឡាឡុងកន ដែល​នៅ​ទីនោះ​ព្រះអង្គ​បាន​តម្រូវ​ឲ្យ​បង្ហាត់បង្រៀន​យុវជន យុវនារី ​ឲ្យ​យល់ដឹង​ពី​សេវាសាធារណៈ។ ប៉ុន្តែ ​វា​មានរឿង​ដែល​គួរ​ឲ្យ​ហួសចិត្តផង​ដែរ ព្រោះ “​នយោបាយ​អប់រំ​ដ៏​មាន​ប្រជាប្រិយ​” នេះ ដែល​នាំ​ឲ្យ​មនុស្ស​ជាច្រើន​មានការ​ចេះដឹង​ទូលំទូលាយ​នោះ បែរជា​អ្នក​ទាំងនេះ​ប្រែ​ក្លាយទៅជា​គ្រាប់ពូជ​នៃ​ចលនា​ប្រឆាំង​រាជានិយមទៅវិញ ហើយ​បដិវត្តន៍​មួយ​បាន​ផ្ទុះឡើង​នៅ​ឆ្នាំ​១៩៣២​។​

ទំហំ​និង​ទម្ងន់​នៃ​កំណែទម្រង់​របស់​ព្រះមហាក្សត្រ ជូឡាឡុងកន បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ ព្រះអង្គ​បាន​នាំយក​របៀបរបប​ថ្មី​មួយ​ទៅ​ផ្លាស់​ជំនួស​ឲ្យ​របៀប​ចាស់គំរឹលហួស​សម័យ។ ហើយ​នៅពេលដែល​ព្រះអង្គ​បានទទួល​ជោគជ័យ​ក្នុងការ​ស្នង​តំណែង​ជាព្រះមហាក្សត្រ​យ៉ាង​ពេញលេញ​ហើយ​នោះ ព្រះអង្គ​ក៏​មិនដែល​ស្វះស្វែង​បង្កើន​អំណាច​ផ្ទាល់ខ្លួន​ព្រះអង្គ​នោះទេ។ អ្វីដែល​ព្រះអង្គ​ស្វែងរក​នោះ គឺ​មធ្យោបាយ​ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​រីកចម្រើន​សម្រាប់​សង្គមសៀម​ទាំងមូលទៅវិញ។ ព្រះអង្គ​ឈ្វេង​យល់ថា ការផ្លាស់ប្តូរ​គំនិត​បញ្ញា​ គឺជា​ការត្រឹមត្រូវ ហើយ​ចាំបាច់​ណាស់​ទាំង​យថាទស្សន៍​បែប​លោកខាងលិច និង​ទាំង​ខាង​ព្រះពុទ្ធសាសនា។​

ផ្ទុយ​ពីបទ​ពិសោធន៍​នៃ​បណ្តា​ប្រទេស​អាស៊ី​ដទៃទៀត អព្ភូតហេតុ​នៃ​ការរក្សា​ទុក​យ៉ាង​គង់វង្ស​នូវ​ឯករាជ្យ​ និង​បូរណភាព​ដែនដី របស់​សៀម គឺ​ដោយសារតែ​គោលការណ៍​នៃ​ការកែទម្រង់​របស់​ព្រះមហាក្សត្រ ដែល​ជំនាញ​ផ្នែក​ការទូត និង​ការបង្រួបបង្រួម​រដ្ឋអំណាច​ថ្នាក់កណ្តាល​នេះឯង។

ដោយសារតែ​ព្រះ​សកម្មភាព​របស់​ព្រះអង្គ​ប្រកបដោយ​វិសាលភាព​ធំធេង​យ៉ាង​នេះហើយ ទើប​ប្រជាជន​បាន​បរិច្ចាគ​ប្រាក់កាស​កសាង​រូបសំណាក់ ព្រះបាទ​រាមា​ទី​៥ នៅ​ចំ​កណ្តាល​ទីធ្លា​ព្រះរាជវាំង ដើម្បី​ជាការ​រំលឹក​ទៅដល់​គុណូបការៈ និង​ជីវិត​របស់​ព្រះមហាក្សត្រ​មួយអង្គ​ដែល​បន្សល់ទុក​នូវ​កេរដំណែល​ផ្តិត ជាប់​ជា​រៀងរហូត​នៅក្នុង​បេះដូង​ និង​សន្តាន​ចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ។ ព្រះមហាក្សត្រ ជូឡាឡុងកន គឺជា​និមិត្តរូប​ដ៏​ភ្លឺ​ចិញ្ចាច​នៅក្នុង​ប្រវត្តិសាស្ត្រប្រទេសថៃ (​សៀម)។ តាម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់​ព្រះអង្គ ព្រះរាជាណាចក្រ​ក្រីក្រ​បុរាណ​មួយ​នៃ​តំបន់​អាស៊ីអាគ្នេយ៍​នេះ បាន​ក្លាយទៅជា​ប្រជាជាតិ​មួយ​ទំនើប​នឹង​គេ​បាន​៕

(ដកស្រង់​ចេញពីសៀវភៅ ​ជន​មាន​ឥទ្ធិពល​នៅ​អាស៊ី)    

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.