ការសិក្សាថ្មីមួយបង្ហាញថា ការរៀនពីសៀវភៅបោះពុម្ពប្រសើរជាងការអានតាមអេក្រង់ឧបករណ៍អេឡិចត្រូនិច
Connect with us

គួរដឹង

ការសិក្សាថ្មីមួយបង្ហាញថា ការរៀនពីសៀវភៅបោះពុម្ពប្រសើរជាងការអានតាមអេក្រង់ឧបករណ៍អេឡិចត្រូនិច

ដោយសង្គមបច្ចុប្បន្នត្រូវបានគ្របដណ្ដប់ដោយបច្ចេកវិទ្យា ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចបានរួមចំណែកយ៉ាងច្រើនក្នុងប្រព័ន្ធអប់រំ ដូចជាការដាក់ឲ្យប្រើ Ipad ក្នុងសាលាមួយចំនួននៅបណ្ដាប្រទេសអភិវឌ្ឍន៍ជាដើម។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាក៏បានកែប្រែរបៀបរបបនៃការសិក្សាពីមុនយ៉ាងច្រើនផងដែរ។

ការសរសេរអក្សរនៅលើក្ដារខៀនត្រូវបានជំនួសដោយការដាក់បញ្ចាំង slide។ ការចម្លងមេរៀនទុកក្នុងសៀវភៅត្រូវបានជំនួសដោយការថតចម្លងឯកសារ រឺការថតរូបទុកក្នុងទូរស័ព្ទដៃ។ ការសរសេរកិច្ចការដាក់ក្រដាសត្រូវបានជំនួសដោយសារការវាយបញ្ចូលក្នុងកុំព្យូទ័រហើយផ្ញើតាមអ៊ីម៉ែល។ លើសពីនេះទៅទៀត ការអានសៀវភៅបោះពុម្ភត្រូវបានជំនួសដោយការអានសៀវភៅតាមរយៈទូរស័ព្ទដៃ តាមកុំព្យូទ័រ រឺតាម Kindle ជាដើម។

មនុស្សជាច្រើនគិតថា ការអានតាមប្រព័ន្ធឌីជីថលនេះធ្វើឲ្យលទ្ធផលការសិក្សារបស់សិស្សមានភាពល្អប្រសើរ។ យ៉ាងណាក្ដី ការសិក្សាមួយបានរកឃើញថា វាមិនពិតទាំងស្រុងនោះទេ។

ការស្រាវជ្រាវនេះបានសិក្សាពីភាពខុសគ្នាលើកម្រិតនៃការយល់ដឹង នៅពេលសិស្សអានអត្ថបទតាមគ្រឿងអេឡិចត្រូនិចនិងអត្ថបទបោះពុម្ព។ លទ្ធផលបានបង្ហាញថា សិស្សភាគច្រើនចូលចិត្តការអានអត្ថបទតាមរយៈឧបករណ៍អេឡិចត្រូនិចជាងតាមរយៈសៀវភៅ ហើយពួកគេយល់ថា ការអានអត្ថបទប្រើប្រាស់បច្ចេកវិទ្យានេះអាចឲ្យពួកគេយល់បានច្រើនជាង។

ទោះជាយ៉ាងណាក្ដី លទ្ធផលពិតប្រាកដមិនដូចការរំពឹងទុករបស់ពួកគេនោះទេ។ ជាក់ស្ដែង ការអានតាមរយៈឧបករណ៍អេឡិចត្រូនិចពិតជាមានភាពងាយស្រួលជាងមែន ហើយការសិក្សាបានរកឃើញថា ពួកគេអាចអានបានលឿនជាងផងដែរ។

ចំពោះការយល់ដឹងពីគំនិតសំខាន់នៃអត្ថបទ មធ្យោបាយដែលពួកគេប្រើក្នុងការអានមិនចោទជាបញ្ហានោះទេ ប៉ុន្ដែចំពោះចំណុចសំខាន់ៗដែលទាក់ទងទៅនឹងគំនិតសំខាន់នៃអត្ថបទនិងព័ត៌មានជាក់លាក់ផ្សេងៗទៀត ការអានតាមអត្ថបទបោះពុម្ភធ្វើឲ្យពួកគេបានយល់ដឹងច្រើនជាងការអានអត្ថបទអេឡិចត្រូនិច។ ដូច្នេះហើយ ការសិក្សាស្រាវជ្រាវនេះបានសរុបថា ដើម្បីយល់ដឹងឲ្យបានស៊ីជម្រៅ ការអានតាមសៀវភៅរឺអត្ថបទបោះពុម្ភមានលក្ខណៈប្រសើរជាងការអានលើអេក្រង់៕

ប្រភព៖ Business Insider

អត្ថបទល្អផ្សេងទៀត៖ ចង់អោយកូនរបស់អ្នកចូលចិត្តអានសៀវភៅតាំងពីក្មេង គួរធ្វើអ្វីខ្លះ?

ការអានសៀវភៅគឺជារឿងល្អមួយ វានាំអ្នកនូវចំនេះដឹងជាច្រើននិងទូលំទូលាយយ៉ាងខ្លាំង ប៉ុន្តែសំរាប់កូនក្មេងវិញ គេអាចនឹងចូលចិត្ត និងមិនចូលចិត្ត អានសៀវភៅទៅតាមទម្លាប់។ ក្នុងនាមជាម្តាយឳពុក ដើម្បីចង់អោយកូនរបស់អ្នកមានទម្លាប់អានសៀវភៅតាំងពីវ័យក្មេង អ្នកគួរតែវឹកហាត់គេដោយ ខ្លួនរបស់អ្នកផ្ទាល់ បង្កើននូវទម្លាប់សម្រាប់គេ តាំងពីក្នុងផ្ទៃម្ល៉េះ។

១. អានសៀវភៅពេលកូននៅក្នុងផ្ទៃ ឫនៅកូនង៉ែត

ពេលដែលអ្នកកំពុងតែពពោះ អ្នកគួរតែបង្កើនទម្លាប់អានសៀវភៅអោយបានច្រើន នោះនឹងធ្វើអោយទារកស្តាប់ និងទទួលយកសម្លេងការអាន​របស់អ្នក។ ពេលដែលគេកើតមកហើយ អ្នកត្រូវអានសៀវភៅអោយទារកស្តាប់អោយបានច្រើន។

២. អានសៀវភៅប្រភេទខុសៗគ្នា

អ្នក​ម្តាយ​គួរ​ជ្រើស​រើស​សៀវភៅ​ប្រភេទ​ខុស​ៗ​គ្នា​ ក៏ដូចជាសៀវភៅនៃចំណង់ចំណូលចិត្តរបស់ខ្លួនឯង មក​អាន​ឱ្យ​កូន​ស្តាប់​ ព្រោះ​វា​ធ្វើ​ឱ្យ​ពួក​គេ​ដឹង​ពី​ចំណូល​ចិត្ត​ខ្លួន​ឯង​។

៣. បង្រៀន​កូន​ឱ្យ​ចេះ​ជ្រើស​រើស​

នៅពេលដែលកូនធំបន្តិច អ្នក​ម្តាយ​គួរ​ធ្វើ​តាម​ចំណូល​ចិត្ត​កូន​ ឱ្យ​ពួក​គេ​ចេះ​ជ្រើស​រើស​សៀវភៅ​ណា​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត​យក​មក​អាន​ ដើម្បីអោយគេមានភាពរីករាយទៅអ្វីដែលគេកំពុងអាន។

៤. ឱ្យ​កូន​អាន​ដោយ​ខ្លួន​ឯង​

សម្រាប់​ក្មេង​អាយុ​ពី ​៥ ​ទៅ​ ៦ ​ឆ្នាំ គួរ​តែ​បណ្តុះ​គំនិត​ឱ្យ​ពួក​គេ​អាន​សៀវភៅ​ដោយ​ខ្លួន​ កុំបង្ខំគេអោយមានសំពាធ៕

មតិយោបល់

ពេញនិយម