រឿងរ៉ាងដំបូងនៃការកកើតនូវរឿងនគរ៣ ឬសាមកុក រហូតប្រែក្លាយជាសៀវភៅនិងខ្សែភាពយន្ដ!
Connect with us

គួរដឹង

រឿងរ៉ាងដំបូងនៃការកកើតនូវរឿងនគរ៣ ឬសាមកុក រហូតប្រែក្លាយជាសៀវភៅនិងខ្សែភាពយន្ដ!

រឿងនគរបី គឺនេះជារឿងរ៉ាវផ្នែកមួយ កាលពីក្នុងរវាងខាងចុងសតវត្សរ៍ទី២ និងដើមសតវត្សរ៍ទី៣ នៃគ្រិស្តសករាជ។ កាលចាប់​ផ្ដើមកើតរឿងឡើង គេមិនបានកត់ត្រាជាអក្សរទុកមកតាំងពីដំបូងទេ គ្រាន់តែជារឿងនិយាយតំណាលតៗគ្នាមក។ ដល់សម័យតមកក្រោយទៀត ប្រជាជនចិននិយមយករឿងនគរបីនេះទៅលេងល្ខោន ដែលយើងហៅថា “លេងហ៊ី” ទើបនាំឱ្យរឿងនគរបីនេះសាយភាយចេញទៅ មានអ្នកចេះដឹងរឿងរ៉ាវនេះកាន់តែច្រើនឡើងៗ ទើបអ្នកប្រាជ្ញចិនរួបរួមចងក្រងកត់ត្រាទុកជាអក្សរតមក។

ដល់សម័យស្រុកចិនចេះឆ្លាក់ពុម្ពអក្សរហើយ គេបានបោះពុម្ពុផ្សាយរឿងនគរបីនេះជាសៀវភៅឡើង ជាដើមហេតុនាំឱ្យរឿងនគរបីសាយភាយទូទៅក្នុងប្រទេសចិនរហូតដល់នានាប្រទេសផង។

បើយើងពិគ្រោះមើលសេចក្ដីផ្ទៃរឿងនៃនគរបីនេះ នឹងយល់ថា អ្នកនិពន្ធរឿងនេះមានបំណងចង់ចងក្រងផ្ទៃរឿងឱ្យទៅជាតម្រាសិក្សាខាងផ្លូវនយោបាយស្រុកទេសផង ខាងផ្លូវកិច្ចកលក្នុងសឹកសង្គ្រាមផង ហើយតែងបានល្អហូរហែគួរឱ្យសរសើរដល់គំនិត និងសេចក្ដីព្យាយាមរបស់អ្នកនិពន្ធរឿងនគរបីនេះណាស់។ ហេតុនេះហើយបានជារឿងនគរបីនេះ បានផ្សាយចេញទៅក្រៅ មិនត្រឹមតែក្នុងស្រុកចិនទេ រហូតដល់ប្រទេសនានាផង។

Image result for three kingdoms

ចំពោះប្រទេសៀម គេបានប្រែរឿងនគរបីចេញពីភាសាចិនជាលើកដំបូង កាលពី ព.ស. ២៣៤៥ ក្នុងសម័យដែលមិនទាន់មានរោងពុម្ពសម្រាប់បោះពុម្ពសៀវភៅនៅឡើយ។ ដល់សម័យកើតរោងពុម្ពសៀវភៅផ្សេងៗបានហើយ គេក៏បានចាត់ការបោះពុម្ពរឿងនគរបីនេះផ្សាយជាច្រើនលើកដែរ។

រឿងនគរបីដែលគេបានចាត់ការបោះពុម្ពលើកក្រោយបង្អស់ក្នុង ព.ស. ២៤៧០ ប្រហែលជាច្បាប់បោះពុម្ពលើកក្រោយនេះហើយ ដែលអ្នកឧកញ៉ាវិបុលរាជសេនាកន តំណាងរាស្ត្រ បានប្រែចេញជាខេមរភាសាចប់សព្វគ្រប់ តែគ្មានឱកាសនឹងបោះពុម្ពផ្សាយរឿងនេះ តមកជាច្រើនឆ្នាំ។

នៅទីបំផុត លោកបានយកសំណៅប្រែរឿងនគរបីមកប្រគល់ឱ្យពុទ្ធសាសនបណ្ឌិត្យ ដើម្បីឱ្យចាត់ការបោះពុម្ពុផ្សាយតាមត្រូវការ។ យើងសូមពោលជាតំណាងតាងនាមពុទ្ធសាសនបណ្ឌិត្យ សូមសម្ដែងអំណរអរគុណចំពោះអ្នកឧកញ៉ា វិបុលរាជសេ​នា​កន ហើយសូមសរសើរសេចក្ដីព្យាយាម ដែលបានខំខ្វល់ខ្វាយប្រែរឿងដ៏វែងនេះត្រាតែចប់សព្វគ្រប់។ ប៉ុន្តែក្នុងឱកាសសព្វថ្ងៃនេះ ពុទ្ធសាសនបណ្ឌិត្យមិនអាចចាត់ការបោះពុម្ពផ្សាយជាសៀវភៅដាច់ដោយឡែកទៅបាន ទើបនាំយករឿងនេះមកចុះផ្សាយ​ក្នុងទស្សនាវដ្ដី កម្ពុជសុរិយានេះជាបណ្ដើរៗទៅសិន៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម