ប្រវត្តិក្បាច់គុនបុរាណខ្មែរ (ល្បុក្កតោ ក្បាច់គុនដំបង បោកចំបាប់ និងប្រដាល់សេរី) ដែលកូនខ្មែរគួរឈ្វេងយល់ឲ្យបានច្បាស់!
Connect with us

គួរដឹង

ប្រវត្តិក្បាច់គុនបុរាណខ្មែរ (ល្បុក្កតោ ក្បាច់គុនដំបង បោកចំបាប់ និងប្រដាល់សេរី) ដែលកូនខ្មែរគួរឈ្វេងយល់ឲ្យបានច្បាស់!

សិល្បៈនៃការធ្វើសឹកសង្រ្គាម ត្រូវបានគេដឹងថាមានអាយុកាលជាងមួយពាន់ឆ្នាំ មកហើយ។ ដោយមានភស្តុតាងជាច្រើន បានបញ្ជាក់បានតាមរយៈរូបចម្លាក់នៅប្រាសាទអង្គវត្ត។ ក្បាច់គុនបុរាណខ្មែរ មានច្រើនប្រភេទ ដូចជា ល្បុក្កតោ បោកចំបាប់ ក្បាច់គុណដំបងវែង និងក្បាច់គុណ ជាច្រើនទៀត។

ក្បាច់គុនល្បុក្កតោ (Khmer Bokator) គឺជាក្បាច់គុនបុរាណខ្មែរមួយ ដែលមានស្នៀតក្បាច់គុនប្រយុទ្ធដោយប្រើដៃ ជាចំបង ព្រមទាំងបច្ចេកទេសនៅលើដី និងអាវុធជាដើម។ ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដំបូងគេ ដែលត្រូវបានគេប្រើប្រាស់ដើម្បីប្រយុទ្ធ នឹងសត្រូវ ក្នុងកំឡុងសម័យអង្គរ។ អ្នកហាត់ក្បាច់គុននេះ ត្រូវតែហ្វឹកហាត់ដោយរប្រើជង្គង់ កែង ដៃ ជើង និងក្បាលផងដែរ ហើយដំបងខ្លីជាធម្មតា ត្រូវបានគេប្រើប្រាស់ជាអាវុធ។

បោកចំបាប់ គឺជាកីឡាខ្មែរមួយដែលកីឡាករ ទាំងពីរត្រូវព្យាយាមបោកគ្នាទៅវិញទៅមកឲ្យដួលទៅនឹងដី ហើយការប្រកួតមានបីទឹក។ អ្នកបោកចំបាប់ត្រូវសម្តែងក្បាច់រាំ បោកចំបាប់មុនពេលប្រកួត។ កីឡាករបោកចំបាប់ អ្នកដែលឈ្នះការប្រកួតលុះត្រាតែឈ្នះពីរទឹក ក្នុងចំណោមបីទឹក។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏កីឡាករបោកចំបាប់ត្រូវបានគេតម្រូវឲ្យប្រកួតរហូតដល់ចប់ទឹកនីមួយៗ។

យ៉ាងណាមិញ ជាប្រពៃណីការប្រកួតកីឡាបោកចំបាប់ គេតែងតែទូងស្គរពីរ ដែលត្រូវបានគេស្គាល់ថា “ស្គរញី និង ស្គរឈ្មោល”។ ការប្រកួតជាប្រពៃណី ត្រូវបានគេរៀបចំឡើងនៅពហុកីឡដ្ឋានអូឡាំពិក ក្នុងអំឡុងពេលចូលឆ្នាំខែ្មរ និងនៅថ្ងៃឈប់សម្រាកផេ្សងទៀតរបស់ប្រទេសកម្ពុជា។

ក្បាច់គុនដំបងវែង ក្បាច់គុនដំបងវែង គឺជាសិល្បៈក្បាច់គុនបុរាណខ្មែរយើង ដែលមានស្នៀតគុនទាក់ទងនឹងការប្រើដំបងវែង។ ជាប្រពៃណី ក្បាច់គុននេះត្រូវបានដូនតាខ្មែរប្រើដើម្បីប្រយុទ្ធនឹងសត្រូវក្នុងការពារភូមិស្រុក​និងប្រទេសរបស់ខ្លួន។ នៅពេលបច្ចុប្បន្ន ក្បាច់គុននេះបានក្លាយជាទីពេញនិយមជាពិសេសសម្រាប់យុវជនជំនាន់ក្រោយដែលបានហាត់រៀននៅតាម ក្លឹបនានាក្នុងប្រទេស។

ប្រដាល់សេរី (Khmer Pradal Serey) គឺជាក្បាច់គុនប្រដាល់មួយបែបរបស់ដូនតាខ្មែរយើង។ ការប្រកួតប្រដាល់ត្រូវបាន គេរៀបចំឡើងនៅលើសង្វៀន ហើយមានចំនួនប្រាំទឹក ព្រមទាំងមួយទឹកៗមានការសម្រាករយៈ ពេល ១នាទី ឬ២នាទី។ មុនពេលប្រកួត អ្នកប្រដាល់ទាំងពីរ ត្រូវសម្តែងនូវការបួងសួងរំឭកគុណ ដែលត្រូវបានគេដឹងថាជារំឭកគុណគ្រូ ព្រមទាំងមានភ្លេងប្រពៃណីប្រគុំក្នុងពេលប្រកួតផងដែរ។ ឧបករណ៍ភ្លេង ដែលត្រូវបានគេប្រើប្រាស់ដូចជាស្គរយោល ស្រឡៃ (ឧបករណ៍មួយស្រដៀងខ្លុយ) និងឈឹង។

អ្នកប្រដាល់ ត្រូវបានគេតម្រូវឲ្យពាក់ហ្គង់ និង ខោខ្លីប៉ុណ្ណោះ។ ចំណែកឯការទទួលជ័យជម្នះវិញ ត្រូវបានគេវិនិច្ឆ័យនៅពេលដែលអ្នកប្រដាល់ម្ខាងវាយទៅលើអ្នកប្រដាល់ម្ខាងទៀតឲ្យដួល ឬសន្លប់ ឬក៏ត្រូវអាជ្ញាកណ្តាល រាប់រហូតដល់១០ ហើយក៏អ្នកប្រដាល់ ដែលត្រូវគេវាយនោះនៅតែគ្មានលទ្ធភាពប្រយុទ្ធបាន។ ឬក៏ករណីមួយទៀត អ្នកប្រដាល់ទាំងពីរ ត្រូវតស៊ូប្រកួត នឹងគ្នារហូតដល់ចប់ទឹក ហើយលទ្ធផលឈ្នះចាញ់ គឺអាស្រ័យលើចៅក្រម ជាអ្នកដាក់ពិន្ទុឲ្យ ហើយបើ អ្នកប្រដាល់ទាំងពីរទទួលពិន្ទុស្មើគ្នា គឺពួកគេទាំងពីរប្រកួតស្មើគ្នា។

គួរបញ្ជាក់ដែរថា ខ្មែរយើងមិនត្រឹមតែមានក្បាច់គុនល្បុក្តតោ បោកចំបាប់ និងប្រដាល់សេរីប៉ុណ្ណឹងទេ នៅសល់ក្បាច់គុនបុរាណខ្មែរជាច្រើនទៀត មានដូចជាដំបង ខ្លាក្រាប និងក្បាច់គុនជាច្រើនប្រភេទទៀត ដែលបានបន្សល់ទុកពីដូនតា ដែលមានតឹកតាងនៅតាមជញ្ជាំងប្រាសាទអង្គរវត្ត និងប្រាសាទនានា ជាច្រើន។ ដូច្នេះ សង្ឃឹមថាកូនខ្មែរអាចយល់ដឹង និងជួយថែរក្សាឲ្យបានគង់វង្សតរៀងរហូតទៅ៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម