ប្រវត្តិ​អ្នកតា​ឃ្លាំងមឿង ដែលហ៊ាន​បូជាជីវិត​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​កម្ចាត់​សត្រូវ (សៀម)!
Connect with us

គួរដឹង

ប្រវត្តិ​អ្នកតា​ឃ្លាំងមឿង ដែលហ៊ាន​បូជាជីវិត​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​កម្ចាត់​សត្រូវ (សៀម)!

នៅគ្រានដែល​ស្ដេច​កន បាន​ធ្វើ​គុត​ព្រះបាទ​ស្រី​សុគន្ធ​បទ ហើយ​ឡើង​សោយរាជ​នោះ រាជវង្សានុវង្ស​បាន​បាក់បែក ព្រាត់ប្រាស់​អស់ ក្នុង​នោះ​ស្ដេច​ពញា​ច័ន្ទ​រាជា បុត្រ​ព្រះ​ធម្ម​រាជា ​ក៏​បាន​ភៀស​ព្រះ​កាយ​ទៅ​សុំ​ជ្រកកោន​នឹង​ស្ដេច​សៀម ។ ដោយ​ក្ដៅក្រហាយ​នឹង​ស្ដេច​កន​ពេក ៧​ឆ្នាំ​ក្រោយមក ព្រះ​អង្គ​ច័ន្ទ​រាជា ប្រើ​ឧបាយកល​បោក​ស្ដេច​សៀម​បាន​កងទ័ព​សៀម ​៥.០០០​នាក់ និង​ស្បៀង​គ្រប់គ្រាន់​នាំ​ចូល​មក​ស្រុក​ខ្មែរ​វិញ ។

កាលនោះ​ចៅហ្វាយខេត្ត​បាត់ដំបង​បាន​ថ្វាយ​ទាហាន និង​ការ​គាំទ្រ​ទាំងស្រុង​ទូ​ទាំង​ខេត្ត ។ មក​ដល់​ពោធិ៍សាត់ ចៅហ្វាយខេត្ត​នេះ​រឹងទទឹង​រាយការណ៍​សុំ​ជំនួយ​ពី​ស្ដេច​កន​ទើប​ពញា​មឿង ដែល​ជា​មេ​ស្មឹង​ក្នុង​ខេត្ត​មានការ​ស្មោះស្ម័គ្រ​នឹង​ព្រះ​អង្គ​ច័ន្ទ​រាជា​រៀបចំ​គម្រោងការ​វាយឆ្មក់ ហើយ​ក៏​សម្លាប់​ចៅហ្វាយខេត្ត រួច​បញ្ចុះបញ្ចូល​ប្រជារាស្ត្រ​ក្នុង​ខេត្ត​ឲ្យ​មក​ចូលរួម​ជាមួយ​ព្រះ​អង្គ​ច័ន្ទ​រាជា ព្រមទាំង​ថ្វាយ​សេះ ដំរី​ជា​ច្រើន​ដល់​ព្រះ​អង្គ​សម្រាប់​ធ្វើសឹក​ផង ។ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​ច័ន្ទ​តែងតាំង​គាត់​ជា​«​ចៅពញា​សួគ៌​៌ា​លោក​» គឺជា​ចៅហ្វាយខេត្ត​ពោធិ៍សាត់​និង​ជា​មេទ័ព «​សម្រេច​កិច្ចការ​រាជា​គ្រប់​ប្រការ​» ។ ឯ​កូន​របស់​តា​មឿង​៤​នាក់​ទៀត​ក៏​សុទ្ធតែ​ទទួល​ឋានន្តរ​ស័​ក្កិ​ខ្ពង់ខ្ពស់​ជា​ចៅពញា​មុខ​នាទី ផ្សេង​ៗ​គ្នា ។

ដឹង​ដំណឹង​ដូច្នេះ​ស្ដេច​កន​បាន​ចាត់តាំង​ឲ្យ​លើកទ័ព​ប្រមាណ​ជាង​១២​ម៉ឺន​នាក់​ដើម្បី​វាយ​កម្ទេច​ទ័ព​របស់​ព្រះ​អង្គ​ច័ន្ទ​រាជា​ដែល​ទើបនឹង​ក​កាញ់​បាន ថ្មី​ៗ ។ ទ័ព​ស្ដេច​កន​លើក​ទៅ​ដល់​ខេត្ត​ក្រគរ ស្រុក​ក្រគរ ក៏​ប្រយុទ្ធ​គ្នា​ជាមួយ​ទ័ព​ព្រះ​អង្គ​ច័ន្ទ​រាជា ដែល​មាន​តា​មឿង​ដឹកនាំ ។ ដោយ​ឃើញ​ស្ដេច​កន​លើកទ័ព​ទៅ​ច្រើន​ពេក តា​មឿ​ន​បាន​បញ្ជា​ទ័ព​ដកថយ​ចូល​បន្ទាយ​វិញ​ទាំងអស់​ដើម្បី​ទប់ទល់ ។ ទ័ព​ស្ដេច​កន​ចំនួន​១០​ម៉ឺន​នាក់​ទៅ​ព័ទ្ធ​បន្ទាយ​របស់​ព្រះ​អង្គ​ច័ន្ទ​រាជា​នៅ​ឃុំ​បាក់​នឹម ឈ្មោះ​បន្ទាយ​ជ័យ ដែល​មាន​ទ័ព​តែ​២​ម៉ឺន​នាក់ អស់​រយៈពេល​១២​ខែ​ធ្វើ​ឲ្យ​ហោច​ស្បៀង យ៉ាង​ខ្លាំង​ពុំ​អាច​ចេញ​ទៅ​រក​ស្បៀង​និង​ពុំ​អាច​វាយ​ទំលាយ​របាំង​ហ៊ុម​ព័ទ្ធ​បាន ទើប​ពញា​សួគ៌​៌ា​លោក​មឿង​ផុសគំនិត​សុំ​ព្រះ​អង្គ​ច័ន្ទ​ធ្វើ​ពិធី​ពលី​ជីវិត​ទៅ​កេណ្ឌ​ពល​ទ័ព​ខ្មោច​ឱ្យ​ជួយ ។

ដំបូង​ព្រះ​អង្គ​ច័ន្ទ​សោកស្ដាយ​តា​មឿង​ពេក​ពុំ​ព្រម​ឲ្យ​តា​មឿង​ធ្វើ​ដូច្នេះ​ឡើយ តែ​ដោយ​តា​មឿង​ប្រុង​អារ​.​ក​សម្លាប់​ខ្លួន​មុខ​ព្រះ​ភ័ក្ត្រ​ព្រះ​អង្គ​ទើប​ព្រះ​អង្គ​បណ្ដោយ​តាម​ចិត្ត​តា​មឿង ។ តា​មឿង​ត្រេកអរ​ក៏​ឲ្យ​ទាហាន​ជីករណ្ដៅ​ទំហំ​៨​ហត្ថ​បួន​ជ្រុង ហើយ​ក្នុង​រណ្ដៅ​ដាំ​សុទ្ធតែ​លំពែង រួច​ធ្វើ​ពិធីបួងសួង​យ៉ាង​ម៉ត់ចត់ និង​ផ្ដាំ​ថា បើ​យប់​ថ្ងៃពេញបូណ៌មី​ខែ​ពិសាខ​ស្អែក​នេះ​មាន​ឮ​សន្ធឹក​ខ្ទរខ្ទារ​មេឃ និង​ដី​ឲ្យ​លើកទ័ព​ទៅ​វាយ​សត្រូវ​ភ្លាម។

អ្នក​ម្នាង​ខៀវ ដោយ​ឈឺឆ្អាល​ចង់​ជួយ​ផែនដី​ក៏​ថ្វាយបង្គំ​លា​ព្រះ​អង្គ​ច័ន្ទ​រាជា​លោត​សម្លាប់​ខ្លួន​ជាមួយ​តា​មឿង​ដែរ ។ ឯ​កូន​តា​មឿង​ទាំង​៤​នាក់ ឃើញ​ឪពុក​ស្លាប់​ក៏​ស្ទុះ​ទៅ​លោត​សម្លាប់​ខ្លួន​ដែរ តែ​គេ​ចាប់​ទាន់​២​នាក់ គឺ​ចៅពញា​វិបុល​រាជ​ទេព និង​ចៅពញា​តេជះ​សុខ ។ ចំណែក​ចៅពញា​វង្សាអគ្គរាជ​កែវ និង​ពញា​បរទេស​រាជ ដែល​ជា​កូន​ទី​១ និង​កូន​ទី​២ គេ​ចាប់​ពុំ​ទាន់​ក៏​បាន​លោត​ទៅ​ជាមួយ​ឪពុក និង​អ្នក​ម្នាង​ទៅ ។ ដូច​តាម​បណ្ដាំ​តា​មឿង​មែន នៅ​យប់​ពេញបូណ៌មី​មាន​អ​ព្ហូ​ត​ហេតុ​អស្ចារ្យ​ឮ​ខ្ទរខ្ទារ​លើ​អាកាស និង​លើ​ដី ទើប​ព្រះ​អង្គ​ច័ន្ទ​រាជា​បញ្ជា​ឲ្យ​លើកទ័ព​ទៅ​ចោម​សត្រូវ​ធ្វើ​ឲ្យ​ពួក​វា​ភិតភ័យ​តក្កមា​រត់​ខ្ចាត់ខ្ចាយ ខ្លះ​ត្រូវ​សម្លាប់ ហើយ​រឹបអូស​បាន​ស្បៀងអាហារ និង​អាវុធយុទ្ធភណ្ឌ​ជា​ច្រើន ។

តក្រោយ​ៗ​មក​ទៀត​ដោយ​មាន​ទ័ព​ខ្មោច​តា​មឿង​តាម​ជួយ​ធ្វើ​ឲ្យ​ការ​ធ្វើសឹក​សង្គ្រាម​ជាមួយ​ស្ដេច​កន​ទទួល​បាន​ជ័យជម្នះ​ជា​បន្តបន្ទាប់​រហូត​សម្លាប់​ស្ដេច​កន​បាន ។
ក្រោយ​ពេល​សម្លាប់​ស្ដេច​កន​បាន និង​រៀបរយ​ស្រុក​ទេស​ស្រួលបួល​មក ស្ដេច​សៀម​ផ្ញើ​សារ​ឲ្យ​ព្រះ​អង្គ​ច័ន្ទ​រាជា​នាំ​យក​សួយសារអាករ​មាន​ទាំង​ដំរី​ស​ទៅ​ថ្វាយ ប៉ុន្តែ​ដោយ​ព្រះ​អង្គ​ច័ន្ទ​ធ្វើ​មិនដឹងមិនឮ ស្ដេច​សៀម​បញ្ជា​ឲ្យ​លើកទ័ព​មក​វាយ​ជា​ច្រើន​លើក ។ មួយ​លើក​នោះ​ទ័ព​សៀម​បាន​មក​ដល់​ស្វាយដូនកែវ​បោះជំរំ​នៅ​តាម​បណ្ដោយ​ស្ទឹង​ស្វាយដូនកែវ ។ ព្រះ​ច័ន្ទ​រាជា​បាន​ធ្វើ​ពិធី​សុំ​ជំនួយ​ពី​តា​មឿង ហើយ​លើកទ័ព​ទៅ ។ ពេល​ទៅ​ដល់​ស្រាប់តែ​ឮ​សន្ធឹក​លាន់​លើ​មេឃ​កក្រើក​ដី​ដោយសារ​តា​មឿង​នាំ​ទ័ព​ខ្មោច​មក​ជួយ ហើយ​ធ្វើ​ឲ្យ​ទ័ព​សៀម​ភិតភ័យ រាក​ក្អួត​ដេក​ដួល​មិន​អាច​តដៃ​បាន ទើប​ទ័ព​ព្រះ​អង្គ​ច័ន្ទ​រាជា​ចូល​សម្លាប់​ពួក​សៀម​ទាំងនោះ និង​សល់​ប៉ុន្មាន​រត់​ខា្ច​ត់​ខ្ចាយ​ទៅ​ស្រុក​វិញ​អស់ ។

លោក​រស់ សំណាង អនុប្រធាន​មន្ទីរ​វប្ប​ធ៌​ម និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់​ថ្លែង​ថា  ដោយសារ​តែ​វិញ្ញាណក្ខន្ធ​តា​មឿង​តែងតែ​ជួយ​ទឹកដី​ពេល​មាន​អាសន្ន​ជា​បន្តបន្ទាប់ ទើប​ប្រជារាស្ត្រ​ខេត្តពោធិ៍សាត់​តែងតែ​ប្រារ​ព្វ​ពិធី​រំលឹក​ដល់​គុណ​តា​មឿង​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង​នៅ​ខែ​ពិសាខ គឺជា​ខែ​ដែល​តា​មឿង​បូជាជីវិត​ទៅ​កេណ្ឌ​ទ័ព​ខ្មោច ។ ក្រោយមក​ពិធីបុណ្យ​នេះ​បាន​ក្លាយជា​បុណ្យ​ឡើងរោង​អ្នកតា​ឃ្លាំងមឿង​រហូត​មក ព្រោះ​ព្រលឹង​តា​មឿង​បាន​ក្លាយជា​អ្នកតា​ដ៏​មាន​រឹទ្ធិ​តេជះ​ខ្លាំងពូកែ​អាច​ជួយ​ប្រជារាស្ត្រ​ឲ្យ​រួចពីទុក្ខ​ភ័យ ផ្សេង​ៗ​តាម​ការ​បន់ស្រន់ និង​តាម​ជំនឿ រៀង​ៗ​ខ្លួន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

ទី​ផ្នូរ​លោក​ឧកញ៉ា​ឃ្លាំងមឿង និង​ជំទាវ​ខាន់​ខៀវ សព្វថ្ងៃ​ស្ថិត​នៅ​ក្នុងភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ចម្ងាយ​ប្រមាណ​៦​គីឡូ​មែ​៉​ត្រ​ពី​ទីរួមខេត្ត​ពោធិ៍សាត់ ។ រណ្ដៅ​ដែល​លោក​ឧកញ៉ា​មឿង​បាន​លោត​នោះ​គេ​បាន​រក្សា​ការពារ​ទុក​មក​ដល់​សព្វថ្ងៃ​ដោយ​ធ្វើ​ជា​អគារ​មួយ​មាន​ក្បាច់រចនា​ស្រស់​ស្អាត​គ្រប​ពីលើ ហើយ​នៅ​កៀនជញ្ជាំង​ពីក្រោយ​រណ្ដៅ ឬ​ផ្នូរ​នេះ គេ​បាន​សាង​រូបសំណាក​លោក​ឧកញ៉ា និង​អ្នក​ជំទាវ​តម្កល់​ឲ្យ​ឈរ​ចង្អុល​បែរមុខ​ទៅ​រក​កន្លែង​ដែល​គាត់​បាន​លោត​នោះ ។ បច្ចុប្បន្ន​ទីនោះ​បាន​ក្លាយជា​រមណីយដ្ឋាន​ដែល​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​រៀងរាល់ថ្ងៃ ថែម​ទាំង​ប្រមូល​បាន​ប្រាក់​កសាង​សមិទ្ធផល​ជា​បន្តបន្ទាប់​ទៀត​ផង ៕

ប្រភព៖ កោះសន្តិភាព/មនោវិជ្ជា

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម