តើអ្នកជាមនុស្សវិជ្ជមានរឺមនុស្សអវិជ្ជមាន? នេះជាភាពខុសគ្នាទាំង ១០ ចំណុច!
Connect with us

បែបផែនជីវិត

តើអ្នកជាមនុស្សវិជ្ជមានរឺមនុស្សអវិជ្ជមាន? នេះជាភាពខុសគ្នាទាំង ១០ ចំណុច!

មនុស្សជាច្រើនតែងប្រាប់ឲ្យយើងធ្វើជាមនុស្សដែលមានភាពវិជ្ជមានម្នាក់ ទើបយើងអាចមានលទ្ធភាពច្រើនក្នុងការសម្រេចអ្វីមួយបានដោយជោគជ័យ។ ដោយឡែក មនុស្សដែលពោរពេញទៅដោយភាពអវិជ្ជមានអាចនឹងធ្វើឲ្យជីវិតអ្នកប្រែជាអួលអាប់។ ប៉ុន្ដែ តើមនុស្សទាំងពីរប្រភេទនេះខុសគ្នាដោយរបៀបណា? ខាងក្រោមនេះជាភាពខុសគ្នាទាំង ១០ ចំណុចរវាងមនុស្សវិជ្ជមាននិងមនុស្សអវិជ្ជមាន។

១. ពេលបរាជ័យ៖ ខណៈពេលដែលមនុស្សវិជ្ជមានមើលឃើញការបរាជ័យជាឪកាសសម្រាប់ការរៀនសូត្រនិងការអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ មនុស្សអវិជ្ជមានប្រែជាបាក់ទឹកចិត្តហើយគិតថាខ្លួនជាមនុស្សបរាជ័យម្នាក់។

២. ពេលជួបការលំបាក៖ ខណៈពេលដែលមនុស្សវិជ្ជមានចូលចិត្តធ្វើអ្វីដែលពិបាកនិងខិតខំរកមធ្យោបាយដើម្បីជំនះឧបសគ្គទាំងនោះ ដោយពួកគេជឿថាអ្វីទាំងនោះនឹងធ្វើឲ្យពួកគេមានការរីកចម្រើន មនុស្សអវិជ្ជមានវិញចូលចិត្តការងារណាដែលស្រួលៗ ដោយសារតែពួកគេខ្លាចជួប្រទះនឹងភាពបរាជ័យ។

៣. ពេលត្រូវធ្វើអ្វីមួយ៖ ខណៈពេលដែលមនុស្សវិជ្ជមានព្យាយាមធ្វើអ្វីមួយឲ្យអស់ពីសមត្ថភាព ដោយពួកគេជឿថា បើទោះបីមានរឿងជាច្រើនពួកគេមិនអាចគ្រប់គ្រងបាន យ៉ាងហោចណាស់ក៏ពួកគេបានខិតខំតាមដែរពួកគេអាចធ្វើបាន មនុស្សអវិជ្ជមានឯណោះវិញចង់បានអ្វីមួយដោយងាយស្រួល ហើយបើពួកគេត្រូវខិតខំ ពួកគេគិតថាមិនមានសមត្ថភាពគ្រប់គ្រាន់ហើយក៏បោះបង់ចោល។

៤. ពេលឃើញអ្នកដទៃជោគជ័យ៖ ខណៈពេលដែលមនុស្សវិជ្ជមានចង់សិក្សាពីបុគ្គលជោគជ័យ មនុស្សអវិជ្ជមានមានភាពច្រណែនឈ្នានីសដោយគិតថាភាពជោគជ័យរបស់អ្នកដទៃគឺជាភាពបរាជ័យរបស់ពួកគេ។

៥. ពេលទទួលបានមតិយោបល់៖ ខណៈពេលដែលមនុស្សវិជ្ជមានរីករាយនឹងទទួលមតិយោបល់របស់អ្នកដទៃដើម្បីភាពប្រសើរឡើង មនុស្សអវិជ្ជមានគិតថាវាជាការប្រមាថនិងជាសញ្ញានៃអសមត្ថភាពរបស់ពួកគេ។

៦. ពេលជួបអ្វីថ្មីៗ៖ ខណៈពេលដែលមនុស្សវិជ្ជមានគិតថាពួកគេមានអ្វីជាច្រើនទៀតដែលត្រូវរៀនសូត្រ ដោយសារតែការវិវត្តន៍របស់ពិភពលោក មនុស្សអវិជ្ជមានគិតថាពួកគេដឹងអ្វីគ្រប់យ៉ាង ហើយពួកគេមិនទទួលយកព័ត៌មានថ្មីដែលខុសពីការគិតរបស់ពួកគេនោះឡើយ។

៧. សំបកក្រៅ៖ ខណៈពេលដែលមនុស្សវិជ្ជមានមានភាពជឿជាក់និងមានគោលដៅច្បាស់លាស់ពេលទំនាក់ទំនងជាមួយអ្នកដទៃ ជាមួយនិងទឹកមុខស្រស់ស្រាយពោរពេញដោយក្ដីសង្ឃឹម មនុស្សអវិជ្ជមានតែងអោនក្បាលសម្លឹងចុះក្រោម ជាមួយនិងទឹកមុខមិនពេញចិត្ត។

៨. ពេលធ្វើការជាក្រុម៖ ខណៈពេលដែលមនុស្សវិជ្ជមានទទួលយកយោបល់ពីសមាជិកក្រុមដទៃ បើទោះបីជាគេមិនសូវពេញចិត្តក្ដី មនុស្សអវិជ្ជមានពិបាកក្នុងការទទួលមកមតិយោបល់របស់អ្នកដទៃ ហើយប្រសិនបើការងារនោះមិនជោគជ័យ គេនឹងបន្ទោសអ្នកដែលឲ្យយោបល់នោះ។

៩. ការសរសើរ៖ ខណៈពេលដែលមនុស្សវិជ្ជមានប្រើពាក្យសរសើរដើម្បីជាលើកទឹកចិត្តអ្នកដទៃ មនុស្សអវិជ្ជមានគិតថា វាគ្មានប្រយោជន៍អ្វីនោះទេ។ ការសរសើរមិនមែនដើម្បីបញ្ជោរពួកគេនោះទេ តែដើម្បីអោយពួកគេដឹងថា អ្វីដែលពួកគេធ្វើគឺត្រូវបានចាប់អារម្មណ៍។

១០. ការមើលមកខ្លួនឯង៖ ខណៈពេលដែលមនុស្សវិជ្ជមានមើលឃើញច្បាស់ពីខ្លួនឯង ទាំងចំណុចខ្លាំងនិងចំណុចខ្សោយ ហើយដឹងពីអ្វីដែលខ្លួនត្រូវធ្វើដើម្បីទទួលបានជោគជ័យ មនុស្សអវិជ្ជមានមើលឃើញតែចំណុចអាក្រក់របស់ខ្លួនប៉ុណ្ណោះ មិនថាពួកគេសម្រេចបានអ្វីខ្លះនោះទេ ហើយចុងក្រោយ ពួកគេប្រែជាបាត់បង់ភាពជឿជាក់លើខ្លួនឯង៕

ប្រភព៖ Lifehack

អត្ថបទល្អផ្សេងទៀត៖ តើការច្រណែនអ្នកដទៃជះឥទ្ធិពលអវិជ្ជមានដល់អ្នកយ៉ាងណាខ្លះ?

នៅក្នុងបរិបទពិភពលោកបច្ចុប្បន្នដែលពោរពេញទៅដោយការប្រកួតប្រជែង មនុស្សអាចនឹងមានអារម្មណ៍ច្រណែនអ្នកដទៃ នៅពេលដែលឃើញអ្នកដទៃរៀនពូកែជាង មានការងារល្អនិងរកប្រាក់ចំណូលបានច្រើនជាង មានការរីកចម្រើនលឿនជាង រឺមានអ្វីផ្សេងៗទៀតដែលល្អជាងខ្លួន។ ការច្រណែនគឺជារឿងដ៏សាមញ្ញមួួយ​ ដោយសារតែមនុស្សជាទូទៅតែងធ្វើការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដែលនៅជុំវិញខ្លួន។ បើទោះបីវាអាចជាសារជាតិរបស់មនុស្ស ការច្រណែនអ្នកដទៃនេះបានត្រឹមតែបំផ្លាញខ្លួនរបស់អ្នកតែប៉ុណ្ណោះ។

ការច្រណែនអាចធ្វើឲ្យអ្នកបាត់បង់សមត្ថភាពក្នុងការគិតនិងការខិតខំប្រឹងប្រែង។ អ្នកអាចនឹងមើលមិនឃើញពីការ​វិវត្តរបស់ខ្លួនឯង ដោយសារគោលដៅរបស់អ្នកគឺធ្វើឲ្យបានដូចគេ។​ ដូច្នេះហើយ អ្នកអាចនឹងមានអារម្មណ៍បាក់ទឹកចិត្តដោយងាយ នៅពេលដែលអ្នកគិតថាខ្លួនមិនមានការរីកចម្រើន ហើយមិនអាចឈានដល់កម្រិតអ្នកដទៃបាន។

លើសពីនេះ ការច្រណែនរបស់អ្នកធ្វើឲ្យអ្នកមើលមិនឃើញពីចំណុចខ្លាំងរបស់ខ្លួនឯង ហើយក៏មិនអាចមើលឃើញពីចំណុចខ្សោយរបស់អ្នកដទៃផងដែរ។ អ្វីដែលអ្នកតែងតែគិតគឺ អ្នកមិនខ្លាំងដូចគេ។មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលតែងខ្វល់ខ្វាយជាមួួយនឹងភាពជោគជ័យរបស់អ្នកដទៃ គឺមិនអាចមើលដឹងពីសក្ដានុពលរបស់ខ្លួនឡើយ។ បើទោះបីជាគេអាចសម្រេចបានអ្វីមួយ គេនៅតែគិតថា វាគ្មានអ្វីអស្ចារ្យនោះទេ បើប្រៀបជាមួយអ្នកដទៃ។ ហេតុដូចនេះហើយ មនុស្សដែលមានភាពច្រណែនអ្នកជុំវិញខ្លួននឹងមិនមានអារម្មណ៍ពេញចិត្តជាមួយនឹងជីវិតរបស់ខ្លួនឯងឡើយ។

ប៉ុន្ដែជាការពិតណាស់ គ្មាននរណាម្នាក់ដែលពូកែដាច់គេនោះទេ។ វាជារឿងធម្មតាដែលតែងតែមានអ្នកឆ្លាតជាងយើង ពូកែជាងយើង រឺល្អជាងយើង។ អ្នកដែលតែងច្រណែនអ្នកដទៃនឹងមិនចេះស្កប់ស្កល់នោះឡើយ ហើយអ្នកត្រូវតែចងចាំថា មានតែការជំរុញលើកទឹកចិត្តចេញពីខ្លួនឯងតែងនាំមកនូវលទ្ធផលល្អប្រសើរ ជាជាងការខិតខំដោយសារតែច្រណែននឹងភាពជោគជ័យរបស់អ្នកដទៃ។

តើយើងគួរធ្វើបែបណាដើម្បីបញ្ឈប់ការច្រណែននេះ?

ជាជាងការផ្ដោតអារម្មណ៍ទៅលើភាពជោគជ័យរបស់អ្នកដទៃ អ្នកគួរសួរខ្លួនឯងថា “តើអ្វីជាគោលដៅក្នុងជីវិតរបស់អ្នកពិតប្រាកដ?”។ អ្នកត្រូវចងចាំថា មនុស្សម្នាក់ៗមានលក្ខណៈពិសេសរៀងៗខ្លួន ហើយភាពជោគជ័យគឺស្ថិតនៅលើខ្លួនអ្នកថា អ្នកឲ្យនិយមន័យវាបែបណា។ ចូររស់នៅជីវិតរបស់អ្នកផ្ទាល់ ហើយកុំបណ្ដោយឲ្យការភាពជោគជ័យរបស់អ្នកដទៃបំផ្លាញគោលដៅនិងសុភមង្គលរបស់អ្នក៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម